អ្នក​រង​ផល​ប៉ះពាល់​នៅ​តែ​ទទូច​ឲ្យ​បញ្ឈប់​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ដោយ រដ្ឋា វិសាល
2014.03.01
វារីអគ្គិសនី​សេសាន​ក្រោម​២ ៦១០ ពលរដ្ឋ​នាំ​គ្នា​ហែ​ក្បួន​លើក​បដា​ពាក្យ​ស្លោក​គាំពារ​ទន្លេ និង​ប្រឆាំង​ការ​បំផ្លាញ​ទន្លេ ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Ratha Visal

ខណៈ​ក្រុមហ៊ុន​ចិន កំពុង​ឈូស​ឆាយ​បង្កើត​ការដ្ឋាន​គ្រោង​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​គម្រោង​នេះ នៅ​តែ​ទទូច​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល បញ្ឈប់​គម្រោង​នេះ​វិញ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​កន្លែង​ដែល​ពួក​គាត់​ធ្លាប់​រស់​នៅ​សុខសាន្ត​ច្រើន​ជំនាន់​មក​ហើយ។

មនុស្ស​ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​លើក​បដា​ពាក្យ​ស្លោក​គាំពារ​ទន្លេ និង​ប្រឆាំង​ការ​បំផ្លាញ​ទន្លេ ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។

ការ​ហែ ឬ​ក្បួន​នេះ រៀប​ចំ​ឡើង​ដោយ​ក្រុម​សហគមន៍​អ្នក​រង​ផល​ប៉ះពាល់​នៅ​ភូមិ​ស្រែគរ មាន​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ឃុំ​ក្បាលរមាស ឃុំ​ភ្លុក និង​មាន​ការ​ចូល​រួម​គាំទ្រ​ពី​ក្រុម​សហគមន៍​ទន្លេ​បី មក​ពី​ខេត្ត​រតនគិរី រួម​ទាំង​សហគមន៍​មក​ពី​តំបន់​ជាយ​សមុទ្រ​ខេត្ត​កោះកុង បាន​រួម​គ្នា​ធ្វើ​ការ​សែន​ព្រេន​បួង​សួង​បែប​ជំនឿ​ប្រពៃណី សុំ​ឲ្យ​បារមី​អ្នក​តា​ថែ​រក្សា​ទន្លេ ជួយ​បញ្ឈប់​ការ​សាងសង់​ទំនប់​តាម​ការ​បួង​សួង​របស់​ប្រជាពលរដ្ឋ។

តំណាង​ចាស់​ទុំ​ភូមិ​ស្រែគរ លោក ចាន់ ធន់ មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​អ្នក​ភូមិ​បាន​រៀប​ចំ​ពិធី​បួង​សួង​ឡើង​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​គម្រោង​សាងសង់​ទំនប់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បរទេស រៀប​ចំ​ធ្វើ​ការ​សិក្សា និង​ឯកភាព​គ្នា​លើ​ការ​កសាង​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ។ លោក​បន្ត​ថា ថ្វីត្បិត​ក្រុមហ៊ុន​បាន​រៀប​ចំ​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក្តី ក៏​អ្នក​ភូមិ​យល់​ថា ការ​អភិវឌ្ឍ​គម្រោង​នេះ​នៅ​តែ​បង្ក​ផល​ប៉ះពាល់​ច្រើន​ទៀត​ដល់​ធនធាន​ធម្មជាតិ​ក្នុង​ទន្លេ និង​ធនធាន​ព្រៃ​ឈើ​ច្រើន​សន្ធឹកសន្ធាប់៖ «ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ទាំង​ពីរ​ទាំង​បី​ហ្នឹង គឺ​ជា​កូន​ចៅ​របស់​លោក​តា​ទាំងអស់។ លោក​តា​ត្រូវ​មើល​ឲ្យ​ឃើញ ប្រសិន​លោក​តា​មិន​ជួយ​ទេ គ្មាន​អ្នក​ណា​ជួយ​បាន​ទេ។ ឥឡូវ ពួក​យើង​ទាំងអស់​គ្នា សង្ឃឹម​លើ​លោក​តា​ជួយ​ជួយ​ថែ​រក្សា»

ក្រុមហ៊ុន​ចិន កំពុង​រៀប​ចំ​ឈូស​ឆាយ​ផ្លូវ និង​ការដ្ឋាន​សាងសង់​ទំនប់​នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសាន នៅ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ខ្ទម​អ្នក​តា​ក្រហម​ក ដែល​អ្នក​ភូមិ​ជឿ​ថា មាន​បារមី​ជួយ​បញ្ចៀស​ទុក្ខ និង​គ្រោះ​ភ័យ​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​សហគមន៍​ទន្លេ​បី​មក​ពី​ខេត្ត​រតនគិរី អ្នកស្រី ហ្វយ សុត ចាប់​អារម្មណ៍​ថា ការ​សាងសង់​ទំនប់ គឺ​បំផ្លាញ​ទន្លេ និង​បំផ្លាញ​ជីវភាព​រស់​នៅ​ប្រជាពលរដ្ឋ។ អ្នកស្រី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ទំនប់​នេះ​ដូច​គ្នា៖ «គឺ​សហគមន៍​យើង​ខ្ញុំ​អត់​ត្រូវ​ការ​ទំនប់​ទេ ហើយ​តើ​បង​ប្អូន​ទាំងអស់​គ្នា​សុខ​ចិត្ត​ចេញ​ពី​ភូមិ​ឬ​អត់? អត់​ទេ»

របាយការណ៍​សិក្សា​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ បង្ហាញ​ថា ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ​រស់​នៅ​ភូមិ​ចំនួន​៧ ឃុំ​ចំនួន​៣ ត្រូវ​ជម្លៀស​ទៅ​តាំង​ទីលំនៅ​កន្លែង​ថ្មី ដោយសារ​ភូមិ​ពួក​គាត់​រស់​នៅ នឹង​ក្លាយ​ទៅ​ជា​អាង​ស្តុក​ទឹក។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន កត់​សម្គាល់​ដែរ​ថា ការ​សិក្សា​វាយ​តម្លៃ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា តំបន់​សាងសង់​ទំនប់​សេសាន​ក្រោម​២ បង្ក​ផល​ប៉ះពាល់​ច្រើន​ទាំង​បរិស្ថាន​ធម្មជាតិ និង​សង្គម។ លោក​ផ្តល់​យោបល់​ថា រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ដៃគូ ចាប់​ផ្ដើម​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ ដោយ​ផ្ដោត​ទៅ​លើ​តំបន់​ដៃ​ទន្លេ​សេសាន គឺ​ទំនប់​ព្រៃកលាង១ ព្រែកលាង២ និង​តំបន់​ទន្លេ​ជាប់​ព្រំដែន​វៀតណាម ដែល​បង្ក​ផល​ប៉ះពាល់​តិច​ជាង​ទំនប់​សេសាន​ក្រោម​២៖ «នឹង​ត្រូវ​បិទ​ទន្លេ​ពីរ​ខ្សែ អ៊ីចឹង ទំហំ​នៃ​ផល​ប៉ះពាល់​ទៅ​លើ​ធនធាន​ធម្មជាតិ ទៅ​លើ​សង្គម ទៅ​លើ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ មិន​មែន​តិចតួច​ដែរ។ទី​នេះ គឺ​ជា​អ្នក​ទទួល​រង​ដោយ​ផ្ទាល់ ឯ​អ្នក​ដែល​ទទួល​រង​ដោយ​ប្រយោល ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ នៅ​មាន​ចំនួន​ជាង ១០០​ភូមិ​ទៀត»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ ថ្លែង​ថា លោក​គាំទ្រ​ជំនឿ​ប្រពៃណី​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​អះអាង​ថា ការ​អភិវឌ្ឍ​ទំនប់​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា៖ «ខ្ញុំ​យល់​ចិត្ត​ពួក​គាត់​ណាស់ តែ​យើង​គួរ​តែ​យល់​ចិត្ត​រាជ​រដ្ឋាភិបាល ជា​ចំណុច​រួម​ដែល​យើង​ត្រូវ​ទៅ​ជាមួយ​គ្នា។ គ្រប់​សំណង​ផល​ប៉ះពាល់​ទាំងអស់ យើង​បំពេញ​តាម​បំណង​បង​ប្អូន​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ទាំងអស់»

ក្នុង​ពិធី​បន់​ស្រន់​អ្នក​តា​ក្រហម​ក នោះ អ្នក​ភូមិ​បាន​រៀប​ចំ​បំបួស​ដើម​ឈើ​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា សែន​អារក្ស​តាម​ប្រពៃណី​ជនជាតិ​ឡាវ និង​ជនជាតិ​ដើម​ភាគ​តិច និង​បណ្ដែត​កន្ទោង ដោត​ដោយ​ពាក្យ​ស្លោក​ប្រឆាំង​ការ​សាងសង់​ទំនប់​តាម​ដង​ទន្លេ​សេសាន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។