រដ្ឋាភិបាលនានាមកពីបណ្តាប្រទេសជាង១៩០នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង កាលពីថ្ងៃទី១៩ ខែធ្នូ បានអនុម័តកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រមួយរបស់អង្គការសហប្រជាជាតិស្តីពីការការពារជីវចម្រុះត្រឹមឆ្នាំ២០៣០។
ការអនុម័តនេះ ធ្វើឡើងនៅពេលបិទបញ្ចប់សន្និសីទអន្តរជាតិ (COP15) ស្តីពីជីវចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ នៅទីក្រុងម៉ុងរ៉េអាល (Montreal) ប្រទេសកាណាដា (Canada)។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមមេដឹកនាំបរិស្ថាននៃបណ្តាប្រទេសនានានៅទូទាំងពិភពលោក បានដាក់ចេញនូវគោលដៅ និងផែនការសកម្មភាពថ្មីៗជាច្រើនដើម្បីបញ្ឈប់ និងធ្វើឱ្យបញ្ច្រាសមកវិញនូវការបាត់បង់ធនធានធម្មជាតិ។
កិច្ចព្រមព្រៀងក្របខ័ណ្ឌជីវចម្រុះសាកលក្រោយឆ្នាំ២០២០ (Post-2020 Global Biodiversity Framework) ដែលទើបនឹងទទួលបានការអនុម័តនេះ តម្រូវឱ្យប្រទេសនានានៅលើពិភពលោកចូលរួមការពារដែនដី និងមហាសមុទ្រនៅលើពិភពលោកចំនួន៣០% ដែលត្រូវបានចាត់ទុកថាមានសារសំខាន់សម្រាប់ជីវចម្រុះ ឱ្យបានត្រឹមឆ្នាំ២០៣០។ កិច្ចព្រមព្រៀងដដែលនេះ ក៏តម្រូវឱ្យពិភពលោកបង្កើនថវិកាទ្វេដងសម្រាប់ការពារជីវចម្រុះ រហូតដល់ ២០០ពាន់លានដុល្លារ (២០០ប៊ីល្លានដុល្លារ) ត្រឹមឆ្នាំ២០៣០។ ក្នុងនោះ ថវិកាយ៉ាងតិច ២០ពាន់លានដុល្លារ (២០ប៊ីលានដុល្លារ) ក្នុងមួយឆ្នាំៗនឹងត្រូវផ្តល់ជូនដល់ប្រទេសក្រីក្ររហូតដល់ឆ្នាំ២០២៥ ហើយថវិកាដល់ប្រទេសក្រីក្រនេះ នឹងត្រូវបង្កើនដល់៣០ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០៣០។ កញ្ចប់ថវិកានេះទទួលបានមកពីប្រភពនានាដូចជារដ្ឋាភិបាលពាក់ព័ន្ធជាពិសេសក្រុមប្រទេសអ្នកមាន ឬក្រុមប្រទេសជឿនលឿន វិស័យឯកជន និងសប្បុរសធម៌។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលដែលជីវចម្រុះនៅលើពិភពលោកកំពុងប្រឈមនឹងអត្រាធ្លាក់ចុះ ឬបាត់បង់មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថារុក្ខជាតិ និងសត្វពាហណៈរាប់លានក្បាល ភាគច្រើនកំពុងប្រឈមនឹងការផុតពូជក្នុងរយៈពេលប៉ុន្មានទសវត្សនាពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។