សង្គមស៊ីវិលចំនួនពីរធ្វើការងារផ្នែកអភិបាលកិច្ចរួមគ្នាបង្កើតគម្រោងជួយទៅដល់សហគមន៍ រងផលប៉ះពាល់ពីការទាញយកធនធានរ៉ែអាចទទួលបានផលប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ធនធានរ៉ែរបស់រដ្ឋាភិបាល។
អ្នកបរិស្ថានផ្ដល់យោបល់ថា សហគមន៍អាចទទួលបានប្រយោជន៍ពិតប្រាកដពីការទាញយកធនធានរ៉ែ លុះត្រាតែរដ្ឋាភិបាលបើកចំហព័ត៌មាននានាពីគម្រោងទាញយករ៉ែ និងផ្ដល់ឱកាសឱ្យពលរដ្ឋបានចូលរួមនៅគ្រប់ដំណាក់កាល។
អង្គការទាំងពីរដែលអនុវត្តគម្រោងថ្មីនោះរំពឹងថា នឹងអាចជួយដល់រដ្ឋាភិបាលបង្កើតនូវនីតិវិធីជាក់លាក់ សម្រាប់ឱ្យសហគមន៍ប្រើប្រាស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពទទួលបានមូលនិធិរ៉ែសម្រាប់អភិវឌ្ឍន៍សហគមន៍ ដែលឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់សហគមន៍រងផលប៉ះពាល់។
អង្គការអុកស្វាម (OXFAM) និងសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) កាលពីថ្ងៃទី២៥ ខែមីនា បានចេញប្រកាសពីការអនុវត្តគម្រោងថ្មីរបស់ខ្លួនក្នុងឆ្នាំ២០២១ឈ្មោះថា ការទទួលបានមូលនិធិរ៉ែសម្រាប់ការអភិវឌ្ឍន៍សហគមន៍ដែលរងផលប៉ះពាល់នៅកម្ពុជា។
នាយិកាអង្គការ OXFAM អ្នកស្រី លឹម សូលីន លើកឡើង ថា អង្គការនេះចង់ ឃើញវិស័យឧស្សាហកម្មនិស្សារណកម្ម ឬការទាញយកធនធានរ៉ែត្រូវវិនិយោគប្រកបដោយចីរភាព រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយផលប៉ះពាល់ ដល់សង្គម និងបរិស្ថាន ហើយប្រាក់ចំណូល ដែលប្រមូលបាននឹងត្រូវគ្រប់គ្រង ដោយមានការទទួលខុសត្រូវ។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជាលោក សន ជ័យ ប្រាប់អាស៊ីសេរីថា សហគមន៍ ដែលរងផលប៉ះពាល់ពីការទាញយកធនធានរ៉ែហាក់ទទួលបានផលតិចតួចពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល៖ «ទំនងជាមានបញ្ហាប្រឈមណាមួយនៅក្នុងនីតិវិធី នៃការបែងចែកថវិកាទៅវិញហ្នឹង ដោយសារហេតុផលទី១អាចមកពីក្រុមសហគមន៍ ដែលរងផលប៉ះពាល់ក្នុងសហគមន៍មិនចេះធ្វើសំណើ មិនដឹងព័ត៌មាន។ មួយវិញទៀតអាចថា នីតិវិធីនេះវាមានការលំបាកណាមួយ ឬក៏មិនទាន់មានគោលការណ៍មួយ ដែលអាចយល់បានពីសហគមន៍»។
ក្រសួងរ៉ែ និងថាមពលបានបង្កើតមូលនិធិអភិវឌ្ឍន៍សហគមន៍កាលពីឆ្នាំ២០១៥ ដោយប្រើប្រាស់ចំណូលដែលបានមកពីសារពើពន្ធ មូលនិធិសួយសារអាករ ប្រាក់ពិន័យ និងចំណូលបានមកពីការផ្ដល់សេវាជាដើម។ អស់ជាច្រើនឆ្នាំមកនេះក្រុមអង្គការសង្គមស៊ីវិលមិនបានដឹងព័ត៌មានជាក់លាក់ពីមូលនិធិនេះឡើយ។ គេត្រឹមតែដឹងថា ពេលនេះមូលនិធិនេះមានទឹកប្រាក់ប្រមាណ៣លានដុល្លារ ហើយក្រសួងរ៉ែ និងថាមពលបានប្រើប្រាស់មូលនិធិនេះជួយទៅដល់សហគមន៍កោះស្រឡៅ ឃុំកោះកាពិ ខេត្តកោះកុង ដោយកសាងផ្លូវក្នុងសហគមន៍ប្រវែង៧០០ ម៉ែត្រ។
អាស៊ីសេរីនៅមិនទាន់អាចសុំការពន្យល់បន្ថែមពីអគ្គនាយកនៃអគ្គនាយដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បាននៅឡើយទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួលកាលពីល្ងាចថ្ងៃទី២៥ ខែមីនា។
អ្នកបរិស្ថានជាស្ថាបនិកស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) មើលឃើញថា រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលជាទូទៅមិនដែលបង្ហាញតម្លាភាពការអនុវត្តគម្រោងទាញយកធនធានរ៉ែឡើយ រួមទាំងគម្រោងបូមខ្សាច់នៅកោះស្រឡៅនោះផង។ លោកថា គម្រោងនៅកោះស្រឡៅនោះទំហំនៃការនាំចេញខ្សាច់មានតម្លៃរាប់រយលានដុល្លារ ប៉ុន្តែអ្វីដែលពលរដ្ឋទទួលបានគឺតិចតួចបំផុត៖ «យើងបានតាមដានរហូតដល់ឆ្នាំ២០១៧ - ២០១៨ ឃើញថាមូលនិធិហ្នឹងគ្រាន់តែជារឿងល្ខោនទេ គេធ្វើផ្លូវម៉ាខ្សែ ដូចជាផ្លូវតូចមួយហ្នឹង មិនមែនផ្លូវសម្រាប់ធ្វើដំណើរទេ ផ្លូវសម្លាប់ពលរដ្ឋដើរទៅវត្ត ហើយមិនមានអីក្រៅពីហ្នឹងផង សាលារៀននៅតែដដែល មណ្ឌលសុខភាពនៅតែមិនមាន ហើយលុយដែលបាននោះមូលនិធិហ្នឹងដូចជាចាយគ្មានតម្លាភាព អត់មានសវនកម្មច្បាស់លាស់។ មួយទៀតក៏មិនដឹងថា ចំនួន ៣លានដុល្លារចេញម៉ោពីណា តែព័ត៌មានដែលបានពីពលរដ្ឋកោះស្រឡៅគឺគេបានតិចមែនទែន»។
ក្រសួងរ៉ែបានផ្ដល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន៣បូមខ្សាច់នៅខេត្តកោះកុង ដើម្បីនាំចេញទៅក្រៅប្រទេស ប៉ុន្តែបានបញ្ឈប់អាជីវកម្មទាំងនោះវិញកាលពីឆ្នាំ២០១៦។ ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ប្រទេសកម្ពុជា បាននាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារសហរដ្ឋអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលប្រទេសសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា វិញ មានរហូតទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨) ឯណោះ។ ចំណែកអង្គការបរិស្ថានវិញមើលឃើញថាពលរដ្ឋក្នុងតំបន់បានបាត់បង់ចំណូល បាត់បង់មុខរបរ ផលនេសាទធ្លាក់ចុះ រីឯធនធានធម្មជាតិក្នុងតំបន់ផ្លាស់ប្ដូរលែងដូចពីមុន។ ពលរដ្ឋក្នុងសហគមន៍ និងអ្នកបរិស្ថានដែលឈឺឆ្អាលរឿងនេះត្រូវក្រុមហ៊ុនប្ដឹង និងជាប់ពន្ធនាគារជាច្រើននាក់ថែមទៀត។
លោកអាឡិចបន្តថា ដើម្បីឱ្យពលរដ្ឋអាចទទួលបានផលប្រយោជន៍ពេញលេញពីអាជីវកម្មរ៉ែរដ្ឋាភិបាលត្រូវធានាតម្លាភាព បើកចំហរព័ត៌មានទាំងអស់ ផ្ដល់ឱកាសឱ្យពលរដ្ឋបានចូលរួមគ្រប់ដំណាក់កាលនៃគម្រោងអាជីវកម្មទាំងអស់ ស្ដាប់ និងដោះស្រាយបញ្ហាផលប៉ះពាល់ទៅលើសហគមន៍ កំណត់ពីទំហំអត្ថប្រយោជន៍សម្រាប់ពលរដ្ឋ និងផ្ដល់ការងារពិតប្រាកដទៅឱ្យពលរដ្ឋ៖ «ក្រោយពីប្រជាជនទទួលព័ត៌មានពេញលេញពីចំណូលចំណាយ ផលប៉ះពាល់បរិស្ថានចំណុចវិជ្ជមាន អវិជ្ជមាន ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចប្រជាជនមូលដ្ឋាន ប្រជាជនគួរមានសិទ្ធិសម្រេចចិត្តថា តើយើងយក ឬមិនយក ? ចំណូលរបស់ប្រជាជនមូលដ្ឋានត្រូវតែមានសមធម៌ ឬសមភាព រវាងចំណូលរបស់រដ្ឋ ចំណូលរបស់ក្រុមហ៊ុន។ មួយទៀតខ្ញុំឃើញសកម្មភាពរ៉ែដូចជានៅស្រុករវៀង ខេត្តព្រះវិហារ ឬក៏នៅមណ្ឌលគិរី ឬក៏នៅកោះកុង កម្មករដែលនៅធ្វើការក្នុងក្រុមហ៊ុនភាគច្រើនលើសលប់មកពីខាងក្រៅ ហើយមួយចំនួនធំគឺបរទេស»។
គិតត្រឹមឆ្នាំ២០២០កន្លងទៅក្រសួងរ៉ែ និងថាមពលបានផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែសំណង់ទៅឱ្យក្រុមហ៊ុនចំនួន២៣២ អាជីវកម្មរ៉ែដទៃទៀតចំនួន១៧ក្រុមហ៊ុន និងមានក្រុមហ៊ុនជាច្រើនទៀតកំពុងរុករករ៉ែនៅក្នុងខេត្តមួយចំនួន ដែលមានសក្ដានុពលធនធានរ៉ែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។