សហគមន៍​ព្រៃឡង់​ថា​បទល្មើស​នឹង​កើន​ឡើង​នៅ​ពេល​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ

ដោយ សូត សុខប្រាថ្នា
2017.09.07
ហឿន សុភាព ព្រៃឡង់ ២០១៧ ៦២២ បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព (ស្ដាំ) និង​ក្រុម​សហគមន៍ ថ្លែង​ជុំវិញ​សារសំខាន់​របស់​ព្រៃឈើ​ទៅ​កាន់​អ្នក​ចូលរួម កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បារម្ភ​ថា បទល្មើស​ព្រៃឈើ​នឹង​កើន​ឡើង​នៅ​ពេល​ស្ថានភាព​នយោបាយ​កំពុង​មាន​ភាព​ចម្រូងចម្រាស។ ពួក​គេ​យល់​ថា ស្ថានភាព​នយោបាយ​មិន​សូវ​ល្អ ម្យ៉ាង​ចំ​ពេល​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ផង គឺ​ជា​ឱកាស​មួយ​សម្រាប់​ក្រុម​ជនល្មើស​សម្រុក​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ។ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​គ្រប់​ពេលវេលា ព្រោះ​ជា​ភារកិច្ច​របស់​ខ្លួន។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ ស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​ល្បាត និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ស្រប​ពេល​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង។ ការ​ស្នើសុំ​នេះ ដោយសារ​តែ​ពួក​គាត់​សង្កេត​ឃើញ​ថា រៀង​រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ និង​នៅ​ពេល​ស្ថានភាព​នយោបាយ​មិន​សូវ​ល្អ​ផង មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ហាក់​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​របស់​ខ្លួន​ឡើយ ព្រោះ​ជា​ពេលវេលា​ដែល​មន្ត្រី​ទាំងនោះ​ឈប់​សម្រាក។

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មាន​ប្រសាសន៍​ថា ឲ្យ​តែ​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ​ម្តងៗ ករណី​បទល្មើស​នៅ​តំបន់​ព្រៃឡង់​តែង​កើន​ឡើង។ បន្ថែម​លើ​នេះ​ទៀត ក្រុម​លោក​សង្កេត​ឃើញ​ថា ស្ថានភាព​បទល្មើស​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ច្រើន ពិសេស​នៅ​ពេល​ក្រុម​សហគមន៍​ចុះ​ល្បាត​ស្ងាត់ៗ​តែ​ម្តង។ បញ្ហា​នេះ លោក​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​វិធានការ​បន្ថែម​ទៀត​លើ​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ និង​ពិនិត្យ​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត​ផង៖ «ព្រោះ​វា​ឃើញ​ថា​រដ្ឋាភិបាល​កំពុង​ជាប់​ដៃ​រវល់​ដោះស្រាយ​រឿងរ៉ាវ​មួយ​ចំនួន​ក្នុង​ប្រទេស​ជាតិ​ហ្នឹង ធ្វើ​ឲ្យ​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស»

កាល​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ កញ្ញា ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ បាន​ចុះ​ល្បាត​ជា​លក្ខណៈ​ស៊ើប​អង្កេត​អំពី​សកម្មភាព​បទល្មើស​នៅ​តំបន់​ដែន​ជម្រក​សត្វ​មួយ​នេះ ហើយ​ពួក​គាត់​បញ្ជាក់​ថា បទល្មើស​មាន​ច្រើន​ជាង​នៅ​ពេល​ពួក​គាត់​ចុះ​ល្បាត​ប្រចាំ​ខែ​ជាមួយ​មន្ត្រី​ជំនាញ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​ស្តាប់​ឮ​សូរ​សំឡេង​រណារ​យន្ត​ជាច្រើន​គ្រឿង​កំពុង​អារ​ឈើ​នៅ​ចំណុច​មួយ​ចំនួន ដូចជា​ចំណុច​ច្រក​តោ អូរ​ធ្នូ និង​តំបន់​តាចាក់ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ស្នាក់ការ​របស់​មន្ត្រី​បរិស្ថាន​ទេ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​ថា សហគមន៍​តែង​ព្រួយ​បារម្ភ​ពី​ស្ថានភាព​បទល្មើស​ព្រៃឈើ​ជា​រឿយៗ ប៉ុន្តែ​បទល្មើស​ដែល​កើត​ឡើង​ភាគច្រើន​ចេញ​ពី​សមាជិក​ប្រជា​សហគមន៍​ដែល​រស់នៅ​ក្បែរ​ព្រៃឡង់​តែ​ម្តង។ លោក​អះអាង​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​ព្រួយ​បារម្ភ ឬ​មិន​បារម្ភ​ក៏ដោយ មន្ត្រី​ជំនាញ​តែង​យក​ចិត្ត​ទុក​ដាក់​ការពារ និង​បង្ក្រាប​ជា​ប្រចាំ ព្រោះ​ជា​ភារកិច្ច​របស់​ខ្លួន៖ «ដល់​ទៅ​គាត់​ចេះ​តែ​ស្រែក​ព្រួយ​បារម្ភៗ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​ពួក​គាត់​ហ្នឹង​ឯង»

ស្ថានភាព​នយោបាយ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​កាន់​តែ​ចម្រូងចម្រាស បន្ទាប់​ពី​មាន​ករណី​បិទ​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ ព័ត៌មាន​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់។ ការ​បិទ​អង្គការ អិន.ឌី.អាយ (NDI) និង​បិទ​ស្ថាប័ន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្រោម​ហេតុផល​ការ​អនុវត្ត​ច្បាប់​ពន្ធដារ និង​ចុង​ក្រោយ គឺ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោម​បទ​ចោទ​ក្បត់​ជាតិ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង យល់​ថា​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​សហគមន៍​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​នៅ​ពេល​ស្ថានភាព​នយោបាយ​មិន​សូវ​ល្អ ម្យ៉ាង​ស្រប​ពេល​មាន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ផង មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ក្តី​ច្រើន​តែ​ឈប់​សម្រាក និង​ត្រូវ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​បញ្ហា​សន្តិសុខ​ជា​ធំ មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ការពារ​ព្រៃឈើ​នោះ​ទេ។ បន្ថែម​ពី​នេះ ក៏​ជា​ពេលវេលា​មួយ​សម្រាប់​ជនល្មើស និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ចែក​គ្នា​រក​ស៊ី ម្យ៉ាង​ចំនួន​មន្ត្រី​ឧទ្យានុរក្ស​ព្រៃ​ការពារ​មាន​ចំនួន​តិច មិន​អាច​គ្រប់គ្រង​ស្ថានភាព​តំបន់​ព្រៃឡង់​ទាំងមូល​បាន៖ «ដោយសារ​ពួក​គាត់​កាប់​ឈើ​ទាំងនោះ វា​មាន​សម្ពន្ធភាព​ជិតស្និទ្ធ​ជាមួយ​មន្ត្រី ជាមួយ​អាជ្ញាធរ​មួយ​ចំនួន។ អ៊ីចឹង​ហើយ​នៅ​ពេល​ណា​ដែល​មាន​សកម្មភាព​ចុះ​ល្បាត​តូច​ក្តី ធំ​ក្តី គឺ​គាត់​តែង​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​កាប់​ឈើ​ហ្នឹង​ឯង»

លោក​យល់​ថា ដើម្បី​ឲ្យ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព​ក្នុង​ពេលវេលា​បែប​នេះ មន្ត្រី​ជំនាញ​ក្តី ឬ​អាជ្ញាធរ ត្រូវ​បែងចែក និង​អនុវត្ត​តួនាទី​ឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ការ​យក​តួនាទី​របស់​ខ្លួន​សម្រាប់​រក​ផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស។ ជាង​នេះ​ទៀត ការ​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ស្មើ​ភាព​គ្នា ពិសេស​ចាត់​វិធានការ​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ធំៗ លុប​បំបាត់​វប្បធម៌​អន្តរាគមន៍ និង​អំពើ​ពុក​រលួយ ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​ព្រៃឈើ​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។