បណ្ដាញសហគមន៍ព្រៃឡង់ ជំរុញឲ្យអាជ្ញាធរថ្នាក់ជាតិចុះទប់ស្កាត់បទល្មើស និងស្វែងរកចាប់ខ្លួនជនដែលកាប់បំផ្លាញនៅក្នុងតំបន់ព្រៃឡង់ ឱ្យបានទាន់ពេលវេលាដើម្បីការពារព្រៃឈើក្នុងតំបន់នោះវិនាសហិនហោច ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រាប់ឲ្យសហគមន៍រាយការណ៍និងប្ដឹងទៅអាជ្ញាធរថ្នាក់ខេត្តដើម្បីអន្តរាគមន៍។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែមីនា ថា បទល្មើសព្រៃឈើនិងការកាប់ទន្ទ្រាននៅក្នុងតំបន់ព្រៃឡង់កំពុងកើតមានឡើង ហើយមិនទាន់ឃើញអាជ្ញាធរខេត្តចុះបង្ក្រាប ឬទប់ស្កាត់នោះទេ។ លោកបន្ថែមថា អាជ្ញាធរថ្នាក់ជាតិត្រូវតែសិក្សាស្រាវជ្រាវ ស្វែងរកជនល្មើស និងអ្នកដែលជាប់ពាក់ព័ន្ធ ដែលបណ្ដែតបណ្ដោយឲ្យមានការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ការពារ ជាពិសេសកន្លែងកាប់ទន្ទ្រានក្បែរទីស្នាក់ការរបស់មន្ត្រីបរិស្ថានមកផ្ដន្ទាទោស។
ជុំវិញរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានជំរុញឲ្យសហគមន៍ប្ដឹងនិងរាយការណ៍ទៅកងរាជអាវុធហត្ថថ្នាក់ខេត្ត និងមន្ត្រីជំនាញនៅតំបន់នោះវិញ ពីព្រោះកម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទុកសម្រាប់តែខេត្តណាដែលមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការបង្ក្រាបតែប៉ុណ្ណោះ។
អស់រយៈពេល១១ថ្ងៃហើយ ដែលអាជ្ញាធរថ្នាក់ជាតិ បានចុះបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ រាប់ពាន់ហិកតារ និងចាប់បានជនល្មើសជាបន្តបន្ទាប់ និងបានបញ្ជូនសំណុំរឿងទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ក្នុងនោះមានខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី និងខេត្តមួយចំនួនទៀត។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថា កន្លងទៅបណ្ដាញសហគមន៍ព្រៃឡង់ តែងតែរាយការណ៍អំពីបទល្មើសទៅអាជ្ញាធរថ្នាក់ខេត្តជាហូរហែ ប៉ុន្តែចំណាត់ការរបស់អាជ្ញាធរថ្នាក់ខេត្តនៅមិនទាន់មានប្រសិទ្ធភាពនោះទេ ដូច្នេះលោកទទូចទៅអាជ្ញាធរថ្នាក់ជាតិ ចុះបង្ក្រាបនិងចាត់វិធានការឲ្យបានតឹងរ៉ឹង ចំពោះជនល្មើសទាំងអស់ នោះ។ «»
កាលពីចុងខែមករា ឆ្នាំ២០២៤ សហគមន៍ព្រៃឡង់បានចេញរបាយការណ៍ឃ្លាំមើលព្រៃឈើលើកទី៣ រកឃើញថា តំបន់អភិរក្សព្រៃឡង់ បន្តបាត់បង់គម្របព្រៃឈើជិត៩ពាន់(៨.៦០០) ហិកតារក្នុងឆ្នាំ ២០២២ ដែលបានថយ ចុះជាង ២,១ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា អាជ្ញាធរថ្នាក់ជាតិត្រូវតែចុះបង្ក្រាបបទល្មើសទូទាំងប្រទេស និងស្វែងរកចាប់ខ្លួនជនល្មើសនិងអ្នកជាប់ពាក់ព័ន្ធយកមកផ្ដន្ទាទោសឲ្យខានតែបាន បើពុំដូច្នោះទេ អាជ្ញាធរមិនបានបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់បទល្មើស និងស្ដារព្រៃឈើឡើងវិញនោះទេ ។ លើសពីនោះលោកថា តំបន់ព្រៃឡង់គឺជាតំបន់ការពារដ៏សំខាន់ជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបើអាជ្ញាធរបណ្ដែតបណ្ដោយតទៅទៀត តំបន់ព្រៃការពារមួយនេះ និងវិនាសហិនហោចជាក់ជាមិនខាន។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជាង ៤សែន (៤៨៩.៦៦៣) ហិកតារ គ្របដណ្ដប់ក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ ។ ប៉ុន្តែរយៈពេលជាង៧ឆ្នាំមកនេះ អង្គការជាតិនិងអន្តរជាតិ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។