ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ថា​ប៉ោយប៉ែត​មិន​សម​ជាប់​ជា​ទីក្រុង​ស្អាត

ដោយ ហ៊ុំ ចំរើន
2017.03.02
ច្រក​ទ្វារ ប៉ោយប៉ែត ៨៥៥ ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
RFA

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ដែល​ទីក្រុង​នេះ​ជាប់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រដ្ឋាភិបាល​បាន​ផ្ដល់​ពានរង្វាន់​ទីក្រុង​ស្អាត​ដែល​ទទួល​ផ្កា​រំដួល​មួយ​ទង​ឲ្យ​ទៅ​​ទីក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​២៧ ខែ​កុម្ភៈ។ ពលរដ្ឋ​រិះគន់​ថា អ្នក​ផ្ដល់​រង្វាន់​នេះ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ភាព​ពិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ឡើយ។

​​​​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​​លើក​ឡើង​ថា ទី​ក្រុង​ជាប់​ព្រំដែន​ថៃ មួយ​នេះ មិន​សម​នឹង​ទទួល​បាន​ពាន​រង្វាន់​ជា​ទីក្រុង​ស្អាត​ឡើយ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​ប៉ោយប៉ែត លោក ប្រាក់ វិទ្ធ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ចិញ្ចើម​ផ្លូវ​ក្បែរ​កន្លែង​ចាក់​សាំង​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ថា លោក​រស់​នៅ​ក្នុង​ក្រុង​មួយ​នេះ​ជិត ៣០​ឆ្នាំ​ហើយ​ គឺ​មើល​មិន​ឃើញ​ចំណុច​ដែល​ក្រុង​នេះ​ត្រូវ​ទទួល​បាន​ពានរង្វាន់​ទេ។

បុរស​មាឌ​រាងក្រអាញ​វ័យ ៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ទី​ក្រុង​ប៉ោយប៉ែត រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​ពោរពេញ​ទៅ​ដោយ​សំរាម និង​ធូលី​ដី៖ «ទោះ​បី​ផ្លូវ​ចាក់​បេតុង​ហើយ​ក៏​នៅ​តែ​មាន​ដី​ហុយ​ដែរ ព្រោះ​អាជ្ញាធរ​ក្រុង​គាត់​មិន​បាន​បាញ់​ទឹក​លាង​សំអាត​ក្រុង​ទេ។ នៅ​ពេល​មាន​ភ្លៀង​ម្ដងៗ ដី​ជាប់​ឡើង​ពេញ​ផ្លូវ​ជាតិ ហើយ​បែក​ផុក គ្មាន​អាជ្ញាធរ​ណា​មក​រៀប​ចំ​សំអាត​ផ្លូវ​​ទេ»

គំនរ​សំរាម​តាម​ផ្លូវ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧
គំនរ​សំរាម​តាម​ផ្លូវ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧
RFA/Hum Chamroeun

​​​​​​​​​​​​អ្នក​រត់​ម៉ូតូឌុប​នៅ​សង្កាត់​ប៉ោយប៉ែត ​ម្នាក់​ទៀត​ លោក​ យក់ រាហុល​ ថ្លែង​​ថា​ ទី​ក្រុង​មួយ​នេះ​ខ្វះ​ការ​រៀបចំ​ទុកដាក់​សំរាម​​​សំអាត​អនាម័យ និង​ការ​ផ្ដល់​សេវា​សាធារណៈ​​ជា​ដើម​ គឺ​មិន​បាន​ត្រឹម​ត្រឹម​ទេ៖ «ខ្ញុំ​មើល​ឃើញ​តាម​ដង​ផ្លូវ​វា​អត់​ស្អាត​សោះ​ ការ​ចត​ឡាន​ម៉ូតូ​ពេញ​ផ្លូវ​គ្មាន​សណ្ដាប់ធ្នាប់​ទេ។ ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​សំអាត​ផ្លូវ​ឲ្យ​បាន​ស្អាត ហើយ​កុំ​ឲ្យ​មាន​ធូលី​ហុយ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ»

អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជឿន សេរីវុទ្ធ មាន​ប្រសាសន៍​ថា ទីក្រុង​ប៉ោយប៉ែត ជាប់​ជា​ទី​ក្រុង​ស្អាត​ដែល​ទទួល​បាន​​ស្នាម​ញញឹម​១ ជាប់​ផ្នែក​បដិសណ្ឋារកិច្ច​ ​គឺ​​​​ការ​បម្រើ​សេវា​សាធារណៈ​បាន​ល្អ។ លោក​បន្ថែម​ថា​ ក្រសួង​ទេសចរណ៍​បាន​វាយ​តម្លៃ​ដាក់​​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ស្អាត​នេះ​ ដោយ​មាន​ការ​សម្ភាស​​ពី​ប្រជាពលរដ្ឋ​យ៉ាង​ហ្មត់ចត់។

លោក​ថា ​នេះ​ជា​មោទនភាព​ខ្លាំង​ណាស់​​របស់​ខេត្ត​បន្ទាយមានជ័យ​ ដោយសារ​មាន​ការ​ប្រឹងប្រែង​ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត៖ «បាទ! យើង​ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​រៀបចំ​បដិសណ្ឋារកិច្ច​​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុខ ព្រោះ​យើង​បាន​ស្នាម​ញញឹម​មួយ​នេះ យើង​នូវ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន ប៉ុន្តែ​យើង​នឹង​ខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​ ដើម្បី​ឈាន​ទី​ទទួល​ពានរង្វាន់​ ស្នាម​ញញឹម ២ ឬ ៣​បន្ថែម​ទៀត»

​​​​​​​​​​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា​ លើក​ឡើង​ថា​ ការ​វាយតម្លៃ​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​ទាំង​ស្រុង​នោះ​​ទេ។

លោក​កត់សំគាល់​ថា កន្លង​មក​ ​ទីក្រុង​ប៉ោយប៉ែត សំបូរ​ពលរដ្ឋ​មាន​បញ្ហា​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។ លោក​បន្ថែម​ថា ទី​ក្រុង​មួយ​នេះ​ រៀបចំ​សេវា​សាធារណៈ​ និង​សណ្ដាប់​ពុំ​បាន​ត្រឹម​ត្រូវ​ឡើយ៖ «យើង​មាន​ការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ប៉ុន្តែ​យើង​គ្រាន់​តែ​គិត​ថា​ នេះ​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​ដែល​ខំ​ប្រឹង​ធ្វើ​ការ ឬ​ក៏​ជា​រង្វាន់​បញ្ចើចបញ្ចើ​ដល់​អាជ្ញាធរ​ក្រុង​ដើម្បី​ឲ្យ​គាត់​ខំ​ធ្វើ​ល្អ​យក​ចិត្ត​ពលរដ្ឋ​កុំ​ឲ្យ​គាត់​ទុក​ពលរដ្ឋ​ចោល​ដូច​សព្វ​ថ្ងៃ​នេះ ឬ​យ៉ាង​ណា?»។​​​​​

​​​​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ កន្លង​ទៅ​ លោក ហ៊ុន សែន​ បាន​ប្រគល់​ពានរង្វាន់​ទី​ក្រុង​ស្អាត​នៅ​វិមាន​សន្តិភាព​​ចំនួន ៣៧​​ក្រុង​ទូទាំង​ប្រទេស​ ​ពី​​ចំណាត់​ថ្នាក់​​លេខ​១ ដល់​លេខ​៣។ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ក្រុង​ចំនួន​២ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទីក្រុង​ស្អាត គឺ​ក្រុង​សិរីសោភ័ណ ទទួល​បាន​​ស្នាម​ញញឹម​២ និង​ក្រុង​ប៉ោយប៉ែត ទទួល​បាន​ស្នាម​ញញឹម​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។