គណៈកម្មការទី១០សភាគ្រោងហៅលោក ស៊ុយ សែម មកបំភ្លឺក្នុងកិច្ចប្រជុំសភាពេញអង្គ
2016.12.15

ប្រធានគណៈកម្មការទី១០ ទទួលបន្ទុកប្រឆាំងអំពើពុករលួយនៃរដ្ឋសភា គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មកបំភ្លឺក្នុងកិច្ចប្រជុំសភាពេញអង្គរឿងភាពមិនប្រក្រតីនៃការនាំខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី។ ការថ្លែងបែបនេះ ព្រោះប្រធានគណៈកម្មការទី១០ និងសមាជិកសភាបក្សប្រឆាំងផ្សេងទៀតយល់ថា ការពន្យល់របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រឿងនាំខ្សាច់ចេញទៅក្រៅប្រទេសមិនអាចទទួលបានទេ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ។
តំណាងរាស្ត្របក្សប្រឆាំង លោក ឃី វណ្ណដេត ដែលចូលរួមជជែកសួដេញដោលរឿងបាត់លុយលក់ខ្សាច់ទៅក្រៅប្រទេសនិយាយថា ការឆ្លើយបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម មិនទទួលបានលទ្ធផលល្អនោះទេ ព្រោះលោករដ្ឋមន្ត្រីនិយាយដដែលៗ។
ស្រដៀងគ្នានេះដែរ ប្រធានគណៈកម្មការទី១០ ទទួលបន្ទុកប្រឆាំងអំពើពុករលួយ លោក ហូរ វ៉ាន់ នៅតែដាក់ការសង្ស័យលើតួលេខនៃបរិមាណនាំខ្សាច់ចេញរបស់កម្ពុជា។
លោក ហូរ វ៉ាន់ មានប្រសាសន៍ថា ក្នុងជំនួបនោះ ភាគីក្រសួងរ៉ែ និងថាមពល ប្រាប់ថា ក្រសួងគ្មានសិទ្ធិលក់ខ្សាច់ទេ គឺបានត្រឹមប្រមូលសួយសារពីអាជីវកម្មរ៉ែខ្សាច់ ក្នុងពេលនេះ ០,៨៥ដុល្លារក្នុងមួយម៉ែត្រគូប និងប្រាប់ថា ពេលនេះមានក្រុមហ៊ុនខ្សាច់ចំនួន ៤៨ ធ្វើអាជីវកម្ម និង ២៦ក្រុមហ៊ុនកំពុងដំណើរការ។
ទោះបីជាយ៉ាងណាក្ដី លោក ហូរ វ៉ាន់ ប្រាប់ថា ការបង្ហាញតួលេខនាំខ្សាច់ចេញដែលក្រសួងផ្ដល់ឲ្យ ខុសគ្នាពីតួលេខប្រទេសសិង្ហបុរី ដែលលោកទាមទារឲ្យមានការរៀបចំតួលេខនៅជិតគ្នា៖ «គាត់ (រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល) ឲ្យមកតែប៉ុណ្ណឹង ប៉ុន្តែតួលេខខ្សាច់ និងតួលេខតម្លៃនៅមានគម្លាតខុសឆ្ងាយដែលយើងទាមទារ ហើយយើងទទួលយកមិនទាន់បានដែលទាមទារតម្រូវរៀបចំឲ្យមានគណៈកម្មការយ៉ាងណាធ្វើម៉េចថ្ងៃក្រោយទៅកុំអោយគម្លាតដូចនេះ»។
ក្រោយការសួរដេញដោលជាង ៣ម៉ោង កាលពីថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បដិសេធមិនធ្វើបទសម្ភាសន៍ដល់ក្រុមអ្នកកាសែតទេ ដោយលោកបញ្ជាក់ថា ក្រសួងមានរៀបចំធ្វើសន្និសីទសារព័ត៌មាននៅពេលរសៀលក្នុងថ្ងៃដដែល៖ «ទៅក្រសួង ក្រសួងគេបានឆ្លើយឆ្លងគ្នាហើយ»។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្កធារ៉ា ថ្លែងនៅក្នុងសន្និសីទកាសែតនោះថា បញ្ហាតួលេខខ្សាច់ខុសគ្នារវាងកម្ពុជា និងសិង្ហបុរី ព្រោះបច្ចេកទេសនៃការកត់ត្រា។ តែទោះយ៉ាងណាក្តី លោកអះអាងថា បញ្ហាតួលេខខុសគ្នាមិនមែនតែកម្ពុជាទេ សូម្បីប្រទេសក៏មានបញ្ហារឿងតួលេខនេះដែរ៖ «ក្រោយពីយើងសិក្សាស៊ើបអង្កេតបញ្ហាតួលេខនេះមក គឺយើងសន្និដ្ឋានបានថា គឺបញ្ហាបច្ចេកទេសនៃការកត់ត្រា ប៉ុន្តែក្រសួងអត់យករឿងនេះ ដើម្បីជាលេសដោះសាទេ អ្វីដែលយើងបានរៀនសូត្រពីបញ្ហាតួលេខនេះ យើងត្រូវមានការកែទម្រង់មួយដែរ ដើម្បីកុំកើតមានបញ្ហាដដែលៗ»។
ភ្លាមៗក្នុងពេលធ្វើសន្និសីទកាសែតនេះដែរ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់បន្ថែមពីការងាររបស់ខ្លួនថា ការនាំខ្សាច់ចេញទៅក្រៅប្រទេសមិនមែនសមត្ថកិច្ចផ្ដាច់មុខរបស់ក្រសួងរ៉ែ និងថាមពលទេ។
សេចក្ដីប្រកាសព័ត៌មាននោះឲ្យទៀតថា ក្នុងរយៈពេល ៨ឆ្នាំនៃការនាំខ្សាច់ចេញពីកម្ពុជា ទៅសិង្ហបុរី ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ជាង ១៦លានតោន។ តួលេខនេះបញ្ជាក់ដោយវិក្កយបត្រនាំចេញ ចំនួនជើងកប៉ាល់នាំចេញ ឈ្មោះកប៉ាល់ និងឈ្មោះក្រុមហ៊ុន ប៉ុន្តែទោះបីមានការអះអាងបែបនេះក្ដី ក្រសួងមិនបានបង្ហាញទំហំទឹកប្រាក់នោះទេ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបង្ហាញថា រយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជានាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជាវិញ មានរហូតដល់ទៅជាង ៧៣លានតោនដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨)។
ចំណែកនាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ដែលតាមដានដំណើររឿងនេះយល់ថា ក្រសួងគួរសិក្សាជាមួយប្រទេសសិង្ហបុរី ទាក់ទងរបាយការណ៍នាំខ្សាច់ខុសគ្នានេះ៖ «ក្រសួងគួរតែធ្វើដំណើរមួយជំហានទៀតជាមួយរដ្ឋាភិបាលសិង្ហបុរី ដើម្បីវែកញែក ឬក៏សិក្សាពីគ្នាទៅវិញទៅមក ដើម្បីកុំអោយបញ្ហាខុសតួលេខគ្នានេះក្លាយជាប្រធានបទនៃការសាចទឹកដាក់គ្នា ឬក៏រុញគ្នាទម្លាក់ទឹក»។
ផ្ទុយពីការរំពឹងទុកពីសង្គមស៊ីវិលរូបនេះ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្កធារ៉ា និយាយថា ប្រសិនមានការជជែកជាមួយសិង្ហបុរី រឿងតួលេខនេះ គឺជារឿងគួរឲ្យអស់សំណើច៖ «អ៊ីចឹងហើយបើយើងទៅសួរសិង្ហបុរី ថាអាម៉េចបានជាខុសគ្នាជាមួយខ្ញុំ? គេសើចខ្ញុំវិញតើ! គេថា អាហ្នឹងរឿងធម្មតា ព្រះអាទិត្យរះពីទិសខាងកើតមកលោកឯងមិនឃើញទេ? ហេតុអីខុសតែប្រទេសអ្នកឯងមួយ ចុះប្រទេសខ្ញុំខុសជាមួយអាមេរិក ខុសជាមួយអាល្លឺម៉ង់ បារាំងទៀត មួយគំនរ»។
ទោះមានការពន្យល់យ៉ាងក្ដី ប្រធានគណៈកម្មការទី១០ ទទួលបន្ទុកប្រឆាំងអំពើពុករលួយ លោក ហូរ វ៉ាន់ ថ្លែងឲ្យអាស៊ីសេរី ដឹងបន្ថែមក្រោយក្រសួងរ៉ែ និងថាមពល ធ្វើសន្និសីទកាសែតចប់ថា លោកនឹងជជែកជាមួយក្រុមតំណាងរាស្ត្រ និងប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ដើម្បីកោះហៅ លោក ស៊ុយ សែម មកបំភ្លឺនៅក្នុងកិច្ចប្រជុំសភាពេញអង្គតែម្ដង ព្រោះការពន្យល់ដល់គណៈកម្មការទី១០ នៅពេលនេះ មិនអាចធ្វើឲ្យលោកទទួលយកបានឡើយ៕