ក្រុម​អង្គការ​សង្គម​ស៊ីវិល៣១ស្ថាប័ន​ បាន​ចេញសេចក្ដី​ថ្លែងការណ៍​ទាមទារ​ស៊ើបអង្កេត​ករណី​​រត់ពន្ធ​ឈើ​​ពី​​កម្ពុជា​ទៅ​ក្រុង​​ហុងកុង

0:00 / 0:00

ក្រុម​អង្គការ​ស៊ីវិល ​៣១ ​ស្ថាប័ន​ រួម​ទាំង​ក្រុម​យុវជន ​និង​ អ្នក​ស្រឡាញ់​បរិស្ថាន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ភាព​ច្បាស់លាស់​ស៊ើបអង្កេត​ជា​សាធារណៈ​ ករណី​អាជ្ញាធរ​ហុងកុង (Hong Kong) ឃាត់​ចាប់​ឈើ​ប្រណិត​រាប់​រយ​តោន​ ដែល​នាំ​ចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ពួកគេ​ជឿ​ថា ​ប្រសិន​បើ​ករណី​នេះ ​ពុំ​មាន​ភ្លើង​ខៀវ​ពី​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​បុគ្គល​មាន​អំណាច​ទេ​ គំនរ​ឈើ​ប្រណិត​ទាំងនេះ ​នឹង​មិន​អាច​រំកិល​ដល់​ទី​ក្រុង​ហុង​កុង​បាន​ឡើយ។

សកម្មជន​ការពារ​ព្រៃឈើ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន​ ធ្វើការ​ពាក់ព័ន្ធ​ នឹង​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ​ព្រួយ​បារម្ភ​ថា​ ប្រសិន​បើ​ករណី​នេះ ​ស្ងប់ស្ងាត់​ ឬ​គ្មាន​ចំណាត់​ការ​ច្បាស់លាស់ ​ពី​រដ្ឋាភិបាល​ទេ ​ អ្នក​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អាច​នឹង​រួចខ្លួន​ ហើយ​បាតុភាព​នេះ ​នឹង​នៅតែ​បន្ត​កើតមាន​ដដែល ​ធ្វើ​ឱ្យ​ព្រៃឈើ​កាត់​តែ​បាត់បង់​។

ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បណ្ដាញ​អ្នក​ការពារ​បរិស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក (APNED)​ មជ្ឈមណ្ឌល​សម្រាប់​ក្តី​កង្វល់​បរិស្ថាន - ហ្វីលីពីន ​និង ​អង្គការ​​លី​កា​ដូ ជាដើម។

ក្រុម​អង្គការ​ទាំង​មាន​កង្វល់​ជា​ខ្លាំង ​ក្រោយ​ទទួល​ព័ត៌មាន​ថា​ នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​នៃ​រដ្ឋាភិបាល​ក្រុង​ហុងកុង ឱ្យ​ដឹង​ថា សមត្ថកិច្ច​កុង​ហុង ​បាន​រឹបអូស​កំណាត់​ឈើ ​កម្រ​ជិត​ផុត​ពូជ​​ ២១១​តោន មាន​តម្លៃ ១៤ម៉ឺន​ដុល្លារ (១៤០.០០០)។ ឈើ​ទាំង​នេះ​មន្ត្រី​គយ​ហុងកុង​ បាន​រក​ឃើញ​ពី​ក្នុង​ទូ​កុងតឺន័រ ៧ទូ ក្រោយពី​បាន​ទម្លាក់ ក្នុង​បរិវេណ​ការិយាល័យ​គយ​ ស្វៃ ជុង (Kwai Chung) និង ស៊ីង យ៉ី (Tsing Yi ) កាល​ពី​ចុង​ខែ​មេសា ដល់​ដើម​ខែ​ឧសភា ​កន្លង​ទៅ​នេះ។ ឈើ​ទាំងនេះ ​ជា​រុក្ខជាតិ​កម្រ ​និង​មាន​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ។

​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​តស៊ូ​មតិ​​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា ស្នើ​ឱ្យ​រដ្ឋាភិបាល ​បង្ហាញ​គោល​ជំហរ​ច្បាស់លាស់ អនុវត្ត​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធ ​ដើម្បី​ធានា​ថា ​ឧក្រិដ្ឋកម្ម​ឈើ​ឆ្លងដែន ​នឹង​មិន​កើត​មាន​ជា​ថ្មី​ទៀត។ លោក​ថា ការ​អូស​បន្លាយ​ពេល មិន​វែក​មុខ​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុស​ត្រូវ​រឿង​នេះ ​ឆ្លុះ​បញ្ចាំង​ថា ​អាជ្ញាធរ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​នេះ៖ «រត់​ពន្ធ​ឈើ​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា ​ពុំ​មាន​សមត្ថភាព​គ្រាប់​គ្រាន់ ​ក្នុង​ការ​គ្រប់គ្រង​នឹង​ថែរក្សា​ ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ ​របស់​ប្រទេស​កម្ពុជា​របស់​យើង​ទេ។ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល ​កែ​ទម្រង់​ហ្នឹង​ដាក់​ចេញ​នូវ​ ផែនការ​សកម្មភាព ​ឬ​ក៏​យុទ្ធសាស្ត្រ​ជាក់លាក់ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ធ្វើ​យ៉ាងណា​អាច​បិទ​បញ្ចប់​រឿង​អាស្រូវ​ទាំង​អស់​នេះ »។

អាស៊ី​សេរី​​មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ លោក ​វេង សាខុន ​និង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​លោក ស្រី វុឌ្ឍី ដើម្បី​​សុំ​ការ​​ឆ្លើយ​តប​ចំពោះ​​សេចក្ដី​ថ្លែង​ការណ៍​​របស់​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​នេះ​ទេ​​​ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

រីឯ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ​ប៉ាន សូរស័ក្តិ បដិសេធ​ផ្តល់​បទ​សម្ភាស​ឱ្យ​អាស៊ី​សេរី ព្រោះ​លោក​កំពុង​រវល់​ប្រជុំ ​ហើយ​លោក​រុញ​ឱ្យ​សួរ ​អ្នក​នាំ​ពាក្យ​វិញ៖ «ខ្ញុំ​ នៅ​ជាប់​ប្រជុំ​ សូម​អធ្យាស្រ័យ​ប្អូន »។

ប៉ុន្តែ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​លោក ស៊ាង ​ថៃ​ បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ទោះ​បី​ជា​យ៉ាងណា​ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​​កាល​ពី​ដើម​ខែ​ឧសភា​ថា​​រយៈពេល​ ៥ឆ្នាំ​មក​ហើយ​ដែល​ក្រសួង​ពុំ​បាន​រៀបចំ​ឯកសារ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​នាំ​ចេញ​ឈើ​ទៅ​កាន់​ទីក្រុង​ហុងកុង ឬ​ក្រៅ​ប្រទេស​នោះ​ឡើយ។ ក្រសួង​បញ្ជាក់​ថា ប្រសិនបើ​កើត​មាន​ករណី​រត់ពន្ធ​ឈើ​ឆ្លង​ដែន គឺ​ជា​ជំនួញ​ឈើ​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​ត្រូវ​​ស៊ើប​អង្កេត និង​កំណត់​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ជុំវិញ​រឿង​នេះ ​ក្រុម​យុវជន​ចូលរួម​គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​នេះ ​គឺ​កញ្ញា បាញ ចិន្តា ថ្លែង​ថា ពួក​គេ​នឹង​មិន​ស្ងប់​អារម្មណ៍​ឡើយ ​ដរាប​ណា ​អាជ្ញាធរ​រដ្ឋាភិបាល ​មិន​ទាន់​វែក​មុខ​ឧក្រិដ្ឋជន​ និង​អ្នក​ពាក់ព័ន្ធ ​ផ្ដន្ទាទោស​តាម​ច្បាប់។ កញ្ញា​ថា ឈើ​ទាំងនោះ ​ជា​សម្បត្តិ​របស់​ជាតិ​ ពុំ​មែន​ជា​កម្ម​សិទ្ធិ​របស់​បុគ្គល​ណា​មួយ​ឡើយ ​ហេតុនេះ​រដ្ឋាភិបាល​មាន​ករណី​កិច្ច ​ទទួលខុសត្រូវ​ និង​បំបែក​សំណុំ​រឿង​នេះ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត៖ «ព្រោះ​យើង​មើល​ឃើញ​ថា ​ឈើ​រាប់​តោន​ យើង​ស្រ័យ​ឃើញ​រូបភាព​មិនមែន​តិច​ទេ ​ច្រើន​មែន​ទែន​ ហើយ​ដើមឈើ​ទាំងអស់​ហ្នឹង​ វា​ប្រើ​រយៈ​ពេល​ច្រើន​ឆ្នាំ ​ដើម្បី​ឱ្យ​វា​បាន ​ធំ​ប៉ុណ្ណឹង។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ តើ​វា​មក​ពី​ណា ? ​ ហើយ​អ្នក​ណា​ខ្លះ​មាន​ការ​ចូលរួម​នាំ​ឈើ​ចេញ​ទៅ ព្រោះ​វា​ជា​ព្រៃ​របស់​យើង​ទាំង​អស់​គ្នា​ វា​ជា​ធនធាន​រួម ​មិនមែន​ជា​ធនធាន​របស់​អ្នក​មាន​អំណាច »

​ក្រុម​យុវជន​ម្នាក់​ទៀត​ ដែល​ចុះ​ឈ្មោះ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​នេះ​ដែរ​ គឺ​លោក ពុធ កុលកា សង្កេត​ឃើញ​ថា ​អាជ្ញាធរ​រដ្ឋាភិបាល ​ហាក់​មាន​ចេតនា​លាក់បាំង​រឿង​នេះ ​ដែល​ដើមចម​ នាំ​ឱ្យ​ព្រៃ​ឈើ​កាន់​តែ​ថយ​ចុះ ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​សង្ស័យ​ថា​ អាជ្ញាធរ​រដ្ឋ​មាន​ចេតនា​ បណ្ដែត​បណ្ដោយ​ឱ្យ​កើត​មាន​ករណី​នេះ ព្រោះ​ការ​នាំ​ឈើ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ នៅ​ចំពោះ​មុខ​មន្ត្រី​គយ ​និង​សមត្ថកិច្ច​កម្ពុជា៖ «បញ្ហា​ព្រៃឈើ​វា​អត់​ពិបាក​ដូច​គ្រឿងញៀន​ទេ ព្រោះ​គ្រឿងញៀន​ថ្នាំ​វា តូចៗ ងាយ​ស្រួល​ជន​ល្មើស​នាំ​ទៅ ប៉ុន្តែ​រឿង​ឈើ​នេះ ​វា​មាន​ទំហំ​ធំ​ ហើយ​ការ​ដឹក​ចេញ​នេះ ​តើ​វា​ឆ្លងកាត់​ពី​ភ្នែក​របស់​គយ ​ឆ្លង​កាត់​ពី​ភ្នែក​របស់​អាជ្ញាធរ​ដែល​ ពាក់ព័ន្ធ​ការ​ត្រួត​ពិនិត្យ​កុង​ត្រូល​ហ្នឹង ​បាន​ដោយ​យ៉ាង​ដូច​ម្ដេច ? បណ្ដោយ​ឱ្យ​រឿង​ហ្នឹង​កើត​ឡើង​ ចូល​រួម​បច្ច័យ​អាក្រក់​កាប់​ឈើ ​និង​ជន​ខិលខូច​ក្នុង​ការ​កាប់​ឈើ​ផ្សេងៗ​ទៀត ​កាន់តែ​បន្ត​សកម្មភាព​របស់​ខ្លួន ​ខ្លាំង​ក្លា​ជាង​នេះ »

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​នាំ​ចេញ​កំណាត់​ឈើ​មាន​តម្លៃ​ដែល​នាំ​ចេញ​ពី​កម្ពុជា​នេះ​ ស្រប​ពេល​ប្រទេស​កម្ពុជា បាន​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ​កន្លះ​លាន​ហិកតារ (៥៥៧.០០០) ​ដែល​ស្មើ​នឹង​ប្រមាណ ១១,៧% នៃ​តំបន់​ការ​ពារ​ធម្មជាតិ​របស់​កម្ពុជា​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០០១ ​ដល់​ឆ្នាំ២០១៨៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។