ពលរដ្ឋ​ខេត្ត​ឧត្ដរមានជ័យ​បារម្ភ​ខ្លាច​អាជ្ញាធរ​យក​អាង​ស្តុក​ទឹក​បឹង​ស្នោ​ទៅ​អភិវឌ្ឍ​ជា​អ្វី​ផ្សេង

ដោយ ហង្ស សាវយុត
2016.05.18
បឹង​ស្នោ ឧត្ដរមានជ័យ ២០១៦ ៨៥៥ គ្រឿងចក្រ​ជីក​កាយ​អាចម៍​ដី​ពី​បាត​បឹង​ស្នោ នៅ​កណ្ដាល​ទីក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

បច្ចុប្បន្ន ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ពឹង​ផ្អែក​លើ​ប្រភព​ទឹក​ក្នុង​បឹង​ស្នោ​កណ្ដាល​ទីក្រុង ដើម្បី​ដង​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​រយៈពេល ៤​ថ្ងៃ​មក​នេះ គេ​ឃើញ​អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ជាច្រើន​ទៅ​ជីក និង​កាយ​ដី​បឹង​ស្នោ​នោះ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ខ្លាច​ក្រែង​គេ​យក​ទៅ​ធ្វើ​ជា​កន្លែង​អភិវឌ្ឍន៍​អ្វី​ផ្សេង ហើយ​គ្មាន​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ត​ទៅ​ទៀត។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កំពុង​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​អាជ្ញាធរ​ខេត្ត​នេះ ដែល​បាន​យក​គ្រឿងចក្រ​ជាច្រើន​ទៅ​ជីក និង​កាយ​ដី​បឹង​ស្នោ ហើយ​មិន​បាន​បង្ហាញ​គម្រោង​ច្បាស់លាស់​ឲ្យ​សាធារណជន​បាន​ដឹង ថា​តើ​ចង់​ធ្វើ​អ្វី​ពិត​ប្រាកដ?

ក្រុម​ប្រជាពលរដ្ឋ​ខ្លះ នាំ​គ្នា​ភ្ញាក់​ផ្អើល ដោយ​ពួក​គេ​ទទួល​ព័ត៌មាន​ផ្សេងៗ​គ្នា ដូចជា​ខ្លះ​ថា​ការ​ជីក​ដី​នោះ​សម្រាប់​ស្ដារ​កន្លែង​ស្តុក​ទឹក​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត និង​ខ្លះ​ថា​គេ​ឃើញ​គម្រោង​មួយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចង់​យក​បឹង​ស្នោ​ទៅ​ធ្វើ​ជា​ផ្ទះ​បណ្ដែត​ទឹក អាង​ហែល​ទឹក និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ ជាដើម។

កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​ឧសភា ប្រជាពលរដ្ឋ​ជាច្រើន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ប្រហាក់ប្រហែល​គ្នា ប្រសិន​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ពិត​ជា​យក​តំបន់​បឹង​ស្នោ​ធ្វើ​ជា​សំណង់​អភិវឌ្ឍន៍​សម្រាប់​ទេសចរណ៍​នោះ​មែន៖ «ប្រុស៖ ប្រជាពលរដ្ឋ​មាន​ការ​ងឿង​ឆ្ងល់​ណាស់ ថា​តើ​ចៅហ្វាយ​ខេត្ត​គាត់​បម្រុង​ធ្វើ​អី? ហេតុ​អ្វី​បាន​ជា​មិន​ដាក់​គម្រោង​បង្ហាញ​សាធារណៈ? ស្រី៖ ខ្ញុំ​ប្រជាពលរដ្ឋ​នៅ​ខាង​ណេះ អត់​គាំទ្រ​ទេ​រឿង​ធ្វើ​សំណង់ ព្រោះ​កន្លែង​ហ្នឹង​ទឹក​បូម​ប្រើប្រាស់​រាល់​ថ្ងៃ»

អ្នក​ភូមិ​បាន​ហៅ​បឹង​ស្នោ​ដែល​នៅ​កណ្ដាល​ទីក្រុង​សំរោង ថា​ជា​បឹង​ផ្ដល់​ប្រភព​ទឹក​ប្រវត្តិសាស្ត្រ​រាប់​រយ​ឆ្នាំ​មក​ហើយ ដែល​មនុស្ស​សត្វ​បាន​ពឹង​ផ្អែក​លើ​វា។

ទោះ​បី​ជា​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ដើម្បី​សុំ​ការ​ពន្យល់​ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១៧ ឧសភា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ​គណនេយ្យ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ ឧត្តរមានជ័យ​ថ្មី ដែល​មាន​ទាំង​បង្ហាញ​រូបភាព​លោក​អភិបាល​ខេត្ត ស ថាវី ដើរ​ពិនិត្យ​សកម្មភាព​ជីក​បឹង​នោះ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា បាន​សរសេរ​ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​កែលំអ​សោភ័ណភាព​បឹង​ស្នោ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត។ លើស​ពី​នេះ​ទៅ​ទៀត គឺ​ចង់​ឲ្យ​ក្រុង​សំរោង ក្លាយ​ជា​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​ខ្លួន​ចូល​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស។

អភិបាល​ក្រុង​សំរោង លោក អ៊ុន សុភ័ក្រ មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ច្បាស់លាស់​ពី​គម្រោង​នៅ​ក្នុង​បឹង​ស្នោ​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹង​ខ្លះៗ​ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ គ្រាន់​តែ​ចង់​ស្ដារ​ដី​បាត​បឹង​នោះ​ឲ្យ​ជ្រៅ ព្រម​ទាំង​ដាំ​ដើម​ឈើ​ធ្វើ​ជា​អេកូ​ទេសចរណ៍ មិន​មាន​សង់​សំណង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​អ្នក​ភូមិ​បារម្ភ​នោះ​ឡើយ៖ «ប្រយោជន៍​មាន​ពីរ។ ទី​១ គឺ​ស្ដុក​ទឹក​បាន​ច្រើន​នៅ​ខាង​មុខ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ពលរដ្ឋ និង​ទី​២ គឺ​ចង់​កែលំអ​សោភ័ណភាព​ឲ្យ​កាន់​តែ​ទាក់ទាញ​ថែម​ទៀត»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា ស្រប​ពេល​បច្ចុប្បន្ន​ដែល​ក្រុង​សំរោង ទាំង​មូល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ ប្រសិន​បើ​អាជ្ញាធរ​គិតគូរ​ពី​រឿង​ស្ដារ​បឹង​ស្នោ​ដើម្បី​ស្ដុក​ទឹក​ឲ្យ​កាន់​តែ​ច្រើន​នោះ គឺ​លោក​គាំទ្រ ក៏ប៉ុន្តែ​ប្រសិន​បើ​យក​តំបន់​បឹង​ទៅ​ធ្វើ​ជា​សំណង់​អភិវឌ្ឍន៍​ទេសចរណ៍ គឺ​មិន​ទាន់​ដល់​ពេល​នៅ​ឡើយ ពីព្រោះ​តែ​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​របស់​ប្រជាពលរដ្ឋ សំខាន់​ជាង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​គេ​មក​ឃើញ​ភាព​ក្រីក្រ​នៅ​ក្នុង​ខេត្ត​នេះ។

គេ​មិន​ដឹង​ថា បឹង​ស្នោ​មាន​ទំហំ​ប៉ុន្មាន​ទេ ប៉ុន្តែ​មន្ត្រី​មន្ទីរ​ធនធាន​ទឹក ធ្លាប់​ប្រាប់​ថា វា​អាច​ស្ដុក​ទឹក​បាន​ជាង ៣​លាន​ម៉ែត្រ​គូប​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​សំរោង ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។