មន្រ្តីសង្គមស៊ីវិល និងអ្នកធ្វើការងារផ្នែកបរិស្ថាន លើកឡើងថា ការធ្វើអាជីវកម្មរ៉ែមាស គឺជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ ពួកគេបារម្ភថាបើការគ្រប់គ្រងខ្វះតម្លាភាព និងមិនបានគិតគូរពីផលប៉ះពាល់បរិស្ថាននោះទេ អាជីវកម្មមួយនេះ នឹងបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងបរិស្ថាន។ ការលើកឡើងបែបនេះ គឺក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាកំពុងកាក់កបនឹងអាជីវកម្មរែ់មាស និងកំពុងពង្រីកកន្លែងជីករ៉ែមាសបន្ថែមទៀត។
មន្រ្តីសង្គមស៊ីវិល និងអ្នកធ្វើការងារផ្នែកបរិស្ថាន សង្កេតឃើញថា រដ្ឋាភិបាល មិនទាន់បានបង្ហាញព័ត៌មានពេញលេញជុំវិញការយកថវិកាពីអាជីវកម្មរ៉ែមាស ទៅធ្វើអ្វី ដើម្បីបម្រើប្រយោជន៍សង្គមជាតិ និងពលរដ្ឋនៅឡើយទេ។ ពួកគេក៏មិនទាន់ឃើញមានការបង្ហាញដែរថា អាជីវកម្មនេះបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងបរិស្ថាននៅតំបន់ជុំវិញកន្លែងធ្វើអាជីវកម្មនេះបែបណាដែរ។
នាយកប្រតិបតត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី សង្ឃឹមថា ចំណូលដែលទទួលបានពីអាជីវកម្មរ៉ែមាសអាចក្លាយជាប្រភពចំណូលថ្មីបន្ថែម ពីការប្រមូលពន្ធ និងការវិនិយោគផ្សេងៗទៀតរបស់កម្ពុជា។ លោកចង់ឃើញរដ្ឋាភិបាលគ្រប់គ្រងចំណូលបានពីអាជីវកម្មរ៉ែមាសនេះ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព ហើយត្រូវធានាចំណូលនេះយកទៅប្រើប្រាស់សម្រាប់ការវិនិយោគសង្គម។ មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា ប្រសិនការ គ្រប់គ្រងធនធានរ៉ែនេះមិនបានត្រឹមត្រូវ គឺមិនលុបបំបាត់ភាពក្រីក្របានឡើយ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិទៅវិញ៖ «អាចធ្វើឲ្យពលរដ្ឋមានបញ្ហាសុខភាពជាដើម ការកាប់ព្រៃឈើនៅជុំវិញ ការបំផ្លាញសត្វព្រៃនៅតំបន់ហ្នឹងការប៉ះពាល់គុណភាពទឹកជាដើម និងការបំផ្លាញបរិស្ថាននៅតំបន់ហ្នឹងជាដើម ហើយជាពិសេសបើមិនមានការគ្រប់គ្រងជាក់លាក់ទេ នឹងប៉ះពាល់ជីវភាព និងសេដ្ឋកិច្ចសង្គមពលរដ្ឋនៅតំបន់នោះជាពិសេសគឺជនជាតិដើមភាគតិច » ។
ស្រដៀងគ្នានេះដែរ សកម្មជនបរិស្ថានដែលធ្លាប់ជាប់ពន្ធនាគារព្រោះបុព្វហេតុការពារធនធានធម្មជាតិ កញ្ញា ភួន កែវរស្មី ឲ្យវិទ្យុអាស៊ីសេរីដឹងថា កញ្ញាមិនទាន់ឃើញរដ្ឋាភិបាល បង្ហាញពីផលប៉ះពាល់បរិស្ថាន នៃអាជីវកម្មនេះនោះទេ។ កញ្ញាបន្តទៀត មុន ពង្រីកអាជីវកម្មនេះទៅតំបន់ផ្សេង រដ្ឋាភិបាលគួរ បង្ហាញព័ត៌មានឲ្យពលរដ្ឋឬសាធារណជនបានដឹងដោយតម្លាភាព។ កញ្ញារំលឹកថា ធនធានទាំងនេះមិនមែនជារបស់រដ្ឋាភិបាលផ្ដាច់មុខឡើយ ដូច្នេះពលរដ្ឋមានសិទ្ធិដឹងពីគម្រោងវិនិយោគទាំងនេះ៖« សង្ឃឹមថា ពួកគាត់ ( រដ្ឋាភិបាល ) នឹងចាប់ផ្ដើមគិតគូរឡើងវិញបើសិនចង់ពង្រីកថ្មី ពង្រីកប៉ុណ្ណា កំណត់ឲ្យច្បាស់លាស់ ក៏ដូចជាវាយតម្លៃផលបរិស្ថាន ហើយលើកជជែកជាសាធារណៈ» ។
ក្រុមមន្ត្រីសង្គមស៊ីវិល និងអ្នកធ្វើការងារផ្នែកបរិស្ថានលើកឡើងបែបនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអះអាងថា កម្ពុជាកំពុងកាក់កបនឹងរបររ៉ែមាស។ លោកឲ្យដឹងទៀតថា ត្រឹមរយៈពេល៩ខែដំបូងនៃការធ្វើអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាអាចផលិតមាសជាងពីរពាន់គីឡូក្រាម(២.២៧៥)ក្នុងនោះអាចចម្រាញ់មាសសុទ្ធបានជាងពីរតោន ហើយសល់ពីនេះអាចផលិតជាប្រាក់ និងលង្ហិនជាដើម។ លោកបន្តថា ពេលនេះ កំពុងមានការរុករករ៉ែមាសនៅតំបន់ផ្សេង ដើម្បីទាញធនធានទាំងនេះយកមកបំពេញតម្រូវការរបស់ប្រទេសជាតិ៖ « ប្រាំបួនខែយើងផលិតមាស បាន២ . ២៧៥គីឡូ វាទៅជាកាក់កបអានេះទៅវិញ គ្រាន់តែគិតមួយកន្លែងទេ នៅមិនទាន់គិតនៅកន្លែងផ្សេងដទៃទៀត អញ្ចឹង យើងក៏ចាប់ផ្ដើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបានកំពុងរុករក» ។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា។ លោក ហ៊ុន សែន ក៏ទទួលស្គាល់ដែរថា រដ្ឋាភិបាល គ្រប់គ្រងចំណូលនៃការបូមប្រេងមិនបានល្អ ហើយប្រេងដែលបូមបានហើយក៏ត្រូវគេលួចដឹកចេញពីកម្ពុជាថែមទៀតផង។
អគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចលោក នេត មុន្នី ឲ្យប្រព័ន្ធឃោសនាលោក ហ៊ុន សែន ដឹងថា ពេលនេះមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន៧ហើយបានទទួលអាជ្ញាប័ណ្ណពីរដ្ឋ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលគម្រោងការផ្តល់សិទ្ធិអំណាចដល់យុវជន និងអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម និងបរិស្ថាននៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់ថា នៅពេលផ្ដល់អាជ្ញាបណ្ណធ្វើអាជីវកម្មនេះទៅឱ្យក្រុមហ៊ុនណាមួយ រដ្ឋាភិបាលគួរផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះលោកសង្កេតឃើញមានក្រុមឈ្មួញខ្លះបានរុករករ៉ែមាស ដោយអនាធិបតេយ្យនៅខេត្តមណ្ឌលគិរី និងតំបន់មួយចំនួនទៀត។ លោកថា ប្រជាពលរដ្ឋខ្មែរសុទ្ធតែចង់ដឹងថា តើរដ្ឋាភិបាលយកថវិកាដែលបានអាជីវកម្មរ៉ែមាសនេះធ្វើអ្វីខ្លះ និងមានតម្លាភាពដែរឬទេ?៖ « ខ្ញុំចង់មើលឃើញថ្នាក់នាំបើកទូលាយការសម្រេចចិត្តពេលមានគម្រោងអភិវឌ្ឍន៍ ផ្សេងៗចូលមកក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិគួរតែមានការបែងចែកឬក៏ចែករំលែកព័ត៌មានទៅដល់សាធារណជនក៏ដូចអ្នកធ្វើការពារពាក់ព័ន្ធឲ្យបានទូលាយជាងនេះជាពិសេសគឺការផ្ដល់អាជ្ញាប័ណ្ណតែម្ដង » ។
មន្រ្តីសង្គមស៊ីវិល និងអ្នកធ្វើការងារផ្នែកបរិស្ថាន បារម្ភថា បើរដ្ឋាភិបាលគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែមាសមិនបានល្អ នឹងធ្វើរដ្ឋបាត់ចំណូល ចំណែកធនធានធម្មជាតិក៏ត្រូវបំផ្លាញ ដែលអាចធ្វើអាជីវកម្មមួយនេះ ជួបហានិភ័យដូចការបូមប្រេងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។