ពលរដ្ឋ​នៅ​ខណ្ឌ​ច្បារ​អំពៅ​បារម្ភ​ពី​ការ​បាក់​ដី​ដោយសារ​ការ​បូម​ខ្សាច់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ប្រមាណ ១០​គ្រួសារ ព្រួយ​បារម្ភ​ពី​ការ​បាក់​ដី​ដោយសារ​ការ​បូម​ខ្សាច់​នៅ​បាត​ទន្លេ​បាសាក់​ខាង​ក្រោយ​ផ្ទះ​ពួក​គាត់។ អាជ្ញាធរ​ដែនដី​ត្អូញត្អែរ​អំពី​ការ​លំបាក​ពេល​ធ្វើ​អន្តរាគមន៍។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកថ្មី សង្កាត់​ព្រែកថ្មី ដែល​រស់​នៅ​ក្នុង​ចម្ងាយ​ប្រមាណ​ពី ៣០​ម៉ែត្រ ទៅ ១០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ ព្រួយ​បារម្ភ​ពេល​ដី​ចាប់​ផ្ដើម​ប្រេះ។

ពលរដ្ឋ​នៅ​ភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែកថ្មី មួយ​រូប គឺ​អ្នកស្រី តាំង គា មាន​ប្រសាសន៍​ថា ការ​ប្រេះ​ដី​នេះ​គឺ​មក​ពី​ទូក​បូម​ខ្សាច់​បាត​ទន្លេ​នោះ​នៅ​ជិត​ច្រាំង៖ «ដី​ប្រេះ​ដល់​ណា​ដល់​ណី។ របង​ឥដ្ឋ​ទាញ​ហែក​ទៅ​តែ​ម្ដង ហើយ​ប្រេះ​ទៅ​ទាំង​អស់។ ពួក​ប៉ូលិស​អី ប្ដឹង​ទៅ​ដូច​គ្មាន​ប្រយោជន៍​អី​ទេ។ គ្រាន់​តែ​ប៉ូលិស​ទៅ​បាត់​កន្លះ​ម៉ោង សាឡង់​មក​វិញ​ម្ដង​ពីរ។ មិន​មែន​មួយ​ទេ...បូម​ជិត​មួយ​ខែ​ហើយ ហើយ​ដី​ចេះ​តែ​រមៀល​ទៅ​រហូត»

អ្នក​ភូមិ​មួយ​រូប​ទៀត គឺ​លោក នៅ រិទ្ធី ថ្លែង​ថា អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​ញត្តិ​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​​ធ្វើ​អន្តរាគមន៍​នៅ​ថ្ងៃ​ទី​១១ ធ្នូ ប៉ុន្តែ​បញ្ហា​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ។ ពួក​គាត់​សុំ​ឱ្យ​ម្ចាស់​ទូក​បូម​ខ្សាច់​ទាំង​នោះ​នៅ​កណ្ដាល ហើយ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត៖ «យើង​ថា​បូម​ក៏​បូម​ទៅ ឱ្យ​ចំ​ពាក់​កណ្ដាល​ទន្លេ ហើយ​កុំ​ជញ្ជ្រំ​នៅ​តែ​មួយ​កន្លែង​អ៊ីចឹង។ បើ​ជញ្ជ្រំ​នៅ​មួយ​កន្លែង​អ៊ីចឹង​ធ្វើ​ឱ្យ​ដី​ស្រុត​ចុះ​មក។ ប្រជាពលរដ្ឋ​ប្ដឹង​ទៅ​សង្កាត់ៗ ក៏​ថា​ខាង​ហ្នឹង​បែងចែក​ជា​ពីរ មួយ​ខាង​ខេត្ត​កណ្ដាល មួយ​ខាង​រាជ​ធានី។ ខាង​ខេត្ត​កណ្ដាល គេ​ឱ្យ​បូម ប៉ុន្តែ​យប់​ឡើង​វា​រុល​មក​ខាង​យើង​រាជធានី»

លោក នៅ រិទ្ធី ថ្លែង​ថា អាជ្ញាធរ​ចុះ​ធ្វើ​អន្តរាគមន៍​ខ្លះ​ដែរ ប៉ុន្តែ​ម្ចាស់​ទូក​បូម​ខ្សាច់​ទាំង​នោះ ហាក់​មិន​ញញើត​នឹង​អាជ្ញាធរ​ដែនដី​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​ព្រែកថ្មី លោក លីវ វណ្ណថេង បញ្ជាក់​ថា លោក​បាន​ចុះ​ធ្វើ​អន្តរាគមន៍​រឿង​ទូក​បូម​ខ្សាច់​តាម​ញត្តិ​របស់​អ្នក​ភូមិ។ ប៉ុន្តែ​លោក​ថ្លែង​ថា ពួក​លោក​ជួប​ការ​លំបាក​ខ្លះ ដោយសារ​ការ​បូម​ខ្សាច់​នេះ ឋិត​នៅ​ក្នុង​តំបន់​ព្រំ​ប្រទល់​រវាង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​កោះ​អន្លង់ចិន ខេត្ត​កណ្ដាល។

លោក​ថា អ្នក​បូម​ខ្សាច់​តែង​លួច​ចូល​មក​បូម​ក្នុង​ដែន​ខាង​លោក ពេល​កម្លាំង​សន្តិសុខ​មិន​នៅ៖ «ហាក់​បី​ដូច​ជា​មិន​អើពើ​នឹង​ចំណាត់​ការ​របស់​យើង​ទេ​ទូក​ខ្លះ។ អ៊ីចឹង កង្វល់​របស់​ខ្ញុំ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ជា​រួម​ក្នុង​សង្កាត់​របស់​ខ្ញុំ គឺ​ខ្ញុំ​នៅ​តែ​មាន​ទុក្ខ​កង្វល់​អ៊ីចឹង។ យើង​មិន​រាំង​ស្ទះ​នឹង​ការ​បូម​ស្ដារ​ទន្លេ​ហ្នឹង​ទេ ព្រោះ​ជា​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ​ឱ្យ​គាត់​ស្ដារ​តែ​ក្នុង​អ័ក្ស​ទន្លេ​នោះ​ទៅ នេះ​អ្វី​ជា​សំណូមពរ​របស់​សង្កាត់ និង​ប្រជាពលរដ្ឋ​ទាំង​មូល»

លោក​ចៅសង្កាត់​ព្រែក​ថ្មី​ថ្លែង​ថា សម្រាប់​អាជីវកម្ម​បូម​ខ្សាច់​ខាង​ដែនដី​លោក​មិន​មាន​ទេ។ បញ្ហា​នេះ​ទើប​ធ្វើ​ឱ្យ​លោក​មិន​អាច​កំណត់​ថា ជា​ទូក​របស់​ក្រុមហ៊ុន​ណា​ខ្លះ។ លោក​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ធ្នូ លោក និង​អភិបាល​រង​ខណ្ឌ​ច្បារ​អំពៅ គឺ​លោក ណុប ផា កំពុង​ទិញ​ទូក​អូប័រ​សម្រាប់​ធ្វើ​អន្តរាគមន៍​ឃាត់​ទូក​បូម​ខ្សាច់​ដែល​ចូល​មក​ដែន​ដី​សង្កាត់​ព្រែកថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។