លោក ម៉ុក ម៉ារ៉េត ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ដោះស្រាយ​ទំនាស់​កិច្ច​ការពារ​បរិស្ថាន

ដោយ រដ្ឋា វិសាល
2014.07.20
Share on WhatsApp
Share on WhatsApp
បរិស្ថាន មណ្ឌលគិរី ៦១០ លោក ម៉ុក ម៉ារ៉េត ប្រធាន​គណៈកម្មការ​ទី​៣ រដ្ឋ​សភា និង​ប្រតិភូ​មន្ត្រី​ពាក់ព័ន្ធ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ជុំវិញ​បញ្ហា​ដីធ្លី​ព្រៃឈើ​សហគមន៍ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៤។
Adhoc

ប្រធាន​គណៈកម្មការ​ទី​៣​រដ្ឋ​សភា​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុក ម៉ារេត ជំរុញ​​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដោះស្រាយ​ទំនាស់​ទាក់ទិន​កិច្ច​ការពារ​បរិស្ថាន​កំពុង​កើត​មាន​នៅ​ក្នុង​សហគមន៍​ជន​ជាតិ​ដើម​ព្នង​ឡៅកា។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ចំណាត់ការ​នេះ​ថា ជា​ឆន្ទៈ​មាន​សារសំខាន់ និង​ត្រូវ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ។

សមាជិក​សហគមន៍​ភូមិ​ឡៅកា ១១​នាក់ បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​បរិស្ថាន និង​អង្គការ​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អាទិត្យ ទី​២០ ខែ​កក្កដា ដើម្បី​ដោះស្រាយ​ផល​អវិជ្ជមាន​នានា ដែល​បាន​កើត​មាន​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​មួយ​នេះ។

តំណាង​សហគមន៍​ឡៅកា អ្នកស្រី ក្វើង ទុំ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ជួប​ប្រជុំ​គ្នា​នេះ​​ដើម្បី​រក​វិធី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​គ្រប់គ្រង​តំបន់​ព្រៃឈើ ធនធាន​ធម្មជាតិ​នានា ឋិត​ក្នុង​តំបន់​អភិរក្ស​របស់​សហគមន៍ និង​យន្តការ​ដោះស្រាយ​បញ្ហា​ប្រឈម​កំពុង​កើត​មាន​ជាមួយ​សហគមន៍។

លោកស្រី​កត់​សំគាល់​ថា កន្លង​ទៅ​នេះ​សិទ្ធិ​អភិរក្ស​ព្រៃឈើ​ដីធ្លី​របស់​​សហគមន៍​រង​ការ​រំលោភ គំរាមកំហែង ជាពិសេស​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អ្នក​មាន​អំណាច​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន និង​មន្ត្រី​សមត្ថកិច្ច​នៅ​មូលដ្ឋាន៖ «ដី​របស់​រដ្ឋ​យើង​ការពារ​ទាំង​អស់​គ្នា ហេតុអ្វី​ថា​ពួក​ខ្ញុំ​ខុស ខ្ញុំ​សួរ ម៉ុក ម៉ារ៉េត អ៊ីចឹង​ហេតុ​អ្វី​បំផ្លាញ​អ្នក​បំផ្លាញ​ត្រូវ​កាន់​ជើង អ្នក​ការពារ​ត្រូវ​ស្អប់​ពួក​ខ្ញុំ ខ្ញុំ​សួរ​ហេតុផល​អ្វី ចោរ​កាន់​ជើង»

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាល​ពី​ខែ​មិថុនា បាន​ចេញ​សេចក្ដី​ប្រកាស​បង្កើត​សហគមន៍​តំបន់​ការពារ​​ធម្មជាតិ​ឡៅកា ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ស្ថិត​ក្នុង​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី មាន​ទំហំ​ដី​ជាង ២.២២៦​ហិកតារ។

មន្ត្រី​នាយកដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន លោក គង់ សារឹម ថ្លែង​ថា កិច្ច​ប្រជុំ​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​អនុវត្ត​សារ​ណែនាំ​របស់​បណ្ឌិត ម៉ុក ម៉ារ៉េត ដែល​បាន​ជួប​ពិភាក្សា​ស្វែង​យល់​បញ្ហា​ជាមួយ​សហគមន៍។

លោក​អះអាង​ថា មន្ត្រី​ជំនាញ​និង​​​បើក​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​២២ កក្កដា ខាង​មុខ​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​សហគមន៍​ការពារ​​ធម្មជាតិ​ទាំង ៦ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច៖ «ការងារ​ហ្នឹង​យើង​មិន​អាច​ដោះស្រាយ​ភ្លាមៗ​យើង​ត្រូវ​ធ្វើ​សន្សឹមៗ ដើម្បី​ស្វែង​យល់​ពី​ឫសគល់​នៃ​​បញ្ហា​ហើយ​យើង​គួរ​ដើរ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​សម្រេច​ទៅ​លើ​ហ្នឹង»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ប្រកាស​បង្កើត​​សហគមន៍​មករ​ហូត​បច្ចុប្បន្ន ជម្លោះ​ស្រួចស្រាល់​មួយ​ចំនួន​កើត​មាន​នៅ​ក្នុង​សហគមន៍​ដូចជា​ទំនាស់​ប្ដឹង​តវ៉ា​រវាង​សហគមន៍​និង​មន្ត្រី​បរិស្ថាន​ខេត្ត ទាក់ទិន​ការ​អនុវត្ត​គោលនយោបាយ​ការពារ​បរិស្ថាន​មិន​បាន​ត្រឹមត្រូវ។ ជម្លោះ​សហគមន៍​ប្ដឹង​ក្រុមហ៊ុន​វីឡេក ឌីវឺឡុបមេន (Village Development) ទាក់ទិន​ការ​រំលោភ​ឈូស​ឆាយ​ព្រៃ​ការពារ​ជិត ៣០០​ហិកតារ និង​កាប់​បំផ្លាញ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​សហគមន៍​រាប់​ពាន់​ដើម។ ជម្លោះ​ប្រើ​អំពើ​ហិង្សា​រវាង​បុគ្គលិក​ក្រុមហ៊ុន និង​ប៉ូលិស​មូលដ្ឋាន​វាយ​មក​លើ​សហគមន៍​ដែល​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់​ថា កន្លង​ទៅ​នេះ​ជម្លោះ​ដែល​​សហគមន៍​បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ និង​ស្ថាប័ន​តុលាការ​មិន​បាន​ផ្ដល់​យុត្តិធម៌​​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​សហគមន៍​ក្លាយ​ជា​ជន​រងគ្រោះ​ដោយសារ​បំពេញ​តួនាទី​ការពារ​ធនធាន​ធម្មជាតិ៖ «មន្ត្រី​ជំនាញ​ក្ដី​ត្រូវ​ចុះ​ទៅ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​បំផុត​ដោយ​គ្មាន​ការ​ធ្វេសប្រហែស ជាពិសេស​មិន​ត្រូវ​លំអៀង​ទៅ​លើ​ភាគី​អ្នក​មាន​អំណាច​ទេ»

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​សមុទ្រ​លើ​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា បណ្ឌិត ម៉ុក ម៉ារ៉េត សម្ដែង​ការ​អស់​សង្ឃឹម និង​ព្រមាន​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ខេត្ត​ឲ្យ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ក្នុង​រយៈពេល​ពី​២ ទៅ ៣​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។