ពលរដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​ជាង ៥០គ្រួសារ​នៅ​ខេត្តបាត់ដំបង ខ្វះ​ទីជម្រក និង​ស្បៀង​អាហារ

ដោយ សុជីវី
2022.10.18
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​រង​គ្រោះ​ទឹក​ជំនន់​ជាង ៥០គ្រួសារ​នៅ​ខេត្តបាត់ដំបង ខ្វះ​ទីជម្រក និង​ស្បៀង​អាហារ ពលរដ្ឋ​ចំនួន​ជាង ៥០គ្រួសារ ក្នុង​ចំណោម ៧៥គ្រួសារ ដែល​រស់នៅ​តាម​បណ្ដោយ​ស្ទឹងភាស ស្ថិត​ក្នុង​ឃុំពាមឯក ស្រុកឯកភ្នំ ផ្លាស់​ទី​ចេញ​ពី​លំនៅឋាន​មក​សង់​ខ្ទម​ស្នាក់នៅ​បណ្ដោះអាសន្ន​ខាង​លើ​ខ្នង​អាង​ស្ទឹងភាស​ផ្នែក​ខាង​លិច កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២២។
រូប៖ លោក អ៊ិន គង់ជិត/LICADHO ​ខេត្តបាត់ដំបង

ប្រជាពលរដ្ឋ​ជាង ៥០គ្រួសាររស់នៅតាមបណ្ដោយស្ទឹងភាស ស្ថិត​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​កំពុង​ខ្វះ​ទីជម្រក និង​ស្បៀងអាហារ ខណៈ​ទឹក​ជំនន់​កំពុង​ពន្លិច​ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ​របស់​ពួក​គាត់។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋបាល​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​បាន​ជម្លៀស​ទៅ​រស់នៅ​លើ​ទី​ទួល​សុវត្ថិភាព​ហើយ​នោះ និង​ធ្វើ​របាយការណ៍​ជុំវិញ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ទឹក​ជំនន់​ឱ្យ​បាន​ឆាប់​រហ័ស។

ប្រជាពលរដ្ឋ​ចំនួន​ជាង ៥០គ្រួសារ ក្នុង​ចំណោម ៧៥គ្រួសារ រស់នៅ​តាម​បណ្ដោយ​ស្ទឹងភាស ស្ថិត​ក្នុង​ឃុំពាមឯក ស្រុកឯកភ្នំ បាន​ផ្លាស់​ទី​ចេញ​ពី​លំនៅឋាន នាំ​គ្នា​មក​សង់​ខ្ទម ស្នាក់នៅ​បណ្ដោះអាសន្ន​ខាង​លើ​ខ្នង​អាង​ស្ទឹងភាស​ផ្នែក​ខាង​លិច បន្ទាប់​ពី​ទឹក​ជំនន់​ពន្លិច​លំនៅឋាន​របស់​ពួក​គាត់។

ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹងភាស ក្នុង​ភូមិគោក​ដូង ឃុំពាម​ឯក លោក ស៊ុត ថន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៧ តុលា ថា ទឹក​ក្នុង​អាងភាស​បាន​ហក់​ឡើង​ខ្ពស់​ធ្វើ​ឱ្យ​ជន់​លិច​ផ្ទះ​ពលរដ្ឋ ដែល​នៅ​តាម​បណ្ដោយ​ស្ទឹង។ លោក​ថា ទឹក​ជំនន់​បាន​ពន្លិច​ផ្ទះ​លោក​ជិត​កន្លះ​ខែ​មក​ហើយ ដែល​បង្ខំ​ឱ្យ​លោក​រក​ទី​ទួល​សុវត្ថិភាព ដោយ​សង់​ខ្ទម​ប្រក់​តង់​កៅស៊ូ នៅ​លើ​ចិញ្ចើម​ផ្លូវ។ លោក​បន្ត​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ឯ​ទៀត​កំពុង ខ្វះខាត​ម្ហូប​អាហារ និង​ថ្នាំសង្កូវ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អាជ្ញាធរ ឬ​កាកបាទ​ក្រហម​ចុះ​មក​ជួយ​ឡើយ ក្រៅពី​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មក​បើក​អង្ករ ១៥គីឡូក្រាម និង​សំពត់​កៅស៊ូ​មួយ​ចំនួន​ប៉ុណ្ណោះ៖ «ពិបាក​ណាស់! ដឹក​ជញ្ជូន​សម្ភារៈ​មក គ្រែ​អី​ហ្នឹង យក​មក​ធ្វើ​កន្លែង​នៅ បាំង​សំពត់​កៅស៊ូ​នៅ ក្ដៅ​វេទនា​ណាស់។ លិច​ទឹក​បាន​ប្រហែល ៦៧ថ្ងៃ បាន​គេ​ចាប់​ផ្ដើម​ជួយ​យើង​ជួយ​ជា​អង្ករ។ អត់​មាន​ជួយ​អី​ធំ​ដុំ​ទេ ដូច​ជា សំពត់​កៅស៊ូ​អី​ហ្នឹង ក៏​គាត់​អត់​មាន​ជួយ​យើង​ដែរ»

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី ឃុត ឃឿត ឱ្យ​ដឹង​ថា រដ្ឋបាល​ឃុំ និង​សប្បុរសជន​មួយ​ចំនួន បាន​ផ្ដល់​ស្បៀង​ឧបត្ថម្ភ មុង ភួយ និង​ថ្នាំសង្កូវ​បន្តិចបន្តួច​ទៅ​ដល់​ពួក​គាត់។ តែ​យ៉ាង​ណា​ក្ដី ជំនួយ​ទាំង​នេះ​មិន​អាច​ផ្គត់ផ្គង់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​តម្រូវ​ការ​ប្រើប្រាស់​ចាំបាច់​ក្នុង​អំឡុង​ពេល​ទឹក​លិច​បាន​នោះ​ឡើយ។ លោកស្រី​បន្ត​ថា អាជ្ញាធរ​ហាក់​មាន​ភាព​យឺតយ៉ាវ និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​ខ្វះ​ទឹក​ស្អាត​ទទួលទាន និង​របប​អាហារ​មិន​គ្រប់គ្រាន់ ហើយ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​ចាប់​កណ្ដុរ និង​ដើរ​រើស​ខ្យង ដើម្បី​លក់​ដោះ​ស្រាយ​ក្រពះ៖ «ខ្វះខាត​ជីវភាព​ក្រ​ណាស់។ ណា​មួយ​ឈឺ មិន​សូវ​ធូរធារ​ប៉ុន្មាន​ទេ។ ក្ដៅ​ផង រងា​ផង។ ពេល​យប់​រងា​ពេល​ក្ដៅ ក្ដៅ​ខ្លាំង ពិបាក​រស់នៅ​ដែរ»

ទឹក​ជំនន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្ទឹងភាស​បាន​អូស​បន្លាយ​ជិត​កន្លះ​ខែ​មក​ហើយ។ ពលរដ្ឋ​ដែល​បាត់បង់​ទី​ជម្រក បាន​មក​រស់នៅ​លើ​ចិញ្ចើម​ថ្នល់​ផ្ទាល់​ដី ហើយ​ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព និង​ការ​ដាច់​ស្បៀង​អាហារ។

Flood_victims_in_Battambang_101422_In_Kongchet_LICADHO.jpg
ពលរដ្ឋ​គ្រួសារ​នេះ គឺ​ក្នុង​ចំណោម ៥០គ្រួសារ ដែល​រស់នៅ​តាម​បណ្ដោយ​ស្ទឹងភាស ស្ថិត​ក្នុង​ឃុំពាមឯក ស្រុកឯកភ្នំ ផ្លាស់​ទី​ចេញ​ពី​លំនៅឋាន​ទឹក​ជន់លិច មក​សង់​ខ្ទម​ស្នាក់នៅ​បណ្ដោះអាសន្ន​ខាង​លើ​ខ្នង​អាង​ស្ទឹងភាស​ផ្នែក​ខាង​លិច កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២២។ រូប៖ លោក អ៊ិន គង់ចិត្រ/LICADHO ខេត្តបាត់ដំបង



ជុំវិញ​បញ្ហា​នេះ អនុ​ភូមិ​គោកដូង លោក ឈិន សៅថា ឱ្យ​ដឹង​ថា ទឹក​ជំនន់​ឆ្នាំ​នេះ​បណ្ដាល​មក​ពី​មាន​ភ្លៀង​ច្រើន នៅ​ប៉ែក​ខាង​លិច​នៃ​ខេត្ត ដែល​ធ្វើ​ឱ្យ​ទឹក​អាង​កំពីងពួយ និង​ស្ទឹងអូរតាគី​កើន​ឡើង ហើយ​ហូរ​ចាក់​មក​កាន់​អាងភាស​ទាំង​ស្រុង។ លោក​អះអាង​ថា ពលរដ្ឋ​ទាំង​នោះ​មាន​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ត្រឹមត្រូវ និង​ទទួល​បាន​ការ​ផ្ដល់​ថ្នាំសង្កូវ អង្ករ មី ពី​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន​មួយ​ចំនួន៖ «ខាង​អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​ហើយ​អស់​ហើយ មាន​ទាំង​ពី​ថ្នាំ​ពេទ្យ​អី បាន​រៀបចំ​ឱ្យ​ស្រេច និង​កំពុង​ចែក​ដល់​គាត់​រាល់​ថ្ងៃ​នេះ។ ចំណែក​សំពត់​កៅស៊ូ​វិញ​អត់​អី​ទេ មាន​គ្រប់គ្រាន់​អស់​ហើយ។ បាន​រៀបចំ​ឱ្យ​ពួក​គាត់​រួច​ស្រេច​អស់​ហើយ អត់​មាន​ខ្វះ​ទេ​ខាង​នេះ»

ចំណែក អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ ប្រចាំ​នៅ​ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត គាំទ្រ​ចំពោះ​ការ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​អភិបាល​ស្រុកឯកភ្នំ ត្រូវ​បញ្ជូន​របាយការណ៍​ជុំវិញ​ផល​ប៉ះពាល់ និង​ការ​រងគ្រោះ​របស់​ពលរដ្ឋ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​បាន​ឱ្យ​លឿន ដើម្បី​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។ លោក​បន្ថែម​ថា គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​កាកបាទ​ក្រហម​កម្ពុជា គួរ​ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រង​គ្រោះ​ជា​ស្បៀង​អាហារ ថ្នាំសង្កូវ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ ដើម្បី​ធានា​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ទម្រាំ​ទឹក​ស្រក​ទៅ​វិញ៖ «មន្ទីរ​ធនធាន​ទឹក​ខេត្ត​ហ្នឹង ក៏​លោក​ត្រូវ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​ដិតដល់​ទៅ​លើ​ការ​ពន្លឿន​បើក​ទ្វារ​ទឹក ដើម្បី​ឱ្យ​ទឹក​បាន​ស្រកស្រុត​លឿន ដើម្បី​ឱ្យ​ពួក​គាត់​បាន​ត្រឡប់​ទៅ​ធ្វើ​ស្រែ​ឡើង​វិញ ព្រោះ​ពួក​គាត់​មាន​ការ​ខ្វះខាត»

ក្នុង​រយៈ​ពេល​មួយ​ខែ​មក​នេះ ខេត្តបាត់ដំបង​ប្រឈម​នឹង​បញ្ហា​ទឹក​ជំនន់​បណ្ដាល​មក​ពី​កំណើន​ទឹក​ភ្លៀង និង​ការ​បើក​ទំនប់​ទឹក ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ទំនាប និង​តំបន់​ក្បែរ​បឹង​ទន្លេសាប។ ពលរដ្ឋ​ភាគ​ច្រើន​បង្ខំ​ចិត្ត​ផ្លាស់​ទី​រក​កន្លែង​សុវត្ថិភាព ឬ​ចង​ក្បូន​បណ្ដែត​នៅ​លើ​ទឹក និង​ជួប​បញ្ហា​ខ្វះខាត​ស្បៀង​អាហារ បន្ថែម​ពី​លើ​ជីវភាព​កំពុង​ខ្វះខាត​ស្រាប់។ ទន្ទឹម​គ្នា​នេះ​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ដល់​អាយុ​ជីវិត ដែល​បណ្ដាល​មក​ពី​ការ​លង់​ទឹក ជំងឺ​ដង្កាត់ និង​សត្វ​អាសិរពិស​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។