តំណាងសហគមន៍ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចោទប្រកាន់ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរ អភិបាលស្រុកពេជ្រាដា និងមេឃុំប៊ូស្រា ពីបទចេញលិខិតអនុញ្ញាតឲ្យកាប់ឈើរាប់ពាន់ម៉ែត្រគូប ដើម្បីធ្វើទីស្នាក់ការតំបន់ការពារបរិស្ថានភ្នំណាមលៀរ។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើនៃអង្គការអាដហុក (adhoc) ចាត់ទុកលិខិតអនុញ្ញាតនេះថាមានភាពមិនប្រក្រតី។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន ស៊ើបអង្កេតភាពមិនប្រក្រតីនៃលិខិតអនុញ្ញាតឲ្យកាប់ឈើជាង ៤ពាន់ម៉ែត្រគូប ដែលចុះហត្ថលេខាដោយអភិបាលស្រុកពេជ្រា ខេត្តមណ្ឌលគិរី។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសហគមន៍ភូមិពូលុ មួយក្រុម កាលពីថ្ងៃទី៣ ខែមីនា បានល្បាតព្រៃ និងប្រទះឃើញកម្មករប្រដាប់ដោយម៉ាស៊ីនកាត់ឈើ កំពុងអាររំលំយកឈើមានតម្លៃក្នុងព្រៃដែនជម្រកសត្វ ចំណុចអូររេត។ ក្នុងហេតុការណ៍នេះ សហគមន៍បានឃាត់ខ្លួនកម្មករបានម្នាក់ និងម៉ាស៊ីនកាត់ឈើបីគ្រឿង។ ចំណែកអ្នកស៊ីឈ្នួលកាត់ឈើ និងមេខ្លោងជួលកម្មករ បានរត់ចូលព្រៃ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា កម្មករអារឈើដែលសហគមន៍ឃាត់ខ្លួន បានបង្ហាញលិខិតមួយច្បាប់របស់នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ គឺលោក រ័ត្ន សុវណ្ណ ដែលបានស្នើសុំអភិបាលស្រុកពេជ្រាដា អារឈើជាង ៤ពាន់ម៉ែត្រគូប សង់ទីស្នាក់ការចំនួនពីរនៅតំបន់វារយោង និងអូរពោត។ លិខិតស្នើសុំនេះ ចុះកាលបរិច្ឆេទថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ តាមរយៈចំណារពីមេភូមិពូលុ និងមេឃុំប៊ូស្រា សុំការសម្រេចពីអភិបាលស្រុកពេជ្រាដា។ លិខិតនោះឃើញមានហត្ថលេខាបោះត្រាដោយអភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ដែលបានចារលើលិខិតសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួល ចុះកាលបរិច្ឆេទថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤។ លោកកត់សម្គាល់ទៀតថា លិខិតនោះមានភាពមិនប្រក្រតី ដូចជាបរិមាណឈើមានចំនួនច្រើនលើសលប់ គ្មានការកំណត់ពេលវេលាកាប់ គ្មានការបញ្ជាក់ពីអត្តសញ្ញាណ និងចំនួនកម្មករ រួមទាំងតួលេខម៉ាស៊ីនកាត់ឈើ ជាដើម។ លោក សុក រដ្ឋា ថ្លែងថា លិខិតអនុញ្ញាតនេះត្រូវគេប្រើប្រាស់ច្រើនខែកន្លងទៅ ដើម្បីកាប់ឈើដោយមិនមានការត្រួតពិនិត្យ៖ «លិខិតហ្នឹងកម្មករកាន់ ហើយគេអះអាងថាលិខិតហ្នឹងគេបានពីប្រធានបរិស្ថាន ឲ្យគេកាន់នៅពេលចុះកាប់ឈើ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមីនា មិនអាចទាក់ទងនាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោក រ័ត្ន សុវណ្ណ ដើម្បីសុំបញ្ជាក់ពីករណីនេះបានទេ។ ដោយឡែកអភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន ទទួលស្គាល់ថា មន្ត្រីដែនជម្រកសត្វព្រៃបានស្នើសុំកាប់ឈើធ្វើទីស្នាក់ការមែន ក៏ប៉ុន្តែឈើដែលស្នើសុំនោះមានប្រមាណ ១០ម៉ែត្រគូប តម្រូវការធ្វើទីស្នាក់ការការពារដែនជម្រកសត្វព្រៃតែប៉ុណ្ណោះ៖ «ខ្ញុំអនុញ្ញាតឲ្យមន្ត្រីហ្នឹងច្រៀកឈើដើម្បីសាងសង់ស្នាក់ការ ខ្ញុំឯណាទៅថ្លើមធំហ៊ានទៅដល់ ៤ពាន់ម៉ែត្រគូប»។
ទាក់ទិនករណីនេះដែរ ប្រធានក្រុមល្បាតសហគមន៍ភូមិពូលុ លោក ក្លាង ផូ រៀបរាប់ថា អ្នកដែលជួលកម្មករអារឈើ គឺជាមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំណាមលៀរ ឈ្មោះ ភ័ក្រ។ លោកបញ្ជាក់ថា សកម្មភាពកាប់ឈើនេះកើតមានយូរខែហើយ មិនមែនដើម្បីធ្វើទីស្នាក់ការបរិស្ថានដូចការស្នើសុំនោះទេ។ ហេតុនេះ សហគមន៍បានឃាត់ខ្លួនកម្មករស៊ីឈ្នួល ហើយប្រគល់ជូនអាជ្ញាធរឃុំ និងមន្ត្រីបរិស្ថាន ដើម្បីស៊ើបអង្កេត។ លោកកត់សម្គាល់ដែរថា កម្មករស៊ីឈ្នួលត្រូវបានមន្ត្រីបរិស្ថានដោះលែង៖ «ដល់យប់ម៉ោង៧ ខ្ញុំជូនដល់ឃុំប្រគល់ឲ្យបរិស្ថាន។ ខ្ញុំព្រមានថា បើមេឃុំដោះលែង ខ្ញុំប្ដឹងមេឃុំ បើបរិស្ថានដោះលែង ខ្ញុំប្ដឹងបរិស្ថាន»។
ទោះជាយ៉ាងនេះក៏ដោយ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សម្ដែងការភ្ញាក់ផ្អើលទាក់ទិនលិខិតអនុញ្ញាតឲ្យកាប់ឈើមានតួលេខរាប់ពាន់ម៉ែត្រគូប ដើម្បីធ្វើទីស្នាក់ការបរិស្ថាន។ លោកទទួលស្គាល់ថា ពិតជាមានតម្រូវការសង់ទីស្នាក់ការនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ ប៉ុន្តែលោកមិនឃើញរបាយការណ៍ពីបរិមាណឈើស្នើសុំមកមន្ទីរបរិស្ថាននោះឡើយ៖ «ផែនការធ្វើមែនស្នាក់ការហ្នឹងណា អត់ឃើញលិខិតទេ ស្នាក់ការបរិស្ថានមួយៗមិនដែលធ្វើឈើ ៤ពាន់ម៉ែត្រគូបទេ ហើយបើមានទិន្នន័យមែន ខ្ញុំក៏មិនឯកភាពដែរ»។
ដែនជម្រកសត្វព្រៃភ្នំណាមលៀរ រងការកាប់យកឈើប្រណីត ឈើមានតម្លៃច្រើនឆ្នាំកន្លងទៅ និងរហូតបច្ចុប្បន្ន សកម្មភាពអនាធិបតេយ្យកាប់ឈើយកដីកាន់តែកើនឡើង។ លោក ឈិន សុផល អះអាងថា សហគមន៍ផ្ទាល់ក៏ជាអ្នកកាប់រានព្រៃនៅតំបន់នោះយកដីមួយផ្នែកធំដែរ។
ទោះជាយ៉ាងនេះក្តី នៅរសៀលថ្ងៃទី៦ ខែមីនា តំណាងសហគមន៍ភូមិពូលុ បានដាក់ពាក្យប្ដឹងទៅស្ថាប័នអយ្យការតុលាការខេត្ត ដើម្បីចាត់ការស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីនៃលិខិតអនុញ្ញាតកាប់ឈើ និងការដោះលែងកម្មករកាប់បំផ្លាញព្រៃឈើដោយមន្ត្រីបរិស្ថាននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។