ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីបំភ្លឺដើម្បីលាងចម្រេះនូវមន្ទិលសង្ស័យរបស់សាធារណជនដែលតែងភ័ន្តច្រឡំថា ការធ្វើអាជីវកម្មខ្សាច់មានអាជ្ញាប័ណ្ណចេញដោយក្រសួងធនធានទឹក។
លិខិតបំភ្លឺរបស់ក្រសួងធនធានទឹក សង្កត់ធ្ងន់ថា ស្ថាប័នក្រសួងមួយនេះមិនមានសមត្ថកិច្ចពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់ទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ គឺជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ហើយគណៈកម្មាធិការនេះ ក៏គ្មានសិទ្ធិចេញអាជ្ញាប័ណ្ណទៅក្រុមហ៊ុនបូមខ្សាច់នោះឡើយ គឺគ្រាន់តែជាយន្តការសិក្សាលើផ្នែកបច្ចេកទេសតែប៉ុណ្ណោះ។
ក្រសួងធនធានទឹកបញ្ជាក់ក្នុងលិខិតបំភ្លឺដែលចេញកាលពីថ្ងៃទី២៧ មករា ថា រាល់ការផ្អាកការបញ្ឈប់ ឬការដកហូតអាជ្ញាប័ណ្ណបូមខ្សាច់ មិនមែនជាសិទ្ធិរបស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នោះទេ ប៉ុន្តែជាសមត្ថកិច្ចរបស់ក្រសួងរ៉ែនិងថាមពល។
លិខិតដដែលនោះ ពិពណ៌នាថា ការប្រមូលនូវចំណូលផ្សេងៗពីការធ្វើអាជីវកម្មបូមខ្សាច់ចូលទៅថវិកាជាតិ ក៏មិនមែនជាកាតព្វកិច្ចគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ដែលមានលោក លឹម គានហោ ជារដ្ឋមន្ត្រីក្រសួងធនធានទឹក ជាប្រធាននោះដែរ។
លិខិតបំភ្លឺដ៏កម្ររបស់ក្រសួងធនធានទឹក នៅពេលនេះ ធ្វើឡើងហាក់ស្របពេលដែលមានការរិះគន់ផ្ទួនពីពលរដ្ឋដែលបន្ទោសទៅថ្នាក់ដឹកនាំក្រសួងធនធានទឹក ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនជាច្រើនបូមខ្សាច់ចេញពីទន្លេធ្វើឲ្យបាក់ច្រាំងទន្លេ ប៉ះពាល់ផ្ទះរបស់ពលរដ្ឋរហូតមានករណីខ្លះធ្លាក់ទាំងមនុស្សស្លាប់ក្នុងទន្លេថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានទេនៅថ្ងៃទី២៨ មករា ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
យ៉ាងណាលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ធ្លាប់ប្រាប់កាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៤ ថា ការបូមខ្សាច់ក្នុងទន្លេទាំងអស់ជាសកម្មភាពខុសច្បាប់។
ប្រធានអង្គការសកម្មភាពដើម្បីបរិស្ថាននិងសហគមន៍ លោកស្រី សរ សាត គិតថា ការបូមខ្សាច់នៅកម្ពុជា ធ្វើឡើងយ៉ាងគំហុក ដោយមិនបានសិក្សាឲ្យបានច្បាស់លាស់ពីផលប៉ះពាល់ជាមុនសិនទេ។ លោកស្រីបន្តថា ជីវចម្រុះក្នុងទន្លេនិងពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ កំពុងរងគ្រោះពីការបូមខ្សាច់ ហើយទាមទារឲ្យរដ្ឋាភិបាលត្រូវយកចិត្តទុកបន្ថែមពីករណីនេះ៖ «រដ្ឋាភិបាលគួរគិតរឿងហ្នឹងឲ្យបានខ្លាំង ព្រោះផលប្រយោជន៍បុគ្គល ឬក្រុមមនុស្សមួយ ក្រុមធ្វើឲ្យប៉ះពាល់ប្រយោជន៍ពលរដ្ឋ ហើយខ្លះធ្វើឲ្យពលរដ្ឋស្លាប់ដោយការបាក់ច្រាំងចូលទន្លេ»។
កាលពីខែធ្នូ ឆ្នាំ២០១៤ លោក លឹម គានហោ ឲ្យដឹងថា មានក្រុមហ៊ុនថ្មីចន្លោះពី៣០ ទៅ ៤០ ដែលបានដាក់ពាក្យសុំបើកអាជីវកម្មបូមខ្សាច់សាជាថ្មី ហើយក្រសួងកំពុងតែសិក្សាពីរឿងនេះ។
កាលពីដើមខែមករា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ធ្លាប់បញ្ជាក់ថា តាំងពីឆ្នាំ២០១១ មក អតីតក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បានលុបអាជ្ញាប័ណ្ណបូមខ្សាច់ទាំងអស់រួចហើយ។ ចំណែកក្រសួងរ៉ែនិងថាមពល ក៏មិនបានចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ឬបុគ្គលណាវិនិយោគបូមខ្សាច់ដែរ។
មាត្រា៦ នៃអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ២០១៤ ស្ដីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានចែងថា បទល្មើស ឬភាពអនាធិបតេយ្យនៃការធ្វើអាជីវកម្មខ្សាច់កើតមាននៅក្នុងរាជធានី ខេត្តណានោះ អភិបាលនៃគណៈអភិបាលរាជធានីខេត្តនោះ ត្រូវទទួលខុសត្រូវទាំងស្រុកចំពោះមុខរាជរដ្ឋាភិបាល។ ប៉ុន្តែមិនដែរ ឃើញមានមន្ត្រីរដ្ឋណាមួយត្រូវរដ្ឋាភិបាលពិន័យ ឬហៅមកសួរនាំពីការផ្ដល់ភ្លើងខៀវឲ្យក្រុមហ៊ុន ឬបុគ្គលឯកជនមានសិទ្ធិបូមខ្សាច់នៅមូលដ្ឋានរបស់ខ្លួននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។