តុលាការ​ខេត្ត​មណ្ឌលគិរី​ស៊ើប​អង្កេត​បណ្ដឹង​ចោទ​មន្ត្រី​៣​នាក់​ចេញ​លិខិត​កាប់​ឈើ​ខុស​ប្រក្រតី

ដោយ រដ្ឋា វិសាល
2015.03.24
Share on WhatsApp
Share on WhatsApp
ម៉ាស៊ីន​កាត់​ឈើ មណ្ឌលគិរី ៦២០ ម៉ាស៊ីន​កាត់​ឈើ​ដែល​ក្រុម​ល្បាត​សហគមន៍​ពូលុ ដក​ហូត​ពី​កម្មករ​កាត់​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
Photo Adhoc

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ស្វាគមន៍​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ ទាក់ទិន​ពាក្យ​ប្ដឹង​មន្ត្រី​មូលដ្ឋាន​បី​នាក់​ពី​បទ​ចេញ​លិខិត​កាប់​ឈើ​ខុស​ប្រក្រតី ដែល​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍។

សមាជិក​សហគមន៍​ឃុំ​ប៊ូស្រា ចំនួន​បី​នាក់ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ក្នុង​នាម​ជា​ដើម​បណ្ដឹង ចោទ​មន្ត្រី​មូលដ្ឋាន​បី​នាក់​ពី​បទ​ឃុបឃិត​ចេញ​លិខិត​អនុញ្ញាត​កាប់​ឈើ​ខុស​ច្បាប់។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា បាន​ចេញ​ដីកា​កោះ​អញ្ជើញ​អ្នក​ភូមិ​ឈ្មោះ ក្លាង ភូរ និង រយ សូត រស់នៅ​ភូមិ​ពូលុ រួម​ទាំង​ឈ្មោះ លី ដាំ រស់នៅ​ភូមិ​ឡាមេះ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា បន្ទាប់​ពី​អ្នក​ទាំង​បី​តំណាង​ឲ្យ​សហគមន៍​ប៊ូស្រា ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ​ប៊ូស្រា លោក យើង សារីន អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន និង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ លោក រ័ត្ន សុវណ្ណ ពី​បទ​ឃុបឃិត​ចេញ​លិខិត​អនុញ្ញាត​កាប់​ឈើ​រាប់​ពាន់​ម៉ែត្រ​គូប។

តំណាង​សហគមន៍ លោក ក្លាង ភូរ ហៅ​ដីកា​កោះ​របស់​មន្ត្រី​អយ្យការ ថា​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ចំណាត់​ការ​ផ្លូវ​ច្បាប់ ចំពោះ​បណ្ដឹង​ពលរដ្ឋ​សហគមន៍​អ្នក​ការពារ​ព្រៃ​ឈើ។ លោក​អះអាង​ថា នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​មុខ​មន្ត្រី​តុលាការ​ដោយ​ភាព​រីករាយ និង​ជឿ​ទុក​ចិត្ត​ថា ការ​ស៊ើប​អង្កេត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព ដើម្បី​រក​ឲ្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចេញ​លិខិត​កាប់​ឈើ​ដ៏​ច្រើន​របស់​មន្ត្រី​មូលដ្ឋាន៖ «សប្បាយ​ចិត្ត​ឲ្យ​គេ​ដោះស្រាយ​ព្រៃ​ឈើ​ស្អីៗ​អស់​រលីង ដោយសារ​ក្រដាស​មួយ​សន្លឹក​ហ្នឹង។ ២០១៤ ចូល ២០១៥ ហ្នឹង ឈើ​ផែរ​អស់​ប៉ុន្មាន​ភ្នំ ឈើ​ធំៗ​គេ​យក​ក្រដាស​ហ្នឹង​បង្ហាញ​ថា​សាងសង់។ ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់»

សមាជិក​សហគមន៍​ភូមិ​ពូលុ មួយ​ក្រុម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ល្បាត​ព្រៃ និង​ប្រទះ​ឃើញ​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ កំពុង​អារ​រំលំ​យក​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​អភិរក្ស​ចំណុច​អូររេត។ ក្នុង​ហេតុការណ៍​នេះ សហគមន៍​បាន​ឃាត់​ខ្លួន​កម្មករ​បាន​ម្នាក់ និង​ម៉ាស៊ីន​កាត់​ឈើ​បី​គ្រឿង ក៏ប៉ុន្តែ​កម្មករ​អារ​ឈើ​ដែល​សហគមន៍​ឃាត់​ខ្លួន បាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ គឺ​លោក រ័ត្ន សុវណ្ណ ដែល​បាន​ស្នើសុំ​អភិបាល​ស្រុក​ពេជ្រាដា អារ​ឈើ​ជាង ៤​ពាន់​ម៉ែត្រ​គូប សង់​ទីស្នាក់ការ​ចំនួន​ពីរ​នៅ​តំបន់​វារយោង និង​អូរពោត។ លិខិត​ស្នើសុំ​នេះ ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៤ តាម​រយៈ​ចំណារ​ពី​មេ​ភូមិ​ពូលុ និង​មេ​ឃុំ​ប៊ូស្រា សុំ​ការ​សម្រេច​ពី​អភិបាល​ស្រុក​ពេជ្រាដា។ លិខិត​នោះ​ឃើញ​មាន​ហត្ថលេខា និង​បោះ​ត្រា​ដោយ​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចារ​លើ​លិខិត​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល។

ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក សូ សុវិជ្ជា ទទួល​ស្គាល់​ថា នេះ​គឺ​ជា​ការ​ស៊ើប​អង្កេត​បឋម​របស់​ស្ថាប័ន​អយ្យការ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​បណ្ដឹង​សហគមន៍។ លោក​បន្ត​ថា ការ​កោះ​ហៅ​ដើម​បណ្ដឹង​មក​ពេល​នេះ គឺ​ដើម្បី​សាកសួរ​ពី​អង្គហេតុ​ផ្សេងៗ​ដែល​សហគមន៍​បាន​ប្ដឹង​ចោទ​មន្ត្រី​ទាំង​បី​នាក់ ជាពិសេស​ពាក់ព័ន្ធ​លិខិត​អនុញ្ញាត​ជា​វត្ថុ​តាង​ដែល​សហគមន៍​បាន​ភ្ជាប់​មក​ជាមួយ​ពាក្យ​ប្ដឹង​នោះ៖ «លិខិត​ហ្នឹង​គាត់​ដាក់​ប្រើប្រាស់​ឈើ​ជា​ប្រយោជន៍​សាធារណៈ​ទេ ហើយ​ឈើ​ហ្នឹង​តែ​បី​បួន​ម៉ែត្រ​គូប​ទេ។ ខ្ញុំ​ក៏​មិន​ដឹង​ម៉េច​ដែរ គាត់​មិន​មែន​ជួញដូរ ឬ​លក់ ឬ​ធ្វើ​ជា​សម្បត្តិ​ឯកជន​ទេ។ ខ្ញុំ​មិន​ដឹង​ម៉េច​ទេ ខ្ញុំ​ពិនិត្យ​មើល​ហើយ​ឲ្យ​កោះ​ហៅ​ភ្លាម»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា មិន​អាច​ទាក់ទង​មេ​ឃុំ​ប៊ូស្រា និង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ សុំ​អធិប្បាយ​ជុំវិញ​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​បាន​ទេ ក៏ប៉ុន្តែ​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ធ្លាប់​បាន​ទទួល​ស្គាល់​ថា មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​បាន​ស្នើសុំ​កាប់​ឈើ​ធ្វើ​ស្នាក់ការ​មែន ហើយ​ឈើ​ដែល​ស្នើសុំ​នោះ​មាន​ប្រមាណ ១០​ម៉ែត្រ​គូប តម្រូវ​ការ​ធ្វើ​ស្នាក់ការ​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​តែ​ប៉ុណ្ណោះ។

កាល​ពី​ដើម​ខែ​មីនា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល សម្ដែង​ការ​ភ្ញាក់​ផ្អើល​ទាក់ទិន​លិខិត​អនុញ្ញាត​ឲ្យ​កាប់​ឈើ​មាន​តួលេខ​រាប់​ពាន់​ម៉ែត្រ​គូប ដើម្បី​ធ្វើ​ស្នាក់ការ​បរិស្ថាន។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​តម្រូវ​ការ​សង់​ស្នាក់ការ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ប៉ុន្តែ​លោក​មិន​ឃើញ​របាយការណ៍​របស់​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ពី​បរិមាណ​ឈើ​ស្នើសុំ​មក​មន្ទីរ​បរិស្ថាន​នោះ​ឡើយ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សម្ដែង​សុទិដ្ឋិនិយម​ថា ការ​បើក​ការ​ស៊ើប​អង្កេត​ពាក្យ​ប្ដឹង​របស់​សហគមន៍​របស់​ស្ថាប័ន​អយ្យការ គឺ​ជា​ការ​រួម​ចំណែក​លុប​បំបាត់​សកម្មភាព​កាប់​ឈើ​អនាធិបតេយ្យ​នៅ​ក្នុង​ព្រៃ​អភិរក្ស។ ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​មន្ត្រី​អយ្យការ បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​យុត្តិធម៌ ដើម្បី​រក​ឲ្យ​ឃើញ​ថា មន្ត្រី​មូលដ្ឋាន​ពិត​ជា​បាន​ពាក់ព័ន្ធ​ចេញ​លិខិត​ឲ្យ​កាប់​ឈើ​ខុស​ច្បាប់​នោះ ឬ​យ៉ាង​ណា?៖ «បើ​គ្រាន់​តែ​ធ្វើ​ស្នាក់ការ​ពីរ​សោះ ត្រូវ​ការ​ឈើ​ដល់​ទៅ​ជាង ៤​ពាន់​ម៉ែត្រ​គូប បើ​សិន​ជា​លិខិត​ពិត​ជា​ចេញ​ដោយ​មន្ត្រី​ទាំង​បី ហើយ​តុលាការ​ស្រាវជ្រាវ​ពិត​ជា ៤​ពាន់​ម៉ែត្រ​គូប​មែន អា​ហ្នឹង​ជា​អំពើ​ខុស​ច្បាប់»

សហគមន៍​ប៊ូស្រា អភិរក្ស​ព្រៃ​ឈើ​ជាង ១​ពាន់​ហិកតារ លាត​សន្ធឹង​ពី​ឃុំ​ប៊ូស្រា រហូត​ដល់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាមលៀរ ដើម្បី​រក្សា​ទុក​ជា​ព្រៃ​បម្រុង​ចុះ​បញ្ជី​សហគមន៍ ក៏ប៉ុន្តែ​ចាប់​ពី​ចុង​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ឈើ​មាន​តម្លៃ​នៅ​តំបន់​នោះ ត្រូវ​គេ​កាប់​អារ​ច្រៀក​នាំ​ចេញ​ទៅ​ទីផ្សារ។ ដោយ​ឡែក​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ប្រមាណ ៥០​ភាគរយ ក៏​ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ។

តំណាង​សហគមន៍ លោក ក្លាង ភូរ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រៃ​ដែល​នៅ​សេសសល់​កំពុង​រង​ការ​កាប់​បំផ្លាញ​ថែម​ទៀត ដើម្បី​យក​ឈើ​ធ្វើ​ជន្លង់​ម្រេច។ លោក​ថា សហគមន៍​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ជូន​តុលាការ​ពី​សកម្មភាព​លួច​កាប់​ឈើ​ជន្លង់​ម្រេច​មួយ​ករណី បន្ទាប់​ពី​សហគមន៍​ចាប់​បាន​រណារ​យន្ត​កាត់​ឈើ ៤​គ្រឿង និង​រថយន្ត​ផ្ទុក​ឈើ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​២៤ មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។