សហគមន៍​ព្រៃ​ព្រះរការ​ខេត្តព្រះវិហារ​ស្នើ​ឱ្យ​លោក សៅ សុខា បើកចំហ​សេរីភាព​ល្បាត​ព្រៃ

ដោយ ជីវិតា
2023.05.11
សហគមន៍​ព្រៃ​ព្រះរការ​ខេត្តព្រះវិហារ​ស្នើ​ឱ្យ​លោក សៅ សុខា បើកចំហ​សេរីភាព​ល្បាត​ព្រៃ អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះរការ រស់នៅ​ស្រុក​ចំនួន​៣ ក្នុង​ខេត្ត​ព្រះវិហារ ស្នើ​ឱ្យ​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បើកចំហ​សេរីភាព​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់ពី​មេ​ប៉េអិម​រូប​នេះ បាន​បញ្ជា​ឱ្យ​មន្ត្រី​អាវុធហត្ថ​រាប់​រយ​នាក់ ប្រើ​កាំភ្លើង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ទៀត។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះរការ​រស់នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បន្ត​អំពាវនាវ​ឱ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​លោក សៅ សុខា អន្តរាគមន៍​ទៅ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​យល់យោគ​ចំពោះ​ក្រ​ដែល​ពលរដ្ឋ​ក្រី រស់នៅ​ជុំវិញ​ព្រៃព្រះរការ ដែល​មាន​បំណង ការពារ​ព្រៃ​ឱ្យ​គង់វង្ស។

ប្រជា​សហគមន៍​សង្កេត​ឃើញ​ថា ក្រោយ​ពី​ក្រសួងបរិស្ថាន ហាមឃាត់​ពួកគាត់​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ដើមឈើ​ធំៗ​មាន​អាយុកាល​រាប់រយ​ឆ្នាំ ប្រភេទ រាំង ឈ្លីក ផ្ដៀក ផ្ចឹក និង​ឈើទាល​ជាដើម បាន​ដួល​រំលំ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​តំបន់​ព្រៃ​អភិរក្ស នៅ​សល់​តែ​គល់ ដោយ​គ្មាន​ការអនុវត្ត​ច្បាប់ ជាច្រើន​ឆ្នាំ​មក​ហើយ។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះរការ​រស់នៅ​ស្រុក​ឆែប លោក សៅ សារី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១០ ឧសភា ថា អាជ្ញាធរ​មូលដ្ឋាន នគរបាល និង​មន្ត្រី​បរិស្ថាន មិន​ត្រឹមតែ​មិន​លើកទឹកចិត្ត​ពលរដ្ឋ ដែល​ក្លាហាន​ចូលរួម​ការពារ​ព្រៃ​នោះ​ទេ តែ​ផ្ទុយទៅវិញ បែរ​ជា​គំរាមកំហែង នៅ​ពេល​ពលរដ្ឋ​បបួលគ្នា​ចូល​ព្រៃ​អភិរក្ស​ម្តងៗ។

រីឯ​ពលរដ្ឋ​ខ្លះ​បាក់​ទឹកចិត្ត និង​ភ័យខ្លាច​អាជ្ញាធរ​ចាប់​ដាក់គុក មិន​ហ៊ាន​ចុះ​ល្បាត​ព្រៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បទល្មើស​ព្រៃឈើ​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ ជា​រៀងរាល់​ថ្ងៃ ប៉ះពាល់​ជម្រក​សត្វព្រៃ និង​កន្លែង​អាស្រ័យ​ផល​ព្រៃឈើ​យ៉ាង​សំខាន់ របស់​ជនជាតិ​ដើម​ភាគតិច​កួយ។

លោក សៅ សារី៖ «ពលរដ្ឋ​ក្រីក្រ​នៅ​ជុំវិញ​ព្រៃព្រះរការ នៅ​ជុំវិញ​ព្រៃ​ព្រះរការ​ដើម្បី​រស់​នឹង​ព្រៃ​ព្រះរការ បើ​អស់​ព្រៃ​ពលរដ្ឋ​ក្រីក្រ​មិនដឹង​បាន​អី​រក​ទេ។ កងកម្លាំង​មន្ត្រីរាជការ​គាត់​អត់​ចូលរួម អស់​យើងខ្ញុំ​ការពារ វា​ពិបាក​រឿង​ចូល​ព្រៃ​គេ​អត់​ឱ្យ​ចូល​ទេ មែនទែន គេ​និយាយ​គំរាម អាជ្ញាធរ​មូលដ្ឋាន»។

កាលពី​ថ្ងៃទី៩ ឧសភា បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រការ បាន​ចេញ​សេចក្តី​ការណ៍​រួម​មួយ សាទរ​ចំពោះ​ចំណាត់ការ លោក សៅ សុខា ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែល​បញ្ជា​ឱ្យ​មន្ត្រី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន និង​អ្នក​នៅ​ពីក្រោយ​ខ្នង។

ពួកគាត់​ក៏​ស្នើ​ឱ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូប​នេះ អនុញ្ញាត​ឱ្យ​ពលរដ្ឋ សកម្មជន​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច ចូលរួម​តាមដាន និង​ការពារ​ព្រៃ​ព្រះរការ ឱ្យ​បាន​ទូលំទូលាយ​ទាំងអស់​គ្នា និង​រៀបចំ​កម្លាំង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឱ្យ​សកម្ម ដែល​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​មូលដ្ឋាន។

សមាជិក​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះរការ រស់នៅ​ស្រុក​ឆែប លោកស្រី ជួន ឃឹម បារម្ភ​ថា ក្នុង​ពេល​ដែល​អាជ្ញាធរ​រឹតត្បិត​ពលរដ្ឋ​មិន​ឱ្យ​ល្បាត​ព្រៃ​ជាង ៣​ឆ្នាំ​កន្លង​ទៅ​នេះ សកម្មភាព​កាប់​ឈើ​ខុសច្បាប់​កើន​ឡើង​ច្រើន ពាសពេញ​ព្រៃ​ព្រះរការ ធ្វើ​ឱ្យ​ព្រៃ​អភិរក្ស​មួយ​នេះ បាត់​បង់​ដើមឈើ​ធំៗ​ជា​គំហុក ប៉ះពាល់​ជីវភាព​ជនជាតិ​ដើម​ភាគតិច និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម។

លោកស្រី​ថា នៅ​ពេល​ព្រៃ​ឈើ​បាត់បង់ ទឹកអូរ ស្ទឹង និង​បឹងបួ​ជាច្រើន​បាន​រីង​ខះ នៅ​រដូវប្រាំង​ឆ្នាំ​នេះ ខុស​ប្លែក​ពី​ឆ្នាំមុនៗ។

លោកស្រី ជួន ឃឹម៖ «ខ្ញុំ​ក៏​សំណូមពរ​ឱ្យ​មន្ត្រី​ជំនាញ និង​ថ្នាក់លើ​ឱ្យ​គាត់​ជួយ អន្តរាគមន៍​ចុះ​មើល​ព្រៃ និង​ឱ្យ​បាន ហើយ​ឱ្យ​សហគមន៍​យើង​ព្រៃ​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ វា​ពិបាក​។ សុខភាព​ក៏​លំបាក»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក អេង ហ៊ី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១០ ឧសភា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ក៏​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ចុងខែ​មេសា កន្លង​ទៅ ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​បញ្ជា​ឱ្យ​មន្ត្រី​អាវុធហត្ថ​រាប់​រយ​នាក់ ប្រើ​កាំភ្លើង បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ចាប់​វាយ​ខ្នោះ​មេ​ឈ្មួញ រួម​ទាំង​អ្នកបញ្ជា​នៅ​ពី​ក្រោយ​ខ្នង។ លោក​ស្តី​បន្ទោស​មន្ត្រី​មួយចំនួន​ថា ដេក​ងាប់ មិន​បំពេញ​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។

លោក សៅ សុខា៖ «ឥលូវ​បើ​អា​ស្រុក និង​ខេត្ត​មិន​ធ្វើ​ទេ យើង​ធ្វើ មិន​បាច់​ហៅ​ពី​ណា​ទៅ​ទេ អាវុធហត្ថ​ទៅ​ធ្វើ ហើយ​បើ​មាន​កាំភ្លើង​តដៃ​ទេ បាញ់​គ្នា គឺ​បាញ់​តែម្តង មិនបាច់​និយាយ​ច្រើន​ទេ​។ ស្អី​ក៏​សម្បើម​ម្ល៉េះ​បំផ្លាញ មិនឮ​នាយករដ្ឋមន្ត្រី បញ្ជា​យ៉ាងម៉េច​ទេ​ហី​? ហើយ​មន្ត្រី​អស់ហ្នឹង​ដេក​ងាប់​ហ្មង»។

ចំណែក មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​លើ​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មការ​ជំនាញ ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ទេ ព្រោះ​កន្លង​ទៅ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បានតែ​មួយ​រយះ​ពេល​ខ្លី នៅ​គ្រា​ដែល​លោក ហ៊ុន សែន ចេញ​បទបញ្ជា​ម្តងម្កាល ហើយ​ក្រោយ​មក​ក៏​ស្ងាត់​ទៅវិញ ដោយ​គ្មាន​ចំណាត់ការ​ឱ្យ​មាន​ប្រសិទ្ធភាព​យូរអង្វែង​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ការពារ​ព្រៃឈើ ដែល​ជា​ភោគទ្រព្យ​របស់​ជាតិ។ លោក​ថា ប្រសិនបើ​មានការ​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ពលរដ្ឋ​អាច​ប្ដឹង​មន្ត្រី​ដែល​រារាំង​ទាំងនោះ​ទៅ​តុលាការ​។ លោក​សោកស្តាយ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ បន្ត​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូលរួម​ការពារ​ព្រៃ ដើម្បី​លាក់បាំង​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃឈើ និង​អំពើពុករលួយ​របស់​មន្ត្រី​ខិលខូច។

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រការ ត្រូវ​ក្រសួង​បរិស្ថាន​ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខេត្តព្រះវិហារ​។ ដែន​អភិរក្ស​នេះ ជា​ប្រភព​សេដ្ឋកិច្ច និង​ប្រាក់ចំណូល របស់​ពលរដ្ឋ​ក្រីក្រ​រាប់ពាន់​គ្រួសារ ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​មួយ​នេះ​ដែល​ពួកគាត់​តែងតែ​ចូល​ព្រៃ​រក​ឧស ឃ្វាលគោ​ក្របី រក​បន្លែ​ផ្លែឈើ ដង​ជ័រទឹក ធ្វើបុណ្យ​ទាន​បែប​ប្រពៃណី និង រក​អនុផល​ព្រៃឈើ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។