សមាជិកនៃក្រុមយុវជនចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋរាប់រយនាក់ បានបន្តសកម្មភាពបណ្ដេញសាឡង់បូមខ្សាច់នៅតាមមូលដ្ឋានមួយចំនួននាខេត្តកោះកុង រយៈពេល ៤ថ្ងៃហើយ ដោយចោទថា កប៉ាល់ ឬសាឡង់បូមខ្សាច់មួយចំនួនក្នុងមូលដ្ឋាននេះ បានធ្វើសកម្មភាពខុសបច្ចេកទេស ឬមិនគោរពតាមច្បាប់អនុញ្ញាតត្រឹមត្រូវទេ។
បញ្ហានេះ បានជំរុញឲ្យក្រុមយុវជន និងពលរដ្ឋ បានប្រមូលផ្តុំគ្នា និងលើកបដាតវ៉ានៅពីមុខសាលាស្រុកបុទុមសាគរ ដើម្បីទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តកោះកុង ឬអាជ្ញាធរមូលដ្ឋាន បណ្ដេញកប៉ាល់បូមខ្សាច់ចេញពីតំបន់របស់ពួកគាត់រស់នៅ និងអាស្រ័យផលនោះ។
ក្រុមយុវជនចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋជាង ១០០នាក់ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា បានបន្តសកម្មភាពចុះល្បាត និងបណ្ដេញសាឡង់ ឬកប៉ាល់បូមខ្សាច់មួយចំនួនដែលបូមខ្សាច់អនាធិបតេយ្យនាមូលដ្ឋានឃុំអណ្ដូងទឹក ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។
សមាជិកចលនាមាតាធម្មជាតិ គឺយុវជន សុ វីគា បានប្រាប់វិទ្យុអាស៊ីសេរី ថា រយៈពេល ៤ថ្ងៃមកនេះ ក្រុមប្រជាពលរដ្ឋ និងក្រុមយុវជន បានបណ្ដេញកប៉ាល់បូមខ្សាច់ចំនួន ២ក្រុមហ៊ុន ដែលធ្វើសកម្មភាពបូមខ្សាច់អនាធិបតេយ្យនៅឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បំផ្លាញដល់ធនធានជលផលសមុទ្រ ឬព្រៃកោងកាង ជាដើម។
ផ្ដើមពីបញ្ហានេះ យុវជន សុ វីគា ឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដា នេះ សមាជិកចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋខេត្តកោះកុង ប្រមាណ ១០០នាក់ ក៏បានមកប្រមូលផ្តុំគ្នាលើកបដាតវ៉ានៅពីមុខសាលាស្រុកបុទុមសាគរ ដើម្បីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ជួយបណ្ដេញ និងចុះពិនិត្យពីសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនបូមខ្សាច់នៅតំបន់នេះឲ្យបានត្រឹមត្រូវ៖ «ក្រុមហ៊ុនបូមខ្សាច់នៅតំបន់ព្រែកអណ្ដូងទឹក ស្រុកបុទុមសាគរ គឺមានអាជ្ញាប័ណ្ណ ប៉ុន្តែអាជ្ញាប័ណ្ណនេះមិនបានសិក្សាពីផលប៉ះពាល់ដែលកើតឡើងពីការបូមខ្សាច់សមុទ្រនោះទេ។ ជាងនេះ ប្រតិបត្តិករដែលកំពុងបូមខ្សាច់នៅតាមព្រែកអណ្ដូងទឹកទាំងនោះ ក៏មិនបានគោរពតាមលក្ខខណ្ឌបច្ចេកទេស ដែលមាននៅក្នុងអាជ្ញាប័ណ្ណរបស់ខ្លួនទេ មានដូចជាគម្លាតនៃការបូមពីច្រាំង ឬមាត់ព្រែក និងជម្រៅទឹកក៏មិនបានគោរពតាមអាជ្ញាប័ណ្ណដែលក្រសួងផ្តល់ទេ ហើយបានធ្វើសកម្មភាពបូមខ្សាច់ពាសវាលពាសកាលអនាធិបតេយ្យ រហូតដល់ធ្វើឲ្យបាក់ច្រាំងព្រែក បំផ្លាញដើមកោងកាង និងបំផ្លាញបរិស្ថានទឹកនៅតំបន់នោះ ជាដើម»។
តំណាងចលនាមាតាធម្មជាតិ យុវជន សុ វីគា បានទទូចដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ត្រូវបញ្ជូនមន្ត្រីជំនាញចុះពិនិត្យទៅលើសកម្មភាពសាឡង់ ឬកប៉ាល់បូមខ្សាច់ចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុនអ៊ិនធឺណេសិនណល រ៉េនបូ (International Rainbow Co., Ltd) និងក្រុមហ៊ុន ដាយរិក អាកសែស (Direct Access) ដែលកំពុងធ្វើសកម្មភាពបូមខ្សាច់នៅខេត្តកោះកុង ដោយមិនបានសិក្សាពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវទេ៖ «សូមឲ្យក្រសួងដែលពាក់ព័ន្ធចុះធ្វើអធិការកិច្ចថា ក្រុមហ៊ុនបូមខ្សាច់ដែលកំពុងធ្វើសកម្មភាពនៅតាមព្រែកអណ្ដូងទឹក ស្រុកបុទុមសាគរ ហ្នឹងស្របច្បាប់ ឬក៏ខុសច្បាប់ ឬមួយក៏មានក្រុមហ៊ុនខ្លះបន្លំលួចបូមខ្សាច់ដោយខុសច្បាប់។ ហើយថា ការបូមខ្សាច់នៅតំបន់នោះ ត្រឹមត្រូវតាមបច្ចេកទេស ឬមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែរឬទេ»។
ទាក់ទិនបញ្ហានេះ លោក អន ភារៈ អភិបាលស្រុកបុទុមសាគរ ខេត្តកោះកុង មានប្រសាសន៍ថា អាជ្ញាធរស្រុកមិនមានសិទ្ធិដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនទាំងឡាយនៅក្នុងមូលដ្ឋានលោក ទៅតាមការទាមទាររបស់ពលរដ្ឋ ឬក្រុមយុវជនបានទេ ព្រោះក្រុមហ៊ុនទាំងនោះមានច្បាប់អនុញ្ញាតពីក្រសួង ឬស្ថាប័នជំនាញត្រឹមត្រូវ៖ «ខ្ញុំបានព្យាយាមសម្របសម្រួលជាមួយពលរដ្ឋ និងក្រុមយុវជនទាំងនោះ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែពួកគាត់មិនស្តាប់តាមអាជ្ញាធរទេ។ ហើយបានទាមទារឲ្យអាជ្ញាធរដេញសាឡង់ពីទីតាំងបូមខ្សាច់នៅព្រែកអណ្ដូងទឹក ជាមុនសិន ទើបពួកគេបញ្ឈប់ការតវ៉ា។ បញ្ហានេះ អាជ្ញាធរស្រុកឯណាទៅមានសិទ្ធិដេញសាឡង់បូមខ្សាច់ចេញ ដែលគេមានអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធនោះ»។
ត្រង់ចំណុចនេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកោះកុង បានអះអាងថា ក្រុមហ៊ុនបូមខ្សាច់ដែលធ្វើសកម្មភាពនៅតាមព្រែក ឬតាមសមុទ្រនាខេត្តកោះកុង គឺគ្មានការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធអំពីបច្ចេកទេសបូមទេ។ លោកបន្តថា ក្រុមហ៊ុនបូមខ្សាច់ដែលធ្វើសកម្មភាពនៅឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ គឺមិនបានគិតពីផលប៉ះពាល់ទៅលើធនធានសមុទ្រ ឬប៉ះពាល់ដល់ការប្រកបរបរនេសាទសមុទ្ររបស់ពលរដ្ឋមូលដ្ឋាននេះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានស្នើដល់ក្រសួងពាក់ព័ន្ធ មុននឹងផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនបូមខ្សាច់ណាមួយ ត្រូវចុះសិក្សាពីផលប៉ះពាល់ ឬសិក្សាពីបច្ចេកទេសនៃការបូមខ្សាច់នៅតាមតំបន់នីមួយៗឲ្យបានត្រឹមត្រូវជាមុន៖ «លោក ប៉ិច ស៊ីយ៉ុន ដែលជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង គាត់បានប្រាប់ប្រជាជនកាលពីព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ថា ក្រុមហ៊ុនទាំងពីរហ្នឹងមានអាជ្ញាប័ណ្ណ ឬមានច្បាប់អនុញ្ញាត ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះអាចមានកំហុសលើបញ្ហាបច្ចេកទេស។ ដូច្នេះ ខាងមន្ទីរក៏ចង់បង្កើតក្រុមការងារមួយក្រុម ដើម្បីចុះពិនិត្យមើលទីតាំងបូមខ្សាច់នៅក្នុងព្រែកអណ្ដូងទឹក ដើម្បីពិនិត្យក្រុមហ៊ុនទាំងនោះ បានអនុវត្តស្របតាមលក្ខខណ្ឌដែលក្រសួងបានផ្តល់ជូន ឬស្របតាមបច្ចេកទេសត្រឹមត្រូវដែរឬទេ»។
ក្រុមយុវជនចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាស្រុកមួយចំនួននាខេត្តកោះកុង បានអះអាងថា នឹងមិនលះបង់សកម្មភាពបណ្ដេញសាឡង់ ឬកប៉ាល់បូមខ្សាច់ចូលមកបូមខ្សាច់អនាធិបតេយ្យនាមូលដ្ឋាននេះទេនាថ្ងៃអនាគត ប្រសិនបើថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមិនមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។