បណ្ដាញសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ គ្រោងប្រារព្ធពិធីបុណ្យព្រៃព្រះរកា និងបំបួសដើម លើកទី៥តាមទំនៀមទម្លាប់វប្បធម៌របស់ខ្លួន។ ពិធីនេះគ្រោងរៀបចំធ្វើក្នុងព្រៃព្រះរកា រយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូខាងមុខ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
បណ្ដាញសហគមន៍ព្រៃព្រះរកាភាគច្រើនជាជនជាតិដើមភាគកួយ ដែលរស់នៅអាស្រ័យផលព្រៃឈើ គ្រោងប្រារព្ធពិធីនេះ ដើម្បីរំលឹកគុណវីរជន ដែលបានបូជាជីវិត ព្រោះបុព្វហេតុការពារព្រៃឈើ ដឹងគុណព្រៃឈើ និងល្បាតព្រៃឈើជាដើម។ សហគមន៍ក៏មានបំណងប្រាប់ទៅអាជ្ញាធរ និងសាធារណជនថា ការចូលរួមការពារព្រៃឈើជារួមចំណែកមួយក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងការពារសត្វព្រៃ។ គោលបំណងសំខាន់មួយទៀត បណ្ដាញសហគមន៍នឹងការចែករំលែកចេះដឹងមូលដ្ឋានក្នុងការគ្រប់គ្រង ថែរក្សាព្រៃឈើសហគមន៍។
តំណាងបណ្ដាញសហគមន៍លោកស្រី ជួន ឃឹម ប្រាប់ថា ក្រុមសហគមន៍ បានត្រៀមរួចហើយសម្រាប់ប្រារព្ធពិធីមួយនេះ។ លោកស្រីស្នើទៅសកម្មជនបរិស្ថានអាជ្ញាធរ និងមន្ត្រីបរិស្ថានចូលរួមពិធីនេះឲ្យបានច្រើនកុះករ ដើម្បីបង្ហាញកម្លាំងសាមគ្គីនៃការចូលរួមការពារព្រៃឈើ៖ «ទាំងសហគមន៍ទាំងមន្ត្រីបរិស្ថានបានចូលរួមបានច្រើន បានជោគជ័យ បើសិនថា មន្ត្រីបរិស្ថានគាត់បានចូលរួមផងខ្ញុំសប្បាយចិត្តសហគមន៍ទាំងអស់គ្នា ក៏មានព្រលឹង ដូចថា ការពារព្រៃហ្នឹងគង់វង្ស »។
ស្រដៀងគ្នានេះដែរ បណ្ដាញសហគមន៍ម្នាក់ទៀត លោក ស៊ុន ពៅ ឲ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី៧ ធ្នូថា តាមគម្រោងនឹងមានតំណាងសហគមន៍ និងអ្នកពាក់ព័ន្ធចូលរួមប្រមាណ ៣០០នាក់។ លោកឲ្យដឹងទៀតថា អាជ្ញាធរមូលដ្ឋានក៏បានយល់ចូលរួមពិធីនេះដែរ។ លោកបន្តថា លោកបានជូនដំណឹងទៅប្រធានមន្ទីរបរិស្ថាន រួចហើយដែរ។ លោកថា មន្ត្រីមន្ទីរបរិស្ថាន បានណែនាំឲ្យរៀបចំពិធីនេះ ដោយត្រូវរក្សាគម្លាត មានអាកុលលាងដៃ ដើម្បីបង្ការជំងឺកូវីដ១៩ និងត្រូវមានបង្គន់អនាម័យផង ប៉ុន្តែលោកថា ការចូលរួមបង្ការខ្លួនពីជំងឺកូវីដ១៩ ក្រុមសហគមន៍អាចធ្វើបាន ដោយឡែកការរៀបចំឲ្យមានបង្គន់អនាម័យសហគមន៍គ្មានលទ្ធភាពធ្វើបានឡើយ៖ «អម្បាញ់មិញគាត់ (មន្ត្រីបរិស្ថាន ) ខល (Call) ឲ្យខ្ញុំទៅយកឯកសារពីគាត់ ដើម្បីឲ្យមានសេចក្ដីណែនាំខ្លះៗ គម្រោងនេះដឹងតែធ្វើទោះបីតិចក៏ធ្វើច្រើនក៏ធ្វើដែរ »។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីបានព្យាយាមសុំបំភ្លឺបន្ថែម ពីនាយដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន ប៊ុនសឿន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ប៉ុន្តែ ទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៧ ខែធ្នូ។
មន្ត្រីសម្របសម្រួលគម្រោង ការផ្តល់សិទ្ធិអំណាចដល់យុវជន និងអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌សង្គម និងបរិស្ថាន នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា ឲ្យដឹងថា ក្រុមយុវជន និងសកម្មជនបរិស្ថានផ្សេងទៀតក៏គ្រោងចូលរួមពិធីនេះដែរ។ អ្នកធ្វើការងារទាក់ទងបរិស្ថានរូបនេះ ជំរុញទៅក្រសួងបរិស្ថាន និងអាជ្ញាធរអនុញ្ញាត និងចូលរួមជាមួយបណ្ដាញសហគមន៍ធ្វើពិធីនេះឲ្យជោគជ័យដើម្បីថែរក្សា ព្រៃឈើ និងវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច៖ «អ៊ីចឹងខ្ញុំមើលឃើញថា ការបំបួសគឺមានសារៈសំខាន់មែនទែន ហើយជាការចូលរួមចំណែកធំក្នុងការកាត់បន្ថយផ្នែកមួយនៃការកាត់បន្ថយប្រែប្រួលអាកាសធាតុ ក៏ដូចជា ការប្ដេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៅលើឆាកអន្តរជាតិនានា ទាក់ទងការសន្យារបស់ខ្លួនក្នុងការថែរក្សាគម្របព្រៃឈើឲ្យបាន ៦០ភាគរយត្រឹមឆ្នាំ២០៣០ »។
សំណើរបស់អ្នកធ្វើការងារផ្នែកបរិស្ថានបែបនេះធ្វើឡើងស្របពេលក្រសួងបរិស្ថាននៅប៉ុន្មានឆ្នាំចុងក្រោយតែងរារាំងសកម្មជនបរិស្ថាន និងបណ្ដាញសហគមន៍ការពារព្រៃឈើមិនឲ្យចុះល្បាតព្រៃឈើ និងធ្វើពិធីបំបួសជាដើម ដោយលើកហេតុផលថា មិនបានធ្វើលិខិតស្នើការអនុញ្ញាត ឬចោទប្រកាន់ក្រុមសហគមន៍ថា មានចុះបញ្ជីផ្លូវការជាដើម។
ពិធីបុណ្យនេះនឹងចាប់ផ្ដើមធ្វើ នៅថ្ងៃទី៩ ខែធ្នូ គណៈកម្មការពិធីបុណ្យរៀបចំសំអាតទីធ្លាត្រៀមសម្ភារៈ និងពិធីសែនព្រេនអារុក្ខអារក្ស អ្នកតា និងព្រះសង្ឃសំដែងធម៌ទេសនា។ ថ្ងៃទី១០ ខែធ្នូ ជាកម្មវិធីបំបួសដើមឈើ។ ពិធីនេះធ្វើនៅចំណុចអូរស្ពង់ ព្រៃព្រះរកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។