សាច់​ញាតិស្នើសុំ​​​​ឲ្យ​តុលាការ​ភ្នំពេញ​​​​បញ្ឈប់​​ការ​​ឃុំ​ខ្លួន​​​យុវជន​​​សង្គម​​​ទាំង​​​៧​​​នាក់​ តាម​​សំណើ​​​របស់​​​អ្នក​​​សិទ្ធិ​មនុស្ស​អន្តរជាតិ​​

0:00 / 0:00

សាច់​ញាតិ​ និង​សង្គម​ស៊ីវិល នៅ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​​អន្តរាគមន៍​ដោះ​លែង​​យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈ​ ៥ ​នាក់ និង​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​២ ​នាក់ ឲ្យ​មាន​សេរីភាព​វិញ។

​បង​​ស្រី​របស់​ព្រះ​តេជ​គុណ​​ កើត សារ៉ាយ នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ គឺ​លោកស្រី កើត វី គាំទ្រ​ចំពោះ​សំណើ​របស់​​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​ដោះលែង​ប្អូន​ប្រុស និង​យុវជន​ដទៃ​ទៀត។ លោកស្រី សោកស្ដាយ​ចំពោះ​ការ​ចាប់​និង​​​ឃុំ​ខ្លួន​យុវជន​ទាំង​៧​នាក់ ដោយ​គ្មាន​កំហុស​រយៈ​ពេល​​​ជិត​មួយ​ឆ្នាំ​មក​នេះ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ​ការ​ឃុំ​ខ្លួន​ប្អូន​ប្រុស​ជិត​មួយ​ឆ្នាំ​មក​នេះ បណ្ដាល​ឲ្យ​ម្ដាយ​ចាស់​ជរា​នៅ​ឯ​ស្រុក​ឈឺ​ចិត្តយ៉ាង​ខ្លាំង​ណាស់​៖ « ឃុំ​លោក​ប្អូន​ខ្ញុំ​យូរ​ដែរ​ហើយ ហើយ​គាត់​ក៏​មិន​ទាន់​មាន​ទោស​អ្វី​ធ្ងន់​ខ្លាំង​ណា គួរ​តែ​ដោះលែង​គាត់​មក ហើយ​ឥឡូវ​នេះ​កូវីដ​ឆ្លង​ខ្លាំង គាត់​​នៅ​ក្នុង​នោះ​ពិបាក​ប្រឈម​ឆ្លង»។

ចំណែក​សាច់​ញាតិ​របស់​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ក៏​មាន​បំណង​ចង់​​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​យុវជន​ទាំង​អស់ តាម​​ការ​ទាមទារ​របស់​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​អន្តរជាតិ​​ដែរ។ ប្អូន​ប្រុស​របស់​លោក មាន ព្រហ្ម​មុនី គឺ​លោក មាន សំណព្វ ​យល់​ថា ​ការ​បន្ត​ឃុំ​ខ្លួន​ក្រុម​យុវជន​ទាំង​ ៧ ​នាក់​​​មិន​បាន​ផ្ដល់​ផល​​ចំណេញ​​អ្វី​ដល់​រដ្ឋាភិបាល និង​​សង្គម​ជាតិ​នោះទេ​។ បន្ថែម​ពី​នេះ​ស្ថានភាព​គ្រួសារ​របស់​ពួកគេ​ក៏​រង​​វិបត្តិ​ផ្លូវ​ចិត្ត​ដែរ៖ « ហ្នឹង​ហើយ​៩​ខែ​ជាង​​១០​ខែ​ឥឡូវ​ហើយ។ ខ្ញុំ​អត់​យល់​ដែរ វា​អត់​ដឹង​ថា​មាន​ទោស​អ្វី ត្រូវ​ឃុំ​ផង។ គាំទ្រ​ឲ្យ​ដោះលែង​ដែរ វា​អត់​ត្រូវ​មាន​ទោស​អ្វី ត្រូវ​ឃុំ​ផង»។

​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​នៅ​ពេល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល ​​ក្រុម​​អ្នក​ជំនាញ​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​​ចំនួន​ ៥ រូប​​ ពិនិត្យ​ឃើញ​ថា​ ការ​បន្ត​ឃុំ​ខ្លួន​យុវជន​​ទាំង ​៧ នាក់​ គឺលោកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ លោក លោក មួង សុភ័ក្រ្ត និង លោក មាន ព្រហ្មមុនី​ ធ្វើ​ឡើង​ដោយ​បំពាន និង​ជា​ការ​ដក​ហូត​សេរីភាព​របស់​ពួក​គេ ដោយ​គ្រាន់តែ​ពួក​គេ​ធ្វើ​សកម្មភាព​​ស្រប​ច្បាប់ និង​ដោយ​សន្តិវិធី​របស់​ពួក​គេ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស និង​​សេរីភាព​ជា​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា។

ឆ្លើយតបនឹងការ​ទាមទារ​ឲ្យ​ដោះលែង​​យុវជន​ទាំង​ ៧ ​នាក់​នេះ រដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌ និង​​ជា​​អនុ​ប្រធាន​​គណៈកម្មាធិការ​​សិទ្ធិ​មនុស្ស​​កម្ពុជាលោក​ ជិន ម៉ាលីន ប្រាប់​​កាសែត​ក្នុង​ស្រុក(ភ្នំពេញ​ប៉ុស្តិ៍) កាល​ពី​ថ្ងៃទី​​៩​ ខែសីហា ថា​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ទាំង​ ​៥ ​​រូប ​ផ្អែក​​​លើ​របាយការណ៍​​ពី​​ក្រុម​​ដែល​មាន​​និន្នាការ​ប្រឆាំង​​។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ចោទ​​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​​ទាំង​ ៥ ​នាក់​ ​ថា​​​មិន​បាន​​ផ្អែក​លើ​​ទិដ្ឋភាព​​ជាក់ស្តែង និង​​​​​គ្មាន​មូលដ្ឋាន​រឹងមាំ​ផ្នែក​ច្បាប់​។ លោកបន្តអះអាង​ទៀត​ថា​ សមត្ថកិច្ច​​មាន​​​​ភ័ស្តុតាង ​ដែល​​បញ្ជាក់​ថា​ ​សកម្មភាព​​របស់​ក្រុម​យុវជន​ទាំង​ ៧ ​នាក់ គឺ​​ជា​សកម្មភាព​ល្មើស​​ច្បាប់​។

ទោះ​ជា​យ៉ាង​ណា មន្ត្រីសង្គម​ស៊ីវិល​គាំទ្រ​ការ​ទាមទារ​​ឲ្យ​មាន​ការ​​ដោះលែង​យុវជន​​​ទាំង ​៧​ ​នាក់។ ប្រធាន​​ផ្នែក​កម្មវិធី​ស្រាវជ្រាវ​​ និង​តស៊ូ​មតិ​​នៃ​សមាគម​​បណ្ដាញ​យុវជន​កម្ពុជា ​(CYN)​ ​លោក ហេង គឹមហុង ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​​ចោទ​ប្រកាន់​ប្រឆាំង​​លើ​ក្រុម​យុវជន​ទាំង​ ៧​ នាក់ ដោយសារ​តែ​សកម្មភាព​និង​ការតវ៉ា​កន្លង​មក ​ធ្វើ​ឡើង​ក្នុង​បុព្វ​ហេតុ​ដើម្បី​​ទាមទារ​សិទ្ធិ​សេរីភាព​ ដែល​​មាន​ធានា​ដោយរដ្ឋធម្មនុញ្ញ​។ លោក​បន្ត​ថា ​​សកម្ម​ភាព​របស់​ក្រុម​យុវជន​ក៏​មិន​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ ដូច​បទ​ចោទ​ប្រកាន់របស់តុលាការ​ដែរ៖ «បើ​សិន​ជា​បន្ត​ឃុំ​ខ្លួន​គឺ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​​កិត្តិសព្ទ​ទ​​របស់​ប្រទេស​កម្ពុជា ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​គោលការណ៍​យុត្តិធម៌ ដែល​តែងតែ​ធានា​ថា​ផ្ដល់​យុត្តិធម៌​ដោយ​ឆាប់​រហ័ស​សម្រាប់​ពលរដ្ឋ​កម្ពុជា»។

​របប​ក្រុង​ភ្នំពេញ​ បាន​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ​ និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​​​ខ្មែរ ​​​៧ រូប ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​កាល​ពី​អំឡុង​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០។ ដើម​ហេតុ​នៃ​ការ​ចាប់​ខ្លួននេះ គឺ​ដោយ​ពួកគាត់​​តវ៉ា​ដោយ​សន្តិវិធី​ទាម​ទារ​ឱ្យ​ដោះលែង​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន និង​មាន​គម្រោង​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ តុលាការ​​បាន​ចោទ​ប្រ​កាន់​ពួក​គាត់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ដល់​២ឆ្នាំ។ គិត​ត្រឹម​ខែ​សីហា​​នេះ ក្រុម​យុវជន​ទាំង​៧នាក់ ដោយ​អ្នក​ខ្លះ​បាន​ជាប់​ពន្ធនាគារ​ចំនួន​ ១ ឆ្នាំ​មកហើយ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និងអន្តរជាតិ ជា​ពិសេស ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ រួម​ទាំង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ស្ថានទូត​អាមេរិក​ជា​ដើម តែង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម នយោបាយ បរិស្ថាន ដែល​រដ្ឋាភិបាល​បាន​ចាប់​​ឃុំ​ខ្លួន​សរុបជាង​ ៨០ នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

(English version below) - UN HUMAN RIGHTS EXPERTS EXPRESS CONCERN IN RELATION TO THE ONGOING PRE-TRIAL DETENTION AND...

Posted by United Nations Human Rights in Cambodia on Sunday, August 8, 2021

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។