រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​មោឃភាព​ពាក្យ​ស្នើសុំ​កាប់​កាប់ដី​ធ្លី​ជិត​ ១ពាន់​ហិកតារ​ពី មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ម្នាក់

ដោយ ថន ថារ៉ូ
2019.08.17
Share on WhatsApp
Share on WhatsApp
សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក សេង សុវណ្ណារ៉ា ដែល​សហគមន៍​ជន​ជាតិ​ដើមភាគ​តិច​ខេត្ត​មណ្ឌលគិរី​ចោទ​ថា រំលោភ​ដី​ព្រៃ​អភិរក្ស​ជិត ២ពាន់​ហិកតារ។
រូប៖ ពលរដ្ឋ​ផ្តល់​ឲ្យ

រដ្ឋបាល​ខេត្តមណ្ឌលគិរី​ បាន​ប្រកាស​មិន​ទទួលស្គាល់​លិខិត​កាន់កាប់​ដីធ្លី​ទំហំ​ជាង ៩៩០​ហិកតារ (៩៩០​ហិកតារ ២៤២​អា) ឋិត​ក្នុង​ឃុំ​អរ​បួន​លើ​ ស្រុក​កោះញែក​ពី​បុគ្គល​ឈ្មោះ​ សេង​ សុវណ្ណារ៉ា​ មាន​ងារ​ជា​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌។ ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ អះអាង​ថា​ ដី​ព្រៃ​អភិរក្ស​ ២ទីតាំង​ផ្សេងទៀត​ មាន​ទំហំ​ជាង​ ៧រយ​ហិកតារ​ អាជ្ញាធរ​ខេត្ត​នៅ​មិនទាន់​ស៊ើបអង្កេត​ និង​អនុវត្ត​ច្បាប់​នៅឡើយ​ទេ។

ក្រុម​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ស្រុក​អូរ​រាំង​ ខេត្ត​មណ្ឌលគិរី​ អំពាវនាវ​ជា​ថ្មី​ទៀត​ ឲ្យ​រដ្ឋបាល​ខេត្ត​នេះ​ ស៊ើប​អង្កេត​ ការ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ ក្នុង​ព្រៃ​អភិរក្ស​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ថែរក្សា និង​អាស្រ័យ​ផលតាំង​ពី​ដើម​មក ឋិត​ក្នុង​ភូមិ​ពូ​រាំង​ និងភូមិ​ពូ​ហ្យាម នៃ​ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង។ ព្រៃ​អភិរក្ស​ទាំង​នេះ​ មាន​ទំហំ ៧៦៤​ហិកតារ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើងក្រោយ​ពីអភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ថ្មីៗ នេះ​ បាន​ចុះ​ហត្ថលេខា​មិន​ទទួល​ស្គាល់​ លិខិត​កាន់កាប់​ដីធ្លី​ ពី​បុគ្គល​ឈ្មោះ សេង សុវណ្ណារ៉ា ទំហំ​ដី​ជិត ១ពាន់​ហិកតារ (៩៩០,២៤២) ឋិត​ក្នុង​ភូមិ​អន្ត្រេះ ឃុំ​អរ​បួន​លើ​ ស្រុក​កោះ​ញែក ដោយ​លើក​ហេតុផល​ថា ប៉ះ​ពាល់ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ស្រុក​អូរ​រាំង​ លោក បូ រ៉េតកាំពី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៦ សីហា​ថា ដី​សហគមន៍​ពីរ​ទីតាំង​ផ្សេង​ទៀត មាន​ទំហំ​សរុប​ជាង ៧០០​រយ (៧៦៤​ហិកតារ ៣៧៩អា) ឋិត​នៅ​ភូមិ​ពូហ្យាម និង​ភូមិ​ពូរាំង ក្នុង​ឃុំ​សែនមនោរម្យ ស្រុក​អូរ​រាំង​ ត្រូវ​បាន​បុគ្គល​ឈ្មោះ សេង សុវណ្ណារ៉ា រំលោភ​បំពាន​យក​ជា​កម្មសិទ្ធិ​ឯកជន។ រី​ឯ​អ្នក​ភូមិ​ជាង ៥០គ្រួសារ បាន​ផ្ដិត​មេដៃ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះ​ស្រាយមក​ទល់ពេល​នេះ​គ្មាន​លទ្ធផល។ លោក​ថា ដី​ព្រៃ​សហគមន៍​ទាំង​នេះ ជា​តំបន់​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​រក​អនុផល​ព្រៃ​ឈើ​បែប​ប្រពៃណី និង​ជា​ទីតាំង​កេរដំណែល​វប្បធម៌​សល់​ចុង​ក្រោយ៖ «គាត់​កាន់កាប់​ហ្នឹង​ខ្ញុំ​ថា គាត់​រំលោភ​ច្បាប់​ភូមិបាល​ឆ្នាំ២០០១ បុគ្គល​ម្នាក់​មិន​អាច​កាន់កាប់​ដី​រាប់​រយ​ហិកតារ​អ៊ីចឹង​ទេ។ បុគ្គល​ម្នាក់​មិន​អាច​កាន់កាប់​ដី​រាប់​រយ​ហិកតារ​ទេ។ គាត់​អត់​បាន​បំពេញ​តាម​លក្ខខណ្ឌ​ស្រប​ច្បាប់​ផង គាត់​ទៅ​មាន​លិខិត​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី។ គាត់ ( លោក សេង សុវណ្ណារ៉ា) បង្ក​បញ្ហា​ប៉ះ​ពាល់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិចអាស្រ័យ​ផល​ជាក់​ស្តែង។ ទី១ បាត់បង់​ដីចម្ការ​ដែល​គាត់​អាស្រ័យ​ផល និង​ដី​បម្រុង​ទុក​សម្រាប់​ប្ដូរ​វេន​ដំណាំ​សម្រាប់​សហគមន៍»

អាស៊ី​សេរី​បាន​ទាក់ទង​ អ្នក​នាំ​ពាក្យសាលា​ខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៦ សីហា។

ចំណែក​លោក សេង សុវណ្ណារ៉ា ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ និង​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ធ្លាប់​អះអាង​ថា ​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​អាស៊ី​សេរី​ទេ។

សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ថា ចាត់​ទុក​ការ​ធ្វើ​ពាក្យ​ស្នើសុំ​កាប់​កាប់ដី​ធ្លី​នេះ​ ជា​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​មាន​ឥទ្ធិពល​បំផ្លាញ​ធនធាន​ធម្មជាតិ។ លោក​ថា ទំហំដី​ដែល​បុគ្គល​ឈ្មោះ សេង សុវណ្ណារ៉ា រំលោភ​ជា​សម្បត្តិ​បុគ្គល​ សុទ្ធសឹង​ជា​ដី​ព្រៃ​អភិរក្ស​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រឹត្យ និង​អនុក្រឹត្យ៖ «ហេតុ​អី​បាន​ពុំ​មាន​ទោស​ទណ្ឌ នៅ​ពេល​រំលោភ​ដី​ដែន​ជម្រក និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ផងចំណុច​ហ្នឹង​ហើយ ដែល​សម្ដេច (ហ៊ុន សែន) តែងលើកថា មន្ត្រី​មិន​គួរ​អនុវត្ត​តាម​បទ​បញ្ជា​ទេ។ យើង​មាន​ច្បាប់​ភូមិបាល​ចែង​ហើយ យើង​យក​មក​អនុវត្ត​ទៅ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​ នៃ​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា​ សេចក្តី​សម្រេច​មោឃៈ​ភាព​ ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ លោក​ថា​ រដ្ឋបាល​ខេត្ត​គួរតែ​ អនុវត្ត​ច្បាប់​ករណីនេះ​ ដល់​ជនល្មើស​ និង​អ្នក​ពាក់ព័ន្ធ​ ដែល​បំពាន​ដី​ព្រៃ​អភិរក្ស​ខុសច្បាប់៖ «អត់​មាន​នរណា​មួយ​អាច​ផ្ដល់​ដី​សាធារណៈ​របស់​រដ្ឋ ទៅ​ឲ្យ​បុគ្គល ឬ​សម្បទាន​សេដ្ឋកិច្ច​បាន​ទេ។ ទាល់មានអនុក្រឹត្យ និង​អនុប្បយោគ​ពី​នាយក​រដ្ឋមន្ត្រី​សិន។ បើ​យើង​និយាយ​តាម​ផ្លូវ​ច្បាប់ ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​តាម​ច្បាប់»

ក្រោយ​ពី​មាន​រឿង​អាស្រូវ រំលោភ​ដី​ព្រៃ​អភិរក្ស ជាង ១ពាន់​ហិកតារ ក្នុង​ខេត្ត​មណ្ឌលគិរី ក្រសួង​មហាផ្ទៃ​ថ្មីៗ នេះ បាន​សម្រេច​ផ្ទេរ​ភារកិច្ច លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ដាក់​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលា​ដំបូងខេត្ត​មណ្ឌលគិរី​មក​ជំនួស​វិញ។

ច្បាប់​ភូមិបាល​មាត្រា ២៦២ និង ២៦៣ ចែង​ថា អាជ្ញាធរ​មានសមត្ថកិច្ច​ ដែល​រំលោភ​យក​ដី​របស់​រដ្ឋ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ៣០លាន​រៀល និង​ដាក់​ពន្ធនាគារ​ ចាប់ពី​ ២ឆ្នាំ​ ដល់ ៥ឆ្នាំ និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត។ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​ព្រងើយកន្តើយ​បណ្ដោយ​ឱ្យ​មានការ​រំលោភ​យក​ដីធ្លី​របស់​រដ្ឋ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០លាន​រៀល និង​ត្រូវ​ទទួលទោស​រដ្ឋបាល​មួយ​កម្រិត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។