ក្រសួង​រ៉ែ​និង​ថាមពល​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​រតនគិរី​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា រ៉ែ​មាស​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​រតនគិរី លើ​ផ្ទៃ​ដី​លាត​សន្ធឹង​ពី​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ទៅ​ទល់​នឹង​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ជាប់​ព្រំដែន​នៃ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។ ប្រភព​រ៉ែ​មាស​ក្នុង​ដី​នេះ​មាន​សក្ដានុពល​ក្នុង​ការ​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​ឆាប់ៗ​នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​វិនិយោគ​ធនធាន​រ៉ែ និង​ផល​ប៉ះពាល់​នានា​នៅ​សាលា​ខេត្ត​រតនគិរី ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្កិធារ៉ា ថ្លែង​ថា រាជ​រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មេស​ហ្គោល (Meas Goal) របស់​ប្រទេស​ឥណ្ឌា ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​អូរយ៉ាដាវ លើ​ផ្ទៃ​ដី​ខាង​លើ ៥០​ហិកតារ ជម្រៅ​ចុះ​ទៅ​ក្រោម​ដី ៣០​ម៉ែត្រ និង​ទំហំ​វិនិយោគ​ក្រោម​ដី ១២​គីឡូ​ម៉ែត្រ​ការ៉េ។ លោក​បន្ត​ថា ក្រុមហ៊ុន​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​ហានិភ័យ នៃ​ការ​វិនិយោគ និង​សិក្សា​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រយៈពេល ៦​ខែ​មុន​ចាប់​ដំណើរ​ការ​ធ្វើ​អាជីវកម្ម៖ «ការ​បែង​ចែក​យក​ផល គាត់​ត្រូវ​ធ្វើ​ឲ្យ​ច្បាស់​លាស់​ឲ្យ​យើង ដើម្បី​យើង​ពិនិត្យ​ដែរ។ ការ​បែង​ចែក​យក​ផល​ហ្នឹង ទាល់​តែ​រដ្ឋ​យើង​មាន​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ហើយ​មាន​ភាព​យុត្តិធម៌ ទើប​យើង​អនុញ្ញាត​ដែរ»

កាល​ពី​ចុង​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ភូមិ​ពាក់ ឃុំ​យ៉ាទុង បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​អង្គរ​ហ្គោល (Ankor Goal) បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ជីក​កកាយ​ដី​ជា​រណ្ដៅ​ធំៗ ធ្វើ​ឲ្យ​ប៉ះពាល់​គុណភាព​ទឹក​អូរ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​តំបន់​ដី​ចម្ការ និង​តំបន់​ព្រៃ​ឈើ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​លក្ខណៈ​ប្រពៃណី។

ទាក់ទិន​ករណី​នេះ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​មក​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ពាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ខេត្ត បាន​ដោះស្រាយ​សម្រប​សម្រួល​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រួច​រាល់​ហើយ ក៏ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោះស្រាយ​ផល​ប៉ះពាល់​ដទៃ​ទៀត ខណៈ​ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម៖ «សូម​ឲ្យ​មាន​ការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​សម្រប​សម្រួល​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ»

ក្រុមហ៊ុន​អង្គរ​ហ្គោល របស់​ប្រទេស​អូស្ត្រាលី បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល ១០​ឆ្នាំ ស្ដីពី​ការ​វិនិយោគ​ធនធាន​រ៉ែ​លោហៈ​ធ្ងន់ នៅ​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ តាំង​ពី​ឆ្នាំ​២០០៣ រហូត​បច្ចុប្បន្ន​ហ្នឹង បាន​រក​ឃើញ​មាន​រ៉ែ​មាស​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ និង​ក្រុមហ៊ុន មិន​បាន​ផ្តល់​ទិន្នន័យ​ពី​បរិមាណ​រ៉ែ​មាស​ដែល​មាន​នៅ​តំបន់​នោះ​នៅ​ឡើយ។

ទាក់ទិន​ករណី​ដែរ នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​កម្ពុជា ដើម្បី​អភិវឌ្ឍ​តម្លាភាព​នាំ​ចូល​ធនធាន (CRRH) អ្នកស្រី គឹម ណាតាសា មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គការ​អ្នកស្រី​មាន​តួនាទី​តាម​ដាន​ប្រាក់​ចំណូល​បាន​មក​ពី​ការ​វិនិយោគ​អភិវឌ្ឍន៍​ធនធាន​រ៉ែ។ អ្នកស្រី​បន្ត​ថា អង្គការ​អ្នកស្រី​បាន​ចុះ​ស៊ើប​អង្កេត​ពី​ស្ថានភាព​ជាក់ស្តែង​ពី​ដំណើរ​ការ​អាជីវកម្ម និង​ការ​ទាមទារ​របស់​ពលរដ្ឋ​តាម​សហគមន៍​មាន​ផល​ប៉ះពាល់ ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដើម្បី​រួម​ចំណែក​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព៖ «របៀប​ធ្វើ​ការ​ហ្នឹង​របៀប​សហការ នឹង​មាន​នៅ​ពេល​ខាង​មុខ​ទៀត គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រទេស​ជាតិ»

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី បារម្ភ​ថា ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ឃុំ​យ៉ាទុង គឺ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ ជាពិសេស​ការ​ប្រើប្រាស់​ទឹក​អូរ។ ហេតុ​នេះ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ ជាពិសេស​បំពេញ​គោលការណ៍​ដោះស្រាយ​ផល​ប៉ះពាល់ និង​ការ​អភិវឌ្ឍ​សង្គម​ជូន​សហគមន៍​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។