​អ្នក​ជំនាញ​​ថា ​ការ​លុប​បឹង​ជា​ផ្នែក​មួយ​​ធ្វើ​ឲ្យ​ភ្នំពេញ​​លិច​លង់​​​

0:00 / 0:00

អ្នក​ជំនាញនៅតែ​លើកឡើងថា​ ការ​លុប​បឹងជាមូលហេតុចំបង​ ​ធ្វើ​ឲ្យ​ភ្នំពេញ​លិច​លង់ដោយភ្លៀងធ្លាក់ និងជំនន់ពីទឹកស្ទឹងព្រែកត្នោតម្ដងៗ។​ ប្រតិកម្ម​បែបនេះ ធ្វើឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្លែង​ដដែល​ថា​ ការ​លុប​បឹង​មិន​ប៉ះពាល់​ដល់​​​រឿង​ទឹក​លេច​ភ្នំពេញ​​ទេ​។

ក្រុម​អ្នក​ជំនាញ​នៅតែ​ជំរុញ​ឲ្យរដ្ឋាភិបាល ឬ​សាលា​រាជធានី​ភ្នំពេញ​​គិតគូរ​លើប្រព័ន្ធ​រំដោះ​ ខណៈ​​ដែលមានទឹក​មាន​​​ភ្លៀង​ធំ​ម្ដងៗ ភ្នំពេញ​តែង​រង​ការ​លិចលង់​ខ្លាំង។

អ្នក​ជំនាញ​ផ្នែកកសិកម្ម​ និងធនធានទឹក បណ្ឌិត​ យ៉ង សាំងកុមារ​​ ​ លើក​ឡើង​ថា ​​ភូមិ​សាស្ត្រ​រាជធានី​​ភ្នំពេញ​ ត្រូវការ​ចាំបាច់ឲ្យ​ប្រព័ន្ធ​ស្តុកទឹក និងរំដោះទឹកត្រឹមត្រូវទើបអាចបញ្ជៀសការលិចលង់​។ លោកថា​ នៅរយៈពេលចុងក្រោយនេះ បែរជាមានការអភិវឌ្ឍដោយជ្រើសរើសការលុបបឹង ដែលបញ្ហានេះធ្វើឲ្យ​ទឹកនៅ​ចាល់​​មិន​ងាយ​ស្រក​ចុះ​៖ «កុំ​ចេះ​តែ​និយាយ​ថា​ ទឹក​លិច​ដោយសារ​ភ្លៀង​មក​​ច្រើន​ភ្លៀង​មក​ពី​លើ​មក​ខ្លាំង​អត់​ចេះ​ទេ​ ប៉ុន្តែ​ហេតុ​អី​ភ្លៀង​មក​ខ្លាំង​លេច​ ?​ ហើយ​រក​ដំណោះស្រាយ​កុំ​ឲ្យ​លិច​យើង​ត្រូវវ​រក​ដំណោះស្រាយ​​ទៅ​បន្ទោស​ទឹក​វិញ​ទឹក​វា​ដឹង​អី​វា»។

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នកជំនាញ​អភិបាលកិច្ច​ទឹកលោក ហែម ឧត្តម លើក​ឡើង​ដែរ​ថា​ រាជធានីភ្នំពេញ​ ត្រូវ​ការ​​បឹង​ដែលជា​កន្លែង​ស្ដុក​ទឹក​ពេល​មាន​ជំនន់​​ម្ដងៗ​ ប៉ុន្តែ​ លោកថា​ នៅ​រយៈ​ពេល​ចុង​ក្រោយ ​​ការ​លុប​បឹង​នៅ​បន្ត​កើត​ឡើង​ ជា​ពិសេស ​ការ​លុបផ្នែកខ្លះ​នៃ​បឹង​តាមោក ​ដែលជា​បឹង​ធំ​ចុង​ក្រោយរបស់ភ្នំពេញ​។​ លោក​រិះគន់​ថា​ ការ​អន្តរាគមន៍​របស់​អាជ្ញាធរ​ពេល​មាន​ទឹក​លិច​ក្រុង​ម្ដងៗ​ មិនមែន​ជា​ដំណោះ​ស្រាយ​ល្អ​នោះទេ។​ អ្នក​ជំនាញ​ផ្នែក​ទឹក​រូប​នេះ ​ចង់​ឃើញ​ការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ធ្វើ​ឡើង​តាម​ផែន​ការ​មេ​ត្រឹមត្រូវ​ និង​គិត​គូរ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​៖ «យើង​អត់​អាច​ចេះ​តែ​ដោះស្រាយ​បញ្ហា​​នៅ​ពេល​បញ្ហា​កើត​ឡើង​យើង​ត្រូវ​គិត​ទុក​មុន​​យើង​ទុក​សម្រាប់​ឆ្នាំ​ក្រោយ​ ឬ​ ១០​ឆ្នាំ​មុន​យើង​បាន​គិតទុក​​អី​ខ្លះ​ ?​​»។

ប្រតិកម្មរបស់​អ្នក​ធ្វើ​ការងារ​ផ្នែក​ធនធា​ទឹក ​និង​កសិកម្ម​ពេល​នេះកើតឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​​ សែន​ កាល​ពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​​ ដោយ​និយាយ​ថា ​លោក​ស្អប់អ្នកណាដែល​​ជេរ​លោក​រឿង​លុបបឹង។​ លោក​ពន្យល់​ថា ជំនន់​លេច​ក្រុង​បែប​នេះ​ព្រោះ​ទឹក​ធ្លាក់​ពី​លើ​មក​ខ្លាំង​​ទើប​ប្រព័ន្ធ ​លូ ​បឹង ​ព្រែក ​មិន​អាច​ទប់​​ឈ្នះ​។​ លោក​ចោទ​ប្រកាន់​អ្នក​រិះគន់​រឿង​ទឹក​ជំនន់​នេះ​កើត​ចេញ​ពី​ការ​ច្រណែន​​ពេលឃើញ​ទី​ក្រុង​ភ្នំពេញ​មាន​ការ​អភិវឌ្ឍ​៖ «ខ្ញុំ​ស្អប់​បំផុត​​ ស្អប់​ពេល​ទឹក​ជំនន់​ម្ដងៗ​​ ជេរ​នោះ​ជេរ​​ជេរ​ថា ​ឯង​លុប​បឹង​ ស្គាល់​ទេ​ ពាក្យ​ថា​ ជំនន់​​? អាហ្នឹង​មក​ពី​អី​? មក​អា​ពី​លើ​មក​ខ្លាំង​ អា​ក្រោម​ដោះ​មិន​រួច ​​ហើយ​បន្តិច​ដៀមដាម​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ ហើយ​ថា​ គ្រាន់​តែ​ទឹក​ភ្លៀង​បន្តិច​លិច​ក្រុង​ដែរ​​»។

ទោះបីយ៉ាងណា បណ្ឌិត​ យ៉ង សំាំងកុមារ​ លើកឡើង​ទៀត​ថា ជំនន់​ទឹក​ភ្លៀង​ដែល​ធ្វើឲ្យ​លិចលង់​រាជធានីភ្នំពេញ​ជាប់​ទាក់ទង​ករណី​សំខាន់ៗ ​​ពីរ គឺទឹក​ភ្លៀង ​ និង​ជំនន់​​មក​ស្ទឹង​ព្រែក​ត្នោត​។​ បណ្ឌិត​ យ៉ង សាំងកុមារ​ យល់ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះត្រូវ​​​បើក​ផ្លូវ​ទឹក​ខាង​ក្រោម​​នៃ​ភូមិ​សាស្ត្រ​នៅ​រាជធានី​ភ្នំពេញ​​​ដូច​ធ្វើ​អាង​ស្តុប​ទឹក​ ស្ដារ​ស្ទឹង ​​ប្រឡាយ​ និង​ដាំ​ដើម​ឡើង​វិញ។​ លោក​បន្ត​ទៀត​ថា ​ចំពោះ​តំបន់​ជាប់​ស្ទឹង​ព្រែក​ត្នោត​​ដូចជា នៅ​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​កណ្ដាល​ និង​នៅ​ខណ្ឌ​ដង្កោ ​ត្រូវបន្ត​សាងសង់​ទំនប់ថែមទៀត ដើម្បីទប់ទឹក និងបញ្ជៀសខ្សែទឹកហូរ​​​​៖ «នៅ​កំពង់ស្ពឺ​ម្ដុំ​សំរោងទង​អី​ គេ​អាច​ធ្វើ​ជា​ទំនប់​ដើម្បី​ពង្វាង​ទឹក​ ទំនប់​​ប្រឡាយ​​អាង​ស្តុក​ទឹក​ខាង​លើ​ហ្នឹង ​យើង​ធ្វើ​ខាង​លើ​​ជួយ​​កាត់​បន្ថយ​​កុំ​ហូរ​មក​ខ្លាំង​​​គួប​ផ្សំ​នឹង​ដាំ​ដើម​ឈើ​ឡើង​វិញ​។ បើ​ខាង​ភ្នំពេញ​បើក​យ៉ាង​ម៉េច​​ឲ្យ​ហូរ​ចូល​ទន្លេ​បាសាក់​ ព្រោះ​ទឹក​ហូរ​ចូល​ទន្លេ​បាសាក់​​បើក​ធំ​ឲ្យ​វា​ទូលាយ​ឲ្យ​​វា​ច្រើន​អី​ទៅ​​ ហើយ​បឹង​នៅ​សេសសល់​ឈប់​លុប​ទៅ​បាន​ហើយ​ ប៉ុណ្ណឹង​​»។

ស្រដៀងគ្នានេះដែរ ​អ្នក​វិភាគ​នយោបាយ​លោក​ គឹម​ សុខ​ សរសេរ​លើ​ហ្វេសប៊ុក​ថា​ បញ្ហា​ទឹក​លិច​ក្រុង​ ធ្វើ​ឲ្យរដ្ឋ​ចំណាយ​លុយ​​​រាប់រយលានដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ​​​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ និងធ្វើឲ្យរដ្ឋ​ត្រូវ​បង្កើន​កម្ចីពី​បរទេស​​ថែម​ទៀត​យក​មក​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​​ដែល​ធ្វើ​ឱ្យបំណុល​ជាតិ​កើន​ឡើង​​។ ចំណែក​​ពលរដ្ឋ​កាន់តែ​កើន​បំណុល​វ័ណ្ឌក​ និង​លិច​លង់​ផ្ទះសំបែង​​ខាត​បង់​ទ្រព្យ​​ និង​​​ពេល​វេលា​។​ លោក​បន្ត​ទៀត​ថា​ អ្នក​ដែល​ចំណេញ​ពី​ការ​លុប​បឹង​គឺ​​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន​ ពួក​ឧកញ៉ា និង​មន្ត្រី ​ដែល​ស្និទ្ធ​នឹង​លោក​ ហ៊ុន​ សែន​។

រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ រដ្ឋាភិ​បាលសម្រុក​បើក​ឲ្យ​ក្រុមហ៊ុនឯកជន វិនិយោគ​លុបបឹង​ធម្មជាតិ​ជាច្រើន​កន្លែង ​រួមមាន បឹងទំពុន​ និងបឹងជើងឯក​ជាដើម ​ដែល​បឹង​ទាំង​នេះ​ ធ្លាប់ជា​កន្លែង​ស្តុកទឹក ​និង​រំដោះ​ទឹក​ដ៏សំខាន់​នាពេល​កន្លងមក។

ករណី​នេះ​ពេល​មាន​​ភ្លៀង​ម្ដង​ៗ ​ឬ​​ជំនន់​​ស្ទឹង​​ព្រែក​ត្នោត​​ បង្ក​ឲ្យ​មាន​ការ​ជន់លិច ​និង​​ប៉ះ​ពាល់​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ​ ​​ផ្ទះ​សម្បែង​ ​ផល​ដំណាំ និង​សត្វ​ចិញ្ចឹម​​របស់​ពលរដ្ឋ។​​

ថ្មីៗ នេះ​​ ជំនន់​ស្ទឹង​ព្រែកត្នោត​ បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាង ៣​ពាន់​គ្រួ​សារបាន​រង​ផល​ប៉ះពាល់​ ក្នុង​នោះ​មាន​ពលរដ្ឋ​រស់នៅ​ខេត្ត​កណ្ដាល​ជាង ១.៤០០​គ្រួសារ និង​រាជធានី​ភ្នំពេញ​ជាង ១.៦០០​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។