សង្គម​ស៊ីវិល​ត្រៀម​បណ្ដឹង​បរិហារ​ករណី​បណ្ដោយ​ឲ្យ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​ជាង​ ២០០យី​ឌុប​គ្មាន​ការស៊ើបអង្កេត​

ដោយ ថន ថារ៉ូ
2019.08.09
លោក ប៉ែន ប៊ុណ្ណារ៍ 051217 ៦២២ មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

មន្ត្រី​សង្គម​ស៊ីវិល​គ្រោង​ប្ដឹង​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី​ ទៅ​សាលា​ដំបូង​ខេត្ត​នេះ​ ទាក់ទិន​ការ​បណ្ដោយ​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ជាង ២៤៦​រថយន្ត​យីឌុប ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​អូយ៉ាដាវ​ កាល​ពី​ឆ្នាំ២០១៨។ ពួក​រក​ឃើញ​ថា ក្រុម​ឈ្មួញ​បាន​សូកប៉ាន់​ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ ដោយ​ក្នុង​មួយ​រថយន្ត​ ត្រូវ​បង់​ប្រាក់​ចាប់​ពី ២២.០០០​ដុល្លារ ទៅ ២៣.០០០​ដុល្លារ​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់។

មន្ត្រី​ជាន់ខ្ពស់​សមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ជំនួញ​ឈើ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ ជា​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ ដែល​ច្បាប់​បាន​កំណត់​អាជ្ញាយុកាល​ មាន​រយៈ​ពេល​ ១៥ឆ្នាំ។ ហេតុនេះ​តំណាង​អយ្យការ​ និង​សាលាដំបូង​ខេត្ត​រតនគិរី​ ត្រូវ​ស៊ើប​អង្កេត​អ្នក​ពាក់ព័ន្ធ​ និង​មន្ត្រី​រាជការ​សាធារណៈ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​បណ្ដែតបណ្ដោយ​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។

លោក​បន្ថែម​ថា សូម្បី​តែ​សារព័ត៌មាន ស៊្វីហ្វញូវស៍ (Swift​ News​) ដែល​ចុះ​ផ្សាយ​តែ​រឿង​គាំទ្រ​រដ្ឋាភិបាល​ កម្រ​ចុះ​ផ្សាយ​រឿង​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ ក៏បាន​ចុះផ្សាយ​កាលពី​ចុង​ ខែ​ មេសា​ ឆ្នាំ​ ២០១៨ថា​ ចាប់ពី​ថ្ងៃ​ទី២៤ ខែ​មីនា​ ដល់​ថ្ងៃទី០២ ខែ​មេសា​ ឆ្នាំ២០១៨​ មាន​រថយន្ត​យី​ឌុប​ធំៗ​ ចំនួន​ ២៤៦គ្រឿង​ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​រតនគិរី​ឆ្ពោះ​ទៅ​លក់​ នៅ​ប្រទេស​វៀតណាម​ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ដែរ។ លោក​ថា​ រថយន្ត​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​ ចាប់ពី​ ៦០ម៉ែត្រគូប​ ទៅ​ ១០០ម៉ែត្រ​គូប៖ «ការ​ប្រព្រឹត្ត​ល្មើស​មិន​អាស្រ័យ​ថា បង្ក្រាប​នាំ​គ្នា​ស្ងប់ស្ងាត់​អស់​ហើយ​រួច​ខ្លួន​ទេ។ អ៊ីចឹង​អ្នក​ប្រព្រឹត្ត​ល្មើស​ទាំង​ប៉ុន្មាន​ពាក់ព័ន្ធ​ព្រៃ​ឈើ ពាក់ព័ន្ធ​ការ​ទទួល​សំណូក សូកប៉ាន់​ហ្នឹង ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់ ព្រោះ​ច្បាប់​ចែង​អ៊ីចឹង។ ២ម៉ឺន ៣ពាន់ដុល្លារ អា​ហ្នឹង​សំណូក​ទាល់​ឲ្យ​ប៉ុណ្ណឹង​បាន​ឆ្លង​ផុត​ព្រំដែន»

ស៊្វីហ្វញូវស៍ ( Swift News ) ផ្សាយ​ថា គ្រាន់​តែ​មួយ​យប់ មាន​រថយន្ត​យីឌុប​ចំនួន ១៧គ្រឿង ដឹក​ឈើ​ខុស​ច្បាប់ ចូល​ទឹក​ដី​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​អន្តរជាតិ អូរយ៉ាដាវ។ លើស​ពី​នេះ ជំនួញ​ឈើ​ទាំង​នេះ មាន​បុរស​ឈ្មោះ ហូវ ជឺវ៉ៃ ជា​មេ​ខ្លោង​សូកប៉ាន់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់។

លោក ប៉ែន ប៊ុណ្ណារ៍ កត់​សម្គាល់​ថា​ បើ​ទោះ​ជា​ចុះ​ផ្សាយ​ព័ត៌មាន​បែប​នេះ​ក្តី​ ក៏​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ស៊ើប​អង្កេត​ និង​ប្រតិកម្ម​ព័ត៌មាន​នេះ​ដែរ។ រី​ឯ​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ លោក​ អេង​ ហ៊ី​ ធ្លាប់​ប្រកាស​ថា​ នឹង​ចាត់​វិធានការ​ទប់​ស្កាត់​ និង​ស្រាវជ្រាវ​ជា​បន្ទាន់​ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ សំណុំ​រឿង​នេះ​ស្ងាត់​ជ្រងំ។

លោក​សង្ស័យ​ថា​ ជំនួញ​ឈើ​ខ្នាត​ធំ​នេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​បាន​ប្រព្រឹត្ត​ អំពើ​ពុក​រលួយ​ជា​ចង្កោម​ សម្រួល​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន។ ហេតុនេះ​ស្ថាប័ន​អយ្យការ​ និង​គណៈកម្មការ​ជាតិ​ត្រូវ​បង្ហាញ​ភាព​ច្បាស់លាស់​ ស៊ើប​អង្កេត​ឡើង​វិញ​សំណុំ​រឿង​នេះ​ដោយ​តម្លាភាព​ និង​យុត្តិធម៌៖ «លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា លោក​ប្រកាស​ថា ព្រៃ​ឈើ​បាត់ តែ​គ្មាន​ថវិកា​ចូល​ជាតិ​ហ្នឹង ត្រូវ​តែ​បំបែក​អា​ហ្នឹង​តើ​ថវិកា​ដែល​បាន​ពី ការ​បំផ្លាញ​ព្រៃ​ឈើ​តើ​នរណា​ខ្លះ ដែល​ជាប់​ពាក់ព័ន្ធ? ទំហំ​ទឹក​លុយ ដែល​បាត់បង់​នៅ​ខេត្ត​ភាគ​ឦសាន មិន​មែន​ធម្មតា​ទេ។ យើង​សង្ឃឹម​ថា នេះ​ជា​កាតព្វកិច្ច​មាន​ចែង​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់ រដ្ឋាភិបាល និង​គណៈកម្មការ​ជាតិ ក៏​ដូច​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ»

អ្នកនាំ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី​ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ​ ដោយ​លោក​បាន​ផ្ដាច់​ទូរស័ព្ទ នៅ​គ្រា​អាស៊ី​សេរី​ ទូរស័ព្ទ​ចូល​ នៅ​ថ្ងៃ​ទី១​ សីហា។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី​ លោក​ នាង​ សំអាត​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ និង​ឯកសារ​ណា​មួយ​ ដែល​បង្ហាញ​ថា​ មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ខ្នាត​ធំ​បែបនេះ​ទេ។ លោក​ថា ជាទូទៅ​រដ្ឋបាល​ខេត្ត​តែង​ចាត់​វិធាន​រុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ណា​មួយ​ ទាក់ទិន​ការ​ដឹក​ជញ្ជូន​ឈើ​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន។ ចំពោះ​សំនួរ​ដែល​សួរ​ថា​ តើ​រដ្ឋបាល​ខេត្ត​យល់​យ៉ាង​ណា​ នៅ​គ្រា​ដែល​មន្ត្រី​សង្គម​ស៊ីវិល​ត្រៀម​ប្តឹង​បរិហារ​ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​ ដែល​បណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​អ្នក​នាំ​ពាក្យ​រូប​នេះ​ឆ្លើយ​ថា​ រដ្ឋបាល​ខេត្ត​មិនទាន់​ទទួល​ព័ត៌មាន​នេះ​ទេ​ ហើយ​លោក​នឹង​ស្រាវជ្រាវ​រក​ព័ត៌មាន​ឡើងវិញ៖ «ធម្មតា​កាល​ណា​មាន​ព័ត៌មាន​នេះ រដ្ឋបាល​ខេត្ត​មាន​តួនាទី​ឆ្លើយ​តប ស្រាវជ្រាវ​រក​ព័ត៌មាន​នេះ​ហើយ ទី១ ឆ្លើយ​តប​ម្ចាស់​លិខិត និង​ទី ២ ឆ្លើយ​តប​ទៅ​នឹង​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។ ឆ្នាំ ២០១៦ ០១៧ ២០១៨ និង ២០១៩ ដូច​ពុំ​មាន​ព្រឹត្តិការណ៍​អី​ធំ​ដុំ​ទេ។ តាម​ខ្ញុំ​ដឹង»

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​សេ​ដារ​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ លោក ឆន ផល្លា អះអាង​ថា​ កាល​ពី​អំឡុង​ខែ​មីនា​ និង​ខែ​មេសា​ ឆ្នាំ២០១៨ អ្នក​ភូមិ​ប្រទះ​ឃើញ​សកម្មភាព​ដឹក​ឈើ​តាម​រថយន្ត​យី​ឌុប​ ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ទៅ​ប្រទេស​វៀតណាម។ លោក​ថា​ មាន​កម្ម​ករ​ជា​ច្រើន​នាក់​បាន​ប្រមូល​ឈើ​ដាក់​រថយន្ត​ នៅ​ខាង​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេ​ដារ​ ហើយ​ឈើ​ទាំង​នោះ​ គេ​ដឹក​ចេញ​ពី​ព្រៃ​ការពារ​ធម្មជាតិ។ រី​ឯ​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​ទេ​ បើ​ទោះ​ជា​អ្នក​ភូមិ​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​សា​ក្តី៖ «ក្រោយ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សេដា ភូមិ​សមុទ្រ​ក្រោម​ហ្នឹង គឺ ២០១៨ហ្នឹង យីឌុប​ស្ទូច​ខ្ញុំ​ថត​បាន ទាំង​យីឌុប​ដឹក​ទាំង​ខ្សែ។ ទាំង​ខ្សែ​មាន​ន័យ​ថា យីឌុប​បន្ត​កន្ទុយ​គ្នា ហើយ​ស្ទូច​ក្រោយ​ប៉ុស្តិ៍​ប៉ូលិស​ចេញ​ទៅ អែប​របង​ប៉ុស្តិ៍​ហ្នឹង ដឹក​ទៅ​តាម​ព្រំដែន​វៀតណាម តាម​ផ្លូវ​អូរ​យ៉ាដាវ»

ទោះ​យ៉ាងណា​ លោក​ ប៉ែន​ ប៊ុណ្ណារ៍ បន្ថែម​ថា​ លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​នៅ​សប្ដាហ៍​ក្រោយ​ បំណង​រុញ​ឲ្យ​គណៈកម្មការ​ជាតិ​ និង​តុលាការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ និង​វែកមុខ​មន្ត្រី​ខិល​ខូច​ទាំងអស់​ រួម​ទាំង​ឈ្មួញ​ឈើ​ មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ទោះ​យ៉ាង​ណា​ លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ថ្នាក់​ណា​ខ្លះ​នោះ​ទេ​ ដែល​ត្រូវ​រង​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​រតនគិរី។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ និង​អង្គការ​សង្គម​ស៊ីវិល​ អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់​ ស្រាវជ្រាវ​ពិនិត្យ​រឿង​នេះ​ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ រាល់​ការ​ខូចខាត​ផ្លូវជាតិ​ និង​ផ្លូវ​លំ​ ដោយសារ​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​លើស​ទម្ងន់។ ពួក​គេ​ឃើញ​ថា​ ឈើ​ដែល​ដឹក​ជញ្ជូន​ទៅ​វៀតណាម​ មាន​ប្រភព​ពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ ក្នុង​ស្រុក​វ៉ឺនសៃ​ ស្រុក​អណ្ដូង​មាស​ និង​ស្រុក​តាវែង​ និង​មួយ​ចំនួន​ ប្រមូល​ពី​ព្រៃ​សហគមន៍​ក្នុង​ស្រុក​អូរ​យ៉ាដាវ​ និង​ដែន​ជម្រក​សត្វព្រៃ​លំផាត់។

ក្រម​ព្រហ្មទណ្ឌ​មាត្រា​ មាត្រា​ ៥២៨​ ចែងថា​ អ្នករាជការ​សាធារណៈ​ មិន​ប្ដឹង​បរិហារ​បទឧក្រិដ្ឋ​ និង​បទមជ្ឈិម​ នឹង​ត្រូវ​មានទោស​ជាប់​ពន្ធ​នា​គារ​ពី ១ឆ្នាំ​ ទៅ ៣ឆ្នាំ​និង​ ពិន័យ​ជា​ប្រាក់​ ពី២លាន​រៀល​ ទៅ៦លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។