ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​ចិន ថា បង្ហូរ​កាកសំណល់​ចូល​ទឹកស្ទឹង​សហគមន៍

0:00 / 0:00

តំណាង​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ចោទ​ក្រុមហ៊ុន​ចិន​ដែល​បើក​រោងចក្រ​សហគ្រាស​ក្នុង​ខេត្ត​នេះ​ថា តែងតែ​បង្ហូរ​កាកសំណល់​កខ្វក់ និង​សារ​ធាតុគីមី​ចូល​ទឹកស្ទឹង ដែល​អ្នកភូមិ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដោយ​គ្មាន​អាជ្ញាធរ​ណា​អើពើ​ចុះ​មក​ទប់ស្កាត់​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ចុះ​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​ជីវិត​មនុស្ស សត្វ​និង​បរិស្ថាន។

ប្រជាពលរដ្ឋ​ ​៥០០​គ្រួសារ រស់នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ថិត​ក្នុង​ភូមិ​បិតត្រាំង ឃុំ​ពូធឿង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើកឡើង​ថា ពួកគាត់ រស់នៅ​ទាំង​ការ​លំបាក​វេទនា និង​ប្រឈម​បញ្ហា​សុខភាព ដោយសារតែ​ក្រុមហ៊ុន​ចិន​ជាច្រើន​ដែល​មក​បើក​រោងចក្រ​សហគ្រាស​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​បង្ហូរ​កាកសំណល់​កខ្វក់ និង​សារ​ធាតុគីមី​ចូល​ប្រឡាយ​ទឹកស្ទឹង​ដែល​អ្នក​ភូមិ​ប្រើប្រាស់។

អ្នកភូមិ​ថា ពួកគាត់​រស់នៅ​ស្រង់ក្លិន​ស្អុយ​ពី​ការ​សំណល់​គីមី​ចេញពី​ក្រុមហ៊ុន​ចិន​នានា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ឆ្លងកាត់​ប្រឡាយ​ស្ទឹង​ក្នុង​ឃុំ​ពូធឿង​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ​។ ពួកគាត់​បន្ត​ថា កន្លង​មកនេះ ពួកគាត់​តែង​នាំគ្នា​ដាក់​ញត្តិ​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ ឬ​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ឱ្យ​ត្រឹមត្រូវ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ណាមួយ​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​បិតត្រាំង ឃុំ​ពូធឿង ស្រុក​ព្រៃនប់ លោក សម សុផាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៩ សីហា ថា ផ្ទះ​អ្នកភូមិ​បិត​ត្រាំ​ង​ភាគច្រើន​ពួកគាត់​សង់ផ្ទះ​នៅ​ជាប់​ប្រឡាយ​និង​ស្ទឹង ដោយសារតែ​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​របរ​នេសាទ និង​ធ្វើ​ដំណាំ​កសិកម្ម​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់។

ប៉ុន្តែ លោក​ថា នា​រយៈពេល​ជាង ​១០​ឆ្នាំ​មកនេះ ដងស្ទឹង និង​ប្រឡាយ​ទឹក​បឹង​នានា​ក្នុង​ឃុំ​ពូធឿ​ង បាន​ប្រែក្លាយជា​ទឹកខ្មៅ​ល្អក​កករ​មាន​ក្លិនស្អុយ​ខ្លាំង និង​បាន​បំពុល​ដល់​ធនធាន​ជីវៈ ពពួក​មច្ឆា ដោយសារតែ​ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​មក​សាងសង់​រោងចក្រ​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តែងតែ​បង្ហូរ​កាកសំណល់ និង​ទឹក​ក​ខ្វល់​ចូល​ប្រឡាយ​ស្ទឹង​ដែល​អ្នកភូមិ​តែងតែ​ប្រើប្រាស់៖ «ប្រជាពលរដ្ឋ​គាត់​តែងតែ​ត្អូញត្អែរ​ពី​ទឹក​កខ្វក់​ហ្នឹង ពេល​រដូវ​កាន់តែ​រីង​ទៅ ទឹក​កង្វក់​ហ្នឹង​ហូរ​ទៅ​វា​ធំ​ក្លិន​ជាតិ​ស្អុយ គេ​បង្ហូរ​តាម​ប្រព័ន្ធ​ប្រឡាយ​ហ្នឹង ខែ​រដូវប្រាំង​គឺ​អា​ក្លិន​ជាតិ​ស្អុយ​ជាតិគីមី​ហ្នឹង​សាយភាយ​អ្នក​ដែល​រស់នៅ​ក្បែរ​ទំនប់​ហ្នឹង​គឺ​គាត់​រស់នៅ​អត់​ចង់​បានទេ​ដោយសារ​វា​ស្អុយ​ពេក»។

លោក សម សុផាត ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ទៀត​ថា កាក​សំណល់​កខ្វក់ និង​សារ​ធាតុគីមី​ដែល​ចេញពី​ក្រុមហ៊ុន​ចិន​នឹង​ហូរ​កាត់​ប្រឡាយ​ស្ទឹង​ទៅដល់​ចំណុច​ព្រែក​ទឹកសាប ដែល​ស្ថិត​ក្នុងភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ និង​បន្ត​ហូរ​ចូល​សមុទ្រ​ក្នុង​ក្រុងព្រះសីហនុ​ទៀត​ផង។ លោក​ព្រួយ​បារម្ភ​ថា បើ​អាជ្ញាធរ​នៅតែ​បណ្តែតបណ្តោយ ដោយ​គ្មាន​វិធាន​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ ប្រជាពលរដ្ឋ​នឹង​រស់នៅ​ទាំង​ការ​លំបាក និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធនធានធម្មជាតិ និង​បរិស្ថាន​ឆ្នេរ​សមុទ្រ​ធ្ងន់ធ្ងរ។

ចំណែកឯ ពលរដ្ឋ​ម្នាក់ទៀត លោក សាន្ត សាញ់ ឱ្យដឹង​ថា បញ្ហា​ទឹក​កខ្វក់ និង​កាកសំណល់​នានា​ដែល​ហូរ​ចេញ​ពី​រោងចក្រ​ក្រុមហ៊ុន​ចិន​បាន​ធ្វើ​ឱ្យ​អ្នកភូមិ​រស់នៅ​លំបាក និង​ប្រឈម​ប៉ះពាល់​សុខភាព​។ លោក​បញ្ជាក់​ថា កូនៗ​របស់​លោក និង​ក្មេងៗ​នៅក្នុង​ភូមិភាគ​ច្រើនតែ​ង​តែ​រលាក​បំពង់ក និង​ក្អក ដោយសារតែ​ពួកគេ​មិនអាច​ទ្រាំទ្រ និង​ក្លិនស្អុយ​ដែល​លាយឡំ​ជាមួយ​សារធាតុ​គីមី។

លើស​ពី​នេះ​ទៀត លោក​ថា ក្តាម ខ្យង ត្រី បន្លែ​ដុះ​ក្បែរ​តាម​ប្រឡាយ​និង​ស្ទឹង ដែល​អ្នកភូមិ​តែងតែ​នាំគ្នា​បេះបោច​យក​មក​បរិភោគ​ខួប​ប្រាំង​វស្សា​នោះ ពេល​នេះ​ក៏​ហិនហោច រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ដែរ៖ «ហូរ​ចេញ​ហ្នឹង​ពី​រោងចក្រ​នៅ​ជិត​ប្រឡាយ​ចេញ​មក​ខ្មៅ​វែ​។ បើ​ខែវស្សា​វា​គ្រាន់បើ​បន្តិច​។ បើ​ខែប្រាំង​នៅ​ខាប់​ហ្នឹង សូម្បីតែ​ត្រី​រស់​មួយ​មិនបាន​ផង ត្រី ខ្យង នៅ​មិន​បាន​ផង ងាប់​ទាល់តែ​អស់​ហ្នឹង ហើយ​និង​ក្លិន នៅ​រឿង​ក្លិន​បាច់​យាយ​ទេ ដូច​យើង​រស់នៅ​ជិត​ធុង​លាមក​អ៊ីចឹង​។ រឿង​អាជ្ញាធរ​ខ្ញុំ​ពិបាក​និយាយ ពេលណា​គេ​មក គេ​គ្រាន់តែ​អឺត​គ្រាន់តែ​ឃើញ​ទឹក​កខ្វក់​ហើយ​ទៅវិញ ដឹង​ម៉េច​យ៉ាងណា​យ៉ាង​ណី​ទៀត​នៅតែ​មាន​បញ្ហា​នៅតែ​មក​អ៊ីចឹង»។

រីឯ ពលរដ្ឋ​ម្នាក់ទៀត​ដែល​សង់ផ្ទះ​ក្បែរ​ប្រឡាយ​ទឹក​ស្ទឹង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ លើកឡើង​ថា លោក និង​អ្នកភូមិ​ដទៃទៀត​មិនដឹង​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​អាជ្ញាធរ​អើពើ​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នេះ​។ លោក​បន្ត​ថា បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​គ្មាន​ចំណាត់ការ​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ និង​កាក​សំណល់​ចេញ​ពី​ក្រុមហ៊ុន​ចិន​នេះ​ទេ ប្រជា​ពលរដ្ឋ​មូលដ្ឋាន និង​ធនធានបរិស្ថាន នឹង​រង​ការ​បំពុល​កាន់តែ​ខ្លាំង​បន្ថែម​ទៀត៖ «បរិស្ថាន​ជុំវិញ​វា​គគ្រិច​កខ្វក់​ទាំងអស់​ហ្នឹង​។ ក្នុង​តំបន់​ហ្នឹង​គឺ​បង្ហូរ​មក​ទាំង​អស់ហ្នឹង កាក​កខ្វក់​កាក​សំណល់ ខ្មៅ​ក៏​មាន ក្រហម​ក៏​មាន ប្រេងម៉ាស៊ីន ក៏​មាន សព្វបែបសព្វយ៉ាង​ហើយ​។ និយាយ​រួម​ទៅ​ទាំងអស់ កាក​កខ្វក់​ហ្នឹង​វា​ងាប់​ដល់​ត្រី​អ៊ីចឹង​ហា៎»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​បណ្តាញ​សង្គម​តេឡេក្រាម (Telegram)​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​ទឹក​កខ្វក់​នេះ​នោះ​ទេ​។ លោក​ថា នឹង​លើក​យក​បញ្ហា​នេះ​ដើម្បី​សាកសួរ​បញ្ជាក់​ជាមួយ​មន្ត្រី​ជំនាញ​សិន។

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលាខេត្ត​រូប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាត់ទុកថា គ្មាន​ទំនួល​ខុសត្រូវ និង​ពុំ​បាន​បំពេញ​កាតព្វកិច្ច​ជា​មន្ត្រី​អាជ្ញាធរ​បម្រើ​ពលរដ្ឋ​នោះ​ទេ​។ អ្នកភូមិ​ថា កន្លង​មក​នេះ អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​តែងតែ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្ទឹង​ដែល​ផ្ទុក​ទៅ​ដោយ​កាកសំណល់​នេះ ប៉ុន្តែ​ពួកគេ​បាន​ត្រឹមតែ​យកដៃ​ខ្ទប់​ច្រមុះ ហើយ​ត្រឡប់​ទៅវិញ​ដោយ​គ្មាន​វិធានការ​ដោះស្រាយ​ណាមួយ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ថិត​ភូមិ​បិត​ត្រាំង ឃុំ​ពូធឿង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គឺជា​តំបន់​រោងចក្រ​សហគ្រាស​តូច​ធំ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ស្ទើរតែ​ផ្ដាច់មុខ។ របាយការណ៍​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​២០២២ ក្រុមហ៊ុន​ចិន​ចំនួន ១៧០​ក្រុមហ៊ុន បាន​សាងសង់​រោងចក្រ​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​អះអាង​ថា បាន​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​ជិត ៣​ម៉ឺន​នាក់។

ទោះជា​យ៉ាងណា ពលរដ្ឋ និង​អ្នកឃ្លាំមើល រិះគន់​ថា ក្រុមហ៊ុន​ចិន​នានា​ដែល​មក​វិនិយោគទុន​បើក​រោងចក្រ​សហគ្រាស​នៅ​តំបន់​សួន​សេដ្ឋកិច្ច​ពិសេស​នេះ មិនសូវ​ខ្វល់ខ្វាយ​ពី​អភិបាលកិច្ច​ល្អ និង​ផ្តល់​តម្លៃ​ដល់​ធនធាន​បរិស្ថាន និង​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឡើយ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង លើកឡើង​ថា បញ្ហា​ទឹក​កខ្វក់ និង​ការគ្រប់គ្រង​កាកសំណល់​ចេញពី​តំបន់​រោងចក្រ​សហគ្រាស​មិនបាន​ត្រឹមត្រូវ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធាន​បរិស្ថាន និង​សុខមាលភាព​របស់​ពលរដ្ឋ​មូលដ្ឋាន​ធ្ងន់ធ្ងរ​។ លោក​បន្ត​ថា បើ​អាជ្ញាធរ​បានដឹង​ពី​ករណី​ការ​បង្ហូរ​ទឹក​កខ្វក់ និង​សារ​ធាតុគីមី​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​ចូល​សហគមន៍​ពលរដ្ឋ ហើយ​នៅតែ​គ្មាន​វិធានការ​ដោះស្រាយ នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​អ្នកទទួល​ត្រូវ​ចំពោះមុខ​ច្បាប់៖ «ហើយ​ប្រសិនជា​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​សកម្មភាព​ទាំង​ហ្នឹង​កើតឡើង វា​ការ​រួម​ចំណែក​ទទួលខុស​ត្រូវ​របស់​អាជ្ញាធរ​ដែរ បើសិនជា​ក្នុង​ករណី​រក​ឃើញ​ថា មាន​ការ​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ​។ បើសិនជា​ករណី​អាជ្ញាធរ​បណ្ដែតបណ្ដោយ​ដោយសារតែ​មានការ​សូកប៉ាន់​ត្រូវតែ​ទទួលខុសត្រូវ​ទៅលើ​អំពី​បទល្មើស​ទាក់ទង​ជាមួយនឹង​អំពើពុករលួយ​។ ប៉ុន្តែ​បើសិនជា​ដឹង​ហើយ ឮ​ហើយ ធ្វេសប្រហែស​អំពី​ធ្វេសប្រហែស​របស់​មន្ត្រី​រាជការ​សាធារណៈ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ»។

ក្រៅពី​ធនធានបរិស្ថាន និង​ពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ពូធឿង​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បង្ហូរ​ទឹក​កខ្វក់​នេះ ក្រុមហ៊ុន និង​បន​ល្បែង​កាស៊ីណូ​ចិន​មួយ​ចំនួន​ក៏​មិន​បាន​គ្រប់គ្រង​កាកសំណល់ និង​សារ​ធាតុគីមី​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ដែរ​។ ដូចជា​កន្លងទៅ​នៅ​កាស៊ីណូ​ចិន​ដ៏​ធំ​មួយ​ឈ្មោះ សាន់សាញ បេ (Sunshine Bay) នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ការ​បង្ហូរទឹក​កខ្វក់ និង​កាក​សំណល់​គីមី​ចូលក្នុង​សមុទ្រ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​តំបន់ឆ្នេរ​ធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរតែ​គិតគូរ​ចុះ​ត្រួត​ពិនិត្យ​ដំណើរការ​របស់​រោងចក្រ និង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឡើង​វិញ ដោយ​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​គិតគូរ​ពី​អភិបាលកិច្ច​ល្អ ផ្តល់​តម្លៃ​ដល់​ធនធាន​បរិស្ថាន និង​សេចក្ដីថ្លៃថ្នូរ​ក្នុង​ការ​រស់នៅ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។