ផ្លែសំរងព្រៃគឺជាអនុផលព្រៃឈើមានសារប្រយោជន៍ចំពោះប្រជាពលរដ្ឋជនជាតិដើមភាគតិចច្រើនតំណមកហើយ។ រៀងរាល់បីទៅបួនឆ្នាំម្ដងដើមសំរងបានផ្ដល់ផ្លែសម្រាប់អ្នកភូមិរើសពីក្នុងព្រៃ ប្រមូលលក់ទៅឲ្យឈ្មួញនាំចេញទៅទីផ្សារបានប្រាក់កម្រៃខ្ពស់ សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់អ្នកភូមិ។ ជាការចម្លែកនៅរដូវប្រមូលផលផ្លែសំរងព្រៃឆ្នាំនេះអាជីវករប្រមូលទិញកត់សំគាល់ថាផ្លែសំរងកាន់តែក្រខ្សត់ទៅៗ ធ្វើឲ្យមានការបារម្ភថាដើមសំរងទំនងវិនាសបាត់បង់អស់ច្រើនដោយសារដើមសំរងត្រូវគេកាប់រំលំដើម្បីប្រមូលយកផ្លែ។
កាលពីឆ្នាំ២០១១ផ្លែសំរងព្រៃមួយគីឡូក្រាមមានតម្លៃត្រឹមតែ២ ទៅ ៣ម៉ឺនរៀលតែប៉ុណ្ណោះរីឯតម្លៃទីផ្សារផ្លែសំរងឆ្នាំនេះឈ្មួញប្រមូលទិញក្នុងមួយគីឡូក្រាមរហូតដល់ទៅ១២ម៉ឺនរៀល ឬ៤០ដុល្លារអាមេរិក។
អាជីវករប្រមូលទិញផ្លែសំរង លោក ជួន ភិនដារ៉ា បញ្ជាក់ថាមូលហេតុនាំឲ្យផ្លែសំរងមានតម្លៃខ្ពស់នាឆ្នាំនេះគឺដោយសារតែប្រជាពលរដ្ឋ ជាពិសេសក្រុមជនជាតិដើមភាគតិចមានប្រពៃណីយរើសផ្លែសំរងពីព្រៃមិនមានផ្លែសំរងផ្គត់ផ្គង់ទីផ្សារដូចបណ្ដាឆ្នាំប្រមូលផលផ្លែសំរងនោះឡើយ។ លោកបន្តថាដើមសំរងទំនងកាន់តែក្រខ្សត់ដោយសារមិនមានការអភិរក្សដើមសំរងព្រៃបានត្រឹមត្រូវ៖ «ឈ្មួញច្រើនណាស់វៀតណាមគាត់មកទិញខ្លួនគាត់ មកទិញដល់ខេត្តយើងតែម្ដង។ បើនិយាយទៅខែមេសាមុនរដូវភ្លៀងធ្លាក់គឺវាដល់ហើយដល់រដូវភ្លៀងធ្លាក់វាហួសហើយមានន័យថារីក ប៉ុន្តែឆ្នាំនេះគ្មានទេអ្នកភូមិគេនិយាយថាមានសំរងឯណាទៀតបើកាប់អស់ហើយ ខ្ញុំក៏មិនដែលទិញបានផងពីរឆ្នាំហើយ»។
ដើមសំរងព្រៃភាគច្រើនគេប្រទះឃើញនៅតំបន់ទ្រនាប់នៃឧទ្យានជាតិវីរជ័យ ជាប់នឹងស្រុកវឺនសៃ ស្រុកតាវែង ស្រុកអណ្ដូងមាស ក្នុងខេត្តរតនគិរី និងស្រុកសេសាន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជនជាតិដើមភាគតិចរស់នៅតំបន់ជាប់នឹងឧទ្យានជាតិ កត់សំគាល់ថាមុនឆ្នាំ២០០៧ ដើមសំរងមានរាប់ពាន់ម៉ឺនដើមដុះនៅក្នុងព្រៃជាពិសេសតំបន់ទំនាបមាត់អូរតាមជ្រលងភ្នំ ហើយតែងផ្ដល់ផលនៅចុងរដូវប្រាំងទៅឲ្យអ្នកភូមិរើសផ្លែមកលក់ចិញ្ចឹមជីវិតជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិច។
កាលពីឆ្នាំ ២០១១ សហគមន៍ជនជាតិដើមអ្នកអភិរក្សដើមសំរងព្រៃរកឃើញដើមសំរងរាប់ពាន់ដើមត្រូវប្រជាពលរដ្ឋជនជាតិដើមខ្លួនឯង និងជនជាតិខ្មែរមួយចំនួននិងឡាវរស់នៅតំបន់ក្បែរព្រៃឧទ្យានជាតិប្រមូលគ្នាជាក្រុមៗ ហើយចូលព្រៃកាប់រំលំដើមដើម្បីយកផ្លែលក់ទៅឲ្យឈ្មួញ។
មេឃុំប៉ាក់កាឡាន់ លោក ខេន លិញ ទទួលស្គាល់ថា ដើមសំរងព្រៃពិតជាត្រូវវិនាសដោយសារប្រជាពលរដ្ឋដណ្ដើមគ្នាកាប់រំលំយកផ្លែ យ៉ាងអនាធិបតេយ្យផ្ទុយទៅនឹងប្រពៃណីយជនជាតិដើមមានទម្លាប់រើសផ្លែសំរងជ្រុះតែប៉ុណ្ណោះ។ លោកបន្តថាក្រុមសហគមន៍អ្នកអភិរក្សដើមសំរងព្រៃកំពុងប្រឈមមុខទៅនឹងការបាត់បង់ដើមសំរងព្រៃមុខរបរប្រពៃណីរបស់អ្នកភូមិ៖ «ប្រជាពលរដ្ឋបានរស់ដោយសារផ្លែសំរងក៏មានច្រើនដែរ គេបានផ្លែវាគេទៅបេះគឺបានលុយបានកាក់ទិញម៉ូតូ ផ្ទះសម្បែងដោយសារផ្លែហ្នឹងហើយ។ ខាងអង្គការគេមកជួយដែរ គេមកជួយដើម្បីអភិរក្សថែរក្សា ពួកខ្ញុំក៏នាំគ្នាថែរក្សារហូត។ ក្រោយពីអង្គការឈប់ជំនួយ ពួកសហគមន៍គេនាំគ្នាថែរក្សា»។
ដើមសំរងព្រៃមានអាយុកាលប្រមាណពី៣០ ទៅ ៤០ឆ្នាំ ទើបហុចផលពេញលេញ។ ដើមវាមានទំហំពី៤០ ទៅ ៦០ សង់ទីម៉ែត្រ និងមានកម្ពស់ពី ៦ម៉ែត្ររហូត១០ម៉ែត្រ។ ការកត់សំគាល់របស់សហគមន៍អភិរក្សដើមសំរងប៉ាន់ប្រមាណថា ដើមសំរងមួយដើមអាចផ្ដល់ផ្លែពី ១០០ទៅ ២០០គីឡូក្រាមក្នុងមួយរដូវប្រមូលផល។
នៅស្រុកវ៉ឺនសៃ សហគមន៍អភិរក្សដើមសំរង ភូមិកុកឡាក់ត្រូវបានបង្កើតឡើងដើម្បីអភិរក្សដើមសំរងព្រៃប្រមាណ ៤០ ទៅ ៥០ដើមដែលនៅសេសសល់ពីសកម្មភាពកាប់រំលំដើម។ មេឃុំ កុកឡាក់ លោក ផុន សៀង ប៉ាន់ប្រមាណថា ដើមសំរងនៅក្នុងតំបន់ព្រៃសហគមន៍អភិរក្សប្រមាណ ២០ភាគរយត្រូវបានកាប់រំលំកាលពីឆ្នាំ២០១១។ ចំណែកដើមសំរងក្រៅព្រៃសហគមន៍អភិរក្ស៨០ភាគរយត្រូវគេកាប់ដូចគ្នា។ លោកអំពាវនាវសុំឲ្យសហគមន៍ជនជាតិដើមភាគតិច និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធរួមគ្នាទប់ស្កាត់សកម្មភាពកាប់ដើមសំរង ហើយប្រកាន់យកទម្លាប់រើសផ្លែសំរងតាមប្រពៃណីដើម្បីរក្សាដើមសំរងព្រៃបាននៅគង់វង់៖ «អ្នកណាចូលកាប់ បងប្អូនអ្នកភូមិកុកឡាក់ខ្លួនឯងចង់កាប់ដែរ ព្រោះឃើញបងប្អូនឡាវ បងប្អូនខ្មែរកាប់ហ្នឹងកាប់ដែរហ្នឹង។ ខ្ញុំនិយាយមតិយោបល់ថាបើគ្មានរាជរដ្ឋាភិបាលជួយ អង្គការភាពដៃគូ សមត្ថកិច្ចជួយថែរក្សាដូចសហគមន៍យើងអាចបាត់បង់ទៅហើយ។ ពីដើមប្រពន្ធប្ដីកូនរើសបានតាមចិត្ត ពេញការុងត្រឡប់មកវិញស្អែកទៅទៀត។ ឥឡូវហ្នឹងទៅទាំងកូនប្រពន្ធបងប្អូនអ្នកចេះឡើងៗ ទៅជាក្រុមៗ មួយក្រុម ១០នាក់ ឬ១២ ១៣ នាក់»។
អភិបាលស្រុកវ៉ឺនសៃ លោក ជុំ ងិល ថ្លែងថា អាជ្ញាធរមូលដ្ឋានកន្លងទៅ បានធ្វើការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋមិនឲ្យកាប់រំលំដើមសំរងយកផ្លែ និងដាក់វិធានការផាកពិន័យប្រសិនប្រជាពលរដ្ឋកាប់ដើមសំរង។ លោកបន្តថាដើមសំរងភាគច្រើនឋិតក្នុងតំបន់ឧទ្យានជាតិវីរជ័យ ហេតុនេះមន្ត្រីអភិរក្ស និងសហគមន៍សំរងមានតួនាទីសំខាន់ក្នុងកិច្ចការពារថែរក្សាដើមសំរងព្រៃនេះ៖ «កម្លាំងឧទ្យានជាតិគេចុះល្បាតប៉ុន្មានថ្ងៃហើយ ឆ្នាំនេះដូចអត់មានកាប់បំផ្លាញទៀតទេ។ គាត់មានរូបភាពផាកពិន័យអ្នកណាកាប់គាត់មានដាក់ផែនការតឹងរឹង ហើយខ្ញុំឯកភាពតាមយោបល់គាត់ដែរ ថែរក្សាទុកទៅព្រោះកាប់បំផ្លាញអស់ទៅវាអត់ងាយបានផ្លែទៀតទេ។
កាលពីរដូវប្រមូលផលសំរងឆ្នាំ២០១១ អាជីវករប្រមូលទិញផ្លែសំរងបានរាប់រយតោននាំចេញទៅទីផ្សារក្នុងប្រទេស និងនាំចេញទៅទីផ្សារប្រទេសវៀតណាមហើយឈ្មួញវៀតណាមបន្តនាំចេញទៅប្រទេសចិនដើម្បីផលិតជាអាហារបរិភោគនិងឱសថជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។