យុវជនចលនាមាតាធម្មជាតិទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ Right Livelihood ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត(Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិល កោតសរសើរចំពោះភាពក្លាហានរបស់ក្រុមយុវជន ដែលហ៊ានលះបង់កម្លាំងកាយចិត្ត និងសេរីភាព ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្រុមយុវជនចលនាមាតាធម្មជាតិជួបជុំគ្នា ធ្វើពិធីប្រកាសនៃការទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន កម្រិតអន្តរជាតិនៅភ្នំពេញ។
ក្រុមយុវជនបានដាក់តាំងរូបភាព ដែលបង្ហាញពីសកម្មភាព ដែលពួកគេបានធ្វើកន្លងមក ដូចជាការគម្រប់ខួប នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ការដាក់ញត្តិតាមក្រសួងនានា ការដង្ហែក្បួនតាមដងផ្លូវ និងរូបភាពច្នៃប្រឌិតជាច្រើន ក្នុងការសម្ដែងមតិ ស្នើឲ្យរដ្ឋាភិបាល ការពារធនធានធម្មជាតិនៅកម្ពុជា។
ក្រុមយុវជនចលនាមាតាធម្មជាតិ មានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត និងមានអ្នកចូលរួមប្រមាណ ៣០នាក់ ភាគច្រើនជាយុវជន សកម្មជនសង្គម សកម្មជនបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមក្នុងពិធីនោះ។
ក្រុមយុវជនចលនាមាតាធម្មជាតិលើកឡើងថា ពានរង្វាន់លំដាប់អន្តរជាតិនេះ គឺមិនមែនសម្រាប់តែក្រុមពួកគេប៉ុណ្ណោះទេ ពោលគឺសម្រាប់ប្រជាជនខ្មែរ ទូទាំងប្រទេស។ ពួកគេចាត់ទុកការទទួលពានរង្វាន់នេះ ជាការនាំឈ្មោះកម្ពុជាទៅលើឆាកអន្តរជាតិ។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានបើកកម្មវិធី ដោយមានមតិស្វាគមន៍ដល់អ្នកចូលរួមដោយរៀបរាប់ត្រួសៗ អំពីដំណើរឆ្លងកាត់ផ្លូវ ដ៏សែនវែងឆ្ងាយទម្រាំបានទទួលពានរង្វាន់កម្រិតអន្តរជាតិនេះ ដែលកាលពីពេលកន្លងទៅមានការធ្វើទុក្ខបុកម្នេញពីសំណាកអាជ្ញាធរ ការលាបពណ៌ចោទប្រកាន់ និងការឃាត់ខ្លួនសកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារជាដើម។
បន្ទាប់មកយុវជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺ កញ្ញា ឡុង គន្ធា បានរៀបរាប់ពីសកម្មភាព ដែលពួកគេបាន ធ្វើរួមមានយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ យុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងតាមោកនៅភ្នំពេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យុទ្ធនាការទាមទារឲ្យបញ្ឈប់ការសាងសង់វារីអគ្គិសនីនៅតំបន់អារ៉ែង និងយុទ្ធនាការទាមទារឲ្យបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុងជាដើម។ កញ្ញា ឡុង គន្ធា បន្តថា កម្លាំងជំរុញចិត្តឲ្យក្រុមយុវជនចលនាមាតាធម្មជាតិបន្តសកម្មភាពការពារបរិស្ថាន គឺបណ្ដាលមកពីការចូលរួមគាំទ្ររបស់ពលរដ្ឋខ្មែរ។
លោក ឡុង គន្ធា៖ «ដរាបណាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាមិនទាន់ត្រូវបានការពារ ដរាបណាធនធានធម្មជាតិនៅកម្ពុជាកំពុងទទួលរងការបំផ្លិចបំផ្លាញ គឺពួកយើងមិនឈប់ក្នុងការធ្វើការតស៊ូ ដើម្បីការពារធនធានធម្មជាតិ»។
បន្ទាប់មកទៀត លោក ថុន រដ្ឋា បន្ថែមថា លោកសុខចិត្តបន្តឆន្ទៈរបស់លោកបណ្ឌិត កែម ឡី ដើម្បីបន្សល់ទុកភាពជាគំរូសម្រាប់យុវជនជំនាន់ក្រោយ ដោយមិនព្រមលើកដៃ សុំទោសដើម្បីទម្លាក់កំហុសមកលើខ្លួនឯង ស្របពេលការសុំទោសនោះ ប្ដូរជាមួយនឹងសេរីភាពក៏ដោយ។
លោក ថុន រដ្ឋា៖ «អ៊ីចឹងហើយបានខ្ញុំទ្រាំនៅក្នុងពន្ធនាគារបន្តទៀត ខ្ញុំទ្រាំ ហើយមានការគំរាមកំហែងខ្ញុំបន្តទៀត ខ្ញុំទ្រាំដើរទៅមុខទៀត ប៉ុន្តែខ្ញុំអរគុណអ្នកទាំងអស់គ្នា ដែលតែងតែជឿជាក់មកលើពួកយើងហើយផ្ដល់កម្លាំងចិត្តដ៏សំខាន់ជាទីបំផុត បើគ្មានកម្លាំងចិត្តពីអ្នកទាំងអស់គ្នាទេ ក៏ពួកយើងមិនមានមកដល់ពេលនេះដែរ»។
យុវជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺ កញ្ញា ភួន កែវរស្មី បានរៀបរាប់ពីសាវតារនៃស្ថាប័នរ៉ៃត៍ ឡាយ លីហ៊ូដ(Right Livelihood) ហើយអះអាងថា ពានរង្វាន់នេះ គឺសម្រាប់បុគ្គល ឬក្រុមណា ដែលប្រឈមមុខនឹងហានិភ័យខ្លាំងពេលតស៊ូមតិដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិ។
កញ្ញា ភួន កែវរស្មី៖ «នៅពេលដែលពួកយើងទទួលបានពានរង្វាន់ ខ្មែរយើងប្រជាជនយើងសប្បាយចិត្តណាស់នៅពេលណា ដែលនៅខាងក្រៅស្រុក ឧទាហរណ៍ថា មានអប្សរារាំនៅលើព្រឹល ខ្មែរយើងមានឈ្មោះនៅលើឆាកអន្តរជាតិ ពួកយើងតែងតែសប្បាយចិត្តជាមួយរឿងតិចតួចមួយចំនួន ព្រោះយើងយល់ថា ពួកយើងជាប្រទេស ដែលតូច ជាប្រទេស ដែលគេអត់ស្គាល់យើង ជាប្រទេស ដែលអ្នកខ្លះ ដែលគេអត់ដឹងថា ផែនទីខ្មែរបែរមុខទៅណា អ៊ីចឹងនៅពេលមានរឿងណាតិចតួចមួយនៅលើឆាកអន្តរជាតិ គឺពួកយើងមានមោទនភាពមែនទែន សូម្បីខ្ញុំក៏ដោយ»។
ពានរង្វាន់ Right Livelihoodនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ នៅប្រទេសស៊ុយអែត (Sweden) ។ គិតមកទល់បច្ចុប្បន្នមានអ្នកទទួលបានពានរង្វាន់ចំនួន ១៩៤នាក់ ហើយគណៈកម្មាធិការជ្រើសរើសអ្នកទទួលរង្វាន់នេះវិញ មកពីប្រទេស៧៦ប្រទេស និង១៤៣សញ្ជាតិ។ រីឯអ្នកទទួលបានពានរង្វាន់នេះ សុទ្ធសឹងតែជាអ្នកការពារសិទ្ធិមនុស្ស ការពារសិទ្ធិជនជាតិដើមភាគតិច និងអ្នកការពារបរិស្ថានធនធានធម្មជាតិជាដើម ។ នៅក្នុងឆ្នាំ២០២៣នេះ មានក្រុមចំនួន ៤ប៉ុណ្ណោះដែលទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ក្នុងនោះក៏មានក្រុមមកពីប្រទេសកម្ពុជាផងដែរ គឺក្រុមចលនាមាតាធម្មជាតិ។
ការផ្ដល់ពានរង្វាន់នេះ ក្រោយពីគណៈកម្មាធិការបានវាយតម្លៃ លើភាពក្លាហាន និងការច្នៃប្រឌិតក្នុងការតស៊ូមតិរបស់ចលនាមាតាធម្មជាតិ នៅក្នុងបរិបទប្រទេសដែលមានលំហប្រជាធិបតេយ្យត្រូវបានរឹតត្បិតក្នុងកម្រិតធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងរបស់យុវជននេះ បាននៅឡើយទេ នៅថ្ងៃទី២៨ កញ្ញា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត យល់ថា ការផ្ដល់ពានរង្វាន់ពីស្ថាប័នអន្តរជាតិដល់យុវជន ដែលបានការពារសិទ្ធិមនុស្ស និងបរិស្ថានជាការលើកទឹកចិត្តពួកគេឲ្យបន្តធ្វើសកម្មភាពបន្តទៀត។
លោក អំ សំអាត៖ «ជារឿងមួយល្អ ក្នុងការជំរុញលើកទឹកចិត្តឲ្យយុវជនផ្សេងៗទៀតចូលរួមក្នុងការងារសង្គម ជាពិសេសទាក់ទងនឹងការការពារបរិស្ថាន ធនធានធម្មជាតិ និងការពារសិទ្ធិមនុស្សបាទ»។
កាលពីចុងឆ្នាំ២០២១ សកម្មជនចលនាមាតាធម្មជាតិ ទទួលបានពានរង្វាន់សកម្មជនជួរមុខពីអន្តរជាតិ Frontline Defenderចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។