សហគមន៍​ព្រៃឡង់​រិះគន់​មន្ត្រី​បរិស្ថាន​ថា មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​រិះគន់​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​តំបន់​ព្រៃ​ឡង់​ខេត្តក្រចេះ​និង​ខេត្ត​ព្រះវិហារ​មិន​ចុះ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​កើតមាន​នៅក្នុង​តំបន់​ការពារ​របស់​ខ្លួន។ មន្ត្រី​ជំនាញ​ថា ពួកគេ​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត។

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ អះអាង​ថា មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​ការពារ​ជុំវិញ​តំបន់​ព្រៃ​ឡង់ មិន​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កំពុង​កើតមាន​នៅក្នុង​តំបន់​ការពារ​របស់​ខ្លួន​នោះ​ទេ។ការ​លើកឡើង​នេះ​បន្ទាប់ពី​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចំនួន​២​ខេត្ត​គឺ​ខេត្តក្រចេះ និង​ខេត្តព្រះវិហារ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ក្រចេះ លោក ឯក វណ្ណា បាន​បង្ហោះ​វីដេអូ ជាង​៣​នាទី​នៅ​លើក​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​៦ ខែតុលា ដោយ​ជួបប្រទះ​ក្បួន​គោយន្ត​ចំនួន​៥​គ្រឿង​កំពុង​ដឹកឈើ ចេញពី​តំបន់​ព្រៃ​ឡង់ ស្ថិតនៅ ឃុំ​កំពង់ចាម ស្រុក​សំបូរ ។ នៅក្នុង​វីដេអូ​នោះ​ក្រុម​អ្នក​កាប់​និង​ដឹកជញ្ជូន​ឈើ​បាន​អះអាង​ថា ពួកគេ​ដឹកឈើ​ទាំងនោះ​ឲ្យ​ក្មួយ​របស់​ឧកញ៉ា​តឹក ប៉ុន្តែ​មិន​បាន​បង្ហាញ​ឈ្មោះ​ពេញលេញ​នោះ​ទេ។

ចំណែក​នៅ​ខេត្តព្រះវិហារ ក្រុម​សហគមន៍​ដែល​មាន​គ្នា​ជាង ១០​នាក់ បាន​ចុះ​ល្បាត​រយៈពេល​៣​យប់​៤​ថ្ងៃ រក​ឃើញ​ការ​កាប់​ឈើប្រណិត​មាន​ដូចជា ធ្នង់ សុក្រំ និង​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ជាច្រើន​ហិកតារ​ផង​ដែរ។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ស្រី ទីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មន្ត្រី​បរិស្ថាន​មិនបាន​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដើម្បី​ប្រយោជន៍​រួម​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​គ្រាន់តែ​ចង់បាន​តួនាទី​និង​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។ លោក​បន្ថែម​ថា កន្លង​មក​មន្ត្រី​ទាំងនោះ​មិន​បាន​អនុវត្ត​ច្បាប់​ទៅ​ក្រុម​ជនល្មើស​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឡើយ បើ​ទោះបី​ពួកគេ​បាន​រាយការណ៍​ដោយ​បង្ហាញ​ភស្តុតាង​ច្បាស់លាស់​ជាច្រើន​សារ​ក្ដី។ ជាងនេះ​ទៅ​ទៀត​អាជ្ញាធរ​ពាក់ព័ន្ធ​តែងតែ​ធ្វើទុក្ខបុកម្នេញ​ទៅ​ក្រុម​អ្នកចូលរួម​ការពារ​ព្រៃឈើ​ទៅវិញ​នោះ​ទេ។

លោក ស្រី ទីន៖ «តាមពិត​ពួកគាត់​ធ្វើការ​គម្រប់​តែ​លុយ​របស់​ពួកគាត់​ច្រក​ហោប៉ៅ​របស់​ពួកគាត់​ទេ គាត់​មែន​ធ្វើការ​ដើម្បី​ការពារ​សម្បត្តិ​ជាតិ​ទេ គាត់​មិនមែន​ធ្វើការ​ដើម្បី​សង្គម ធ្វើការ​ដើម្បី​យើង​ទាំងអស់​គ្នា​ទេ កាប់​បំផ្លាញ​​គគ្រឹកគគ្រេង​ពេញ​ព្រៃ ហេតុអ្វី​បានជា​មន្ត្រី​បែរជា​មិន​ឮ បែរ​ជា​មិន​ចុះទៅ​អើពើ​? ហេតុ​អី​បាន​ប្រជាពលរដ្ឋ​មួយចំនួន​គាត់​បានឮ​គាត់​បានដឹង​? ចុះ​ហេតុអ្វី​បានជា​មន្ត្រី​មិនដឹង​? មានន័យថា​រឿង​ហ្នឹង​គឺ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​គាត់​ធ្វើ​មិនដឹងមិនឮ​អើពើ​មានន័យថា​ពុករលួយ​គប់គិត​ជាមួយនឹង​អ្នក​កាប់​បំផ្លាញ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​លោក ឆាយ ដួងសាវុធ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ បាន​ទេ នៅ​ថ្ងៃទី​៧ ខែតុលា។

ចំណែក អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក មាស ញឹម ឲ្យ​ដឹង​ថា មន្ត្រី​របស់​លោក បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​រក​កន្លែង​ដែល​មាន​ការ​កាប់​ទន្ទ្រាន​និង​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ទាំងនោះ​ហើយ ដើម្បី​ដាក់​បណ្ដឹង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ តែ​ទោះជា​យ៉ាងណា លោក​ថា មិនទាន់​ទទួល​បាន​លទ្ធផល​ឬ​របាយការណ៍​នោះ​ទេ ដោយសារ​មន្ត្រី​របស់​លោក​កំពុង​នៅក្នុង​ព្រៃ​នៅឡើយ។

លោក មាស ញឹម៖ «រឿង​ហ្នឹង​គឺ​យើង​មិន​បដិសេធ​ទេ​ទាំងស្រុង​ទេ ហើយ​អាការ​កើតឡើង​នោះ​ជាទូទៅ​នៅក្នុង​ខេត្តព្រះវិហារ​នេះ​ដូច​ដែរ អ្វី​ខាង​បណ្ដាញ​សហគមន៍​បាញ់​មក​ឲ្យ​ខ្ញុំ​អ៊ីចឹង គឺ​មិន​នៅក្នុង​ដី​តំបន់​ការពារ​ទាំងស្រុង​ទេ ហើយ​យើង​មិន​មាន​ការលើកលែង​ទេ​ដី​ទាំងអស់​នោះ បទល្មើស​ទាំងអស់​នោះ គឺ​យើង​នឹង​មាន​វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​យើង​រក​មិនឃើញ​ក៏​យើង​ប្ដឹង​ទៅ​តុលាការ​ជា​លក្ខណ​ជន យើង​ដាក់​កម្លាំង​ឃ្លាំមើល​ដើម្បី​តាម​ចាប់»។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​បរិស្ថាន​និង​អនុប្រធាន​ផ្នែក​បរិស្ថាន​នៃ អង្គការ​ជេស្វីត​សឺវីស​កម្ពុជា​(Jesuit Service Cambodia) កញ្ញា ប៉ាញ ចិន្ដា យល់​ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​មិន​ពិបាក​ក្នុង​ការ​ការពារ​នោះ​ទេ ប្រសិនបើ​មន្ត្រី​បរិស្ថាន​មាន​ឆន្ទៈ​ក្នុង​ទប់ស្កាត់​និង​ការពារ​ព្រៃឈើ ។ កញ្ញា​បន្ថែម​ថា ដើម្បី​ការពារ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ឈប់​ប្រព្រឹត្ត​អំពើពុករលួយ​និង​បើក​ចិត្ត​ឲ្យ​ទូលាយ សហការ​ជាមួយ សហគមន៍​មូលដ្ឋាន អង្គការ​ដៃគូ ចូលរួម​ល្បាត​ព្រៃ​ស្វែងរក​បទល្មើស​មក​អនុវត្ត​ច្បាប់។

កញ្ញា ប៉ាញ ចិន្ដា៖ «សង្ឃឹម​ថា សម្រេច​នឹង​មាន​ឆន្ទៈ​ចូលរួម និង​ចូលរួម​លើកទឹកចិត្ត និង​គាំទ្រ​ដល់​សហគមន៍​ដល់​អង្គការ​សង្គម​ស៊ីវិល​និង​ដល់​ប្រជាពលរដ្ឋ​។ មន្ត្រី​នៅក្នុង​ការគោរព និង​ការពារ​ធនធានធម្មជាតិ​របស់​យើង ដើម្បី​ឲ្យ​ធនធានធម្មជាតិ​របស់​យើង​មាន​និរន្តរភាព​សម្រាប់​អនាគត​ដល់​កូនៗ​ជំនាន់​ក្រោយ»។

ដែនជម្រកសត្វព្រៃ​ព្រៃឡង់​មាន​ផ្ទៃដី​ជាង ៤​សែន (៤៣១.៦៨៣) ហិកតារ គ្របដណ្ដប់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦។ ប៉ុន្តែ​រយៈពេល​ជាង ៧​ឆ្នាំ​មកនេះ អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែនជម្រកសត្វព្រៃ​ព្រៃឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។