តុលាការខេត្តមណ្ឌលគិរីកោះហៅរដ្ឋលេខាធិការក្រសួងកសិកម្មម្នាក់ទៀត ពាក់ព័ន្ធរឿងផ្ដល់ដីសម្បទានសេដ្ឋកិច្ច
2019.08.30

សាលាដំបូងខេត្តមណ្ឌលគីរី ចេញលិខិតអញ្ជើញមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ទៀត ទៅ បំភ្លឺនៅថ្ងៃទី១២ ខែកញ្ញា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺនហិកតារ (៩.៧៤១) ឲ្យក្រុមហ៊ុនវៀតណាមវិនិយោគក្នុងខេត្តនេះ។ រីឯមន្ត្រីសង្គមស៊ីវិល មិនសូវមាន ជំនឿថា តុលាការនឹងអនុវត្តច្បាប់តឹងរ៉ឹងលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនោះទេ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្ដ្រ បានចេញលិខិតអញ្ជើញរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ចលោក ចាន់ សាវុឌ្ឍ ទៅបំភ្លឺនៅតុលាការនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ។
លិខិតកោះអញ្ជើញដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី៣០ ខែសីហា បង្ហាញថា មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ត្រូវឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការអនុញ្ញាតផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ផេស៊ីហ្វិកហ្គេ្រន (Pacific Grand Joint-stock Company Limited) មានទំហំជិត១ម៉ឺនហិកតារ (៩.៧៤១) នៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ អាជ្ញាធរបានបិទក្រុមហ៊ុននេះ បន្ទាប់ពីរកឃើញថា មានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងមិនបានអនុវត្តតាមកិច្ចសន្យាជាមួយរដ្ឋាភិបាល។
កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ សាលាដំបូងខេត្តមណ្ឌលគិរី ក៏បានចេញដីកាបញ្ជាឲ្យនាយក ក្រុមហ៊ុន ផេស៊ីហ្វិកហ្គេ្រន ជាជនជាតិវៀតណាម ឈ្មោះ ផាម កុក ឡុង (PHAM QUOC LONG) ភេទប្រុស អាយុ ៦០ឆ្នាំ ចូលខ្លួនបំភ្លឺឲ្យបានមុនថ្ងៃទី៣០ ខែសីហាដែរ ពាក់ព័ន្ធនឹងការប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត និងបទល្មើសព្រៃឈើដទៃទៀត ប៉ុន្តែជនសង្ស័យរូបនេះគេចខ្លួនមិនបានចូលបំភ្លឺនោះទេ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ន វ៉ាន់ដា មិនធ្វើអត្ថាធិប្បាយអ្វីបន្ថែម ទៅលើដីកាកោះហៅមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មនោះទេ ប៉ុន្តែលោកថា ចំពោះករណីនាយកក្រុមហ៊ុន ផេស៊ី ហ្វិក ហ្គ្រេន មិនចូលបំភ្លឺតាមដីកាបញ្ជា គឺតុលាការនឹងអនុវត្តនីតិវិធីបន្តទៀត៖ «នីតិវិធីបន្ត តុលាការនឹងចេញទៀតហើយ តែមិនអាចជម្រាបបានទេ»។
អាស៊ីសេរីមិនទាន់អាចទាក់ទងរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ចលោក ចាន់ សាវុឌ្ឍ បាននៅឡើយទេ នៅថ្ងៃទី៣០ ខែសីហា។
កាលពីថ្ងៃទី២១ ខែសីហា ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ក៏បានអញ្ជើញអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មលោក ឡោ រស្មី ទៅបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុន ផេស៊ីហ្វិក ហ្គ្រេន នេះដែរ ប៉ុន្តែក្រោយការសួរនាំពេញមួយព្រឹកនោះ ព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យលោកត្រឡប់ទៅផ្ទះវិញ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា តុលាការខេត្ត មណ្ឌលគិរី កំពុងអនុវត្តនីតិវិធីច្បាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ប៉ុន្តែដំណាក់កាលខ្លះ អាចស្ងប់ស្ងាត់បាត់ទៅវិញ ប្រសិនបើថ្នាក់ដឹកនាំស្ងប់ស្ងាត់ដែរ។ លោកកត់សម្គាល់ថា សំណុំរឿងធំៗ ដែលឈានទៅចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនកន្លងមក លុះត្រាតែមានការចង្អុល បង្ហាញ ឬមានភ្លើងខៀវពីនាយករដ្ឋមន្ត្រី៖ «បទល្មើសព្រៃឈើនៅកម្ពុជាសព្វថ្ងៃនេះ វាមិនមែនបង្កឡើងដោយមនុស្សម្នាក់ទេ ។ការបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើក្រោម ហេតុផល ឬដីសម្បទានសេដ្ឋកិច្ចនេះ វាមានទំនាក់ទំនងដ៏ស្មុគស្មាញ ហើយវាក៏ជាទម្រង់នៃការរំលោភអំណាចដែរ។ នៅពេលមានទម្រង់បែបនេះនៅពេលចាត់វិធានការទៅវា គឺជាប្រភេទសម្លកំពឹស ម្ល៉ោះហើយគេត្រូវសើរើមើលជាប្រព័ន្ធ ហើយបើកាលណាគេមើលជាប្រព័ន្ធគេត្រូវពិនិត្យមើលទៅលើអំណាចរបស់តុលាការថា តើតុលាការអាចមានឥទ្ធិពលប៉ុណ្ណាទៅលើជន បង្ក ឬក្រុមអ្នក ដែលមានអំណាច។ខ្ញុំដូចជាមិនទាន់មានជំនឿលើវិធានការនេះទេ តែចាំមើលលទ្ធផលសិន»។
សកម្មជនការពារព្រៃឈើអះអាងថា ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលទេ គឺក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចទាំងអស់ មិនងាយហ៊ានកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើនឆ្នាំនោះទេ។
កាលពីពេលថ្មីៗ នេះ តុលាការបានសម្រេចឃុំខ្លួនឧកញ៉ាចំនួន ២នាក់ហើយ គឺលោក ស៊ឹង សំអុល និងលោក គង់ ក្រឹង ដែលល្បីខាងនាំឈើឆ្លងដែនខុសច្បាប់ទៅលក់ប្រទេសវៀតណាម។ ចំណែក
ឧកញ៉ា ៣នាក់ទៀត បានរត់គេចខ្លួន មិនចូលបំភ្លឺនៅតុលាការពាក់ព័ន្ធបទល្មើសព្រៃឈើនោះទេ។ ក្នុងនោះមាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង ឧកញ៉ា តុប វីដា ជាម្ចាស់ក្រុមហ៊ុន វិជ្ជរី និងឧកញ៉ា វន់ ប៊ុនថៃ។ ក្រៅពីឧកញ៉ាទាំងនេះ សាលាដំបូងខេត្តមណ្ឌលគិរី ក៏បានកោះហៅមនុស្សប្រមាណ ២០នាក់ផ្សេងទៀត ឱ្យចូលខ្លួនបំភ្លឺនៅអំឡុងចុងខែសីហា ក្នុងនោះមានទាំងមន្ត្រីរដ្ឋបាលព្រៃឈើ ម្ចាស់ក្រុមហ៊ុន នាយកក្រុមហ៊ុន អ្នកចាត់ចែងក្រុមហ៊ុន ហើយមានជនសង្ស័យមួយចំនួនគឺជាជនជាតិចិន និងជនជាតិវៀតណាមផងដែរ។
អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគីរី លោក មាស ប្រុស ប្រាប់អាស៊ីសេរីថា លោកមិនដឹងថា មានមនុស្សប៉ុន្មានបានចូលបំភ្លឺនោះទេ គ្រាន់តែដឹងថា អ្នកខ្លះសុំពន្យារពេល ដើម្បីរកមេធាវី ហើយ អ្នកខ្លះទៀតកំពុងរត់គេចខ្លួន។ ប៉ុន្តែ តុលាការនឹងអនុវត្តតាមនីតិវិធីបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។