ពលរដ្ឋប្រទះ​ឃើញ​គោយន្ត​ជាច្រើន​គ្រឿង​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់

ដោយ ឡេង ម៉ាលី
2023.04.26
ពលរដ្ឋប្រទះ​ឃើញ​គោយន្ត​ជាច្រើន​គ្រឿង​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ គោយន្ត​ជា​ច្រើន​គ្រឿង ដែល​​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech (Cambodia) Co., Ltd. កំពុង​ដឹក​ឈើ​ចេញ​ពី​តំបន់​ពី​ព្រៃ​ឡង់​បម្រុង​ចូល​ទៅ​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន ពេល​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ កាល​ពី​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៣។
រូបពីពលរដ្ឋ

ប្រជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ ប្រទះ​ឃើញ​គោយន្ត​ជា​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech (Cambodia) Co., Ltd.) កំពុង​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់​បម្រុង​ចូល​ទៅ​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន។ ស្រប​ពេល​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ប៉ុន្តែ​សកម្មជន និង​សហគមន៍​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ប្រើ​ប្រាស​ឆន្ទៈ​ពិត​ប្រាកដ​ពេល​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​កំពង់ចាម​ស្រុក​សំបូរ​ខេត្ត​ក្រចេះ បាន​អះអាង​ថា មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ចុះ​ឃាត់​គោយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន ស៊ីង បាយអូថេក ប្រមាណ​ជាង ១០គ្រឿង​ហើយ​គោយន្ត​ជា​ច្រើន​ទៀត​បាន​បើក​រត់​គេច​ខ្លួន​អស់។

ប្រជា​ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ចាម លោក ហេង រុន បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ មេសា​ថា គោយន្ត​ចាប់​ពី ៦០គ្រឿង ទៅ ៧០គ្រឿង ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ស៊ីង បាយអូថេក ជា​រៀង​រាល់​ថ្ងៃ រហូត​មក​ដល់​ថ្ងៃ​ទី២៥ ក្រុម​ប្រជាពលរដ្ឋ​បាន​ឃាត់​គោយន្ត​ដឹក​ឈើ​ទាំង​នោះ ភ្លាមៗ នោះ ក៏​ឃើញ​មាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ចុះ​ទៅ​ឃាត់​គោយន្ត​ដឹក​ឈើ​ប្រមាណ ១០គ្រឿង និង​គោយន្ត​ផ្សេង​ទៀត បើក​រត់​គេច​ខ្លួន​បាត់​អស់។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ទាំង​នោះ សម្រុក​ចូល​ទៅ​កាប់​ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ​នៅ​ត្រង់​ចំណុច​ត្រពាំង​ទា ត្រពាំង​កាត់សក់ ភ្នំ​ចែ​ម៉ែ ប្រាសាទ​បន្ទាយ​សៀម និង​កន្លែង​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ដឹក​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ ១ម៉ែត្រ​គីប ចាប់​ពី ៤០ម៉ឺន​រៀល​ទៅ ៦០ម៉ឺន​រៀល។

លោក ហេង រុន៖ «ចូល​ប្រហែល​ជា ៦០ ទៅ ៧០ ប៉ុន្តែ​ចាប់​បាន​តែ​ជាង ១០គ្រឿង នៅ​ក្នុង​ព្រៃ​ឡង់​យើង តាម​ត្រពាំង​ទា ត្រពាំង​កាត់សក់ ភ្នំ​ចែ​ម៉ែ ប្រាសាទ​បន្ទាយ​សៀម ដឹក​ឆ្ពោះ​ទៅ​ក្រុមហ៊ុន ស៊ីង បាយអូថេក»

ពាក់ព័ន្ធ​ជុំ​វិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សមត្ថកិច្ច​ជំនាញ​របស់​លោក កំពុង​ចុះ​សិក្សា​ស្រាវ​ជ្រាវ និង​បង្ក្រាប​បាន​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ចំនួន​បី​ខេត្ត រួម​ខេត្ត​កំពង់ធំ ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​ជាក់​លាក់​នៅ​ឡើង​ទេ ដោយ​កម្លាំង​របស់​លោក​កំពុង​បន្ត​ធ្វើ​ការងារ​ទាំង​អស់​នេះ។ លោក​បន្ថែម​ថា កង​រាជ​អាវុធ​ហត្ថ នឹង​មិន​លើក​លែង ចំពោះ​បុគ្គល​ណា ដែល​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ នោះ​ទេ។

លោក អេង ហ៊ី៖ «យើង​កំពុង​តែ​ធ្វើ មិន​ទាន់​បូក​សរុប​អស់​ទេ។ យើង​ឃាត់​គោយន្ត​យើង​ចាប់​ឲ្យ​តែ​អ្នក​ប្រព្រឹត្តិ​ខុស យើង​អនុវត្ត​ច្បាប់​ទៅ ព្រោះ​យើង​អប់រំ​ឆ្អែត យើង​អត់​គិត​ថា​ក្រុមហ៊ុន​ណា​ទេ យើង​សិក្សា​ស្រាវជ្រាវ​ប៉ុណ្ណឹង។ កុំ​និយាយ​ក្រុមហ៊ុន យើង​មិន​ទាន់​ច្បាស់ យើង​កុំ​ទាន់​និយាយ​ក្រុមហ៊ុន​នេះ​ក្រុមហ៊ុន​ណោះ​វា​មិន​ត្រូវ»

ជុំវិញ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី យល់​ឃើញ​ថា ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឡើង​គ្រាន់​តែ​ជា​ការ​ល្អ​មើល​តែ​ប៉ុណ្ណោះ ដោយ​សារ​សមត្ថកិច្ច​មិន​បាន​សហការ​ជា​មួយ​សហគមន៍​មូលដ្ឋាន ដែល​ពួក​គាត់​ដឹង​ច្បាប់​ពី​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់។ លោក​សង្កត់​ធ្ងន់ៗ ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ កើត​ឡើង​ដោយ​សារ​មន្ត្រី​របស់​រដ្ឋាភិបាល បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​មួយ​ចំនួន ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​រៀង​រាល់​ថ្ងៃ ប្រសិន​បើ​ការ​ចុះ​បង្ក្រាប​នេះ​មិន​បាន​ចាប់​អ្នក​ប្រព្រឹត្តិ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ទេ នោះ​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​អស់​នោះ​នឹង​វិល​ត្រឡប់​មក​រក​ស៊ី​វិញ​ជាក់​ជា​មិន​ខាន់។

លោក ខេម សុឃី៖ «សហការ​ជា​មួយ​សហគមន៍​មូលដ្ឋាន​ការ​អនុវត្ត​របស់​ពួក​គាត់ និង​មាន​ប្រសិទ្ធភាព​ទៅ​ថ្ងៃ​មុខ តែ​ពួក​គាត់​ប្រសិន​បើ​មិន​បាន​សហការ​ត្រឹមត្រូវ​សហគមន៍​មូលដ្ឋាន​នៅ​តំបន់​នោះ​ទេ ភារៈ​កិច្ច​របស់​គាត់​នៅ​តែ​មាន​ចន្លោះ​ប្រ​ហោង ហើយ​បទ​ល្មើស​នឹង​អាច​កើត​មាន​សា​ជា​ថ្មី​ដោយ​សារ​កម្សោយ​ការ​អនុវត្ត​ច្បាប់»

ចំណែក​ឯ​សកម្មជន​បរិស្ថាន លោក អូត ឡាទីន យល់​ឃើញ​ថា ប្រសិន​បើ​អាជ្ញាធរ​ថ្នាក់​ជាតិ​មាន​ឆន្ទៈ​ពិត​ប្រាកដ​​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ពិត​មែន ត្រូវ​តែ​បើ​ចិត្ត​ឲ្យ​ទូលាយ​​អនុញ្ញាត​និង​បើក​ផ្លូវ​ឲ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចូល​រួម​ល្បាត​ព្រៃ​ដោយ​សេរី និង​មិន​មាន​ការ​រារាំង​គំរាម​កំហែង​បិទ​សិទ្ធិ​របស់​សហគមន៍​ពី​សំណាក់​ក្រសួង​បរិស្ថាន​ត​ទៅ​ទៀត។ លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹង​រឹង​ចំ​ពោះ​បទ​ល្មើស​ព្រៃឈើ និង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក អូត ឡាទីន៖ «ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​នឹង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ ក្នុង​ការ​ផ្ដល់​ឱកាស​ដល់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ដល់​សកម្មជន​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ធ្វើ​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ការ​ចូល​រួម​ចំណែក​ការពារ​ព្រៃ​ឡង់ ឲ្យ​មាន​និរន្តភាព​ស្រប​តាម​ច្បាប់​ស្ដី​អំពី​តំបន់​ការពារ​ធម្មជាតិ»

សហគមន៍​និង​សកម្មជន​លើក​ឡើង​ទៀត​ថា ពួក​គេ​បាន​ចេញ​របាយការណ៍ និង​បង្ហាញ​ភស្តុតាង​ជា​ច្រើន​សា អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​មួយ​នេះ ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុមហ៊ុន​ឯក​ជន ដែល​មាន​ទី​តាំង​ជាប់​នឹង​តំបន់​ព្រៃ​ឡង់ ហើយ​សហគមន៍ ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន​លើក​ផង​ដែរ។ ប៉ុន្តែ​មន្ត្រី​ទាំង​អស់​នោះ ហាក់​មិន​អើពើ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ឡើយ។ ពួក​គេ​រង់ចាំ​មើល​ចំណាត់​ការ​របស់​កង​រាជ​អាវុធហត្ថ​ទៅ​លើ​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​អស់​នោះ ហើយ​ប្រសិន​បើ​មិន​បាន​ចាត់​វិធានការ​តឹង​រឹង​ទៅ​លើ​អ្នក​ប្រព្រឹត្តិ និង​ក្រុមហ៊ុន ដែល​ជាប់​ពាក់ព័ន្ធ​ទេ នោះ​ការ​បង្ក្រាប​នេះ​ហាក់​ធ្វើ​ឡើង ដើម្បី​តែ​បង្គ្រប់​កិច្ច និង​ឱ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ។

ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន​បួន​គឺ ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល​ប្រ​កាស​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ កាល​ពី​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០១៦ ដែល​មាន​ផ្ទៃ​ដី​ជាង ៤សែន​ហិកតារ (៤៣១.៦៨៣ហិកតារ) ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។