សហគមន៍ការពារព្រៃព្រះរកា ខេត្តព្រះវិហារសម្ដែងក្ដីកង្វល់យ៉ាងខ្លាំង ពីអនាគតព្រៃព្រះរកា ដែលជាប្រភពសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចកួយ នៅតែទទួលរងការកាប់បំផ្លាញយកឈើធំៗ និងដើមឈើផលិតជ័រទឹករបស់អ្នកស្រុកអស់ជាបន្តបន្ទាប់។ សហគមន៍ថា សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញនៅមិនទាន់មានភាពច្បាស់លាស់ ការពារព្រៃនេះឱ្យគង់វង្សនៅឡើយទេ។
សហគមន៍ការពារព្រៃព្រះរកា រស់នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ រិះគន់ មន្ត្រីជំនាញ និងសមត្ថកិច្ចរបស់រដ្ឋាភិបាលថា នៅតែមិនយកចិត្តទុកដាក់ បង្ក្រាបបទល្មើសព្រៃឈើ និងជួញដូរឈើខុសច្បាប់ ក្នុងតំបន់ព្រៃព្រះរកានៅឡើយទេ។ ពួកគេអះអាងថា ក្រុមជនល្មើសនៅតែមានឱកាសលួចចូលអារឈើ និងដឹកជញ្ជូនឈើតាមគោយន្ត ចេញពីព្រៃព្រះរកាស្ទើររាល់យប់ ដោយគ្មានការអនុវត្តច្បាប់។
កាលពីពេលថ្មីៗ នេះ (ថ្ងៃទី១១ និង ១២មករា) បណ្ដាញសហគមន៍ព្រៃព្រះរកាទាំងបីស្រុកគឺ ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្តប្រមាណជាង ១០០នាក់ បានរួមគ្នាធ្វើបុណ្យរំឭកគុណព្រៃព្រះរកា និងបំបួសដើមឈើ ក្នុងព្រៃនេះ ក្នុងបំណងទាញអារម្មណ៍អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមការពារព្រៃឈើតាមគោលការណ៍របស់រដ្ឋាភិបាល និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាព។ វិធីបុណ្យនេះ ក៏មានការចូលរួមពីមន្ត្រីបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលផងដែរ។
សមាជិកបណ្ដាញសហគមន៍ព្រៃព្រះរកា លោក ជីម ចៀន ឱ្យដឹងនៅថ្ងៃទី១៣ មករាថា ព្រៃព្រះរកា នៅតែប្រឈមការកាប់យកឈើធំៗ និងដើមឈើផលិតជ័រទឹកអស់ជាបន្តបន្ទាប់ ពីសំណាក់ក្រុមជនល្មើសនៅមូលដ្ឋាន និងពលរដ្ឋចំណាកស្រុក។ លោកថា គ្រួសារលោកមានដើមឈើផលិតជ័រទឹកជាង ១ពាន់ដើម ត្រូវគេលួចកាប់អស់ជាង ៣០០ដើម នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថ្មីៗ នេះ ដើមច្បោះជ័ររបស់ពួកគេនៅតែប្រឈមការបាត់បង់អស់ជាបន្តបន្ទាប់។ លោកថា សហគមន៍បានរួមគ្នាធ្វើបុណ្យបំបួសដើមឈើ ក្នុងព្រៃព្រះរកា ដើម្បីថែរក្សា និងការពារដើមឈើធំៗ ជាពិសេស ដើមច្បោះជ័ររបស់អ្នកស្រុក ដែលនៅសេសសល់ចុងក្រោយឱ្យគង់វង្ស៖ «»
សកម្មជនបរិស្ថាន លោក យឹម សុភ័ក្ត្រ ដែលចុះសង្កេតរឿងនេះ មានកង្វល់យ៉ាងខ្លាំង ដោយសារតែឃើញឈើធំៗ នៅសល់តែគល់ រីឯដើមរបស់វាត្រូវបានគេអារច្រៀកដឹកជញ្ជូនយកទៅបាត់។ លោកបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃព្រះរកា បានថយចុះបន្តិចក្ដី ក៏ប៉ុន្តែសកម្មភាពលួចកាប់យកឈើធំៗ នៅពេលយប់ និងដឹកជញ្ជូនចេញក្រៅ នៅតែកើតមានយ៉ាងហោចណាស់មួយថ្ងៃមិនក្រោម ១០គោយន្តទេ៖ «»
ឆ្លើយតបការលើកឡើងនេះ នាយកដែនជម្រកសត្វព្រៃព្រះរកា លោក យ៉ាន់ ប៊ុនសឿន បដិសេធថា បច្ចុប្បន្ននេះបទល្មើសព្រៃឈើក្នុងព្រៃព្រះរកាបានថយចុះច្រើន ព្រោះសហគមន៍ សមត្ថកិច្ច និងមន្ត្រីជំនាញ បានសហការគ្នាចុះល្បាតជាបន្តចាំ និងទប់ស្កាត់បទល្មើសព្រៃឈើ។ លោកថា កិច្ចអភិរក្សធនធានធម្មជាតិទាល់តែមានការចូលរួមពីសហគមន៍មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញ ទើបការអភិរក្សព្រៃឈើមានប្រសិទ្ធភាព។ លោកបដិសេធមិនបង្ហាញរបាយការណ៍ ឃាត់ចាប់បទល្មើសបានប៉ុន្មានករណីនៅឡើយទេ នៅរយៈពេល ១ឆ្នាំចុងក្រោយនេះ៖ «»
មន្ត្រីតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា សហគមន៍បានមូលមតិគ្នាធ្វើបុណ្យបំបួសព្រៃព្រះរកាកាលពីពេលថ្មីៗ នេះ ក្នុងគោលបំណងដើម្បីថែរក្សាព្រៃឈើទាំងមូល និងរក្សានូវលំនឹងអាកាសធាតុក្នុងសកលលោក។ លោកបន្ថែមថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន មានតិចតួចនៅឡើយ មិនទាន់អាចការពារព្រៃព្រះរកាគ្រប់ជ្រុងជ្រោយនោះទេ ទាល់តែមានការចូលរួមពីសហគមន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ព្រោះបទល្មើសភាគច្រើនតែងតែលួចឆ្មក់ធ្វើនៅពេលយប់៖ «»
មន្ត្រីសង្គមស៊ីវិល បន្ថែមថា នៅខេត្តព្រះវិហារ មានតំបន់ព្រៃធំតែពីរកន្លែង គឺព្រៃព្រះរកា និងតំបន់ព្រៃឡង់ ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការការពារព្រៃទាំងនេះច្បាស់លាស់ទេ ពលរដ្ឋខេត្តនេះ នឹងគ្មានព្រៃឈើប្រើប្រាស់ទៀតឡើយនៅពេលខាងមុខដ៏ខ្លី។ សហគមន៍ថា អំពើពុករលួយជាថ្នូរអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ នៅតែកើតមានដដែលៗ គ្មានយន្តការលុបបំបាត់ជាច្រើនឆ្នាំមកហើយ ដែលជាហេតុធ្វើឱ្យព្រៃការពារមួយនេះ ប្រឈមការបាត់បង់ដើមឈើធំៗ អស់ស្ទើរទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។