តំណាងអយ្យការខេត្តមណ្ឌលគិរី តម្កល់សំណុំរឿងធ្វើប្លង់កម្មសិទ្ធិដីព្រៃស្រោង
2020.07.30

តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី សម្រេចតម្កល់សំណុំរឿង ចេញប្លង់កម្មសិទ្ធិដីធ្លី និងធ្វើលិខិតផ្ទេរសិទ្ធិ ក្នុងព្រៃអភិរក្ស ដែលសហគមន៍ជនជាតិដើមភាគតិច បានប្តឹងបរិហារអាជ្ញាធរឃុំ១រូប និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ទៀត កាលពីដើមឆ្នាំ២០២០។
ជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិល ចាត់ទុកការតម្កល់សំណុំរឿងនេះ ជារឿងអយុត្តិធម៌ និងជាការរួមចំណែកបំផ្លាញធនធានធម្មជាតិ។ ពួកគេអះអាងថា ក្រុមពលរដ្ឋបានបង្ហាញទីតាំងច្បាស់លាស់ ប្រាប់មន្ត្រីជំនាញ និងតំណាងអយ្យការថា នៅតំបន់ដែលមន្ត្រីសុរិយោដីខេត្តមណ្ឌលគិរី ចេញប្លង់រឹងនោះ គឺជាដីព្រៃអភិរក្សសំបូរដោយព្រៃស្រោង។
ជនជាតិដើមភាគតិចព្នង ដែលជាដើមបណ្ដឹងរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា លោក គ្រើង តុលា ឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដាថា ការតម្កល់សំណុំរឿងនេះ ជាការផ្តល់ឱកាសក្រុមជនល្មើស និងមន្ត្រីខិលខូចមិនរាងចាល និងមើលងាយ ប្រព័ន្ធច្បាប់នៅកម្ពុជា។ លោកថា សហគមន៍មានភស្តុតាងច្បាស់លាស់ ដែលបង្ហាញថា ប័ណ្ណកម្មសិទ្ធិចំនួន៦ និងលិខិតផ្ទេរសិទ្ធិ ៤ច្បាប់ រួមទាំងសលាកបត្រព័ត៌មាន ៤ច្បាប់ ទាក់ទងនឹងដីឋិតក្នុងតំបន់ព្រៃស្រោងរបស់រដ្ឋនោះ ជាឯកសារខុសច្បាប់៖ «អត់ចិត្តថា យើងមានភស្តុតាងអស់ហើយ យើងចុះទៅជាមួយមន្ត្រីសុរិយោដីស្រុក ដើម្បីចុះទៅ ចុចទៅពិតជាដីហ្នឹង ដីព្រៃមែន ហើយស្រាប់តែគាត់តម្កល់អ៊ីចឹងទៅ ធ្វើឱ្យក្រុម ឆ្លៀតឱកាស ឬមួយក្រុម ប្រព្រឹត្តបទល្មើសហ្នឹង បែរជាសប្បាយចិត្តទៅវិញ។ នេះជាចំណុចមួយ ដែលខ្ញុំគិតថា អត់សប្បាយចិត្តទេ យើងអត់ចង់បាន មិនមែនផលប្រយោជន៍ ខ្ញុំទេ ជាផលប្រយោជន៍ សាធារណៈជនទាំងអស់គ្នា»។
កាលពីខែមករា ឆ្នាំ២០២០ សហគមន៍ជនជាតិដើមភាគតិច ៥នាក់ និងមន្ត្រីអាដហុកម្នាក់ បានប្ដឹងបរិហារ អតីតមេឃុំប៊ូស្រា លោក កេង ញ៉ក់ បច្ចុប្បន្នជាជំទប់ទី២ នៃឃុំប៊ូស្រា និងលោក ឈឹម កាន អតីតប្រធានមន្ទីររៀបចំដែនដី ហើយបច្ចុប្បន្នជាអភិបាលរងខេត្តមណ្ឌលគិរីថា មានជាប់ពាក់ព័ន្ធការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ប័ណ្ណ សលាកបត្រព័ត៌មានចំនួន ៤ ច្បាប់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចំនួន ៤ច្បាប់លើដីគម្របព្រៃឈើ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២០ ខែកក្កដា តំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បានចេញលិខិតជូនដំណឹង តម្កល់សំណុំរឿងនេះឥតចាត់ការ ពាក់ព័ន្ធករណី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី នៅចំណុចឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
អាស៊ីសេរីបានព្យាយាមទាក់ទង លោក ម៉ម វ៉ាន់ដា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៣០ កក្កដា។ អាស៊ីសេរីក៏នៅមិនទាន់អាចទាក់ទងជំទប់ទី១ ឃុំប៊ូស្រា លោក កេង ញ៉ក់ និងអភិបាលរងខេត្តមណ្ឌលគិរីលោក ឈឹម កាន ដើម្បីសុំការបំភ្លឺរឿងនេះបានដែរ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក ដែលជាដើមបណ្ដឹង លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា លោកនឹងប្ដឹងទាស់សំណុំរឿងនេះ ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅពេលឆាប់ខាងមុខនេះ ដើម្បីស្រាវជ្រាវឱ្យស៊ីជម្រៅ និងជំរុញឱ្យមានអ្នកទទួលខុសត្រូវ។ លោកថា ការធ្វើប្លង់កម្មសិទ្ធិលើដីព្រៃស្រោង ឬដីព្រៃអភិរក្ស ជាអំពើពុករលួយ ហើយអ្នកជាប់ពាក់ព័ន្ធ ត្រូវតែទទួលទោសចំពោះមុខច្បាប់៖ «យុត្តិធម៌ត្រូវតែមាន ពីព្រោះយើងធ្វើការតវ៉ា ប្ដឹងបរិហារ បានឮដល់ថ្នាក់ដឹកនាំរដ្ឋ ហើយឥលូវលោកបានចាត់វិធានការខ្លាំងៗ ឱ្យមន្ត្រីរបស់លោកធ្វើការស្រាវជ្រាវ លើអំពើទុច្ចរិតមន្ត្រីរបស់លោក ប្រសិនបើរកឃើញថា ពាក់ព័ន្ធខុសច្បាប់នឹងទទួលទោស។ សម្ដេច (ហ៊ុន សែន) លោកបាន មានប្រសាសន៍ថា អំពីរឿងថា ប្រសិនជាប្លង់កម្មសិទ្ធិ កើតឡើងដោយអំពើទុច្ចរិត ប្លង់នឹង មោឃៈភាពចោល»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ការចេញប្លង់កម្មសិទ្ធិលើដីព្រៃអភិរក្សខុសច្បាប់ ត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់ ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។ លោកថា ករណីនេះ បានកើតមានច្រើននៅខេត្តមណ្ឌលគិរី កម្រឃើញពលរដ្ឋណា ហ៊ានចេញមុខប្ដឹងបរិហារអាជ្ញាធរខិលខូចណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។