អ្នកឃ្លាំមើលសង្គមក្នុងខេត្តកោះកុង បន្តព្រួយបារម្ភខ្លាចដីព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះ ត្រូវរលាយហិនហោច ព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញមានសកម្មភាពចាក់ដីលុបព្រៃកោងកាង និងបោះតម្រុយកំណត់ក្បាលដីពុះច្រៀកជាឡូៗលក់ដូរបន្ត បានកើតមានអនាធិបតេយ្យ។
បញ្ហានេះ អភិបាលខេត្តកោះកុង អះអាងថា ដីព្រៃលិចទឹក ឬដីព្រៃកោងកាងនឹងមិនអនុញ្ញាតឲ្យក្លាយជាកម្មសិទ្ធិឯកជននោះទេ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ផ្តល់សម្ភាសថា វិនាសកម្មនៃការចាក់ដីលុបព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះ មានវិសាលភាពធំធេង ដែលទាមទារឲ្យរដ្ឋាភិបាលទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
អ្នកឃ្លាំមើលសង្គមរូបនេះអះអាងថា ដីព្រៃលិចទឹកមានទីតាំងនៅតាមព្រែក និងជាប់ឆ្នេរសមុទ្រភាគច្រើននាខេត្តកោះកុង ត្រូវឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួនបន្តមានមហិច្ឆតាទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិ ដោយបានដឹកដីចាក់លុបព្រៃលិចទឹក និងសង់សំណង់ផ្សេងៗនៅលើដីមានដុះព្រៃកោងកាង ព្រមទាំងបានពុះច្រៀកជាឡូៗលក់ដូរបន្តថែមទៀត។
លោក ហ៊ួរ អ៊ីន ស្នើឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទទួលអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះពិនិត្យឈានដល់និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ និងឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងទៀតដែលជាប់ពាក់ព័ន្ធដីព្រៃកោងកាងនៅខេត្តកោះកុង ត្រូវបង្ហាញលទ្ធផលចុះស្រាវជ្រាវជាសាធារណៈ៖ « នៅខេត្តកោះកុង សម្រាប់ក្រុងខេមរភូមិន្ទ នេះ គឺមិនទាន់មានការលុប ឬដកហូតប័ណ្ណកម្មសិទ្ធិដីធ្លី ដែលចេញប៉ះពាល់ទៅលើដីព្រៃកោងកាង ឬព្រៃលិចទឹកនៅឡើយទេ គឺមានតែការដកហូតនៅស្រុកកោះកុង។ មានន័យថា នៅក្រុងខេមរភូមិន្ទ នេះ មិនទាន់មានការលុបប័ណ្ណកម្មសិទ្ធិទាំងនោះចោលទេ ហើយការចាក់ដីលុបព្រៃកោងកាង នៅតែបន្តកើតមានដដែល។ ក្រសួងរៀបចំដែនដី គួរតែពិនិត្យមើលដែលតម្រូវឲ្យដកហូត ឬការទប់ស្កាត់ការរុករានដីព្រៃកោងកាងនាមូលដ្ឋាននេះ ដោយសារការអនុវត្តមិនទាន់មានប្រសិទ្ធភាពទេនៅក្រុងខេមរភូមិន្ទ នេះ »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៦ កន្លងទៅ បានចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដែនដី និងក្រសួងកសិកម្ម ឲ្យពិនិត្យរាល់ការចេញប័ណ្ណកម្មសិទ្ធិ និងឈានដល់លុបចោលប័ណ្ណកម្មសិទ្ធិទាំងឡាយណាដែលចេញប៉ះពាល់ដល់ដីព្រៃកោងកាង រួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ខេត្តទាំង៤ មានឆ្នេរសមុទ្រសរុបចំនួន ៤៤០គីឡូម៉ែត្រ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកោះកុង លោក ញៀប សំអឿន ឲ្យដឹងដែរថា ដីជាប់ឆ្នេរសមុទ្រដែលមានដុះព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជមូលដ្ឋាននេះ បានបន្តរងការបំផ្លាញជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ លោកបន្តថា ឈ្មួញ និងមន្ត្រីមានអំណាចបានបន្តឃុបឃិតជាមួយមន្ត្រីជំនាញស្ថាប័នខ្លះនៃរដ្ឋបាលខេត្តកោះកុង បានដឹកដីចាក់លុបព្រៃកោងកាង និងពុះច្រៀកដីព្រៃលិចទឹកទាំងនោះជាឡូៗលក់ដូរយ៉ាងអនាធិបតេយ្យ។
មន្ត្រីសិទ្ធិមនុស្សរូបនេះរិះគន់ថា បទបញ្ជាដែលប្រមុខដឹកនាំដាក់ឲ្យមន្ត្រីក្រោមឱវាទពិនិត្យសើរើទៅលើរាល់ការចេញប័ណ្ណកម្មសិទ្ធិ នាំឲ្យប៉ះពាល់ដីព្រៃកោងកាងនៅតាមឆ្នេរសមុទ្រខេត្តកោះកុង មន្ត្រីថ្នាក់ក្រោមអនុវត្តមិនទាន់មានប្រសិទ្ធភាពទេ។
លោក ញៀប សំអឿន ស្នើឲ្យលោកនាយករដ្ឋមន្ត្រីជួយទប់ស្កាត់សកម្មភាពចាក់ដីលុបព្រៃកោងកាងអនាធិបតេយ្យនាមូលដ្ឋានខេត្តកោះកុង ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាជម្រកត្រីសមុទ្របន្តពូជឲ្យបានគង់វង្ស៖ « អ្វីដែលយើងបារម្ភ គឺនៅពេលដែលចំណាត់ការ ឬនីតិវិធីរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញពាក់ព័ន្ធដែលលោកធ្វើការមិនសូវមានប្រសិទ្ធភាពដូចរាល់ថ្ងៃនេះ គឺយើងបារម្ភខ្លាចឈ្មួញមួយចំនួនដែលមានបំណងមិនល្អ បានធ្វើសកម្មភាពដឹកដីចាក់លុបព្រែក និងឆ្នេរមានដុះព្រៃកោងកាងនៅក្នុងខេត្តនេះកើតមានជាបន្តទៅទៀត ធ្វើឲ្យធនធានធម្មជាតិដែលជាជម្រកមច្ឆជាតិ និងជីវចម្រុះត្រូវរលាយហិនហោចដោយសារស្នាដៃឈ្មួញមួយចំនួនតូច »។
អភិបាលខេត្តកោះកុង លោក ប៊ុន លឺត ផ្តល់សម្ភាសតាមទូរស័ព្ទឲ្យអាស៊ីសេរីដឹងនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ថា ពាក់ព័ន្ធដល់ដីព្រៃកោងកាង ឬព្រៃលិចទឹក រដ្ឋបាលខេត្តនេះមិនអនុញ្ញាតឲ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធខេត្ត ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជននោះទេ។ លោកថា ក្រសួងពាក់ព័ន្ធ រួមជាមួយរដ្ឋបាលខេត្តកោះកុង បានអនុវត្តបទបញ្ជារបស់ប្រមុខដឹកនាំក្នុងការងារចុះពិនិត្យទៅលើការចេញប័ណ្ណកម្មសិទ្ធិ ឬសកម្មភាពដឹកដីចាក់លុបព្រៃកោងកាងនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួននាខេត្តកោះកុង ជាបន្តបន្ទាប់។
លោក ប៊ុន លឺត សង្កត់ធ្ងន់ថា រដ្ឋបាលខេត្តកោះកុង នឹងមិនអនុញ្ញាតឲ្យមានសកម្មភាពដឹកដីចាក់លុបព្រែក និងឆ្នេរសមុទ្រមានដុះព្រៃកោងកាងបន្តកើតមានទៀតទេ ហើយបើមានបទល្មើសនេះបានលួចធ្វើសកម្មភាព អាជ្ញាធរនឹងចុះមានវិធានការទប់ស្កាត់ និងឈានដល់កសាងសំណុំរឿងបញ្ជូនអ្នកជាប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកទៅផ្ដន្ទាទោសតាមច្បាប់៖ « បញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាដើម គឺបានចុះត្រួតពិនិត្យជាក់ស្តែងដោយខ្លួនលោករួចហើយ ជុំវិញករណីដីព្រៃកោងកាងនាមូលដ្ឋានខេត្តកោះកុង។ យើងមិនចេញកម្មសិទ្ធិជូនបុគ្គលឯកជននៅលើដីព្រៃកោងកាង បាននោះទេ »។
ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិល និងសាធារណជន កំពុងរង់ចាំមើលការប្រកាសលទ្ធផលជាសាធារណៈរបស់ក្រុមការងារចម្រុះក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ដែលចុះអនុវត្តសេចក្តីសម្រេច ឬលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ លិខិតនោះបានផ្ដល់ដំណឹង ឬផ្តល់លទ្ធភាពជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងការងារចុះពិនិត្យតាមដានទៅលើស្ថានភាពព្រៃកោងកាងនៅតាមតំបន់ឆ្នេរនៃប្រទេសកម្ពុជា លើចំណុចនិរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីខេត្តជាប់សមុទ្រទាំង៤ មានខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលមានការពាក់ព័ន្ធដីព្រៃកោងកាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។