ពលរដ្ឋ​ថា​មាន​ការ​ឃុបឃិត​គ្នា​កាប់​ព្រៃ​អភិរក្ស​ព្រះរកា​ក្នុង​ខេត្ត​ព្រះវិហារ

0:00 / 0:00

សហគមន៍​ការពារ​ព្រៃឈើ​ព្រះរកា ខែត្រ​ព្រះវិហារ ឲ្យ​ដឹង​ថា ក្រុម​អ្នក​អារ​ឈើ​បាន​ងាក​មក​កាប់​រំលំ​ដើម​ឈើ​ផលិត​ជ័រទឹក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​កាន់​តែ​ខ្លាំង​ឡើង នៅ​គ្រា​ដែល​ឈើ​មូល​ធំៗ ត្រូវ​គេ​កាប់​រំលំ​យក​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ អស់ទាំង​ស្រុង​។ ចំណែក​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​ត្រឹមតែ​ធ្វើ​មិន​ដឹង​មិន​ឮ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ទេ បែរជា​ចាំ​ទទួល​លុយ​ពី​អ្នក​ដឹក​ឈើ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​ចូល​ព្រៃ​អារ​ឈើ និង ដឹកជញ្ជូន​ឈើ​តាម​ចិត្ត។

​ឈើ​មូល​ធំៗ​ឋិត​ក្នុង​តំបន់​ព្រៃ​ព្រះរកា ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ​នោះ ត្រូវ​បាន​គេ​លួច​កាប់​ធ្វើ​អាជីវកម្ម​អស់​ស្ទើរ​ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ដើមឈើ​ផលិត​ជ័រ​ទឹក​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​កំពុង​បាត់បង់​បន្តិច​ម្ដងៗ។

ប្រជា​សហគមន៍​ភូមិ​ប្រមេរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា ឈ្មួញ​នៅ​តែ​លួច​កាប់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​រៀងរាល់​ថ្ងៃ ហើយ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​នៅ​ពេល​យប់ ដែល​មាន​រថយន្ត​សាំយ៉ុង​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន។ លោកស្រី​ថា ជា​រៀងរាល់​យប់​រថយន្ត​សាំយ៉ុង​មិន​ក្រោម ៥​គ្រឿង​ទេ ដឹក​ឈើ​ចេញ​ពី​ព្រៃ​អភិរក្ស​ព្រះរកា ដែល​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​ប្រភេទ​ឈើ​ផលិត​ជ័រទឹក​ដូចជា​ដើម​ឈើ​ទាល និង​ត្រាច។ លោកស្រី​កត់សម្គាល់​ថា ពលរដ្ឋ​ចំណាកស្រុក​ជា​អ្នក​ស៊ី​ឈ្នួល​អារ​ឈើ​លក់​ចិញ្ចឹម​ជីវិត ​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ៖ «គេ​ដឹក​សព្វថ្ងៃ​នេះ សុទ្ធតែ​ដើម​ជ័រ​ច្បោះ អត់​មាន​ឈើ​អី​អារ​ទៀត​ទេ មាន​តែ​ដើម​ច្បោះ។ ដើម​ឈើ​អស់​បាត់​ហើយ ដើម​គគីរ និង​ផ្ដៀក អស់​បាត់​ហើយ»

ស្ត្រី​ដដែល​កត់សម្គាល់​ថា ការ​សម្របសម្រួល​ជា​ប្រាក់​ដើម្បី​អនុញ្ញាត​ប្រគល់​វត្ថុតាង​អារ​ឈើ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​ឲ្យ​ជនល្មើស​វិញ គឺ​ជា​យន្តការ​របស់​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​ជនល្មើស​មិន​រាង​ចាល និង​មិន​ខ្លាច​ច្បាប់។ លោកស្រី​ថា អ្នក​កាប់​ឈើ​ភាគ​ច្រើន​បាន​ស្គាល់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ទើប​អាច​ដឹក​ជញ្ជូន​ឈើ និង​ចូល​ព្រៃ​អារ​ឈើ​បាន តែបើ​ជនល្មើស​ណា​មិន​ស្គាល់​មន្ត្រី​ទាំង​នោះ​វិញ គេ​នឹង​អនុវត្ត​ច្បាប់។ លោកស្រី​មាន​ជំនឿ​ថា ប្រសិនបើ​អាជ្ញា​ធរមាន​ឆន្ទៈ​ពង្រឹង​ការងារ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ជនល្មើស​មិន​ហ៊ាន​ចូល​ព្រៃ​អារ​ឈើ​នោះ​ទេ ហើយ​ការ​ដឹក​ជញ្ជូន​ឈើ​ក៏​មិន​អាច​គេច​ពី​កណ្ដាប់ដៃ​របស់​សមត្ថកិច្ច​ដែរ៖ «ខ្ញុំ​អាល័យ​កង្វល់​រឿង​ព្រៃឈើ​មិន​ដឹង​ធ្វើ​អី​បាន ធ្វើ​ទៅ​អស់ ខ្ញុំ​កើត​ឆ្កូត​អស់​ហើយ អ្នក​ស្រុក។ គេ​យក​លុយ​ខ្លះ និង​គេ​ឲ្យ​កាប់​ខ្លះ​ដោយ​តែ​មាន​លុយ​ឲ្យ»

​មេឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ លោក ហម បាន ធ្លាប់​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ហើយ​អាជ្ញាធរ​ឃុំ​មាន​តួនាទី​សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលរដ្ឋ។ លោក​ថា ឋានៈ​ត្រឹម​អាជ្ញាធរ​ឃុំ មិន​អាច​ឈប់​ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ទូលំទូលាយ​ទេ ហើយ​យន្តការ​នេះ​គួរ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល។

​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា លាត​សន្ធឹង​លើ​ផ្ទៃដី​ជាង ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប នៃ​ខែត្រ​ព្រះវិហារ។ ដែន​ជម្រក​សត្វព្រៃ​នេះ​ឋិត​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​អភិរក្ស និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ។

​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ការ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន​ដដែលៗ គឺ​ជា​សញ្ញា​នាំ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿ​ចិត្ត​លើ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​របស់​មន្ត្រី​ជំនាញ។ លោក​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​មន្ត្រី​រណា​ដែល​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើត​មាន និង​មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​ព្រៃឈើ​តាម​តួនាទី៖ «អត់​មាន​ចំណាត់​ការ​សោះ យើង​ឃើញ​ថា មាន​ភាព​អសកម្ម​មែន​ទែន​ចំពោះ​ការ​ចាត់​ការ​លើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​រឿង​បំផ្លាញ​ធនធាន​ធម្មជាតិ។ នីតិវិធី​ផ្លូវ​ច្បាប់​គាត់​ត្រូវ​ប្ដឹង​ទៅ​អាជ្ញាធរ និង​តុលាការ​សាមី​ខែត្រ​របស់​ខ្លួន​ពី​អ្នក​បំផ្លាញ និង​អ្នក​ទទួល​ខុស​ត្រូវ​ណា​មួយ​តំបន់​ហ្នឹង ដែល​គាត់​មិន​អើពើ​បំផ្លាញ»

​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មើល​ឃើញ​ថា បើ​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឱ្យ​រួម​គ្នា​ការពារ​ព្រៃឈើ​ក៏ដោយ តែ​សកម្មភាព​កាប់​ឈើ​នៅ​តាម​តំបន់​អភិរក្ស​ព្រះរកា មិន​ថយ​ចុះ​ទេ។ លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ខំប្រឹង​ទប់ស្កាត់​បទល្មើស​ព្រៃ តែ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត​បណ្ដែតបណ្ដោយ​យក​ផលប្រយោជន៍​ជា​ធំ​ដែល​នាំ​ឲ្យ​ការអនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ពុំ​មាន​ប្រសិទ្ធភាព៕ភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។