ពលរដ្ឋ​នៅ​ខេត្ត​មួយចំនួន​បារម្ភ​ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ​កាន់​តែ​ខ្លាំង ក្រោយ​​ចាប់ខ្លួន​សកម្មជន​បរិស្ថាន

0:00 / 0:00

ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​ភាព​អយុត្តិធម៌ ដែល​កើត​មាន​ចំពោះ​យុវជន​ការពារ​បរិស្ថាន​ទាំង ៥​រូប ដែល​លះបង់​ការពារ​ធនធាន​ធម្មជាតិ ក៏ប៉ុន្តែ​បែរ​ជា​ត្រូវ​ជាប់គុក។

ពួកគាត់​បារម្ភ​ថា ការ​ចាប់​សកម្មជន​បរិស្ថាន​ដាក់គុក នឹង​ជំរុញ​ឱ្យ​កើតមាន អំពើពុករលួយ​កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ កាន់តែ​ច្រើនឡើង។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប ខេត្ត​ស្ទឹងត្រែង និង​ខេត្តកំពង់ស្ពឺ បាន​ហៅ ការ​ចាប់ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ទាំងនេះ​ថា មិន​បាន​ផ្តល់​ចំណេញ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ធនធានធម្មជាតិ​ឱ្យ​គង់វង្ស​នោះ​ទេ​។ ផ្ទុយទៅវិញ ជា​ការ​លើកទឹកចិត្ត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន ក្រុមហ៊ុន​ឯកជន ជនបរទេស និង ក្រុម​ឧកញ៉ា​មួយ​ចំនួន បន្ត​កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ​កាន់តែ​ខ្លាំង​ឡើង។

ពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ស្ពឺ លោក លីវ សារ៉ុម យល់​ថា ទង្វើ​នេះ ឆ្លុះបញ្ចាំង​ពី​ការ​គំរាមកំហែង​បំបាក់ទឹកចិត្ត លើ​អ្នក​ដែល​លះបង់​ការពារ​ធនធាន​ធម្មជាតិ ធ្វើ​ឱ្យ​ព្រៃឈើ​មិន​អាច​ស្តារ​ឡើងវិញ​បាន​ឡើយ។

លោក​បន្ថែម​ថា យុវជន​ជា​អ្នក​បន្តវេន​យ៉ាង​សំខាន់ ក្នុង​ការងារ​ថែរក្សា​ធនធាន​ធម្មជាតិ ក្នុង​ដំណើរការ​អភិវឌ្ឍ​គ្រប់​រូបភាព ដែល​រដ្ឋាភិបាល​គួរតែ​ផ្តល់​កិច្ចសហការ និង​គាំទ្រ​សកម្មភាព​របស់​ពួកគាត់ ស្រប​តាម​រដ្ឋធម្មនុញ្ញ។

លោក លីវ សារ៉ុម៖ «ពលរដ្ឋ​គាត់​មិន​ហ៊ាន​និយាយ​ទៀត​ទេ ហ៊ាន​តែ​និយាយ​ជាប់គុក រដ្ឋាភិបាល​មិន​តាមដាន​មើល​ថា គាត់​និយាយ​រឿង​ពិត​ឬ​អត់​ប៉ុន្តែ​ឱ្យតែ​និយាយ​ចាប់​ដាក់គុក ស្រដៀង​នឹង​ខ្មែរក្រហម តែ​និយាយ​គេ​យក​ចោល​។ អ៊ីចឹង​ខ្ញុំ​ព្រួយបារម្ភ​មែនទែន​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ​។ ប្រសិនបើ​ពួកគាត់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​មិន​ឱ្យ​និយាយ នោះ​ធនធាន​ធម្មជាតិ​យើង​នឹង​បាត់បង់​ជា​បន្តបន្ទាប់»។

រីឯ​ពលរដ្ឋ​រស់នៅ​ស្រុក​អង្គរធំ ខេត្ត​សៀមរាប លោក សៀម រ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មុន​ឆ្នាំ ២០១០ ព្រៃឈើ​ក្នុងភូមិ​កំណើត​របស់​លោក​ក្រាស់ឃ្មឹក សម្បូរ​ព្រៃស្រោង និង​សត្វព្រៃ​រស់នៅ ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​តំបន់​នោះ បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ដោយ​គ្មាន​ការថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ​ទេ។

រីឯ​យុវជន និង​ពលរដ្ឋ​ភាគច្រើន គិតតែ​រឿង​រកស៊ី​ចិញ្ចឹម​ក្រពះ និង​ខ្លះ​ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ ដែល​កម្រ​មាន អ្នក​ដែល​លះបង់​ការពារ​ប្រយោជន៍​ជាតិ​ណាស់។

លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​បញ្ហា​នេះ​ឡើងវិញ ហើយ​ងាក​មក​លើកទឹកចិត្ត​យុវជន ដែល​លះបង់​ការពារ​សម្បត្តិ​ជាតិ។

លោក សៀម រ៉ាន់៖ «ការពារ​បរិស្ថាន ឱ្យ​តែ​ហ៊ាន​ជំទាស់​បន្តិច​ក៏​ចាប់ ចុងក្រោយ​អ្វី​ដែល​ត្រូវ​បាត់បង់​គឺ​ធនធាន​ធម្មជាតិ តែ​រលាយ​ធនធាន​ធម្មជាតិ​គឺ​ចប់​ហើយ​យើង មិនបាច់​ហៅថា​ប្រទេស​ខ្មែរ​ទេ ព្រោះ​ប្រទេស​ខ្មែរ​ជា​ប្រទេស​មួយ​ដែល​សម្បូរ​ធនធានធម្មជាតិ​គ្រប់​តាំង​ពី​ណា​មក​ហើយ»។

លោក សៀម រ៉ាន់ បន្ថែម​ថា នៅ​ពេល​ដែល​ព្រៃឈើ​បាត់បង់ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ កាន់តែ​លំបាក​ខ្លាំង ដោយសារ​បាត់បង់​កន្លែង​រក​អនុផល​ព្រៃឈើ​ចិញ្ចឹមជីវិត បញ្ហា​ចំណាកស្រុក និង ការប្រែប្រួល​អាកាសធាតុ​ជាដើម»។

ចំណែក​ពលរដ្ឋ​រស់នៅ​ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន សង្កេត​ឃើញ​ថា ពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ព្រោះ​ព្រៃឈើ​ជាច្រើន​តំបន់ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​ទាំងនេះ រលាយ​ស្ទើរតែ​ទាំងស្រុង ហើយ​បច្ចុប្បន្ន​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ កំពុង​កើតមាន​យ៉ាង​ពេញ​ទំហឹង។

លោក​ថា វិបត្តិ​បរិស្ថាន​ទាំងនេះ ឃើញ​មាន​ក្រុម​យុវជន​តិចតួច​ប៉ុណ្ណោះ ដែល​ហ៊ាន​ចុះ​ស៊ើបអង្កេត និង​លើកយក​ក្តី​កង្វល់​រួម របស់​ពលរដ្ឋ​ទៅ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដើម្បី​រុញ​ឱ្យ​មាន​ដំណោះស្រាយ។

លោក ថាន់ វ៉ន៖ «ប្រសិន​ចាប់​គ្នា​អ្នកការពារ​ព្រៃ​ហើយ វា​កាន់តែ​ហិនហោច​កាន់តែ​រលាយ បាត់បង់​សម្បត្តិ​ធម្មជាតិ​ប្រទេស​ខ្មែរ គ្នា​ការពារ​មិនបាន​ហើយ​ចប់​ហើយ បណ្ដោយ​ទៅតាម​គេ​ខ្ទេចខ្ទី​អស់ រដ្ឋាភិបាល​ទប់ស្កាត់​មិនបាន​ព្រៃ​ក៏​អស់ ភ្នំ​ក៏​អស់ រ៉ែ​មាស​ក៏​អស់ ចេះតែ​យ៉ាប់​ទៅៗ»។

ប្រតិកម្ម​របស់​ពលរដ្ឋ​ទាំងនេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល បាន​ចាប់ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​វ័យក្មេង ៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​កក្កដា បន្ទាប់ពី​តុលាការ​បាន​កាត់ទោស​ឲ្យ​ពួកគាត់ ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦​ឆ្នាំ ទៅ ៨​ឆ្នាំ ពាក់ព័ន្ធ​នឹង​សកម្មភាព​បរិស្ថាន។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង សមាគម​បណ្ដាញ​យុវជន​កម្ពុជា CYN លោក អូត ឡាទីន យល់​ថា រដ្ឋាភិបាល​គួរតែ​ហ៊ាន​ទទួល​ស្គាល់​ការពិត ចំពោះ​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង ដោយ​បើកចំហ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ការ​ចូលរួម​អភិរក្ស​ព្រៃឈើ​ដោយ​សេរី គ្មាន​ការ​គំរាមកំហែង និង​ចាប់ចង។

លោក អូត ឡាទីន៖ «ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​ងាក​មក​ធ្វើ​កំណែ​ទម្រង់​ឱ្យ​បាន​ស៊ីជម្រៅ លើ​កិច្ច​ការងារ​ការពារ​ធនធាន​ធម្មជាតិ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​ជា​ជាង​រាជរដ្ឋាភិបាល​ធ្វើការ​ឃាត់ខ្លួន​សកម្មជន​បរិស្ថាន»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឆ្ងល់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​លើកទឹកចិត្ត​យុវជន​ធ្វើអំពើ​ល្អ ក្នុង​ការ​ការពារ​ធន​ធាន​ធម្មជាតិ តើ​ឱ្យ​យុវជន​គួរ​ធ្វើ​បែប​ណា ដើម្បី​ការពារ​ភោគទ្រព្យ​ជាតិ​ឱ្យ​គង់វង្ស​?៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។