សហគមន៍ការពារព្រៃព្រះរកាខេត្តព្រះវិហារ និងក្រុមយុវជន បង្ហាញក្តីកង្វល់ជាថ្មីទៀត ពីជោគវាសនាព្រៃព្រះរកា ដែលជាប្រភពសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច។ ពួកគាត់បារម្ភថា ព្រៃនេះនឹងប្រឈមវិនាសហិនហោចនៅថ្ងៃខាងមុខ ព្រោះក្រសួងបរិស្ថាននៅតែឆកល្វែង ក្នុងការអនុវត្តច្បាប់ព្រៃឈើឱ្យតឹងរ៉ឹង។ ពួកគាត់អះអាងថា ក្រុមជនល្មើសជាច្រើនក្រុម មានម៉ាស៊ីនអារឈើទំនើប កែច្នៃឈើក្នុងព្រៃធ្វើជាគ្រឿងផ្ទះ និងអារច្រៀកជាបន្ទះក្ដារ រួចដឹកចេញក្រៅនៅពេលយប់។
សហគមន៍ការពារព្រៃព្រះរកា នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ឱ្យដឹងថា ព្រៃព្រះរកាបច្ចុប្បន្ន គឺជាទីផ្សាររបស់អ្នករកស៊ីឈើខុសច្បាប់ ជាយូរណាស់មកហើយ បើទោះបីជាក្រសួងបរិស្ថានបានបញ្ជូនឆ្មាំអភិរក្ស ឈរជើងការពារព្រៃនៅតំបន់នោះក្តី។ ពួកគាត់មានសង្ឃឹមតិចណាស់ថា ក្រសួងបរិស្ថាននឹងសង្គ្រោះព្រៃអភិរក្សមួយនេះបាន ព្រោះសកម្មភាពដឹកជញ្ជូនឈើ និងការលួចកាប់ឈើធំៗ ជាពិសេស ដើមច្បោះជ័ររបស់អ្នកស្រុក នៅតែកើតមានឥតឈប់ឈរ។
ប្រជាសហគមន៍ការពារព្រៃព្រះរកា លោក ចាន់ សីលា ឱ្យដឹងនៅថ្ងៃទី ១៥ ខែធ្នូថា គ្រួសារលោកមានដើមច្បោះជ័រជាង ៣២៣ដើម កំពុងប្រឈមការលួចកាប់បំផ្លាញ ពីសំណាក់ក្រុមជនល្មើសមួយចំនួន ហើយមកទល់ពេលនេះគ្រួសាររបស់លោកបានដាក់វេនគ្នាចុះល្បាតជាប្រចាំថ្ងៃ។ លោកថា ក្នុងមួយខែគ្រួសារលោក អាចដងជ័រទឹកបានជាង ១០កាន ហើយក្នុងមួយកាន អាចលក់បាន ចាប់ពី ៨ម៉ឺនរៀល ដល់ ជិត ២០ម៉ឺនរៀល។ លោកបន្ថែមថា រយៈពេលជាង ១ឆ្នាំមកនេះ ក្រុមជនល្មើសបានលួចកាប់ដើមច្បោះជ័ររបស់លោក អស់ជាង ៥០ដើមហើយ៖ «ពួកគាត់ច្នៃឈើនៅក្នុងព្រៃអស់ហើយអ៊ីចឹង ហើយពួកវាចូលដឹកដាក់ម៉ាស៊ីនក្នុងហ្នឹងចូលធ្វើការនៅពេលយប់ ចាប់ពីនៅម៉ោង ១២យប់ ដល់ម៉ោង ៣ទៅ ៤យប់។ រាល់ថ្ងៃនេះការការពារ ទាំងសហគមន៍ អាជ្ញាធរក្នុងភូមិ និងឃុំ ទាំងបីស្រុកហ្នឹង គឺខ្វះសមត្ថភាពការពារដោយសារតែយើង អត់ឈ្នះអ្នកកាប់ ពីព្រោះអ្នកកាប់វាមានបច្ចេកទេសខ្ពស់ជាងយើង » ។
បុរសដដែលបន្ថែមថា ក្រុមជនល្មើស នៅតែលួចចូលដឹកឈើ និងកាប់រំលំឈើធំៗ ក្នុងព្រៃព្រះរកាជាបន្តបន្ទាប់ ហើយពួកគេមានម៉ាស៊ីនអារឈើទំនើប ចូលទៅច្រៀកឈើ ជាបន្ទះក្ដារ និងឈើជ្រុងក្នុងព្រៃរួចជាស្រេច ដើម្បីងាយស្រួលដឹកចេញក្រៅនៅពេលយប់។ លោកថា ឈើមូលធំៗ បន្សល់ទុកចុងក្រោយនៅចំណុច អូររមាល់ អូរវាលខ្លុង តំបន់ចំបក់ក្អែក អូរតាឯក អូរខ្សាច់ និងថ្មជញ្ជាំង ក្នុងព្រៃព្រះរកា កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់៖ «នៅតែមានការព្រួយបារម្ភខ្លាំងជាងមុនទៀត មុនការប្រកាសបង្ក្រាបរបស់រដ្ឋាភិបាល របស់ក្រសួង របស់អាវុធហត្ថលើផ្ទៃប្រទេស។ ព្រោះឥឡូវវាចង់មកលួចកាប់ជុំវិញព្រំប្រទល់ខ្ញុំ មិនថា ផ្ដៀក មិនថា គគីរ ផ្ចឹក សុក្រំ គឺគេកាប់ទាំងអស់ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងនាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន នៅថ្ងៃទី១៥ ធ្នូ។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃដដែលនេះ។
តែយ៉ាងណា អ្នកនាំពាក្យរួបនេះ ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រសួងនឹងអនុវត្តច្បាប់ ដោយមិនរើសមុខចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសក្នុងតំបន់ព្រៃការពារ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកបន្ថែមថា ក្រសួងគ្រោងបោះបង្គោលកំណត់ព្រំប្រទល់ ដែនជម្រកសត្វព្រៃព្រះរកា ដើម្បីបង្ហាញពីភាពច្បាស់លាស់ ក្នុងការកិច្ចគាំពារអភិរក្សនេះ។
ក្រុមយុវជនដែលតែងចុះល្បាតព្រៃព្រះរកា លោក ម៉ា ចិត្រា យល់ថា ប្រសិនបើក្រសួងមានសុឆន្ទៈអនុវត្តច្បាប់ព្រៃឈើ គឺក្រុមជនល្មើសមិនអាចគេចផុតពីកណ្ដាប់ដៃសមត្ថកិច្ចបាននោះទេ។ ក៏ប៉ុន្តែលោកសង្កេតឃើញថា បទល្មើសព្រៃឈើកើតមានដោយសារមានការបើកដៃ ពីមន្ត្រីជំនាញ និងសមត្ថកិច្ច។ លោកថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន តែងតែឆ្លើយដោះសាយករួចខ្លួន នៅពេលដែលមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៖ «មានតែការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទេ ដែលគាត់អាចការពារព្រៃព្រះរកាហ្នឹងបាន។ យើងមើលទៅសមត្ថភាពពួកគាត់ គឺគាត់មាន ប៉ុន្តែឆន្ទៈពួកគាត់មិនទាន់មានគ្រប់គ្រាន់តែ បើសិនជាគាត់មានឆន្ទៈក្នុងការធ្វើ មនុស្សតែ ៥នាក់ ទៅ ១០នាក់ក៏អាចធ្វើបានដែរ។ ក្នុងនាមគាត់ជាមន្ត្រីរាជការ ហើយគាត់យកច្បាប់មកអនុវត្តឱ្យបានម៉ឺងម៉ាត់ » ។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មើលឃើញថា បញ្ហានេះជាការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន ដែលមានសមត្ថកិច្ចថែរក្សាព្រៃអភិរក្សមួយនេះ។ លោកសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានថ្នាក់ខេត្ត មិនបានយកចិត្តទុកដាក់ ជួយការពារព្រៃព្រះរកាឱ្យបានពេញលេញនោះទេ ហើយបទល្មើសតែងតែកើតមាន ដោយសារមានការឃុបឃិតគ្នា៖ «បទល្មើស គឺកើតឡើងដោយស៊ីសំណូកសូកប៉ាន់គ្នា។ បទល្មើសណាគាត់ធ្វើបាន គឺគាត់ឱ្យលុយកាន់ទៅមន្ត្រី ទៅអាជ្ញាធរអ៊ីចឹងទៅ។ អ៊ីចឹងទៅធ្វើឱ្យបទល្មើសវាកើតមាន ហើយសម្រាប់ករណីទី២ ជនល្មើសទៅលួងលោម ទៅគំរាមកំហែងម្ចាស់ច្បោះ ដើម្បីឱ្យពួកគាត់ភ័យខ្លាច ដើម្បីលក់ដើមច្បោះឱ្យពួកជនល្មើស ដើម្បីបានកាប់ និងអារធ្វើចរាចរដឹកលក់នៅខាងក្រៅ » ។
ដែនជម្រកសត្វព្រៃព្រះរកា ត្រូវក្រសួងបរិស្ថានដាក់បញ្ជូនជាព្រៃអភិរក្សមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខែត្រព្រះវិហារ ក៏ប៉ុន្តែព្រៃនេះបានទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់អស់រយៈពេលច្រើនឆ្នាំមកហើយ។ សព្វថ្ងៃ ព្រៃអភិរក្សមួយនេះ មានឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានចំនួន ១៤នាក់ ដែលជាចំនួនដ៏តិចតួច បើប្រៀបធៀបនឹងទំហំព្រៃដែលត្រូវការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។