សកម្មភាពស្ដារទន្លេដើម្បីបង្កើនជម្រៅទឹកសម្រាប់ការបើកបររបស់នាវាដឹកជញ្ជូនទំនិញ ឆ្លងកាត់ទីក្រុងភ្នំពេញទៅប្រទេសជិតខាង កំពុងតែមានសកម្មភាពនៅទន្លេមេគង្គ ដោយអង្គភាពកំពង់ផែស្វយ័តភ្នំពេញ។ ប៉ុន្តែនៅទន្លេសាបជាប់ច្រាំងសណ្ឋាគារសុខាភ្នំពេញ មានម៉ាស៊ីនខួងដីនៅច្រមុះជ្រូកជ្រោយចង្វារ ច្រើនគ្រឿង និងមានកប៉ាល់ដឹកជញ្ជូនដីចេញដោយគ្មានឡូហ្គោ (Logo) បំពាក់របស់អគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញទេ។ អ្នកដំណើរឆ្លងកាត់មាត់ទន្លេឆ្ងល់ពីករណីបូមដីនៅជ្រោយចង្វារ នោះ ថាអាចជារឿងមិនស្របច្បាប់។ ប៉ុន្តែសាលារាជធានីភ្នំពេញ អះអាងថាស្ដារកំណកដីកុំឲ្យបាក់ច្រាំង។ ឯអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បំភ្លឺថា ក្រុមហ៊ុននោះគ្មានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ ទេ។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ឲ្យដឹងនៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ថា សកម្មភាពខួងដីនៅក្នុងទន្លេសាបតំបន់ជ្រោយច្រមុះជ្រូក ក្បែរសណ្ឋាគារសុខាភ្នំពេញ មិនមែនបូមខ្សាច់ទេ ប៉ុន្តែជាការបូមកំណកដី។
លោក ឌិត ទីណា បន្តថា ការបូមដីនៅក្នុងទន្លេសាបតំបន់ចុងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខាភ្នំពេញនេះ ជារបស់ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី (HTC)។ លោកថា ក្រុមហ៊ុននោះមិនមែនបូមខ្សាច់ទេ គឺបំបែកដីកំណកនៅតំបន់ចុងជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ដែលវាបង្កមកពីចរន្តទឹកហូរនាំឲ្យមានកំណកដី។ លោកថា កំណកដីនោះត្រូវសាលារាជធានីភ្នំពេញ ស្នើសុំស្ដារចេញឲ្យបានមុនរដូវទឹកឡើងក្នុងពេលខាងមុខ បង្ការកុំឲ្យបាក់ច្រាំងទន្លេ៖ «តែឥឡូវនេះដោយសារស្ថានភាពបន្ទាន់ កុំឲ្យទឹកឡើងទាន់នោះ បានជាចាប់ធ្វើឲ្យហើយ។ បើសិនជាយើងចាំរហូតដល់ចាំបានអាជ្ញាប័ណ្ណបានក្រដាសស្នាមអី ស្រួលបួលហើយ នោះវាអាចយឺត»។
នៅក្នុងទន្លេសាបតំបន់ចុងជ្រោយចង្វារ មានម៉ាស៊ីនខួងដី ២គ្រឿង ដែលមានក្បាលបូម៣ និងក្បាលបូម២ កំពុងខួងដីល្បប់បង្ហូរដាក់កប៉ាល់ច្រើនគ្រឿង ដឹកជញ្ជូនចេញពីជ្រោយចង្វារ ចាប់ពីព្រលឹមដល់ព្រលប់។
សកម្មភាពនេះ ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ពន្យល់ថា ក្រសួងធនធានទឹក បានសិក្សាពីកំណកដីនៅចុងជ្រោយចង្វារបង្កមកពីរបត់ទឹកហូរ នាំឲ្យមានកំណកដីធំឡើងៗនៅចុងច្រោយចង្វានោះ ដែលវាអាចបង្កឲ្យបាក់ដី ប៉ះពាល់ដល់ច្រាំងទន្លេក្នុងរាជធានីភ្នំពេញ ទើបសាលារាជធានីភ្នំពេញប្រកាសកាយយកល្បាប់នេះចេញបន្ទាន់ ដោយបានស្នើសុំក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក រួមទាំងស្ថាប័នពាក់ព័ន្ធ ជួយសហការ និងជួយពិនិត្យផលប៉ះពាល់បរិស្ថាន និងបច្ចេកទេសបូម ដើម្បីការពារច្រាំងទន្លេ។ លោកបន្តថា ដីដែលដឹកជញ្ជូនចេញពីការបូមពីក្នុងទន្លេសាបនោះ ប្រើសម្រាប់ធ្វើសួនច្បារក្នុងរាជធានីភ្នំពេញ មិនមែនសម្រាប់លក់ដូរទេ៖ «យើងរៀបចំធ្វើម៉េចឲ្យបាញ់ដីហ្នឹង ឬក៏យើងចាប់យកដីហ្នឹងដើម្បីកុំឲ្យមកនៅកកខាងមុខទៀត បម្រើការផលប្រយោជន៍ផ្សេងៗទាក់ទងការងារធនធានទឹកវាមួយហើយ ប៉ុន្តែមួយទៀតក៏ទាក់ទងនឹងបញ្ហាសោភណភាពក៏ដូចគ្នាដែរ ពីព្រោះវាអត់យកទៅប្រើប្រាស់អីបានទេដីហ្នឹង»។
បន្ថែមលើនោះ អ្នកនាំពាក្យក្រសួងធនធានទឹក និងជាសមាជិកគណៈកម្មការធនធានខ្សាច់ លោក ចាន់ យុត្ថា ថ្លែងថា ដោយសារតែមានកំណកដីនៅចុងជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គឺបង្កមកពីចរន្តខ្សែទឹកហូរ និងលក្ខណៈរូបសាស្ត្រនៃទន្លេ បានបង្កើតជាកំណកដីក្នុងតំបន់ជ្រោយទន្លេសាប។ លោកថា កំណកដីកាន់តែធំឡើងរហូតមានផ្ទៃក្រឡាដីគោកជាង ១៤ហិកតារ និងដីទឹកជាង ៣៩ហិកតារ គិតសរុបដីកំណកនោះមានទំហំជាង ៥៣ហិកតារ ជាទំហំធំដែលវាអាចបង្កការប៉ះពាល់ធ្ងន់ដល់ជលសាស្ត្រផង គន្លងផ្លូវនាវាចរផង និងអាចបង្កឲ្យច្រាំងទន្លេបាក់ផង ទើបក្រសួងធនធានទឹក ស្នើសុំឲ្យសាលារាជធានីភ្នំពេញសុំបូមស្ដារយកដីល្បាប់នោះចេញឲ្យបានមុនរដូវទឹកឡើង៖ «ហើយក្រសួងធនធានទឹក យើងក៏បានសិក្សាអំពីបទដ្ឋានបច្ចេកទេស ដែលត្រូវយកដីល្បប់ ដែលនៅកកនៃចុងជ្រោយចង្វារហ្នឹង ហើយយើងផ្ញើជូនបទដ្ឋានបច្ចេកទេសដែលត្រូវស្ដារនេះ ដែលត្រូវបូម ឬក៏ត្រូវកាយយកចេញនេះ ទៅសាលារាជធានីភ្នំពេញហើយ ហើយការគ្រប់គ្រងការចាត់ចែងយ៉ាងណាៗ គឺសាលារាជធានីភ្នំពេញអ្នកអនុវត្ត»។
ដើម្បីជំនួយក្នុងការបូមស្ដារកំណកដីតំបន់ចុងជ្រោយចង្វារឲ្យស្របច្បាប់ ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំពិនិត្យមើលឯកសារស្នើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន អេច្ឆ.ធី.ស៊ី នោះ បង្ការកុំឲ្យមានការចោទថា បូមខ្សាច់ធ្វើអាជីវកម្ម។ លោក ឌិត ទីណា បន្តថា តាមទំហំកំណកដីនៅចុងជ្រោយនោះ ការបូមយកដីចេញអាចមានរយៈពេលដល់ទៅ ១ឆ្នាំ។ លោកថា ការអនុញ្ញាតឲ្យក្រុមហ៊ុននោះបូមស្ដារល្បាប់ គឺចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។ ភាគីក្រុមហ៊ុនត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស ដែលបានកំណត់ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរ៉ែ និងថាមពល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។