មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋនៅខេត្តស្ទឹងត្រែងរិះគន់អាជ្ញាធរពាក់ព័ន្ធខេត្តនេះថា បានបណ្ដែតបណ្ដោយឱ្យមានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែង នៅជាប់តំបន់ព្រៃឡង់ ដែលពួកគេចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើ។ ចំណែកអាជ្ញាធរទទួលស្គាល់ថា មានសិប្បកម្មកែច្នៃឈើខុសច្បាប់ តែធ្វើឡើងដោយការលួចលាក់។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ឱ្យដឹងនៅថ្ងៃទី ២១ មេសាថា អាជ្ញាធរពាក់ព័ន្ធ ខេត្តស្ទឹងត្រែង មានចេតនាលាក់បាំងបទល្មើសព្រៃឈើ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទេ។ ពួកគេអះអាងថា អ្នកភូមិបានផ្តល់ដំណឹងឱ្យអាជ្ញាធរបង្ក្រាបសិប្បកម្មកែច្នៃឈើមួយកន្លែង នៅជិតប៉ុស្តិ៍នគរបាលឃុំកាំងចាម ក៏ប៉ុន្តែអាជ្ញាធរជំនាញ មិនអើពើបង្ក្រាបនោះទេ។
ពលរដ្ឋរស់នៅឃុំកាំងចាម លោក ខេង ថូរ ឱ្យដឹងថា នៅឃុំកាំងចាមមានសិប្បកម្មកែច្នៃឈើយ៉ាងហោចណាស់ ៣កន្លែង បានទទួលទិញឈើពីក្រុមជនល្មើស កាប់ចេញពីតំបន់ព្រៃឡង់ ខណៈភូមិសាស្ត្រតំបន់នោះនៅជាប់ព្រៃឡង់។ លោកសង្កេតឃើញថា បច្ចុប្បន្នពលរដ្ឋមួយចំនួននៅមូលដ្ឋាន បានចាប់យករបរកាប់ឈើលក់ និងដឹកជញ្ជូនឱ្យម្ចាស់សិប្បកម្មនៅតំបន់នោះ៖ «កាលណាតែកើតសិប្បកម្មហើយព្រៃឈើវាមានតែវិនាសកម្មហ្នឹងឯង។ វាមានតែបាត់បង់ព្រៃឈើហ្នឹងឯង។ ដឹកតាមមុខផ្ទះរាល់ថ្ងៃ។ មុខ ៣០ ៤០ មុខ ៨០ មុខ ៩០ (សង្ទីម៉ែត្រ)។ គ្រាន់តែព្រឹកមិញជិត ១០ម៉ូតូហើយ។ ផ្លូវសម្រាប់ដឹកឈើ ផ្លូវខ្វាត់ខ្វែងហ្មង មិនមែនផ្លូវអភិវឌ្ឍន៍របស់ឃុំសង្កាត់ទេ » ។
បុរសដដែលបន្តថា រោងសិប្បកម្មទាំងនោះ បើមើលពីខាងក្រៅ មានលក្ខណៈទ្រង់ទ្រាយតូច ក៏ប៉ុន្តែបើនៅតែបណ្ដែតបណ្ដោយឱ្យដំណើរការយូរៗ ទៅ នឹងកាន់តែបង្កការគំរាមកំហែងធំធេង ដល់ព្រៃអភិរក្ស។ លោកសង្កត់ធ្ងន់ថា មន្ត្រីបរិស្ថាន បានហាមសហគមន៍ព្រៃឡង់មិនឱ្យល្បាតព្រៃ ក៏ប៉ុន្តែក្រុមអ្នកអារឈើ នៅតែអាចចូលព្រៃកាប់ឈើ និងដឹកឈើដោយងាយ៖ «អស់សង្គមក្នុង ការការពារព្រៃឈើថ្នាក់លើគេមិនឱ្យយើងចូលរញ៉េរញ៉ៃទេ។ អ៊ីចឹងខ្ញុំគិតថា បើមិនឱ្យពួកខ្ញុំចូលការពារធនធានធម្មជាតិ ហេតុអីបានបើកដៃឱ្យបទល្មើសចូលអារឈើធ្វើអី។ ពួកខ្ញុំឃើញ ច្បាស់លាស់អ៊ីចឹងមែន » ។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង លោក អេង ភីរ៉ុង ដើម្បីសុំការបំភ្លឺរឿងនេះ តែលោកថា ទូរស័ព្ទស្ដាប់មិនឮ និងឈប់ទទួលទូរស័ព្ទ នៅថ្ងៃទី២១ មេសា។
ចំណែកសមាជិកក្រុមប្រឹក្សាឃុំកាំងចាម លោក ដន លួន ទទួលស្គាល់ថា នៅឃុំកាំងចាម មានរោងសិប្បកម្មកែច្នៃឈើខ្នាតតូច ៥កន្លែង តែអាជីវកម្មទាំងនោះ ធ្វើឡើងដោយការលួចលាក់។ លោកថានៅពេលថ្មីៗ នេះ លោកបានចុះទៅពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងដែរ ហើយបានប្រទះឃើញចម្រៀកឈើមុខកាត់ធំៗ មួយចំនួន ម៉ាស៊ីនអារឈើ ១គ្រឿង និងកម្លាំងកម្មករមួយក្រុម ហើយលោកបានផ្ដល់ដំណឹងនេះទៅមន្ត្រីជំនាញរួចហើយ ក៏ប៉ុន្តែការអនុវត្តច្បាប់ ជាភារកិច្ចរបស់មន្ត្រីជំនាញ៖ «កាលខ្ញុំទៅថ្ងៃ១៩ មានម៉ាស៊ីនមានអីនៅច្រូងច្រាង មានឈើមួយចំនួនមានកម្មករមានអីគេ។ មកដល់ឥឡូវនេះ ថ្ងៃទី១៩ មក ដល់ថ្ងៃទី ២០ជាង មិនដឹងថា គេដំណើរការទៀត ខ្ញុំអត់ដឹងដែរ » ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី កត់សម្គាល់ថាថ្មីៗ នេះ លោកបានសហការជាមួយពលរដ្ឋ អាជ្ញាធរឃុំ និងក្រុមអ្នកកាសែត ចុះទៅដល់ទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែង ក្នុងឃុំកាំងចាម ប្រទះឃើញ ឈើមានមុខកាត់ធំៗ ជាង ១០ដុំ ហើយបានផ្ដល់ព័ត៌មាននេះ ទៅមន្ត្រីអាវុធហត្ថ មន្ត្រីបរិស្ថាន និងនគរបាល ឱ្យអនុវត្តច្បាប់ ក៏ប៉ុន្តែមន្ត្រីទាំងនោះ មិនចុះបង្ក្រាបនោះទេ។ លោកសង្ស័យថា មូលហេតុដែលអាជ្ញាធរមិនបង្ក្រាបដោយសារ អាជ្ញាធរពាក់ព័ន្ធខ្លះ បានទទួលសំណូក ពីម្ចាស់សិប្បកម្ម៖ «ពេលពលរដ្ឋបានប្ដឹងរាយការណ៍ទៅហើយហេតុអីបានជាអាជ្ញាធរមិនព្រមអនុវត្តច្បាប់។ អាជ្ញាធរមក មកយកលុយពីម្ចាស់សិប្បកម្មហ្នឹងមូលហេតុអី យើងមិនយល់។ កាលណាយើងមិនអនុវត្តច្បាប់ បង្ហាញថា យើងពាក់ព័ន្ធបទល្មើសព្រៃឈើ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា អាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត រួមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្មានឆន្ទៈការពារព្រៃឈើពិតប្រាកដនោះទេ។ លោកថា ពលរដ្ឋមួយចំនួន បានផ្ដល់ព័ត៌មានឱ្យអាជ្ញាធរបង្ក្រាបបទល្មើសព្រៃឈើ តែអាជ្ញាធរពាក់ព័ន្ធមិនត្រឹមតែមិនអើពើនោះទេ ហើយថែមទាំងគំរាមកំហែងលើអ្នករាយការណ៍ទៀតផង៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។