ពលរដ្ឋ​រស់នៅ​ជាប់​បឹង​ទន្លេសាប ខេត្តបាត់ដំបង ត្អូញត្អែរ​ថា ទិន្នផល​នេសាទ​ធ្លាក់ចុះ​នា​រដូវវស្សា​នេះ

ដោយ ជីវិតា
2023.09.21
ពលរដ្ឋ​រស់នៅ​ជាប់​បឹង​ទន្លេសាប ខេត្តបាត់ដំបង ត្អូញត្អែរ​ថា ទិន្នផល​នេសាទ​ធ្លាក់ចុះ​នា​រដូវវស្សា​នេះ សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអូរតេជះ(ឡូតិ៍លេខ៤) ស្ថិតនៅស្រុកសង្កែ ខេត្ត​បាត់ដំបង កាលពីថ្ងៃទី១៨ កញ្ញា ២០២៣។
រូប៖ ស្នងការខេត្ត​បាត់ដំបង

ពលរដ្ឋ​រស់នៅ​ជាប់​បឹង​ទន្លេសាប ក្នុង​ខេត្តបាត់ដំបង ត្អូញត្អែរ​ថា ទិន្នផល​ត្រី​នៅក្នុង​រដូវវស្សា​នេះ ធ្លាក់ចុះ​ជាង​ឆ្នាំមុនៗ​បង្ក​ជា បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរតែ​ស្រង់​ទិន្នន័យ និង​ផ្ដល់​ជំនួយ​ជា​ស្បៀងអាហារ​ដល់​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​នៅក្នុង​តំបន់​នោះ។

ពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ដែល​ប្រកប​របរ​នេសាទ​ត្រី​ត្អូញត្អែរ​ថា នៅក្នុង​រដូវវស្សា​ឆ្នាំនេះ គឺ​ពុំ​សូវ​មាន​ត្រី​នោះ​ទេ។ ពលរដ្ឋ​លើកឡើង​ថា កាលពី​៣​ឆ្នាំមុន ពួកគាត់​ធ្លាប់តែ​នេសាទ​បាន​ត្រី​ចន្លោះ​ពី​មួយ​រយ ទៅ​ពីរ​រយ​គីឡូក្រាម​ក្នុង​មួយថ្ងៃ ក៏ប៉ុន្តែ​នៅ​ឆ្នាំនេះ ពួកគាត់​នេសាទ​បាន​ត្រឹមតែ​ចន្លោះ​ពី​ដប់ ទៅ​ម្ភៃ​គីឡូក្រាម​តែប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។ ពលរដ្ឋ​បញ្ជាក់​ថា បរិមាណ​ត្រី​ធ្លាក់ចុះ​បែបនេះ គឺ​បណ្ដាលមកពី​ការសាងសង់​ទំនប់ទឹក​នៅ​ផ្នែក​ខាងលើ គឺ​ទំនប់​សាលា​តាអន ដែល​ឃាំង​ទឹក​មិន​ឲ្យ​ហូរ​ចុះ​មក​ក្រោម កាល​ពី​ដើម​រដូវ​វស្សា​អំឡុង​ខែ​ឧសភា និង​ខែ​មិថុនា។

អ្នកភូមិ​បាក់​ព្រា ឃុំ​ព្រៃចាស់ ស្រុក​ឯក​ភ្នំ លោកស្រី យ៉ាវ ហ្វាន់ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ កញ្ញា ថា នៅ​ពេល​នេសាទ​ត្រី​មិន​បាន​ដូច្នេះ គ្រួសារ​លោកស្រី​កំពុង​ខ្វះខាត​អាហារ​បរិភោគ។

លោកស្រី យ៉ាវ ហ្វាន់៖ «មិន​បាច់​ចាំ​ថា អ្នកខ្លះ​អី​ទេ ខ្ញុំ​មាន​ពេល​ខ្លះ​ដាច់​អង្ករ ដើរ​ខ្ចី​គេ​ជិតខាង​អីចឹង​ទៅ ដល់ពេល​ទៅ​រើស​ខ្យង​បាន​ទៀត​ទៅ ក៏​ទិញ​សង​គេ​វិញ»

ពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា ម្នាក់ទៀត គឺ​លោកស្រី សេង ថឹក ថ្លែង​ថា ការ​នេសាទ​ត្រី​នៅ​ឆ្នាំនេះ គឺ​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ច្រើន​ដូច​ឆ្នាំមុនៗ​នោះ​ទេ ធ្វើ​ឲ្យ​អ្នកភូមិ​បាក់​ព្រា​មួយចំនួន​កំពុងតែ​ជួប​បញ្ហា​ជីវភាព។

លោកស្រី សេង ថឹក៖ «ចាស់ !​ក្មួយ​ពិបាកៗ មែនទែន​!​រក​អី​មិនសូវ​បាន អ្នកណា​គ្នា​រក ជូន​កាល​អ្នក​ដែល​គ្មាន​របរ​អី​ធំដុំ​ទៅ ដើររក​រាយ​មង រាយ​សន្ទូច ក៏​រាយ​មិនបាន​ដែរ»

នេះ​មិនមែន​ជា​រឿង​ថ្មី​ឡើយ ដែល​ពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ជួប​បញ្ហា​ទិន្នផល​នេសាទ​ធ្លាក់ចុះ​បែប​នេះ។ ក្រៅពី​របរ​នេសាទ​ត្រី ដែល​កំពុង​ជួប​បញ្ហា អ្នកភូមិ​បាក់ព្រា ដើរ​រើស​ខ្យង​លក់​សម្រាប់​ចិញ្ចឹម​ជីវិត។ ពួកគាត់​ថា ឈ្មួញ​កុម្ម៉ង់​ខ្យង​យក​ធ្វើជា​ចំណី​ត្រី​មួយ​គីឡូក្រាម​ក្នុង​តម្លៃ ៧រយ​រៀល ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ឆ្កិះ​យក​តែ​សាច់​ខ្យង​លក់​មុន​ម៉ោង ១២​ថ្ងៃត្រង់ ទើប​ឈ្មួញ​ទិញ​យក។ ពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា​ថា បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​បង្ខំចិត្ត​ឲ្យ​កូនៗ​របស់​ពួកគាត់​ជួយ​ដើរ​រើស​ខ្យង ដើម្បី​ឲ្យ​ទាន់​ម៉ោង ដែល​ឈ្មួញ​កំណត់។

លោកស្រី យ៉ាវ ហ្វាន់ បន្ថែម​ថា របរ​ដើរ​រើស​ខ្យង​នេះ គឺ​អាច​សម្រួល​ថ្លៃ​អាហារ​ហូបចុក​បាន​មួយ​កម្រិត​តូច​តែប៉ុណ្ណោះ​។ លោកស្រី និង​អ្នកភូមិ​បាក់​ព្រា​ដទៃ​ទៀត ស្នើ​ដល់​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​នៅ​ភូមិ​បាក់​ព្រា​នេះ ដោយ​បើក​ទ្វារ​ទឹក​នា​ដើមរដូវ​វស្សា ដើម្បី​អាច​ឲ្យ​ត្រី​ពង​កូន​ដូច​ធម្មតា​វិញ។

លោកស្រី យ៉ាវ ហ្វាន់៖ «ប្រសិនបើ​ចង់​ឲ្យ​ជីវភាព​នៅ​ភូមិ​បាក់​ព្រា ដែល​ល្បី​ដូច​ថា នេសាទ​ត្រី​សម្បូរ​ដោយ​ខ្លាញ់​ជាប់​តាម​ស្ទឹង​អី​ដូច​ពី​លើក​មុន ស្នើសុំ​ថា ពេល​មាន​ទំនប់​ក៏​មាន​ចុះ ពេល​ខែ​៦ ខែ​៧​អីចឹង​យើង​អាច​ចំហ​ឲ្យ​គ្នា​មក​ក្រោម​ទៅ ឲ្យ​ប៉ះពាល់​ដល់​ត្រី​ផង ឲ្យ​គ្នា​ពង​កូន​បាន​ទៅ អាច​យើង​រកបាន»

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​មេឃុំ​ព្រៃ​ចាស់ លោក ឡុង ផុន អភិបាលស្រុក​ឯក​ភ្នំ​លោក ម៉ិល សុផល នាយ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភា និង​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​ឆ្លើយតប​សំណើ​របស់​ពលរដ្ឋ​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២០ កញ្ញា។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកសម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់ដំបង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​គួរតែ​ទប់ស្កាត់​បទល្មើស​នេសាទ​នា​រដូវ​ត្រី​ពង និង​ចុះ​ស្រង់​ទិន្នន័យ​ពលរដ្ឋ ដែល​កំពង់​ជួប​គ្រោះ​ទុរភិក្ស​នេះ ដើម្បី​ផ្ដល់​ជា​ស្បៀងអាហារ​ឲ្យ​ពួកគេ​បណ្ដោះអាសន្ន។

លោក អ៊ិន គង់ជិត៖ «ករណី​ដែល​គាត់​ជួប​គ្រោះ​ទុរភិក្ស​ខ្លាំង​ដាច់​ប្រាក់ចំណូល អាហ្នឹង​គួរតែ​មាន​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​សម្ភារៈ​ខ្លះ​ដល់​ពួកគាត់»

ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ឲ្យ​អាជ្ញាធរ​គិតគូរ​ដល់​បញ្ហា​ជីវភាព​ពលរដ្ឋ​នៅ​ភូមិ​បាក់​ព្រា និង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​ត្រី​ពង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។