ក្រសួងរ៉ែ និងថាមពល បានប្រមូលពលរដ្ឋដែលជីកមាសនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងជីកមាសនៅក្នុងតំបន់រំដេង ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឲ្យបង្កើតជាសហគមន៍រួមគ្នាដើម្បីកែទម្រង់ការជីកមាសខុសច្បាប់ ក្លាយទៅស្របច្បាប់ និងប្រមូលសួយសារចូលរដ្ឋ។
ក្រសួងរ៉ែ និងថាមពល ត្រៀមចេញអាជ្ញាប័ណ្ណសិប្បកម្មរ៉ែមាសឲ្យសហគមន៍ ដែលជីកយករ៉ែមាសនៅក្នុងខេត្តចំនួន២ គឺខេត្តបាត់ដំបង និងខេត្តព្រះវិហារ។
គម្រោងចេញអាជ្ញាប័ណ្ណរ៉ែមាសនៅខេត្តទាំងពីរនោះ បានធ្វើឡើងក្រោយពីការអនុវត្តផ្តល់អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែមាសនៅខេត្តមណ្ឌលគិរី បង្ក្រាបបានជោគជ័យពីការជីកមាសដោយពុំមានច្បាប់គ្រប់គ្រង មកជីកមាសដោយស្របច្បាប់ តាមរយៈការផ្តល់អាជ្ញាប័ណ្ណ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា អះអាងថា ការផ្តល់អាជ្ញាប័ណ្ណបានជួយកាត់បន្ថយភាពអនាធិបតេយ្យជីកមាស។ លោកថា ក្រសួងរ៉ែ និងថាមពល នឹងអនុវត្តដូចគ្នានៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងតែជីកមាសខុសច្បាប់ដែរ ឲ្យពួកគាត់ចងក្រងជាសហគមន៍ ដើម្បីក្រសួងនេះផ្តល់អាជ្ញាប័ណ្ណសិប្បកម្មជូនពួកគាត់ ដើម្បីឲ្យការជីកមាសទៅជាស្របច្បាប់ ហើយប្រមូលថវិកាបង់ពន្ធចូលរដ្ឋ៖ «នេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងផង ផលប្រយោជន៍របស់សង្គម សហគមន៍នៅមូលដ្ឋាននោះផង ហើយនិងផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល»។
ការចងក្រងអ្នកជីកមាសខុសច្បាប់ជាសហគមន៍នេះ ត្រូវបាន លោក ហែម ស៊ីណាក់ អភិបាលរងស្រុកភ្នំព្រឹក ឲ្យដឹងថា បានស្នើសុំអាជ្ញាប័ណ្ណជា ពីរផ្នែក គឺទី១ សហគមន៍អណ្ដូងរ៉ែមាសបក គឺមាន ២៧គ្រួសារ និងទី២ សហគមន៍អណ្ដូងរ៉ែមាសក្រោមដី គឺមាន ២៣គ្រួសារ។ លោកថា បច្ចុប្បន្នកំពុងស្រង់ស្ថិតិបន្តទៀត ដើម្បីស្នើសុំអាជីវកម្មសិប្បកម្មរ៉ែមាសមានចំនួនជាក់លាក់៖ «សហគមន៍ដែលត្រូវកើតមាននេះ ទីតាំងនៅឃុំភ្នំព្រឹក ទៅដល់ឃុំបារាំងធ្លាក់ ហើយឃុំអូររំដួល។ នៅឃុំអូររំដួល មានមួយចំណែកតូចនៅផ្នែកខាងក្រោមភ្នំ»។
បន្ថែមលើនោះ ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង លោក អៀម មាឃ ឲ្យដឹងថា កំពុងរង់ចាំរបាយការណ៍បញ្ជូនចំនួនគ្រួសារពីអាជ្ញាធរស្រុកភ្នំព្រឹក ហើយក៏រង់ចាំលក្ខន្តិកៈពីក្រសួងរ៉ែ និងថាមពល ដើម្បីពន្យល់ពលរដ្ឋជាក់លាក់ពីការប្រើប្រាស់អាជ្ញាប័ណ្ណ ដោយអាជ្ញាប័ណ្ណរ៉ែមាសបក គឺឲ្យជីកដីជម្រៅ ៥ម៉ែត្រ ឯអាជ្ញាប័ណ្ណរ៉ែមាសក្រោមដី គឺឲ្យជីកជម្រៅមិនលើស ២០ម៉ែត្រជាដើម៖ «ឲ្យប្រមូលបានប៉ុន្មានហើយអីហើយ អ៊ីចឹងគាត់ថារង់ចាំគំរូខាងក្រសួង ក្រសួងគាត់រវល់រហូតនោះ អ៊ីចឹងគាត់អត់បានផ្ញើអាគំរូហ្នឹងមកទេ»។
ដូចគ្នាដែរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ លោក គង់ មករា ថ្លែងថា បានចែកជូនពាក្យសុំអាជ្ញាប័ណ្ណដល់ពលរដ្ឋដែលមានបំណងជីកមាសនៅតំបន់រំដេង ក្នុងស្រុករវៀង ឲ្យបង្កើតជាសហគមន៍ ដើម្បីទទួលបានអាជ្ញាប័ណ្ណសិប្បកម្មរ៉ែមាសស្របច្បាប់៖ «ប៉ុន្តែបញ្ហាដែលយើងកំពុងតែប្រឈម គឺថា ម្ចាស់ដីមួយៗគាត់អត់ទាន់មានដីកម្មសិទ្ធិស្របច្បាប់ គាត់មានតែកាន់កាប់លើដីហ្នឹងបណ្ដោះអាសន្ន។ បញ្ហានេះ យើងជំរុញថា បើសិនជាគាត់ដាក់ពាក្យសុំ ឲ្យគាត់មានប័ណ្ណកាន់កាប់ដីធ្លីហ្នឹងឲ្យស្របច្បាប់ត្រឹមត្រូវ ហើយឲ្យគាត់ផ្អាកជីកជាបណ្ដោះអាសន្ន ដើម្បីដាក់ពាក្យសុំមក សុំមកក្រសួង គឺក្រសួងនេះអនុញ្ញាតចេញអាជ្ញាប័ណ្ណឲ្យគាត់ស្របតាមច្បាប់»។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា ឲ្យដឹងថា អាជ្ញាប័ណ្ណសិប្បកម្មរ៉ែដែលក្រសួងនេះបានចេញ គឺមានជាង ៥០អាជ្ញាប័ណ្ណហើយក្នុងឆ្នាំ២០១៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។