តើ លី ចាន់ដារ៉ាវុត ជាអ្នកណា?
2024.09.10
សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត បានបង្ហាញឆន្ទៈមោះមុតក្នុងការតស៊ូមតិ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ ទោះបីជាដឹងថា លោកនឹងត្រូវគេចាប់ដាក់ពន្ធនាគារក៏ដោយ។ តើយុវជនរូបនេះមានប្រវត្តិយ៉ាងណា?
យុវជន លី ចាន់ដារ៉ាវុត ស្ថិតក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិ ៥ នាក់ ដែលជ្រើសរើសយកការតស៊ូមតិដោយឥតរាថយ ដើម្បីទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង និងសង្គមជាតិ។
«ការតស៊ូ ទោះជាជាប់ពន្ធនាគារយ៉ាងណាក៏ដោយ ទីបំផុតទៅ អំពើល្អនៅតែឈ្នះ។ ទីបំផុតទៅ ប្រវត្តិសាស្ត្រនឹងចងចាំមនុស្សល្អ មែនអត់? មែន! ដូច្នេះកុំរារែកទៀត ចូលរួមការពារយុត្តិធម៌ទាំងអស់គ្នា មិនថាយើងលំបាកប៉ុនណាក៏ដោយ។ បើយើងដើរទៅមុខមិនរួច យើងលូន បើយើងលូនមិនរួច យើងវានៅលើដីទៅ។ បើយើងវាមិនរួច យើងក៏នៅតែគិតដែរ គ្មានអ្នកណាហាមឃាត់យើងមិនឱ្យគិតបានទេ»។
ដារ៉ាវុត មានអាយុ ២៤ ឆ្នាំ និងកើតនៅរាជធានីភ្នំពេញ។ យុវជនរូបនេះ គឺជាកូនទោលនៅក្នុងគ្រួសារ ដែលមានម្ដាយជាអាជីវករ ហើយឪពុកបានចែកឋានតាំងពីគេនៅក្មេង។
ដារ៉ាវុត មានទម្លាប់អានសៀវភៅតាំងពីតូច ទាំងសៀវភៅប្រវត្តិសាស្ត្រ នយោបាយ ច្បាប់ បរិស្ថាន និងប្រលោមលោក ជាដើម។ គឺការអានសៀវភៅច្រើននេះហើយ ដែលធ្វើឱ្យយុវជនរូបនេះ យល់ដឹងច្រើនអំពីបញ្ហានានាក្នុងសង្គម។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា មាន លីសា បានពណ៌នាថា យុវជន លី ចាន់ដារ៉ាវុត ជាមនុស្សស្មោះត្រង់ មានចំណេះដឹង ភាពបត់បែន និងគំនិតច្នៃប្រឌិតខ្ពស់ ហើយក៏ជាមនុស្សមានគោលជំហររឹងមាំផងដែរ។
កញ្ញា មាន លីសា៖ «គាត់ជាមនុស្សមានឆន្ទៈខ្ពស់ ហើយឆន្ទៈគាត់អត់ស្លាប់ទៅណាទេ។ តាំងពីគាត់ចូល[មាតាធម្មជាតិ] រហូតមកដល់ឥលូវ ឆន្ទៈគាត់នៅដដែលជាមួយនឹងការទាមទារយុត្តិធម៌សម្រាប់សង្គមហ្នឹង ឱ្យមនុស្សរស់នៅក្នុងសង្គមមួយដែលប្រកបដោយបរិស្ថានល្អ ហើយនិងមានការគោរពសិទ្ធិមនុស្ស»។
ដារ៉ាវុត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) កាលពីឆ្នាំ២០២២។ យុវជនរូបនេះ ធ្លាប់ធ្វើការងារនៅអង្គការខុមហ្វ្រែល (COMFREL) រយៈពេលពីរឆ្នាំ មុននឹងលាឈប់ពីអង្គការផ្នែកឃ្លាំមើលការបោះឆ្នោតមួយនេះ ដើម្បីចូលរួមសកម្មភាពពេញលេញជាមួយចលនាធម្មជាតិនៅឆ្នាំ ២០២០ ពោលគឺក្រោយពេលអាជ្ញាធរបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣ នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។
លោក លី ចាន់តារ៉ាវុត៖ «ខាងមាតាធម្មជាតិផ្ដល់ឱកាសឱ្យខ្ញុំបញ្ចេញអ្វីដែលជាខ្លួនឯង។ ខ្ញុំអាចធ្វើការងារដែលខ្លួនឯងពេញចិត្ត ដែលមានភាពបត់បែន ហើយអាចធ្វើការសិក្សា ប្រើប្រាស់គំនិតខ្លួនឯង និងអ្វីដែលបានរៀនហ្នឹង យកទៅដាក់ចូលទៅក្នុងសង្គម ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ហើយខ្ញុំសប្បាយចិត្តនឹងធ្វើការងារបែបហ្នឹង។ ខ្ញុំរកឃើញថា ខ្លួនឯងពេញចិត្តក្នុងការធ្វើការងារបែបតស៊ូមតិ»។
នៅឆ្នាំ២០២១ ក្នុងពេលដែលសកម្មជនមាតាធម្មជាតិទាំង ៣ នាក់កំពុងជាប់ឃុំនោះ អាជ្ញាធរក៏បានចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣ នាក់បន្ថែមទៀត ក្នុងនោះក៏រួមទាំង ដារ៉ាវុត ម្នាក់ផងដែរ។ តុលាការបានចោទប្រកាន់យុវជនរូបនេះពីបទ «រួមគំនិតក្បត់» ខណៈលោក យីម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា រងការចោទប្រកាន់ចំនួន ២ បទចោទ គឺបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។ ជាមួយគ្នានេះ តុលាការបានបន្ថែមបទចោទ «រួមគំនិតក្បត់» មួយទៀត លើសកម្មជនមាតាធម្មជាតិ ៣ នាក់ដែលកំពុងជាប់ឃុំស្រាប់ក្នុងសំណុំរឿងញុះញង់ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។
តុលាការបានដោះលែងពួកគេទាំង ៦ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅចុងឆ្នាំ២០២១ ហើយពួកគេក៏បានចាប់ផ្ដើមការងារជាសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្សសាជាថ្មី។ លុះមកដល់ខែឧសភា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញ បានលើកយកសំណុំរឿងរបស់ពួកគេមកជំនុំជម្រះ ហើយនៅដើមខែកក្កដា តុលាការបានសម្រេចផ្ដន្ទាទោសពួកគេទាំង ៦ នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី ៦ ឆ្នាំដល់ ៨ ឆ្នាំ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។ ភ្លាមៗក្រោយតុលាការចេញសាលក្រម កងកម្លាំងសមត្ថកិច្ចបានចាប់ខ្លួន លោក យីម លាងហ៊ី កញ្ញា ភួន កែវ រស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុត ទាំងកម្រោល នៅខាងក្រៅបរិវេណតុលាការ ទោះបីជាពួកគេបង្ហាញចេតនាមិនរត់គេចទៅណាក៏ដោយ។ ធ្ងន់ធ្ងរជាងនេះទៅទៀត អាជ្ញាធរបានយកពួកគេទៅឃុំនៅក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នានៅតាមខេត្ត ឆ្ងាយពីក្រុមគ្រួសារ និងមេធាវី ដែលអង្គការសិទ្ធិមនុស្សចាត់ទុកថា ជា «ទណ្ឌកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរ» និង «រំលោភបំពានសិទ្ធិរបស់ជនជាប់ឃុំ»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទំនងជាអ្នកបញ្ជាឱ្យបង្ក្រាបលើយុវជនមាតាធម្មជាតិទាំងនេះ បើតាមប្រសាសន៍របស់លោកកាលពីថ្ងៃទី ២៣ កក្កដា។
លោក ហ៊ុន សែន៖ «ក្នុងសំណុំរឿងកន្លងទៅនេះ គ្មានកន្លែងណាទាក់ទងនឹងបរិស្ថានទេ ក្រៅពីអំពើក្បត់ និងជេរប្រមាថព្រះមហាក្សត្រ ហើយដឹកនាំដោយជនបរទេស»។
ផ្ទុយពីលោក ហ៊ុន សែន និងរដ្ឋាភិបាលបន្តត្រកូលរបស់លោកដែលតែងចោទប្រកាន់យុវជនមាតាធម្មជាតិថា បានធ្វើប្រព្រឹត្តបទល្មើសក្បត់ជាតិនោះ ពលរដ្ឋខ្មែរជាច្រើន និងសហគមន៍អន្តរជាតិបានផ្ដល់តម្លៃដល់សកម្មភាពការពារសិទ្ធិមនុស្ស និងបរិស្ថានរបស់ពួកគេ។ ជាក់ស្ដែង ពួកគេទទួលបានពានរង្វាន់កម្រិតអន្តរជាតិជាសកម្មជនជួរមុខ និងអ្នកការពារសិទ្ធមនុស្សវ័យក្មេងឆ្នើមពីអង្គការអន្តរជាតិធំៗចំនួនពីរ គឺអង្គការ ហ្វ្រាន់ឡាញ ឌីហ្វិនឌើរ (Front Line Defenders) នៅឆ្នាំ ២០២១ និងអង្គការ រ៉ៃត៍ ឡាយលីហ៊ូដ (Right Livelihood) នៅឆ្នាំ២០២៣។
ម្ដាយរបស់យុវជន លី ចាន់ដារ៉ាវុត ថ្លែងថា ទោះជាកូនជាប់ពន្ធនាគារក៏ដោយ លោកស្រីមិនដែលបន្ទោសកូននោះទេ ប៉ុន្តែមានតែការលើកទឹកចិត្ត និងមោទនភាពចំពោះអ្វីដែលកូនបានធ្វើសម្រាប់សង្គមជាតិ។
ម្ដាយយុវជន លី ចាន់ដារ៉ាវុត៖ «ក្នុងនាមខ្ញុំជាម្ដាយ ខ្ញុំមិនមានអារម្មណ៍ថា ខ្មាសអ្នកជិតខាង ឬអ្នកជុំវិញខ្លួនទេ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានមោទនភាពចំពោះគាត់ ដែលគាត់ជាយុវជនម្នាក់ដែលហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីការងារសង្គម រហូតដល់មានមហាជនជាច្រើនដែលទទួលស្គាល់គាត់ និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងគាត់ធ្លាប់ទទួលពានរង្វាន់បានពីរលើក»។
តាមការពិត យុវជន លី ចាន់ដារ៉ាវុត ហាក់ដូចជាដឹងខ្លួនជាមុនហើយថា អាជ្ញាធរនឹងចាប់ខ្លួនលោកដាក់ពន្ធនាគារជាលើកទីពីរ ព្រោះលោកថា សំណុំរឿងនេះស្ថិតក្រោមការបង្គាប់បញ្ជារបស់ក្រុមអ្នកកាន់អំណាច។
ក្នុងសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីខែឧសភា អំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក យុវជន លី ចាន់ដារ៉ាវុត បាននិយាយថា ភាពត្រូវ ឬខុសរបស់លោក មិនមែនកំណត់ដោយពួកអ្នកកាន់អំណាចនៅស្រុកខ្មែរនោះទេ។
លោក លី ចាន់តារ៉ាវុត៖ «បើយើងក្បត់ជាតិមែន បើយើងខុសមែន អត់មានអ្នកណាចង់និយាយរកយើងនោះទេ អត់មានអ្នកណាចង់មកលូកមាត់ជាមួយយើងទេ។ ប៉ុន្តែអ្វីដែលគេធ្វើកន្លងមក យើងឈ្នះពានរង្វាន់ផង ប្រជាជនទទួលយើងយ៉ាងកក់ក្ដៅផង ប្រជាជននៅក្នុងស្រុក ខ្លះឃើញមុខយើងក៏ហៅ ខ្លះមានរបស់អ្វីក៏យកមកឱ្យទាំងយើងមិនដែលស្គាល់គាត់ផង អាហ្នឹងហើយគឺជាសាលក្រមរបស់ប្រជាជនដែលបញ្ជាក់ថា យើងអត់មានខុសទេ»។
អ្វីដែល ដារ៉ាវុត បានលើកឡើងនេះ គឺជាការពិត។ ការផ្ដន្ទាទោស និងការចាប់ខ្លួនយុវជនមាតាធម្មជាតិទាំង ៥ នាក់ ដាក់ពន្ធនាគារទាំងកម្រោលនោះ បាននាំមកនូវការរិះគន់ថ្កោលទោសពីសហគមន៍ជាតិ និងអន្តរជាតិ។ ពួកគេបានទាមទារឱ្យអាជ្ញាធរទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជនទាំង ៥ នាក់ឱ្យមានសេរីភាពវិញ។
ចំពោះ ដារ៉ាវុត វិញ ទោះបីជាពេលនេះកំពុងជាប់ឃុំយ៉ាងណាក្ដី ក៏ស្មារតីនៃការតស៊ូរបស់យុវជនរូបនេះនៅតែមានក្នុងចិត្ត ហើយ ដារ៉ាវុត បានជំរុញឱ្យយុវជន និងពលរដ្ឋខ្មែរ មិនត្រូវបោះបង់ចោលការតស៊ូមតិដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមនោះឡើយ។
លោក លី ចាន់ដារ៉ាវុត៖ «អ្នកកាត់ទោសខ្ញុំថ្ងៃហ្នឹង អ្នកកាត់ទោសសហគមន៍ថ្ងៃហ្នឹង អ្នកគិតថា អ្នករួចខ្លួនហើយ អ្នកគិតថា អ្នកត្រឹមត្រូវហើយ ព្រោះអ្នកឈរនៅលើច្បាប់ ព្រោះអ្នកបញ្ជាតុលាការបាន ប៉ុន្តែកុំភ្លេចថា អ្នកមិនរួចខ្លួនចំពោះមុខប្រវត្តិសាស្ត្រនោះទេ។ ប្រវត្តិសាស្ត្រនឹងចារឈ្មោះអ្នកក្បត់ជាតិពិតប្រាកដ»៕