លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី៣​នៅ​ប្រទេស​កម្ពុជា

គណៈកម្មការ​ទន្លេ​មេគង្គ បាន​ជជែក​បញ្ហា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ថាមពល​អគ្គិសនី និង​បញ្ហា​ប្រឈម​ផ្សេងទៀត នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ នៅ​ខេត្ត​សៀមរាប ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃទី៥ ខែ មេសា​នេះ​។ កម្ពុជា​ជា​ប្រទេស​ដឹកនាំ​កិច្ចប្រជុំ​នៅ​ឆ្នាំនេះ។

ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​រួមមាន វៀតណាម ឡាវ ចិន និង​មីយ៉ាន់ម៉ា (​ភូមា​) ទទួលស្គាល់​នូវ​បញ្ហា​កំណើន​ប្រជាជន កំណើន​តម្រូវការ​ទឹក ម្ហូបអាហារ ការបាត់បង់​សម្បត្តិ បរិស្ថាន និង​ជលផល ក៏​សុទ្ធ​តែ​ជា​បញ្ហា ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ និង​កំណត់​កិច្ច​សហប្រតិបត្តិការ​ទៅ​អនាគត ដើម្បី ប្រសិទ្ធភាព និង​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព សម្រាប់​អាង​ទន្លេ​មេគង្គ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គីសនី​ធំៗ​ចំនួន ៦ ដែល​ប្រទេស​ចិន​បាន​សង់​នៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ចិន។ ទំនប់​វារីអគ្គិសនី​ទាំងនេះ បង្ក​ផល​ប៉ះពាល់​ដល់​ជីវចម្រុះ បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ រាប់​លាន​នាក់ ដែល​រស់នៅ​ខ្សែទឹក​ខាងក្រោម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​បិទ​បញ្ចប់​កិច្ចប្រជុំ​នោះ ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​សំណួរ​ពី​អ្នកសារព័ត៌មាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។