ពលរដ្ឋ​មិន​ទុក​ចិត្ត​របាយការណ៍​​ក្រសួងបរិស្ថាន​ដែល​ថា​គុណភាព​ខ្យល់​នៅ​ភ្នំពេញ​ល្អ​ប្រសើរ

0:00 / 0:00

ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន បន្ត​អួតអាង​អំពី​ការ​អភិវឌ្ឍ និង​ការ​រីក​លូតលាស់​ឥត​ឈប់ឈរ​នៃ​សំណង់​អាគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ឆាប់រហ័ស ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ពលរដ្ឋ​សម្ដែង​ក្តី​បារម្ភ​ចំពោះ​ការ​កើន​ឡើង​កាន់តែ​ខ្លាំង​នៃ​គុណភាព​ខ្យល់​ដែល​មាន​ជាតិពុល​នៅ​រាជធានី​ភ្នំពេញ ដែល​ពុំ​មាន​ការទប់ស្កាត់ ហើយ​អាច​បង្ក​ជា​គ្រោះថ្នាក់ និង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ។ ពលរដ្ឋ​ហាក់​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត និង​សម្ដែង​ក្តី​មន្ទិល​ចំពោះ​របាយការណ៍​របស់​ក្រសួងបរិស្ថាន ដែល​អះអាង​ថា គុណភាព​ខ្យល់​ក្នុង​រាជធានី​ភ្នំពេញ មាន​កម្រិត​ល្អ​ប្រសើរ និង​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ឡើយ។

នៅ​រៀងរាល់​មួយ​សប្ដាហ៍​ម្ដង ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន តែង​ផ្សព្វផ្សាយ​នូវ​សេចក្ដីជូនដំណឹង​អំពី​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​សរសេរ​បរិយាយ​យ៉ាង​ខ្លី​ថា គុណភាព​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​កម្រិត «ល្អ​ប្រសើរ» អម​ដោយ​ក្រាហ្វិក​បង្ហាញ​ពី​កម្រិត​សារធាតុ​បំពុល​ក្នុង​ខ្យល់ ឬ​ហៅថា PM2.5 ដែល​ក្រសួង​បាន​វាស់វែង​នៅ​ក្នុង​ថ្ងៃ​នីមួយៗ​នៃ​សប្ដាហ៍​នោះ ថា នៅ​មាន​កម្រិត​ទាប​ជាង​ស្តង់ដារ ៥០µg/m3 (មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​) ក្នុង​រយៈពេល ២៤​ម៉ោង ដែល​ក្រសួង​កំណត់​ថា ជា​ស្តង់ដារ​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព។

លោក ធីវ សុភារិទ្ធ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ខ្យល់ និង​សំឡេង នៃ​ក្រសួងបរិស្ថាន ពន្យល់​ថា មនុស្ស​អាច​រង​ផល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​ស្រូប​សារធាតុ​នេះ តាមរយៈ​ខ្យល់​ដកដង្ហើម​ដែល​មាន​ផ្ទុក​សារធាតុ​បំពុល​នេះ​នៅ​ក្នុង​បរិយាកាស៖ «សារធាតុ PM 2.5 គឺជា​កម្ទេច​ធូលី​តូចៗ​ដែល​នៅ​ក្នុង​ខ្យល់ មាន​អង្កត់ផ្ចិត​ចាប់ពី ២ , ៥ មី​ក្រុង តូច​មែនទែន​បើ​ប្រៀបធៀប​ទៅ​នឹង​សរសៃសក់ តូច​ជាង​ដល់​រាប់​រយ​ដង។ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស ដោយសារតែ​វា​មាន​ទំហំ​តូច ហើយ​នៅ​ពេល​ដែល​យើង​ដកដង្ហើម ស្រូប​ខ្យល់​ចូល​ទៅ គឺ​វា​ចូល​ទៅ​ជាមួយ​ខ្យល់​ហ្នឹង ទៅ​ក្នុង​ខ្លួន​យើង។ ហើយ​វា​អាច​ទៅ​បាន​ជ្រៅ។ កាលណា​ទំហំ​វា​តូច​អ៊ីចឹង វា​ចូល​ទៅ​ក្នុង​ខ្យល់​ដង្ហើម​យើង​ជ្រៅ។ ពេលខ្លះ​វា​អាច​ចូល​ដល់​សួត ពេលខ្លះ​វា​អាច​ចូល​ដល់​សរសៃឈាម​របស់​យើង។ តែ​បើសិនជា​ដុំ​ធូលី​វា​ធំ វា​អាច​ទើរ​ត្រឹម​ច្រមុះ ឬ​បំពង់​អាហារ បើ​តូច​ដល់ PM 2.5 វា​អាច​ចូល​ដល់​ជ្រៅ។ អ៊ីចឹង​វា​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ខ្លាំង​ដែរ ប្រសិនបើ​វា​ចូល​កាន់តែ​ជ្រៅ គឺ​វា​កាន់តែ​បង្ក​បញ្ហា​ហ្នឹង​ធ្ងន់ធ្ងរ»។

លោក​បន្ថែម​ថា សារធាតុ​ពុល​នេះ មាន​ប្រភព​មកពី​ការ​ដុត​ឥន្ធនៈ​ផូស៊ីល និង​កម្ទេច​ធូលី​ផ្សេងៗ​ទៀត ដែល​អាច​កើតមានឡើង​ដោយសារ​ចំហេះ​គ្រឿងចក្រ យានយន្ត ឬ​ចំហេះ​បំភាយ​ចេញពី​រោងចក្រ​ឧស្សាហកម្ម ឬ​រោងចក្រ​ស៊ីម៉ង់​ជាដើម។ ក្រៅ​ពី​នេះ លោក​ថា កម្ទេចកំទី​ធូលី​នៅ​តាម​ដង​ផ្លូវ​ថ្នល់​សាធារណៈ ក៏​អាច​បង្ក​ឲ្យ​មាន​សារធាតុ​នេះ​ដែរ ហើយ​សូម្បីតែ​ការ​ចម្អិន​អាហារ​ជា​លក្ខណៈ​ប្រពៃណី តាមរយៈ​ការ​ប្រើ​ធ្យូង ឬ​អុស ឬ​ការ​ដុត​សំរាម ថង់​ប្លាស្ទិក នៅ​តាម​ទីវាល​ខាងក្រៅ ក៏​អាច​បញ្ចេញ​នូវ​សារធាតុ​បំពុល​នេះ​ដែរ។

ក្នុង​សេចក្ដីជូនដំណឹង​មួយ​របស់​ក្រសួងបរិស្ថាន ស្ដីពី​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ឧសភា អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ម្នាក់​ឈ្មោះ ស៊ិន សុផារិទ្ធ សរសេរ Comments ចោទ​ជា​សំណួរ​ទៅវិញ​ថា «​មិន​ដឹង​ជា​អាច​ជឿ​ទុកចិត្ត​បាន​កម្រិត​ណា​ទេ?» ដោយ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​តំណ​ភ្ជាប់​ទៅ​អត្ថបទ​មួយ​ជា​ភាសា​អង់គ្លេស របស់​ទស្សនាវដ្ដី Southeast Asia Globe ពាក់ព័ន្ធ​នឹង​ការ​បំពុល​ខ្យល់អាកាស​នៅ​រាជធានី​ភ្នំពេញ​នេះ។

យុវជន​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ឈ្មោះ អ៊ុង ង៉ែត ថ្លែងប្រាប់​អាស៊ីសេរី​ជុំវិញ​ការយល់ឃើញ​របស់​ខ្លួន​ថា បញ្ហា​បំពុល​ខ្យល់អាកាស​នៅ​ក្រុងភ្នំពេញ​សព្វថ្ងៃ​មានការ​កើន​ឡើង​ខ្លាំង ហើយ​គុណភាព​ខ្យល់អាកាស​កាន់តែ​អាក្រក់​ជាង​មុន​ច្រើន។ ការណ៍​នេះ បង្ក​ឲ្យ​រូបគេ ក៏ដូចជា​ពលរដ្ឋ​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង៖ «វា​អាក្រក់​ជាង​មុន​ច្រើន ដោយសារ​ថា ឥឡូវ​សូម្បីតែ​រោងចក្រ​នៅ​ភ្នំពេញ បើ​យើង​និយាយ​ស្មោះត្រង់​ទៅ​នៅ​ភ្នំពេញ រោងចក្រ​មួយ​ចំនួន វា​មាន​ច្រើន ហើយក៏​ដកថយ​ទៅដល់​ជនបទ។ ជនបទ​ហ្នឹង​ក៏​រង​ផល​ប៉ះពាល់​ខាង​ហ្នឹង​ដែរ​បាទ រង​ប៉ះពាល់​ពី​រោងចក្រ​អីហ្នឹង»។

បន្ថែម​ពីលើ​នេះ យុវជន អ៊ុង ង៉ែត បន្ត​ថា ការ​ចោល និង​ប្រមូល​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយសារ​កត្តា​ប្រជាពលរដ្ឋ​ខ្លះ ខ្វះ​ការ​យល់ដឹង​អំពី​ការថែទាំ​បរិស្ថាន រួមផ្សំ​នឹង​កត្តា​អាជ្ញាធរ​មិន​សូវ​យកចិត្តទុកដាក់​ផង៖ «យើង​មិន​យល់​ថា ការ​បម្រែបម្រួល​អាកាសធាតុ​ហ្នឹង មកពី​អាកាសធាតុ​ទាំងស្រុង​ទេ ប៉ុន្តែ​កត្តា​មនុស្ស ក៏​វា​ច្រើន​ដែរ ដោយសារតែ​មនុស្ស​យើង ខ្វះ​ការថែទាំ​បរិស្ថាន​ខ្លួនឯង ហើយ​អាជ្ញាធរ​ក៏​មិនសូវ​យកចិត្តទុកដាក់​ដិតដល់ ចេះតែ​... ហើយ​ស៊ីនទ្រី​ក៏​មិនសូវ​យក​ឲ្យ​បាន​ទៀងទាត់ ពេល​ពីរ​បី​ថ្ងៃ​យក​ម្ដង យើង​ឃើញ​ថា វា​ប៉ះពាល់​ច្រើន​អា​ហ្នឹង»។

យុវជន​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា បរិយាកាស​ខ្យល់អាកាស​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ មាន​សភាព​ហប់​ខ្លាំង ធ្វើ​ឲ្យ​រូបគេ​ពិបាក​រក​ខ្យល់​ដកដង្ហើម នៅ​តាម​តំបន់​ខ្លះ។ លោក​ក៏​មើល​ឃើញ​ការប្រែប្រួល​ច្រើន​ដែរ ជាពិសេស​នៅ​តាម​ដង​ផ្លូវ​ធ្វើដំណើរ ពោល​គឺ​នៅ​តាម​ស្តុប​នីមួយៗ ហាក់​មាន​សភាព​ហប់​ខ្លាំង។ លោក​ថា លោក​ក៏ដូចជា​ពលរដ្ឋ​ទូទៅ មានការ​ព្រួយបារម្ភ​ខ្លាំង​ដែរ តែ​ហាក់​ពុំ​បាន​ចាប់អារម្មណ៍ និង​នៅ​ពុំ​ទាន់​យល់ដឹង​ថា តើ​មាន​ជាតិពុល​អ្វីខ្លះ លាយ​លំនៅ​ក្នុង​ខ្យល់អាកាស​នេះ។

កង្វល់ និង​ការ​លើកឡើង​របស់​ពលរដ្ឋ​ពី​ខាងដើម​នេះ ហាក់​ផ្ទុយ​ស្រឡះ​ទៅ​នឹង​អ្វី​ដែល​ក្រសួង​បរិស្ថាន​ធ្លាប់​បាន​អះអាង​នា​ពេល​កន្លងមក ដែល​ថា មិន​ទាន់​មាន​ការ​បំពុល​ខ្យល់​ធ្ងន់ធ្ងរ ដូច តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​នានា​នា​ពេល​កន្លងទៅ​នោះ​ទេ​។ មិនតែប៉ុណ្ណោះ ក្រសួងបរិស្ថាន ក៏បាន​ស្នើ​កុំ​ឲ្យ​សាធារណជន​មាន​ការ​ព្រួយបារម្ភ អំពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ និង​ប្រកបមុខរបរ​នៅ​តាម​ទី​សាធារណៈ។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ចុះ​ថ្ងៃ​ទី៤ ឧសភា បញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការ​អង្កេត​តាមដាន​គុណភាព​ខ្យល់​នៅ​តាម​ទីក្រុង​ធំៗ និង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ថា រាល់​ប៉ារ៉ាម៉ែត្រ​ទាំងអស់ គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​កម្រិត​កំណត់​ស្តង់ដារ​នៅ​ឡើយ ពោល​គឺ​ស្ថិត​ក្នុង​កម្រិត​មិនទាន់​គ្រោះថ្នាក់​នៅឡើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៣ រហូតមក​ទល់​បច្ចុប្បន្ន ក្រសួងបរិស្ថាន បាន​ធ្វើ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​នៅ​តាម​បណ្ដា​ទីក្រុង​ធំៗ​នៅ​កម្ពុជា ជាពិសេស​នៅ​ភ្នំពេញ ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​គុណភាព​ខ្យល់​នេះ។ នៅ​ឆ្នាំ​២០១៧ ក្រសួង​ក៏បាន​បំពាក់​បន្ថែម​នូវ​ឧបករណ៍​សម្រាប់​តាមដាន​គុណភាព​ខ្យល់ លើ​ភាគល្អិត​សារធាតុ PM10 និង PM2.5 គឺ​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ។

លោក ធីវ សុភារិទ្ធ អះអាង​ថា ក្រសួង​របស់​លោក បាន​ខិតខំ​ក្នុង​ការ​តាមដាន ក៏ដូចជា​ទប់ស្កាត់​នូវ​ការ​បំពុល​ខ្យល់អាកាស​នេះ​ហើយ ក៏ប៉ុន្តែ លោក​ហាក់​ទទួលស្គាល់​ដែរ​ថា នៅ​តាម​តំបន់​មួយ​ចំនួន គុណភាព​ខ្យល់ អាច​មាន​កម្រិត​បំពុល​ខ្លាំង​ខុស​ពី​ធម្មតា៖ «ផ្អែក​ទៅ​លើ​លទ្ធផល យើង​សង្កេត​ឃើញ​ថា វា​មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​នោះ​ទេ។ ប៉ុន្តែ​យើង​ឃើញ​ថា នៅ​តាម​ចំណុច​មួយ​ចំនួន គឺ​វា​ប្រាកដជា​លើស​ទៅ​នឹង​ស្តង់ដារ​ហើយ។ ឧទាហរណ៍​នៅ​តាម​ដង​ផ្លូវ​ដែល​យើង​កំពុងតែ​ធ្វើ​ការ​ជួសជុល ឬក៏​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​ចរាចរណ៍​មមាញឹក ឬក៏​ចរាចរណ៍​កកស្ទះ​ច្រើន គឺ​នៅ​ទីតាំង​ទាំងអស់​នោះ គឺ​ប្រាកដ​ជា​មាន​សារធាតុ​ហ្នឹង លើស​ពី​កម្រិត​ដែល​យើង​បាន​កំណត់​ហើយ។ ប៉ុន្តែ​បើ​យើង​មើល​ជាទូទៅ គឺ​យើង​មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​ទេ»។

លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ឬ​ពលរដ្ឋ​ដែល​ធ្វើការ​នៅ​តំបន់​ទាំងនោះ គួរ​មាន​វិធានការ​ក្នុង​ការ​ការពារ តាមរយៈ​ការ​ពាក់​ម៉ាស់ ឬក៏​វិធីសាស្ត្រ​ផ្សេងៗ​ទៀត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព។ លោក ធីវ សុភារិទ្ធ ឲ្យ​ដឹង​ថា ក្រសួងបរិស្ថាន បច្ចុប្បន្ន កំពុងតែ​រៀបចំ​នូវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​បញ្ហា​នៃ​ការ​បំពុល​ខ្យល់​នេះ ដោយ​កំណត់​ទៅលើ​ប្រភព​ដែល​អាច​បង្ក​ឲ្យ​មានការ​បំពុល​ខ្យល់​នេះ ជាពិសេស​គឺ​នៅ​តាម​បណ្ដា​រោងចក្រ​ឧស្សាហកម្ម​ធំៗ តាមរយៈ​ការ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​ទាំងនោះ ត្រូវតែ​បំពាក់​នូវ​ប្រព័ន្ធ​តម្រង​ចម្រុះ​ផ្សែង មុននឹង​បញ្ចេញ​ចូល​ទៅ​ក្នុង​បរិយាកាស។

បន្ថែម​ពីលើ​នេះ លោក​ថា ចំពោះ​យានយន្ត និង​យានជំនិះ​ផ្សេងៗ ក្រសួង​ក៏បាន​បង្កើត​នូវ​ស្តង់ដារ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ចំហេះ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទាំងនេះ។ ក្រៅ​ពី​នេះ ក្រសួង​ក៏​កំពុង​រៀបចំ​នូវ​ផែនការ​គ្រប់គ្រង​ធនធាន​ខ្យល់ ដែល​រួមមាន​ដូចជា ការ​បង្កើត​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ ដើម្បី​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង។ យ៉ាងណាក៏ដោយ លោក ធីវ សុភារិទ្ធ បាន​គូស​បញ្ជាក់​ពី​ចន្លោះប្រហោង​មួយ​ចំនួន ដែល​ក្រសួង​កំពុង​ជួបប្រទះ​នា​ពេល​បច្ចុប្បន្ន​នេះ៖ «តាមពិត​យើង​ចង់បាន​ស្ថានីយ​ដែល​យើង​ត្រួត​ពិនិត្យ​ច្រើន ដើម្បី​ឲ្យ​ការវាយតម្លៃ​របស់​យើង​វា​សុក្រិត។ ទី​ពីរ យើង​ត្រូវការ​ឧបករណ៍​មួយ​ចំនួន​នៅ​ពេល​ដែល​យើង​ចុះទៅ​ត្រួតពិនិត្យ​នៅ​តាម​រោងចក្រ​ធំៗ ប្រភព​បំពុល​ធំៗ​។ យើង​អត់​ទាន់​មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​គ្រប់គ្រាន់​នៅឡើយ​ទេ យើង​ធ្វើ​តាមរយៈ​ការពិនិត្យ​ជាក់ស្ដែង​ដោយ​ភ្នែក​ទទេ។ អ៊ីចឹង​នេះ​ជា​ចន្លោះប្រហោង​របស់​យើង ដោយសារ​លទ្ធភាព​របស់​យើង​នៅ​មិន​ទាន់​មាន​គ្រប់គ្រាន់»។

ផ្ទុយ​ពី​កម្រិតស្តង់ដារ​សារធាតុ​បំពុល PM2.5 ដែល​ក្រសួង​កំណត់​ថា ទាល់​តែ​មាន​កម្រិត​ជា​មធ្យម​ចាប់ពី ៥០ µg/m3 (​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​) ឡើង​ទៅ ទើប​អាច​ថា ជា​ការ​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​ណែនាំ គឺ​ត្រូវ​នៅ​ក្រោម ២៥ µg/m3 ទើប​ជា​ការ​ប្រសើរ។

អត្ថបទ​មួយ​របស់​ទស្សនាវដ្តី Southeast Asia Globe ដាក់​ចំណងជើង​ថា «ការពិត​នៅ​ពីក្រោយ​ផ្ទៃមេឃ​ដ៏​អាប់អួ​នៅ​រាជធានី​ភ្នំពេញ» បាន​ដកស្រង់​ទិន្នន័យ​នៃ​ការ​វាស់ ស្ទង់​កម្រិត​សារធាតុ​បំពុល PM2.5 ធ្វើឡើង​ដោយ​គេហទំព័រ AirVisual ដែល​ផ្តោត​លើ​ការ​តាមដាន​ការ​បំពុល​ខ្យល់អាកាស​ជា​សាកល រកឃើញ​ថា កម្រិត​សារធាតុ​បំពុល PM2.5 នៅ​តំបន់​ទីប្រជុំជន​ស្តា​ត​អូឡាំពិច កាលពីដើម​ខែ​មេសា កន្លងទៅ គឺ​មាន​រហូតដល់​ទៅ ១១១ µg/m3 ឯណោះ ដែល​ហួស​ពី​កម្រិតស្តង់ដារ​កំណត់​របស់​ក្រសួង និង​ហួស​ឆ្ងាយ​លើស​ពី​កម្រិតស្តង់ដារ​ផ្ដល់​អនុសាសន៍​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO គឺ ២៥ µg/m3។ គេហទំព័រ AirVisual នេះ បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧ កម្រិត​ជា​មធ្យម​នៃ​សារធាតុ​បំពុល​ខ្យល់អាកាស PM2.5 នៅ​កម្ពុជា គឺ​ស្ថិត​ក្នុង​រង្វង់ ២៧,៤ µg/m3 ខណៈ​ដែល​ទិន្នន័យ​ពី​ទីក្រុង​ធំៗ​នៅ​តាម​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ដូចជា​នៅ​ទីក្រុង​ប៉ារីស មាន​ត្រឹមតែ​ប្រមាណ ១៥ µg/m3 ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ធីវ សុភារិទ្ធ ទទួលស្គាល់​ថា ប្រសិនបើ​យក​តាម​គោលការណ៍​ការណែនាំ និង​ស្តង់ដារ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក WHO កម្រិត​សារធាតុ​បំពុល PM2.5 នៅ​កម្ពុជា​ជា​មធ្យម គឺ​ពិតជា​អាច​លើស​ពី​អ្វី​ដែល​អង្គការ​នេះ​កំណត់​មែន ព្រោះ​លោក​ថា ការកំណត់​នេះ មាន​លក្ខណៈ​តឹងរ៉ឹង​ខ្លាំង៖ «បើ​យើង​និយាយ​ពី​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​គាត់​មាន​ច្រើន​ដំណាក់កាល។ អ៊ីចឹង​បើ​យើង​មើល​តែ​ដំណាក់​ចុងក្រោយ ដែល​តឹងរ៉ឹង​បំផុត​នោះ គឺ​យើង​លើស ប៉ុន្តែ​បើសិនជា​យើង​មើល​តែ​ដំណាក់កាល​ដំបូង​គឺ​យើង​អត់​ទាន់​លើស​ទេ។ យើង​ស្ថិត​នៅ​ក្រោម​នៅឡើយ​ទេ។ ដំណាក់កាល​ដំបូង​គឺ​ចាប់ពី ៥០មីក្រូ​ក្រាមគ្យូប៊ីក​មីតធឺ រហូត​ទៅដល់ ២០​មីក្រូ​ក្រាម per cubic meter ។ ប្រហែលជា​អាច​មាន​ក្រោម​ហ្នឹង​ទៀត ព្រោះ​គាត់ update រហូត​របស់​អង្គការ​សុខភាព​ពិភពលោក។ ប៉ុន្តែ​យើង​នៅ​ចន្លោះ​ហ្នឹង។ យើង​នៅ​ចន្លោះ​ពី​២០ ទៅ​៥០ ហ្នឹង យើង​អត់​ទាន់​លើស​៥០​ទេ។ តែ​ពេលខ្លះ​យើង​ក្រោម ២០​អ៊ីចឹង​ដែរ»។

ការសិក្សា​ស្រាវជ្រាវ​មួយ​ស្ដីពី​គោលនយោបាយ​គុណភាព​ខ្យល់អាកាស​របស់​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ ឬ​ហៅ​កាត់​ថា UNEP កាលពី​ឆ្នាំ​២០១៥ រក​ឃើញ​ថា ស្ថានភាព​ជា​រួម​នៃ​គុណភាព​ខ្យល់អាកាស​នៅ​កម្ពុជា គឺ​មិនទាន់​បំពេញ​តាម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ ខណៈ​ដែល​កម្ពុជា​នៅ​ពុំ​ទាន់​មាន​គោលនយោបាយ​ជាតិ​ស្ដីពី​គុណភាព​ខ្យល់​នៅ​ឡើយ​ឮ។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ គូស​បញ្ជាក់​បន្ថែម​ថា ការ​ប្រមូល​ផ្តុំ​នៃ​សារធាតុ​បំពុល​ខ្យល់​អាកាស PM2.5 គឺ​ហាក់​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង ជាពិសេស​នៅ​តាម​តំបន់​ទីប្រជុំជន​នានា។

អង្គការ​សុខភាព​ពិភពលោក WHO រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ២០.៤០០​នាក់ បាន​ស្លាប់​ដោយសារ​ការ​បំពុល​ខ្យល់​អាកាស ក្នុង​នោះ ៤៤​ភាគរយ ស្លាប់​ដោយសារ​ការ​បំពុល​បរិយាកាស​ដោយ​កត្តា​ផ្ទាល់ខ្លួន រួមមាន​ដូចជា​ការ​ជក់​បារី និង​ការ បំពុល​ផ្សេងៗ​ជា​លក្ខណៈ​គ្រួសារ ខណៈ​៥៦​ភាគរយ​ទៀត ពោល​គឺ​ពលរដ្ឋ​ចំនួន ១១.៤០០​នាក់ ស្លាប់​ដោយសារ​ការ​បំពុល​ខ្យល់អាកាស​នៅ​តាម​ទីធ្លា​សាធារណៈ។ អង្គការ​សុខភាព​ពិភពលោក WHO ក៏​រក​ឃើញ​ដែរ​ថា គិត​ត្រឹម​ឆ្នាំ​២០១៣ ពលរដ្ឋ​ខ្មែរ​ចំនួន ៨៨% នៅតែ​ប្រើប្រាស់​អុស​ធ្យូង ឬ​លាមក​សត្វ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន ដែល​អាច​បង្ក​ឲ្យ​មាន​សារធាតុពុល​ក្នុង​ខ្យល់ សម្រាប់​ធ្វើជា​មធ្យោបាយ​ចម្អិន​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ។

ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​បរិយាកាស និង​គុណភាព​ខ្យល់អាកាស​នេះ អង្គការ​សុខភាព​ពិភពលោក WHO ដាក់​ចេញ​ជា​អនុសាសន៍​សំខាន់ៗ​មួយ​ចំនួន ដែល​កម្ពុជា​គួរ​យក​មក​អនុវត្ត ក្នុង​នោះ​រួមមាន៖ ការអភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ប្រកបដោយ​និរន្តរភាព​នៅ​តាម​ទីក្រុង​នានា ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ការ​គ្រប់គ្រង​កាកសំណល់​រឹង ការ​បោះបង់​ចោល​ទម្លាប់​បុរាណ​នៃ​ការ​ចម្អិន​អាហារ​តាម​គេហដ្ឋាន​ដោយ​ប្ដូរ​ទម្លាប់​ពី​ការ​ប្រើ​អុស ឬ​ធ្យូង មក​ជា​ការប្រើប្រាស់​ចង្ក្រាន​អគ្គិសនី ការ​អភិវឌ្ឍ​នូវ​ទីផ្សារ​សម្រាប់​ថាមពល​ដែល​អាច​បម្លែង​បាន និង​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំង​ការអនុវត្ត​នូវ​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ជា​លក្ខណៈ​ឧស្សាហកម្ម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។