ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ពិនិត្យ​គំនរ​កំប្លោក​តាម​ដង​ស្ទឹង​សង្កែ

ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ពិនិត្យ​មើល​គំនរ​សំរាម ឬ​គំនរ​កំប្លោក ដែល​កំពុង​កកស្ទះ​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ ស្ថិត​នៅ​ឃុំ​ព្រៃចាស់ និង​ឃុំ​កោះជីវាំង។

0:00 / 0:00

គំនរ​កំប្លោក​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ស្ទះ​ការ​ចរាចរណ៍​លើ​ផ្លូវ​ទឹក ពិបាក​ជិះ​ទូក កាណូត ទៅ​មុខ​មិន​រួច។ បញ្ហា​នេះ បាន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​បរទេស​ថែម​ទៀត។

គំនរ​កំប្លោក និង​ឈើ​ចម្រាស់​ដែល​គេ​ដាក់​ជា​ហូរហែ​នៅ​ក្នុង​ទឹក តាម​ដង​ស្ទឹង​សង្កែ​ដើម្បី​ហ៊ុម​ចាប់​យក​ត្រី​នោះ កំពុង​ក្លាយ​ជា​ឧបសគ្គ​កកស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស។

ក្រុម​អ្នក​ភូមិ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ពី​ខេត្ត​បាត់ដំបង ទៅ​ភូមិ​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប និង​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប មក​បាត់ដំបង និង​ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​សៀមរាប នោះ បញ្ជាក់​ថា គំនរ​កំប្លោក និង​ឈើ​ចម្រាស់​ទាំង​នោះ​មាន​នៅ​តាម​ដង​ស្ទឹង​សង្កែ ចាប់​ពី​ឃុំ​ព្រៃចាស់ រហូត​ដល់​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

សំឡេង​អ្នក​ភូមិ៖ «គេ​កាប់​ចម្រាស់​ដាក់​ពី​ក្រោម រួច​ទៅ​កំប្លោក​នៅ​ពី​លើ មុន​ដំបូង​តូច ដល់​ពេល​កំប្លោក​វា​ចេះ​តែ​ដុះ​លូតលាស់​ទៅ ធំ​ចង់​ពេញ​ស្ទឹង​ទាំងអស់ ចាប់​ពី​បាក់ព្រា ចុះ​មក ហើយ​អ្នក​ហ៊ុម​ក៏​ចេះ​តែ​ហ៊ុម​បារ​ទម្លាក់​ពេញ​ណែន ទៅ​មក​អត់​ចង់​រួច​ទេ។ ទាល់​តែ​យើង​បញ្ឆេះ​កាណូត​ខ្លាំង​ចុះ​កាយ កាណូត​តូច​តាច​ទៅ​អត់​ចង់​រួច​ទេ ព្រោះ​អី​ព្រែក​ក៏​ណែន ស្ទឹង​ក៏​ណែន ហើយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​អត់​កើត ឲ្យ​អស់​លោក​អ្នក​ធ្វើ​ការ​ហ្នឹង បើក​ភ្នែក​មើល​ផល»

ពួក​គាត់​បញ្ជាក់​ទៀត​ថា ទឹក​ក្នុង​ដង​ស្ទឹង​សង្កែ កាន់​តែ​រាក់​នៅ​រដូវ​ប្រាំង​នេះ និង​មាន​គំនរ​កំប្លោក​ក្រាស់​ពិបាក​ធ្វើ​ដំណើរ។ បញ្ហា​នេះ បាន​ផ្តល់​នូវ​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ ជាពិសេស​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក​របស់​ភ្ញៀវ​ទេសចរ​បរទេស ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​សៀមរាប និង​ពី​ខេត្ត​សៀមរាប មក​ខេត្ត​បាត់ដំបង ថែម​ទៀត។

អភិបាល​ស្រុក​ឯកភ្នំ លោក មៀច ស៊ុម ថ្លែង​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​ចុះ​រៀបចំ​ប្រមូល​គំនរ​កំប្លោក​នោះ​ចេញ ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹក៖ «កំប្លោក​ហ្នឹង​វា​មាន​ពេញ​ស្ទឹង​ហ្នឹង ម្សិលមិញ​ខ្ញុំ​បាន​ចុះ​ទៅ​ហ្នឹង ពី​បាក់ព្រា ទៅ​ឃុំ​ព្រៃចាស់ មេ​ឃុំ​បាន​ចាត់ចែង​ឲ្យ​ប្រជាពលរដ្ឋ គាត់​ចង​កំប្លោក​ហ្នឹង ដើម្បី​កុំ​ឲ្យ​វា​រាល​ពេញ​ស្ទឹង។ កន្លែង​ខ្លះ​វា​ឆ្ងាយ គាត់​ក៏​មិន​មាន​លទ្ធភាព​ទេ អា​ហ្នឹង​វា​ទាល់​តែ​ប្រជាពលរដ្ឋ​ចូលរួម អ៊ីចឹង​ខ្ញុំ​បាន​ឲ្យ​មេ​ឃុំ​ចាត់​វិធានការ​ឲ្យ​ប្រជាជន​ចង​កំប្លោក​កុំ​ឲ្យ​វា​រាល​ពេញ​ស្ទឹង»

មេ​ឃុំ​ព្រៃចាស់ លោក ឈន លាង ថ្លែង​ថា មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​កំពុង​ចុះ​កាយ​ប្រមូល​កំប្លោក​នោះ​ចេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹក។ ទន្ទឹម​គ្នា​នេះ លោក​អះអាង​ថា នឹង​មាន​វិធាន​ការ​អប់រំ​ប្រជាពលរដ្ឋ​ថែម​ទៀត៖ «ខ្ញុំ​ឲ្យ​កង​កម្លាំង​ខ្ញុំ​ចុះ​ទៅ​នៅ​ម្ដុំ គេ​ហៅ​ថា ក្បាល​កោះជីវាំង ចុះ​ទៅ​បារ​កំប្លោក​ឡើង​លើ​គោក មិន​មែន​ជា​ដាក់​ចម្រាស់​ទេ អា​ហ្នឹង​បង​ប្អូន​គាត់​ចង​កំប្លោក​ទៅ​សម្រាប់​យក​មោង ហ៊ុម​យក​ត្រី ដល់​មាន​ភ្លៀង​មក​វា​ដុះ​លឿន​ណាស់»

មន្ត្រី​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​បញ្ហា​នេះ​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត។ លោក​ថា បញ្ហា​នេះ​អាច​ឈាន​ទៅ​រក​ផល​ប៉ះពាល់ និង​មាន​ការ​បំពុល​បរិស្ថាន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។