សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​ ប្រតិកម្ម​ចំពោះ​គណៈកម្មការ​ជាតិ​ រក​មិន​ឃើញ​កំហុស​ក្រុមហ៊ុន ស៊ីង បាយអូថេ​ក

0:00 / 0:00

សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​ ប្រតិកម្ម​ចំពោះ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាក់ទិន​ករណី​ រក​មិន​ឃើញ​កំហុស​ក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA)។ កា​លើក​ឡើង​នេះ បន្ទាប់​ពី​គណៈកម្មការ​ជាតិ បាន​ចុះ​ស៊ើប​អង្កេត ពីភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ ក៏​ប៉ុន្តែ​មិន​បាន​អនុវត្ត​ច្បាប់​នោះ​ទេ។

សកម្មជន​បរិស្ថាន​ និង​សហគមន៍​ព្រៃ​ឡង់​ សង្ស័យ​ថា​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ មាន​ចេតនា​ឃុបឃិត​ ជាមួយ​ក្រុមហ៊ុន​ ស៊ីង បាយអូថេក និង​លាក់បាំង​កំហុស​ឆ្គង​ជា​ច្រើន​ របស់​ក្រុមហ៊ុន​នេះ។ ពួកគេ​មើល​ឃើញ​ថា បេសកកម្ម​ចុះ​ស៊ើបអង្កេត​របស់​គណៈកម្មការ​នេះ​ មិន​អាច​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​ និង​រក​យុត្តិធម៌​ជូន​សហគមន៍​ព្រៃ​ឡង់​បាន​នោះ​ទេ បើ​ទោះ​បី​ជា​ ពួកគេ​មាន​វីដេអូ​ និង​រូបភាព​ជាច្រើន​ បង្ហាញ​ថា ក្រុមហ៊ុន​នេះ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ​ធំធេង​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ។

សហគមន៍​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង​ កញ្ញា​ ឈាង​ លី​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ កញ្ញា​ថា បទ​ល្មើស​ព្រៃ​ឈើ​មួយ​ចំនួន គណៈកម្មការ​ជំនាញ​មួយ​នេះ​អាច​បង្ក្រាប​បាន​ ក៏ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន ​ស៊ីង​ បាយ​អូ​ថេ​ក បែរ​ជា​គណៈកម្មការ​ស្ទាក់ស្ទើរ​ក្នុង​ការអនុវត្ត​ច្បាប់​ និង​រក​មិន​ឃើញ​កំហុស​ទៅវិញ។ កញ្ញា​បន្ថែម​ថា​ ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​ ជាង​ ៣០គ្រួសារ​ បាន​បាត់បង់​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់ពាន់​ដើម​ ដោយសារ​ក្រុមហ៊ុន​នេះ​លួច​កាប់ និង​ជួល​កម្មករ​គំរាមកំហែង​ពួកគាត់​។ កញ្ញា​បញ្ជាក់​ថា​ នៅ​មាន​កំហុស​ជាច្រើន​ទៀត​ ដែល​ក្រុមហ៊ុន​ បំផ្លាញ​ដើម​ឈើ​ធំៗ ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ និង​ព្រៃ​ដែល​សម្បូរ​ដោយ​ដើម​ច្បោះ​ជ័រ​របស់​អ្នកភូមិ៖ «បទ​ល្មើស​ផ្សេងៗ គាត់​អាច​ធ្វើ​ចេញ គាត់​អាច​បង្ក្រាប​បាន តែ​ចំពោះ​ក្រុមហ៊ុន​មួយ ( ក្រុមហ៊ុន ស៊ីង បាយអូថេក ) ហេតុ​ម៉េច​បាន​គាត់​ថា ក្រុមហ៊ុន​ធ្វើ​ការ​អត់​មាន​ខុស​ច្បាប់​អី​ទេ ? ថា ធ្វើ​ការ​ត្រឹមត្រូវ។ ក្តី​បារម្ភ​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ព្រួយ​បារម្ភ​ថា បើ​គាត់​អត់​ធ្វើ​ការ​ទប់​ស្កាត់ ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ទេ គឺ​នៅ​តែ​មាន​ការ​កាប់​បន្ត ព្រៃ​អត់​គង់វង្ស​ទេ។ ច្បោះ​របស់​ពលរដ្ឋ បើ​អត់​ធ្វើ​ការ​ទប់​ស្កាត់ គឺ​បាត់បង់​របស់​ពលរដ្ឋ​ដូច​គ្នា »

កាលពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លងទៅ​ គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ បាន​ចុះ​ដល់​ទី​តាំង​ ក្រុមហ៊ុន ស៊ីង បាយអូថេក ដែល​មាន​មូលដ្ឋាន​ឋិតនៅ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ និង​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង។ សហគមន៍​ព្រៃ​ឡង់​ចោទ​ថា​ ក្រោយពី​ការ​ចុះ​ស្រាវជ្រាវ​រួច​ គណៈកម្មការ​នេះ​ ហាក់​លាក់បាំង​ព័ត៌មាន​ និង​មិន​បាន​សហការ​ជាមួយ​សហគមន៍​ព្រៃ​ឡង់​ និង​ពលរដ្ឋ​មូលដ្ឋាន​នោះ​ទេ។

ឆ្លើយតប ការ​ចោទ​ប្រកាន់​នេះ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី ចាត់​ទុក​ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​ប៉ុណ្ណោះ ចំពោះ​ភារកិច្ច​ដោះ​ស្រាយ​រឿង​នេះ ជា​តួនាទី​របស់​មន្ត្រីជំនាញ។ លោក​បដិសេធ​មិន​បង្ហាញ​លទ្ធផល​ ការ​ចុះ​ស៊ើប​អង្កេត​ក្រុមហ៊ុន ស៊ីង បាយអូថេក នោះ​ទេ ព្រោះ​សំណុំ​រឿង​នេះ​ឋិត​ក្នុង​ដៃ​អយ្យការ។ ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​ក្រុមហ៊ុន ស៊ីង បាយអូថេក បាន​ផ្អាក​សកម្មភាព ឬ​ទេ​មក​ទល់​ពេល​នេះ អ្នក​នាំ​ពាក្យ​រូប​នេះ ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​ទេ?៖ «ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​គាត់ ការ​ស្រាវជ្រាវ​របស់​គេ គេ​ធ្វើ​របស់​គេ ការងារ​របស់​គេ។ ជំនាញ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ក្រុម​ការងារ​របស់​គេ »

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ អះអាង​ថា​ គណៈកម្មការ​ជំនាញ​មួយ​នេះ​ មិនបាន​រក​យុត្តិធម៌​ជូន​សហគមន៍​ព្រៃ​ឡង់ និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ ពាក់ព័ន្ធ​ករណី​ធ្វើ​ឱ្យ​បាត់បង់​ទំហំ​ព្រៃ​ឈើ​ធំធេង​ និង​ដើម​ច្បោះ​របស់​ពលរដ្ឋ​នោះ​ទេ​ តែ​ផ្ទុយទៅវិញ​បែរ​ជា​សម្រួល​ឱ្យ​ក្រុមហ៊ុន​ដំណើរ​ការ​អាជីវកម្ម​ឈើ​ដដែល៖ «ប្រាប់​ហើយ​ថា ក្រុមហ៊ុន ស៊ីង បាយអូថេក គឺ​ជា​ក្រុមហ៊ុន​លួច​កាប់​ជ័រ​ច្បោះ​របស់​ពលរដ្ឋ។ ហេតុ​អី​បាន​ជា​គណៈកម្មការ​បែរ​ជា​ជួយ​សម្រួល​ឲ្យ​ឈើ​ក្នុង​ក្រុមហ៊ុន​ហ្នឹង ជា​ឈើ​ស្រប​ច្បាប់​ទៅ​វិញ។ នេះ​ហើយ​ស​បញ្ជាក់​ថា អាជ្ញាធរ​ដែល​ចុះ​ស៊ើប​អង្កេត​ហ្នឹង​អាច​ឃុបឃិត​គ្នា​រវាង​ក្រុមហ៊ុន ស៊ីង បាយអូថេក ហ្នឹង។ ដរាប​ណា​គេ​មិន​ឲ្យ​ឆ្អឹង​ពាំ គឺ​មន្ត្រី​ទាំង​អស់​ហ្នឹង​មិន​ព្រម​ពន្លែង ទាល់​តែ​ឲ្យ​ឆ្អឹង​ពាំ​មន្ត្រី​ទាំង​អស់​ហ្នឹង​ជួយ​សម្រួល​ថែម​ទៀត »

កាលពី​អំឡុង​ខែ​ មីនា​ និង​ដើមខែ​មេសា​ ឆ្នាំ​ ២០១៩​ សហគមន៍​ព្រៃ​ឡង់​ និង​សកម្មជន​បរិស្ថាន​ ប្រទះឃើញ​ឈើ​មូល​ធំៗ​ រាប់ពាន់​ម៉ែត្រ​គូប​ ឋិត​ក្នុង​បរិវេណ​ក្រុមហ៊ុន​ ស៊ីង ​បាយ​អូ​ថេ​ក។ ពួកគេ​រក​ឃើញ​ថា​ ឈើ​ទាំងនោះ​ កម្មករ​ក្រុមហ៊ុន​លួច​កាប់​ក្នុង​ព្រៃ​អភិរក្ស​ ព្រៃ​សហគមន៍​ និង​ដើម​ច្បោះ​ជ័រ​អ្នកភូមិ​។ លើស​ពី​នេះ​ ក្រុមហ៊ុន​បាន​យក​រថ​យន្ត​ប៉ាកុង​យ៉ាង​ហោច​ណាស់​ ៣គ្រឿង​ ចូល​ដឹក​ឈើ​ក្នុង​ព្រៃ​អាស្រ័យផល​របស់​ពលរដ្ឋ​ ក្នុង​ខេត្ត​ស្ទឹងត្រែង​ចំណុច​អូរ​គ្រាក់​ និង​បាន​កាប់​ផ្ដួល​រណ្ដៅ​ជ័រទឹក​ អស់​ជាច្រើន​ដើម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។