ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង បារម្ភពីការរំលាយភ្នំយកថ្មធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឯកជនចំនួន៥ ដែលធ្វើឱ្យបាត់បង់អត្តសញ្ញាណប្រចាំតំបន់ និងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពិចារណាសំណើ របស់ប្រជាពលរដ្ឋក្នុងការរក្សាទុកភ្នំប្រវត្តិសាស្ត្រ ដែលជាកេរដំណែលតំណាងឱ្យស្រុកកំណើតរបស់ពួកគេ។
បើគេធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់អាងស្ដុកទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង គេនឹងឃើញទេសភាពនៃប្រជុំភ្នំតាគ្រាម និងភ្នំទទឹង ដែលមានរុក្ខជាតិពណ៌ខៀវស្រងាត់ដុះពីលើតគ្នា រហូតដល់ភ្នំកំពីងពួយ។ លុះមកដល់មុខសាលាបឋមសិក្សាតាគ្រាម ដោយធ្វើដំណើរតាមផ្លូវមួយឆ្ពោះទៅទិសខាងលិចប្រហែល១គីឡូម៉ែត្រ គេនឹងប្រទះឃើញភ្នំ ប៉ុន្តែនៅលើភ្នំទាំងនោះគេមិនឃើញមានរុក្ខជាតិដុះខៀវស្រស់បំព្រងនោះទេ គឺមានតែកម្ទេចថ្មសក្បុសទៅវិញ។
នៅតាមចង្កេះភ្នំនីមួយៗ គេអាចលឺសម្លេងគ្រឿងចក្រកំពុងធ្វើសកម្មភាពដោយមានទាំងម៉ាស៊ីនកិនថ្ម អេស្កាវិចទ័រ ឡានបែនដឹកថ្មធំៗ និងម៉ាស៊ីនខួង ដើម្បីត្រៀមបង្កប់រំសេវបំផ្ទុះភ្នំ ហើយ ដែលសកម្មភាពទាំងនេះ កំពុងធ្វើឱ្យប្រជាពលរដ្ឋរស់នៅជុំវិញភ្នំបារម្ភថា កូនចៅជំនាន់ក្រោយរបស់ពួកគាត់ នឹងមិនបានឃើញភ្នំតាគ្រាមទៀតនោះទេ។
ពលរដ្ឋនៅភូមិតាគ្រាម លោក សឿន សំរិត ឱ្យដឹងថា អាជីវកម្មកាយថ្មនៅជួរភ្នំតាគ្រាម ហាក់មានសកម្មភាពមមាញឹកខ្លាំង នៅរយៈកាល ៥ឆ្នាំចុងក្រោយនេះ ដោយភ្នំមួយចំនួនត្រូវក្រុមហ៊ុន កាយដាច់អស់ជាងពាក់កណ្ដាល រួមមានភ្នំតាត្រង៉ោល ភ្នំប៉ោយស្វាយ ភ្នំថ្មក្រហម ភ្នំពពូល និងភ្នំតាគ្រាម ជាដើម។ ចំណែកឯភ្នំមួយចំនួនទៀត បានកាយរាប ដល់ដី និងបន្តកាយបាតភ្នំ ហើយក្លាយទៅជាបឹងធំៗ រួមមានភ្នំអន្សែ និងភ្នំគល់ ជាដើម។ លោកបារម្ភថា បណ្ដុំភ្នំតូចធំ នៅឃុំតាគ្រាម នឹងត្រូវបាត់រូបរាង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយទីតាំងភ្នំខ្លះ បានជំនួសមកវិញដោយបឹង។
លោក សឿន សំរិត៖ «ក្ដីបារម្ភ គឺចេះតែបារម្ភហើយ ប៉ុន្តែទង្វើដែលគេធ្វើនៅតែធ្វើរាល់ថ្ងៃ យើងមិនដឹងហាមឃាត់គេយ៉ាងម៉េច បើគេនៅតែធ្វើយ៉ាងគឃ្លើន។ យើងគិតមើលទៅ ភ្នំមួយៗបាញ់បំផ្ទុះ ប៉ើងថ្មប៉ុណ្ណាប៉ុណ្ណី សូម្បីតែប្រជាជននៅតាភូមិហ្នឹង រង្គើអស់ហើយផ្ទះសម្បែង»។
តំបន់ភ្នំប្រវត្តិសាស្ត្រក្នុងស្រុកបាណន់ មានភ្នំចំនួន៣១ គឺជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ មានប្រាសាទបុរាណ ធនធានធម្មជាតិដ៏សម្បូរបែប ដែលជាជម្រកសត្វព្រៃរស់នៅ និងសម្រាប់ឱ្យប្រជាពលរដ្ឋអាស្រ័យផល ដូចជាជីកទំពាំង និងរកផ្សិត ជាដើម។ ក៏ប៉ុន្តែ ភ្នំប្រវត្តិសាស្ត្រ មួយចំនួនស្ថិតនៅឃុំតាគ្រាម ត្រូវបានក្រុមហ៊ុនឯកជនកាយរំលាយ ដោយប្រើគ្រឿងចក្រ និងរំសេវផ្ទុះ ជាង៣ទសវត្សរ៍ មកហើយ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន ហេង ឆាតខនស្ត្រាក់សិន (Heng Chat Construction Co.Ltd) ក្រុមហ៊ុនលឹម ម៉េង គ្រុប (LIM MENG GROUP Co,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang thailong Co,Ltd) ក្រុមហ៊ុន ធី ឡុង (Thy Long) និងក្រុមហ៊ុន ហុង ហួតលី គ្រុប (Hong houtly Group Co,Ltd)។
អាជីវកម្មកាយថ្មនៅភ្នំតាគ្រាម មិនត្រឹមតែធ្វើឱ្យបាត់បង់អត្តសញ្ញាណភូមិសាស្ត្រ និងបរិស្ថានប៉ុណ្ណោះទេ ក៏ប៉ុន្តែអាជីវកម្មនេះ បានគំរាមកំហែង និងបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះថែមទៀតផង។
ពលរដ្ឋនៅភូមិប៉ោយស្វាយ លោក ពៅ ដារ៉ា ឱ្យដឹងថា ការបំផ្ទុះភ្នំយកថ្ម បានបង្កើតជារំញ័រធ្វើឱ្យប្រេះជញ្ជាំង និងសសរផ្ទះរបស់ពលរដ្ឋដែលនៅក្បែរការដ្ឋាននោះ។ លោកបន្តថា ក្នុងនោះរថយន្តដឹកថ្ម បានធ្វើឱ្យធ្លាក់ដុំថ្មធំៗ ពាសពេញផ្លូវដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងធ្វើឱ្យដីហុយ ជាពិសេសនៅរដូវប្រាំង ដែលបណ្ដាលឱ្យពលរដ្ឋមួយចំនួនកើតជំងឺផ្លូវដង្ហើម។ លោកបញ្ជាក់ថា ក្រុមហ៊ុនបានបំផ្ទុះថ្មរៀងរាល់ថ្ងៃ ហើយនៅពេលបំផ្ទុះម្ដងៗ បង្កឱ្យមានបំណែកថ្មតូចធំខ្ទាតខ្ចាយធ្លាក់លើដំបូលផ្ទះពលរដ្ឋផងដែរ។ ទន្ទឹមគ្នានេះ លោក ពៅ ដារ៉ា ក៏បារម្ភដែរថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនកាយថ្មបន្តទៀត នោះភ្នំតាគ្រាម អាចនឹងបាត់រូបរាង ក្នុងរយៈពេលដ៏ខ្លី និងបន្សល់ទុកតែឈ្មោះប៉ុណ្ណោះ។
លោក ពៅ ដារ៉ា៖ «ប្រយោជន៍អត់បានមកប្រជាពលរដ្ឋទេ បានតែដីហុយ បានតែខ្ទ័រ។ យើងសោកស្ដាយវាសោកស្ដាយណាស់ទៅហើយ ព្រោះភ្នំនេះ ជាភ្នំប្រវត្តិសាស្ត្រ គេហៅថាភ្នំលោកតាគ្រាមៗ ហ្នឹង ប៉ុន្តែឥឡូវជិតបាត់រូបហើយ វានៅតែឈ្មោះហ្នឹង»។
ភ្នំធម្មជាតិដែលអ្នកស្រុកបាណន់ ចាត់ទុកជានិមិត្តរូបភូមិកំណើត និងជាទីសក្ការនោះ ពេលនេះកំពុងសឹករេចរឹលជាបណ្ដើរៗហើយ បន្ទាប់ពីក្រុមហ៊ុនអាជីវកម្មកិនថ្មទាំងនោះ បានដាំបង្គោលរបងថ្មព័ទ្ធជុំវិញភ្នំ ដោយនៅសល់តែចន្លោះទុកឱ្យរថយន្តដឹកថ្មធ្វើចរាចរ ចំណែកឯការដ្ឋានកិនថ្ម បានរំកិលទៅដល់ចង្កេះភ្នំ រីឯគ្រឿងចក្រឡើងទៅដល់កំពូលភ្នំ។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេឃុំតាគ្រាម លោក ណី ពៅ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន និងតំណាងក្រុមហ៊ុនកិនថ្មទាំង៥ ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ កក្កដា។ ចំណែកប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង លោក អ៊ាន មាឃ ឱ្យដឹងថា ក្រុមហ៊ុនកិនថ្មនៅឃុំតាគ្រាម បានទទួលអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល ដោយឆ្លងកាត់ការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន ពីក្រសួងបរិស្ថាន។
លោក អ៊ាន មាឃ៖ «ធ្វើម៉េចដឹង អាហ្នឹងវាអាស្រ័យទៅលើអ្នកអាជីវកម្ម គេធ្វើម៉េចដឹង។ បើគេសុំដល់ណាទៀត ហើយក្រសួងបរិស្ថានគេឱ្យធ្វើ អាហ្នឹងគេនៅតែធ្វើអ៊ីចឹង ព្រោះអាហ្នឹងអាចវ៉ៃពីខាងបរិស្ថាន បើក្រុមហ៊ុននៅតែសុំ ខាងរ៉ែនៅតែជូនគាត់ ហើយខាងបរិស្ថានក៏គេវាយតម្លៃ។ អាហ្នឹងមាន២ ខាងខេត្តក៏លោកអនុញ្ញាតផង ក្រសួងបរិស្ថាន និងក្រសួងរ៉ែក៏អនុញ្ញាតបន្ត»។
ទោះជាបែបនេះក្ដី ប្រជាពលរដ្ឋអះអាងថា អាជីវកម្មថ្មភ្នំទាំងនេះ មិនបានផ្ដល់ផលប្រយោជន៍ដល់ពួកគាត់នោះទេ គឺមានតែបង្កការលំបាក ខូចខាតផ្លូវថ្នល់ និងបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ ពួកគាត់អះអាងថា កន្លងមកប្រជាពលរដ្ឋបានចេញមកតវ៉ាដោយបិទផ្លូវជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែអាជ្ញាធរហាក់មិនអើពើ និងមិនរកដំណោះស្រាយឱ្យពួកគាត់ឡើយ។
មន្ត្រីសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំនៅខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិតវ៉ាទៅអាជ្ញាធរ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយក្រុមហ៊ុន។ ទន្ទឹមគ្នានេះ លោកក៏ស្នើឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពិចារណាសំណើ របស់ប្រជាពលរដ្ឋក្នុងការរក្សាទុកភ្នំប្រវត្តិសាស្ត្រ ដែលជាកេរដំណែលតំណាងឱ្យស្រុកកំណើតរបស់ពួកគេ។
លោក យិន ម៉េងលី៖ «ការអភិវឌ្ឍក៏យើងរក្សាទុកដែរនៅទ្រព្យសម្បត្តិមួយចំនួនដើម្បីទុកជាបេតិកភណ្ឌសម្រាប់ប្រជាពលរដ្ឋយើង។ ដូចកង្វល់របស់ប្រជាពលរដ្ឋ គឺគាត់ត្រឹមត្រូវហើយ ហើយរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគប្បីពិចារណាទៅលើកង្វល់របស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាត់អាចនាំគ្នាធ្វើញត្តិផ្ដិតមេដៃ គាត់សំណូមពរទៅ តាមរយៈអាជ្ញាធរក៏បាន តាមរយៈមកខេត្ត ឬទោការិយាល័យតំណាងរាស្ត្រក៏បានដែរ ថាប្រសិនបើជាអភិវឌ្ឍ ក៏ប៉ុន្តែក៏គប្បីទុកចំណែកណាមួយនៃភ្នំហ្នឹង ដើម្បីបន្សល់វាអ៊ីចឹងទៅ»។
ពលរដ្ឋនៅឃុំតាគ្រាម ស្នើសុំឱ្យរដ្ឋាភិបាល បញ្ឈប់អាជីវកម្មក្រុមហ៊ុនកិនថ្មទាំងអស់ និងអភិរក្សភ្នំដែលនៅសេសសល់ឱ្យព្រៃឈើដុះឡើងវិញ ដើម្បីទុកនិមិត្តរូបនៃតំបន់ប្រវត្តិសាស្ត្រមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។