អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បំភ្លឺអំពីដំណើរការសិក្សារុករករ៉ែលោហៈ នៅស្រុកកំពង់លែង ជូនគណៈកម្មការទី៩នៃរដ្ឋសភា។
ការឆ្លើយបំភ្លឺនេះ ធ្វើឡើងនៅក្នុងជំនួបជាងពីរម៉ោងរវាងក្រុមគណៈអភិបាលខេត្ត ជាមួយក្រុមការងារគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន កាលពីរសៀលថ្ងៃម្សិលមិញ នាសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។ ស្របពេលគ្នានេះ ក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ព្រួយបារម្ភពីផលប៉ះពាល់ផ្សេងៗកើតចេញពីគម្រោងរុករកនេះ ប៉ុន្តែមិនត្រូវបានក្រុមគណៈអភិបាល ឬខាងក្រុមការងារជំនាញនៃរដ្ឋសភា លើកមកជជែកគ្នាអំពីទុក្ខកង្វល់របស់ពលរដ្ឋនោះទេ។
ប្រធានបទជាច្រើន ត្រូវបានលើកឡើងក្នុងជំនួបនេះ ហើយអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ឆ្លើយតបភ្លាមៗតាមរយៈការអានរបាយការណ៍ និងពន្យល់ផ្ទាល់ជូនគណៈកម្មការនៃរដ្ឋសភា។ ចំណែករឿងរុករករ៉ែ លោកបញ្ជាក់ថា នៅកំពង់ឆ្នាំង មិនទាន់មានសកម្មភាពធ្វើអាជីវកម្មរ៉ែលោហៈនោះទេ ព្រោះក្រុមហ៊ុនទើបមានអាជ្ញាប័ណ្ណសិក្សា ខណៈមានអាជីវកម្មខ្សាច់មួយកន្លែងកំពុងដំណើរការនៅស្រុកទឹកផុស។
លោក ឈួរ ច័ន្ទឌឿន បន្ថែមថា ក្រុមហ៊ុនឯកជនឈ្មោះសុវណ្ណគិរី ទទួលបានអាជ្ញាប័ណ្ណស្រាវជ្រាវក្នុងទំហំដីជាង ៦០គីឡូម៉ែត្រការ៉េ (៦១,២០គីឡូម៉ែត្រការ៉េ) នៅភ្នំទូកមាស ឋិតនៅស្រុកកំពង់លែង។ លោកថា សកម្មភាពសិក្សាបានដំណើរការយូរហើយ ប៉ុន្តែលោកមិនទាន់ទទួលបានព័ត៌មាន ឬលទ្ធផលនៃការស្រាវជ្រាវនេះនៅឡើយទេ៖ «អាជ្ញាប័ណ្ណស្រាវជ្រាវយូរដែរ ហើយខ្ញុំក៏មិនទាន់ទទួលលទ្ធផលថារកឃើញអីប្រហែលគាត់ (ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ) អាចលាក់អីដែរ ប៉ុន្តែជាធម្មតាលើកដំបូងគាត់មានអាជ្ញាប័ណ្ណសិក្សា លុះសិក្សាបានហើយ បានមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មមួយទៀត»។
ទាក់ទងក្រុមហ៊ុនឯកជនឈ្មោះសុវណ្ណគិរី ទទួលបានអាជ្ញាប័ណ្ណសិក្សារករ៉ែលោហៈនេះ មានពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរគម្រោង បារម្ភអំពីផលប៉ះពាល់ផ្សេងៗ នៅពេលដំណើរការអាជីវកម្ម។
តំណាងពលរដ្ឋម្នាក់នៅឃុំច្រណូក លោក ស៊ុំ ស៊ីម មានប្រសាសន៍ថា គ្រួសារលោក និងអ្នកភូមិជាច្រើនទៀតនៅក្នុងស្រុកមិនពេញចិត្តគម្រោងរុករករ៉ែលោហៈ និងធ្វើអាជីវកម្មថ្មនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ លោកថា ពលរដ្ឋនៅក្នុងឃុំត្រងិល ស្វាយរំពារ ពោធិ៍ និងឃុំដា នាំគ្នាផ្ដិតមេដៃជំទាស់គម្រោងនេះបានជាង ១ពាន់ស្នាមមេដៃ ហើយគ្រោងដាក់ជូនអាជ្ញាធរពាក់ព័ន្ធក្នុងពេលឆាប់ៗខាងមុខ៖ «ប្រជាពលរដ្ឋនៅនេះព្រួយបារម្ភរឿងថាខូចបរិស្ថាន ហើយបើអស់ពីជំនាន់នេះ អត់សម្រាប់កូនចៅកើតក្រោយ។ ក្នុងញត្តិចង់ឲ្យរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលដឹងថា មកធ្វើនេះអត់មានសួរប្រជាជនឡើយ»។
យ៉ាងណានៅក្នុងជំនួបរវាងក្រុមគណៈអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារគណៈកម្មការទី៩ នៃរដ្ឋសភា ទទួលបន្ទុកសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនបានលើកអំពីកង្វល់របស់ពលរដ្ឋនេះមកជជែកឡើយ។ ប៉ុន្តែអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញអំពីជំហររបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំងរឿងដីធ្លី និងបញ្ហាចម្រូងចម្រាសនៅក្នុងខេត្តជាច្រើនទៀត នៅចំពោះមុខក្រុមការងារជំនាញនៃរដ្ឋសភានីតិកាលទី៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។