សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ថា​ការ​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​មាន​ភាព​ធូរ​រលុង

ដោយ ម៉ែន សុធីរ
2017-04-25
Share
កាប់​ឈើ​ព្រៃ​ឡង់ ក្រចេះ ២០១៧ ១៤៤០ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់ ក្បែរ​ចំណុច​ភូមិ​ត្រពាំងទា ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA

សកម្មជន​ព្រៃ​ឡង់​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ រក​ឃើញ​ថា ជោគវាសនា​ព្រៃ​ឡង់​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​ចលនា​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស និង​កាប់​ឈើ​មាន​តម្លៃ នៅ​តែ​បន្ត​កើត​មាន។ ពួក​គេ​ថា ពលរដ្ឋ​ចំណាក​ស្រុក​ច្រើន​គ្រួសារ បាន​នាំ​គ្នា​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​អភិរក្ស និង​កាប់​ព្រៃ​ធ្វើ​ចម្ការ​អស់​ជាច្រើន​ហិកតារ។

សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អំពាវនាវ​នៅ​ថ្ងៃ​ទី​២៥ មេសា ឲ្យ​ក្រសួង​បរិស្ថាន លុប​បំបាត់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់ និង​បញ្ឈប់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ក្នុង​បរិវេណ​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព។ ពួក​គេ​រក​ឃើញ​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កើត​មាន​ដដែលៗ ទាំង​ការ​ដឹក​ជញ្ជូន​ឈើ​តាម​គោយន្ត និង​កាប់​ព្រៃ​រាន​យក​ដី​ធ្វើ​ចម្ការ។

សកម្មជន​ព្រៃ​ឡង់​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក ឯក វណ្ណា ឲ្យ​ដឹង​ថា បច្ចុប្បន្ន ពលរដ្ឋ​ចំណាក​ស្រុក​កំពុង​បន្ត​កាប់​ឈើ​រាន​យក​ដី​នៅ​ចំណុច​អូរ​ស្ទឹង​ឆ្លាំង អូរ​យ៉ាវ អូរ​ខ្មង និង​ភូមិ​ត្រពាំងទា អស់​ជាច្រើន​ហិកតារ។ ដោយឡែក​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ពុំ​សូវ​ចុះ​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ឆ្ងាយៗ​នោះ​ទេ។ លោក​អះអាង​ថា ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​បរិស្ថាន នៅ​តែ​ធូរ​រលុង​នៅ​ឡើយ ខណៈ​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​ប៉ុស្តិ៍​បរិស្ថាន នៅ​តែ​កើត​មាន ហើយ​សកម្មភាព​បង្ក្រាប និង​ទប់ស្កាត់​ហាក់​មាន​តិចតួច​នៅ​ឡើយ៖ «ក្រសួង​បរិស្ថាន មាន​តួនាទី មាន​កាតព្វកិច្ច​ក្នុង​ការពារ​មិន​ឲ្យ​ឈើ​ចេញ​រួច ប៉ុន្តែ​ហេតុ​អី​បាន​ឈើ​ហ្នឹង​ដឹក​ចេញ​មុខ​ស្នាក់ការ​បរិស្ថាន​ហើយ គឺ​គាត់​មិន​ចាត់ការ។ សហគមន៍​ព្រៃ​ឡង់​គ្រាន់​តែ​មាន​ការ​សង្ស័យ មាន​ការ​ត្រូវរ៉ូវ​គ្នា​បាន​អាច​ដឹក​ចេញ​បាន»

លោក ឯក វណ្ណា បន្ថែម​ថា សហគមន៍​ព្រៃ​ឡង់​ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​ចំពោះ​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​បរិស្ថាន នៅ​ឡើយ​ទេ ដរាប​ណា​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅ​តែ​កើត​មាន។ លោក​បារម្ភ​ថា ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នឹង​គ្មាន​ទី​បញ្ចប់​ទេ ប្រសិន​បើ​ក្រសួង​បរិស្ថាន មិន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​មិន​បន្ថែម​ល្បឿន​អភិរក្ស​ឲ្យ​គ្រប់​ជ្រុងជ្រោយ៖ «លក្ខណៈ​នេះ​បើ​សិន​គាត់​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ច្បាប់​ធូរ​រលុង​បែប​នេះ គឺ​ការ​អនុវត្ត​អត់​បាន​ជោគជ័យ​ទេ ហើយ​យើង​នឹង​ប្រឈម​ការ​បាត់បង់​ខ្ពស់​មែន​ទែន»

កាល​ពី​ថ្ងៃ​ទី​២៤ មេសា សហគមន៍​ព្រៃ​ឡង់​ប្រទះ​ឃើញ​ឈើ​ធំៗ ត្រូវ​គេ​កាប់​រំលំ​យក​ដី​ធ្វើ​ចម្ការ​អស់​ជាច្រើន​ហិកតារ នៅ​ចំណុច​ក្បែរ​ភូមិ​ត្រពាំងទា ចំណុច​អូរ​យ៉ាវ និង​អូរ​ស្ទឹង​ឆ្លាំង។ សកម្មភាព​កាប់​ទន្ទ្រាន​នេះ ភាគច្រើន​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ក្រីក្រ​មក​ពី​ខែត្រ​ក្រចេះ ត្បូងឃ្មុំ និង​ខែត្រ​កំពង់ចាម ជាដើម។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​២៥ មេសា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​មន្ទីរ​បរិស្ថាន​ទាំង​បួន​ខែត្រ​ធ្វើ​ការ​តាមដាន ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​ជាប់​ជា​ប្រចាំ​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ ប្រសិន​បើ​មាន​ករណី​លួច​កាប់​ឈើ ឬ​ក៏​ឈូស​ឆាយ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​នៅ​ព្រៃ​ឡង់ ត្រូវ​ចាត់​វិធានការ​ច្បាប់។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ សហគមន៍​ប្រទះ​ឃើញ​ឈើ​រាប់​រយ​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ដឹក​មក​ទុក​នៅ​បរិវេណ​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ជាប់​ព្រៃ​ឡង់ និង​បាន​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ដែនដី ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បាន​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃ​កើត​មាន​ឡើង គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អភិរក្ស​ព្រៃ​ឈើ​របស់​រាជ​រដ្ឋាភិបាល។ លោក​ថា ព្រៃ​ឡង់​នឹង​វិនាស​ហិនហោច ដរាប​ណា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កើត​ឡើង​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ «រដ្ឋ​យើង​បាន​ផ្តល់​នូវ​ច្បាប់​សំខាន់ៗ ដើម្បី​ឲ្យ​មន្ត្រី​ទាំងអស់​ហ្នឹង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព តែ​ផ្ទុយ​ទៅ​វិញ យើង​ឃើញ​ថា ហេតុ​អី​ពុំ​មាន​ប្រសិទ្ធភាព ពីព្រោះ​វា​មាន​ការ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ធ្វើ​ឲ្យ​ការ​បាត់បង់​ព្រៃ​ឈើ»

របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​ព្រៃ​ឡង់​បាន​ជំនួស​មក​វិញ​នូវ​ដំណាំ​ដំឡូង ស្វាយចន្ទី និង​កៅស៊ូ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន។ បញ្ហា​នេះ ពួក​គេ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​បន្ទាន់ និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នៅ​តំបន់​នោះ​ឲ្យ​គង់វង្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល