ម៉ូតូរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រករបៀងប៉ុស្តិ៍នគរបាលការពារព្រំដែនផាតាម និងប៉ុស្តិ៍ផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សហគមន៍អភិរក្សព្រៃឈើអះអាងថា ឈ្មួញវៀតណាម ឆ្លងទូកមកចាំទិញឈើនៅមាត់ទន្លេជាប់ខ្សែបន្ទាត់ព្រំដែន និងមិនឃើញសមត្ថកិច្ចនៅតំបន់នោះបង្ក្រាប។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តរតនគិរី អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ទប់ស្កាត់ជាបន្ទាន់នូវសកម្មភាពរត់ពន្ធឈើឆ្លងដែនដែលនៅតែបន្តកើតមាននៅច្រករបៀងព្រំដែនប៉ុស្តិ៍ផាតាម ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស។
ការអំពាវនាវនេះធ្វើឡើងខណៈដែលសហគមន៍អភិរក្សព្រៃឈើនៅភូមិតាំងលោម ឃុំញ៉ាង រាយការណ៍ថា ឈ្មួញវៀតណាម នៅតែបន្តប្រមូលទិញឈើពីពលរដ្ឋខ្មែរនៅតំបន់ព្រំដែនចន្លោះប៉ុស្តិ៍តម្រួតការពារព្រំដែនផាតាម និងប៉ុស្តិ៍ផាសាវ ជាប់នឹងទន្លេជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញា ថា ខណៈដែលប្រជាពលរដ្ឋ និងអាជ្ញាធរកំពុងប្រារព្ធបុណ្យកាន់បិណ្ឌ នៅឯតំបន់ព្រំដែនអូរសេដ្ឋី ឈ្មួញវៀតណាម នាំគ្នាឆ្លងទូកមកចាំប្រមូលទិញឈើពីពលរដ្ឋខ្មែរដែលលួចកាប់ឈើពីក្នុងព្រៃទៅលក់ឲ្យឈ្មួញវៀតណាម។ លោកកត់សំគាល់ថា ការរត់ពន្ធឈើឆ្លងដែននេះ កើតមានច្រើនឆ្នាំកន្លងទៅនេះ បើទោះបីសហគមន៍ផ្ដល់ព័ត៌មាន និងសុំឲ្យអាជ្ញាធរបង្ក្រាបយ៉ាងណាក្ដី៖ «ថ្មីៗនេះវៀតណាម ទិញឈើហើយទម្លាក់តាមទន្លេយកទៅត្រើយម្ខាងដែលជាទឹកដីវៀតណាម។ ការកាប់ឈើលក់ឲ្យឈ្មួញវៀតណាម ក្នុងនោះមានកូនមន្ត្រីភូមិ និងមន្ត្រីប៉ុស្តិ៍»។
សហគមន៍រស់នៅជិតតំបន់ព្រំដែនប៉ុស្តិ៍ផាតាម ជាញឹកញាប់បានផ្តល់រូបថតពាក់ព័ន្ធការលួចកាប់ឈើនៅតំបន់ព្រៃជាប់ព្រំដែនប្រព្រឹត្តដោយសមាជិកសហគមន៍ដោយមានការឃុបឃិតពីមន្ត្រីភូមិ និងតម្រួតព្រំដែននៅនៅតំបន់នោះផ្ទាល់។
សហគមន៍ការពារព្រៃឈើភូមិតាំងសេ និងភូមិតាំងម្លូ សុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងភូមិ និងភូមិផ្សេងទៀតក្នុងស្រុកអណ្ដូងមាស នៅតែបន្តចូលព្រៃកាប់ឈើ ហើយកាប់អារច្រៀកជាឈើជ្រុងដឹកជញ្ជូនតាមម៉ូតូមកស្តុកទុកនៅច្រាំងទន្លេរង់ចាំឈ្មួញវៀតណាម មកទិញឈើនោះនៅវេលាយប់ ហើយដឹកជញ្ជូនឆ្លងទន្លេទៅប្រទេសវៀតណាម៖ «អស់រលីងដើមកកោះមុខ ២០ គេយកអស់រលីង។ បើទៅម្ដងគេចាប់ៗគេអត់ហ៊ានទេ នេះគេបើកទូលាយគេអត់ខ្លាច ហើយមានទាហានមកចាំនេះបង់ប៉ុន្មានៗខ្ញុំអត់ដឹងទេ។ ខាងនេះខ្សែក្រវាត់ព្រំដែនខាងប៉ុស្តិ៍ផាតាម។ ឥឡូវនាំយួន មកកាប់ក្នុងព្រៃឈើរបស់យើង។ ក្នុងមួយម៉ូតូជួនកាលមានពីរដុំ ជួនកាលបានបីដុំ»។
អាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការវរៈការពារព្រំដែនលេខ៦២៣ លោក ងួន សុវណ្ណា សុំបញ្ជាក់ករណីនេះបានទេ នៅថ្ងៃទី៣០ ខែកញ្ញា។
ទាក់ទិនការអំពាវនាវនេះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ ទទួលស្គាល់ថាការរត់ពន្ធឈើឆ្លងដែននេះមានទ្រង់ទ្រាយជាការដឹកជញ្ជូនដោយម៉ូតូរបស់ពលរដ្ឋនៅតំបន់នោះដើម្បីរកប្រាក់ចំណូលក្នុងជីវភាពប្រចាំថ្ងៃ។ លោកថា ដោយសារតំបន់នោះឋិតនៅឆ្ងាយមិនមានផ្លូវធ្វើដំណើរងាយស្រួលទើបសមត្ថកិច្ចពិបាកបង្ក្រាបទាន់ពេលវេលា៖ «ព័ត៌មានដូចមិនដល់ហ្នឹងទេ យើងមានច្បាប់ទម្លាប់មិនឲ្យគាត់ធ្វើស្រេចចិត្តបានទេ ចាំខ្ញុំឲ្យមន្ត្រីខ្ញុំចុះទៅពិនិត្យមើលរឿងហ្នឹង»។
ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍ការពារព្រៃឈើឃុំញ៉ាង បារម្ភថា បទល្មើសព្រៃឈើទ្រង់ទ្រាយតូចប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋច្រើននាក់ក្នុងភូមិ នឹងនាំឲ្យព្រៃឈើនៅសេសសល់ នឹងត្រូវបំផ្លាញអស់នៅពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។