គណៈកម្មការ​ទន្លេមេគង្គ ​អំពាវនាវ​​ឱ្យ​​បណ្ដា​ប្រទេស​​តាម​ដង​​ទន្លេមេគង្គ​​ដោះស្រាយ​​វិបត្តិ​ទឹក​​ទន្លេ​ស្រក​​ចុះ​​ជា​​បន្ទាន់

0:00 / 0:00

គណៈកម្មការ​ទន្លេមេគង្គ​អំពាវនាវ​​ឱ្យ​បណ្ដា​ប្រទេស​ចំនួន​ ៦ នៅ​ជាប់​ដង​ទន្លេមេគង្គ​ចាត់វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​​បញ្ហា​ទឹក​ទន្លេ​រីង​រាក់ ការប្រែប្រួល​លំហូរ​​ទឹក និង​​គ្រោះរាំង​​ស្ងួត ដែល​បាន​​បន្ត​អូស​បន្លាយ​​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ។ គណៈកម្មការ​នេះ​​ពិនិត្យ​​ឃើញ​​ថា បញ្ហា​ទាំង​នោះ​​នឹង​​ជះឥទ្ធិពល​​ទៅ​​លើ​ជីវភាព​​រស់​​នៅ​​របស់​​ពលរដ្ឋ ដែល​ពឹង​​ផ្អែក​​លើ​​ការ​​នេសាទ និង​​របរ​​កសិកម្ម ព្រមទាំង​​ប្រព័ន្ធ​អេកូឡូស៊ី​របស់​​ទន្លេ​​មេគង្គ។ បើ​ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​​ផ្នែក​អភិបាល​​កិច្ច​ទឹក មិន​​សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​ភ្លាមៗ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​បាន​ឡើយ។

គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ប្រទេស​ចំនួន​ ៦ ​នៅ​តាម​ដងទន្លេ​មេគង្គ​ថា ​ត្រូវ​មាន​វិធានការ​បន្ទាន់ ឆ្លើយតប​នឹង​វិបត្តិ​នៅ​ទន្លេមេគង្គ ដែល​អូស​បន្លាយ​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នាមក​នេះ ដែល​ក្នុង​នោះ​រួមមាន ​លំហូរ​ទឹក​តិច ឬខ្វះទឹក កម្រិត​ទឹក​មិន​ទៀង​ទាត់ ទឹកទន្លេ​រីង​រាក់ និង​គ្រោះ​រាំង​ស្ងួត។ ​ប្រទេស​ទាំង​ ៦ ​នោះរួមមាន ចិន​ (China)​ មីយ៉ាន់ម៉ា ​ឬ​ភូមា​(Myanmar or Burma)​ ឡាវ​ (Laos)​ ថៃ​ (Thailand)​ កម្ពុជា​ និង​​វៀតណាម ​(Vietnam)។

គណៈកម្មការ​នេះ​កត់សម្គាល់​ថា ​ក្នុងរយៈពេល ​៣ ឆ្នាំចុង​ក្រោយ ​ចាប់តាំងពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ លំហូរ​ទឹក​ទន្លេមេគង្គ​បាន​ធ្លាក់​ចុះ​ទាប​ខ្លាំង ហើយ​ឆ្នាំ​២០២០ ​ត្រូវ​ចាត់ទុក​ថា ​ជា​ឆ្នាំ ដែល​ស្ងួត​ហួតហែង​បំផុត​មិនធ្លាប់​មាន​ក្នុង​រយៈពេល​ជាង​ ៦​ ទសវត្សរ៍​មក​នេះ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ទន្លេមេគង្គលោក អាន ពេជ្រហត្ថដា លើកឡើង​ថា វិបត្តិ​ទឹក​ទន្លេមេគង្គ​នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ផល​នេសាទ និង​ផល​កសិកម្ម​ ប៉ះពាល់​​ជីវភាពរស់នៅ​របស់​ពលរដ្ឋ ក្នុង​តំបន់​សណ្ដ​ទន្លេមេគង្គ ព្រមទាំង​គំរាម​កំហែង​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ​នេះ​ថែមទៀត។ លោក​ថា កិច្ច​សហប្រតិបត្តិ​ការ​សកម្ម​មាន​សារៈសំខាន់ គឺ​មិនមែន​មាន​តែ​ប្រទេស​ចិន​ទេ ប៉ុន្តែ​ត្រូវ​រួមគ្នា​ទាំង​បណ្ដា​ប្រទេស​ជាសមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ផង​ដែរ។

លោក ហត្ថដា ណែនាំ​ឱ្យ​ប្រទេស​ជាប់​ទន្លេ​មេគង្គ​ទាំង​ ៦ ត្រូវ​បង្កើត​យន្តការ​ជូនដំណឹង​រួម​មួយ​ ស្តីពី​​ស្ថានភាព​ទឹក​មិន​ប្រក្រតី និង​ទៅ​ថ្ងៃមុខ​ត្រូវ​បន្ត​ការ​សម្របសម្រួល​លើការគ្រប់គ្រង​អាង​រក្សា​ទឹក​ទុក និង​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​នេះ។ លើស​ពី​នេះ បណ្ដា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​គួរ​ពិចារណា ជម្រើស​បង្កើត​អាង​រក្សា​ទឹក​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​ស្ថានភាព​គ្រោះ​រាំងស្ងួត និង​ទឹកជំនន់ រួម​ទាំង​ការបង្កើត​គំរូ​ប្រតិបត្តិ​រួម​សម្រាប់​អាង​ទន្លេ​មេគង្គ​ទាំង​មូល។

បើ​ទោះ​ជា​យ៉ាងណា អ្នកជំនាញ​ផ្នែក​អភិបាល​កិច្ច​ទឹកលោក ហែម ឧត្តម មិន​រំពឹង​ថា រដ្ឋាភិបាល​បណ្ដាប្រទេស​តាម​ដងទន្លេមេគង្គ​រួមទាំង​កម្ពុជា​ផង​ អាច​ចាត់វិធានការដោះស្រាយ​វិបត្តិ​ទឹក​ទន្លេមេគង្គ ជាពិសេស​បញ្ហា​ប្រែប្រួលលំហូរទឹក និង​ទឹកទន្លេ​រីងរាក់ ទៅតាម​ការអំពាវ​នាវ​របស់​គណៈកម្មកា​រ MRC បាន​ភ្លាមៗ​ឡើយ ព្រោះ​នៅ​ខ្វះខាត​បទដ្ឋាន​ច្បាប់​រឹងមាំ​មួយ​ចំនួន ដែល​អាច​ឱ្យ​បណ្ដា​ប្រទេស​ទាំង​ ៦ ​អាច​ធ្វើ​ការជាមួយ​គ្នា​បាន។ លោកបន្ថែម​ថា ​គណៈកម្មការ​ទន្លេមេគង្គ​ទៀត​សោត​​ក៏​មិនបាន​បង្ហាញ​ហេតុផល​ជាក់លាក់ ដែល​នាំ​ឱ្យ​ទឹកទន្លេរាក់ ខ្វះទឹក និង​ទឹកប្រែប្រួលមិនទៀង​ដែរ ​ជាហេតុធ្វើឱ្យ​រដ្ឋាភិបាល​នៃប្រទេស​ទាំង​នោះ ដាក់​បន្ទុក​ថា ​វិបត្តិ​ទឹក​ទន្លេ​មេគង្គ​ពាក់ព័ន្ធ​សំខាន់​តែ​ទៅ​លើ​ការប្រែប្រួល​អាកាសធាតុ ដោយ​មិន​បាន​ផ្ដោតទៅ​លើ​ផលប៉ះពាល់​ពី​ការសាងសង់​ទំនប់​វារីអគ្កិសនី​ច្រើន​ស្អេកស្កះ​នៅ​លើទន្លេនេះ និង​ការ​ទប់ទឹក​តាម​ទំនប់​ធារាសាស្ត្រ​នៃ​ប្រទេស​ភាគ​ខាង​លើ។ លោក​ថា​ ទោះបី​ជា​ប្រើប្រាស់​យន្តការ​អាស៊ាន ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​ក៏​នឹង​ជួប​ការ​លំបាក មួយផ្សេងទៀត​ដែរ៖ «អាស៊ានមានយន្តការមួយដែរ ប៉ុន្តែ​កន្លង​មក​មិន​ឃើញ​អនុវត្ត​បាន ជាថ្មី​ទៀត​អាស៊ាន​ក៏​មិន​មាន​បទដ្ឋាន​ច្បាប់​រឹង​មាំណាមួយ ដើម្បី​បង្គាប់បញ្ជាឱ្យសមាជិកអាស៊ាន​ធ្វើអីមួយដែរ​។ យើងមើលពីទិដ្ឋភាព បទពិសោធន៍​មុន​ៗ នៅពេល​យើង​មាន​ទំនាស់រឿង​ប្រាសាទ​ព្រះវិហារ ឥឡូវ​នេះ​មាន​បញ្ហា​រដ្ឋប្រហារ​យោធានៅ​ភូមា អាស៊ាន​មិនបាន​ជាលទ្ធផលទេ បាន​ត្រឹម​តែការជួបជជែកគ្នា»

របាយការណ៍​របស់គណៈកម្មការ​ទន្លេមេគង្គ (MRC) កាល​ពីឆ្នាំ​២០១៩​បញ្ជាក់​ថា ការសាងសង់​អាង​រក្សា​ទឹក​ទុក ​ឬ​ស្តុកទឹក ទាំងឡាយ នៅ​តាម​ដងទន្លេ​ភាគ​ខាង​លើ​មិន​មែន​ជាហេតុផល​ចម្បងតែមួយ ដែល​នាំ​ឱ្យ​មាន​លំហូរ​ទឹក​ទាប​ទេ គឺ​មាន​កត្តា​រួមផ្សំ​ពី​អាកាសធាតុ​កាន់តែ​អាក្រក់​និង​ទឹក​ភ្លៀង​ទាប​ជាង​ធម្មតា។

គណៈកម្មការ​ទន្លេមេគង្គ (MRC) អះអាង​ថា ​ការគ្រប់គ្រង​ប្រតិបត្តិការ​ប្រកប​ដោយ​ការ​សម្របសម្រួល​នៃ​អាង​ស្តុក​ទឹក​អាច​ជា​គន្លឹះ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​ក្នុង​អំឡុងឆ្នាំនៃគ្រោះរាំងស្ងួត ហើយគណៈកម្មការ​ទន្លេមេគង្គ (MRC) កំពុង​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​នៅ​តាម​ដងទន្លេ​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ។

នៅក្នុង​ដំណាក់កាល​នេះ អ្នកជំនាញ​អភិបាល​កិច្ច​ទឹកលោក ហែម ឧត្តម ណែ​នាំ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន ដែល​កំពុង​រងផល​ប៉ះពាល់​ពី​ទឹក​ទន្លេ​រីងរាក់ ឱ្យ​ប្រើប្រាស់​ធនធាន​ក្នុង​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​បន្ទាន់​ចំពោះ​មុខ។ លើសពីនេះ​លោក​ស្នើ​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​សហការ​​ជាមួយ​អង្គការ​ជាតិ​ អន្តរជាតិ ​នានា ប្រមូល​ធនធាន​រួមគ្នាផ្ដល់ដំណោះស្រាយដោយ​តម្កល់​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ បញ្ឈប់​រាល់​ការលាបពណ៌ និង​ការចោទ​ប្រកាន់​គ្នា​ក្នុង​ចេតនា​នយោបាយ៖ «យើងមានធនធាន​ច្រើនដែរ​ជាពិសេស​តាមរយៈដៃគូអភិវឌ្ឍ​ផ្ដល់ឱ្យ​តាមរយៈស្ថាប័ន​រដ្ឋ អង្គការសង្គមស៊ីវិល​ និង​វិស័យឯកជន ដែល​គេ​ផ្ដល់ពិសេស​ដល់ពលរដ្ឋ​រងគ្រោះតាមមូលដ្ឋាន។ បើសិនយើងអាចប្រើប្រាស់ធនធាន​នឹង​ដោយ​ឆ្លាតវៃ ​គឺអាជ្ញាធរមូលដ្ឋាន បើនៅ​កម្ពុជា​គឺ​ក្រុមប្រឹក្សាឃុំ ដែល​ដឹង​ទុក្ខ​ធុរៈ​ពលរដ្ឋ។ ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​ទម្លុះ​រនាំង​នយោបាយ​បាន​ទេ​ការអនុវត្ត​គ្មាន​ប្រសិទ្ធភាព។ ឧទាហរណ៍​ចប់ត្រឹម​​ការលាបពណ៌ ថា​បដិវត្តពណ៌​ ថា​ជាឈ្នាន់​បរទេស យកលុយ​បរទេស​ទៅ​ធ្វើ​សកម្មភាព​​ដែលបង្កបញ្ហា ដែល​វាមិនមែន​ជាបញ្ហា​អ្វី​សោះនោះ»

ស្របគ្នានេះ​ដែរ អ្នកជំនាញ​អភិបាលកិច្ច​ទឹករូបនេះ ចង់​ឃើញ​គណៈកម្មការ​ទន្លេមេគង្គ ហ៊ាន​បង្ហាញ​ជំហរ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ និង​បច្ចេកទេស​អំពី​បញ្ហា​វិបត្តិ​ទឹក​ក្នុង​តំបន់​ទន្លេមេគង្គ​នេះផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។